រដ្ឋសភា​បោះ​ឆ្នោត​ឱ្យ​លោក ប្រាជ្ញ ចន្ទ ដឹកនាំ គ.ជ.ប ៥ឆ្នាំ​បន្ត​ទៀត

0:00 / 0:00

រដ្ឋសភា ដែល​គ្រប់គ្រង​ដោយ​បក្ស​កាន់​អំណាច បោះឆ្នោត​ឱ្យ លោក ប្រាជ្ញ ចន្ទ ដែល​ល្បី​ខាង​ប្ដឹង​មន្ត្រី​គណបក្ស​ប្រឆាំង និង​ពលរដ្ឋ​ណា ដែល​ហ៊ាន​រិះគន់​ថា ការ​បោះឆ្នោត​មិន​ត្រឹមត្រូវ និង​យុត្តិធម៌​នោះ ឱ្យ​បន្ត​ដឹកនាំ​ស្ថាប័ន​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ឯករាជ្យ​នេះ មួយ​អាណត្តិ​ទៀត។ មន្ត្រី​បក្ស​ប្រឆាំង​លើក​ឡើង​ថា ថ្នាក់​ដឹកនាំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​មិន​ទាន់​អាច​ឱ្យ​សាធារណជន​ជឿជាក់​ថា មាន​ភាព​ឯករាជ​នៅ​ឡើយ​ទេ។

រដ្ឋសភា នៅ​ថ្ងៃ​ទី១៣ ខែធ្នូ បើក​អង្គ​ប្រជុំ​ដឹកនាំ​ដោយ​អ្នកស្រី ឃួន សុដារី បោះឆ្នោត​ផ្តល់​សេចក្ដី​ទុក​ចិត្ត​ដល់​សមាសភាព​ថ្នាក់​នាំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ថ្មី ដែល​ហៅ​កាត់​ថា គ.ជ.ប ចំនួន៩រូប។ សមាសភាព​ទាំង ៩រូប​នេះ មាន ៤រូប​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង ៤រូប​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ហើយ ១រូប ទៀត ដែល​តំណាង​ឱ្យ​តួអង្គ​ឯករាជ្យ ទទួល​បាន​នូវ​ការ​យល់ព្រម​ពី​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ។

ទោះ​ជា​យ៉ាង​ណា សមាសភាព​ថ្នាក់​ដឹកនាំ គ.ជ.ប ថ្មី​នេះ មិន​មាន​ការ​ប្រែប្រួល​ច្រើន​ឡើយ។ ជាក់​ស្ដែង សមាជិក​សភា ដែល​ភាគ​ច្រើន​លើសលប់​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​បោះ​ឆ្នោត​ឱ្យ​លោក ប្រាជ្ញ ចន្ទ ជាប់​ជា​ប្រធាន លោក ជឺ ចំណាន ជា​អនុប្រធាន​ជំនួស លោក នុត សុខុម មក​ពី​គណបក្ស ហ៊្វុនស៊ិនប៉ិច និង​សមាជិក គ.ជ.ប ចំនួន ៧រូបផ្សេងទៀតក្នុងនោះ រួមមាន លោក មាន សទិ លោក ឌឹម សុវណ្ណារុំ និង​លោក សោម សូរីដា មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ។ ចំណែក​លោក ហេង ស៊ីឡេង លោក យិច សមិទ្ធិ និង​លោក ហ៊ែល សារ៉ាត មក​ពី​គណបក្ស ហ៊្វុនស៊ិនប៉ិច ខណៈ​លោក ហង្ស ពុទ្ធា នៅតែជាប់ជាសមាជិកទី៩ របស់ គ.ជ.ប ដដែល។

អ្នក​នាំ​ពាក្យ​គណបក្ស ហ៊្វុនស៊ិនប៉ិច លោក ញឿន រ៉ាដែន សង្ឃឹម​ថា​បេក្ខជន ដែល​ជាប់​ឆ្នោត​នឹង​បំពេញ​តួនាទី​តាម​ច្បាប់​កំណត់។

លោក ញឿន រ៉ាដែន៖«គិត​ថា សមាជិក ក៏​ដូច​សមាជិកា​ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​សភា នឹង​បម្រើ​កិច្ចការ​របស់​ខ្លួន​ទៅ​តាម​ច្បាប់​កំណត់ ជាពិសេស ធានា​បាន​នូវ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ ដោយ​សេរី និង​យុត្តិធម៌ និង​គណបក្ស​នយោបាយ​ទាំង​អស់​ទទួល​យក​បាន»។

ចំណែក​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ លើក​ឡើង​ថា ចាប់​តាំង​ពី​តុលាការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​មក ស្ថាប័ន គ.ជ.ប មិន​មាន​ភាពឯករាជ និង​លំអៀង​ទៅ​គណបក្ស​កាន់​អំណាច ហើយ​ទោះ​ជា​គណបក្ស​ហ៊្វុនស៊ិនប៉ិច​មាន​បេក្ខជន​ជាប់​ឆ្នោត​ក្ដី ក៏​មិន​ទាន់​ឱ្យ​សាធារណជន​ជឿ​ទុកចិត្ត​លើ​ស្ថាប័ន​នេះ​នៅ​ឡើយ​ទេ។

លោក សុន ឆ័យ៖«ដូច្នេះ គ្រាន់​តែ​ចង់ មិន​ទាន់​អាច​សន្និដ្ឋាន​យ៉ាង​ណា​ជាក់លាក់​នោះ​ទេ ប៉ុន្តែ​គ្រាន់តែ​ថា សមាសភាព​ដែល​តែងតាំង​ហ្នឹង ត្រូវតែ​បាន​បញ្ជាក់​ថា យក​ពី​ប្រភព​ណា​ជាក់លាក់​ទើប​យើង​អាច​សន្និដ្ឋាន​បាន​ខ្លះ ប៉ុន្តែ​ដូច​យើង​ដឹង​ហើយ គណបក្ស​ហ៊្វុនស៊ិនប៉ិច​ហាក់​ដូច​ជា​មិន​មាន​ឥទ្ធិពល​អី​ប៉ុន្មាន ជា​តំណាង​ឱ្យ​ពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ»។

ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក ប្រាជ្ញ ចន្ទ បាន​ដឹកនាំ​ស្ថាប័ន​នេះ​ចាប់​ពី​ពាក់​កណ្ដាល ឆ្នាំ២០២១ មក ហើយ​លោក ក៏​ធ្លាប់​ជា​អតីត​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ។ ជាង​នេះ​ទៅ​ទៀត គ.ជ.ប ក្រោម​ការ​ដឹកនាំ​របស់​លោក ប្រាជ្ញ ចន្ទ ហាក់​មាន​សភាព​យ៉ាប់យ៉ឺន​ជាង​មុន​ទៅ​ទៀត ពីព្រោះ​ស្ថាប័ន​អាជ្ញា​កណ្ដាល​មួយ​នេះ បាន​គាំទ្រ​ជា​ចំហ ចំពោះ​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន និង​ចេញ​មុខ​ប្ដឹង​អ្នក​រិះគន់​ទៅ​តុលាការ ដែល​ជា​រឿង​មិន​ធ្លាប់​កើត​មាន​នោះ​ទេ ក្នុង​ប្រវត្តិ​ជាង ២០ឆ្នាំ​របស់ គ.ជ.ប។

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយតប​រឿង​នេះ​ពី អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង និង​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក ហង្ស ពុទ្ធា ដើម្បី​សុំ​អធិប្បាយ​បន្ថែម​អំពី​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១៣ ខែធ្នូ។

នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​នៅ​កម្ពុជា និចហ្វិក លោក សំ គន្ធាមី រំពឹង​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី អាច​នឹង​ល្អ​ប្រសើរ​ក្នុង​អាណត្តិ​នេះ ព្រោះ​ថា សមាជិក​ទាំង​នោះ​មាន​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ លោក សំ គន្ធាមី បន្ត​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី ត្រូវ​តែ​អនុវត្ត​ច្បាប់ និង​ធានា​ថា ស្ថាប័ន​នេះ​មាន​ភាព​ឯករាជ។

លោក សំ គន្ធាមី៖«ខ្ញុំ​សង្ឃឹម​ថា សមាជិក គ.ជ.ប ដែល​ចេញ​គណបក្ស​ទាំង​ពីរ​នៃ​រដ្ឋសភា​ហ្នឹង អនុវត្ត​ទៅ​តាម​គោលការណ៍​ច្បាប់ ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត គោរព និង​ឆន្ទៈ​សិទ្ធិពលរដ្ឋ និង​សិទ្ធិ​នយោបាយ ដើម្បី​ឱ្យ​ពលរដ្ឋ​មាន​ជំនឿ​ទៅ​លើ​សមាជិក គ.ជ.ប ដែល​ជា​គណៈកម្មាធិការ​ឯករាជ្យ​រៀបចំ​ការ​បោះ​ឆ្នោត»។

តាម​មាត្រា ៣ នៃ​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ចែង​ថា គ.ជ.ប ត្រូវ​អនុវត្ត​សមត្ថកិច្ច​របស់​ខ្លួន​ដោយ​ឯករាជ្យ និង​អព្យាក្រឹត ដើម្បី​ធានា​ឱ្យ​ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ស្រប​តាម​គោលការណ៍​នៃ​លទ្ធិ​ប្រជាធិបតេយ្យ សេរី ពហុបក្ស។ សមាជិក​ទាំង​ឡាយ​នៃ គ.ជ.ប គ្រប់​លំដាប់​ថ្នាក់ ត្រូវ​មាន​ជំហរ​អព្យាក្រឹត​ឥត​លម្អៀង​ក្នុង​ការ​អនុវត្ត​ការងារ​បោះ​ឆ្នោត។

ទោះ​ជា​យ៉ាង​ណា​ក្ដី ចាប់​តាំង​ពី​តុលាការ​កំពូល ដែល​ស្ថិត​ក្រោម​ឥទ្ធិពល​បក្ស​កាន់​អំណាច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ឆ្នាំ២០១៧ មក​ស្ថាប័ន គ.ជ.ប ត្រូវ​បាន​គេ​មើល​ឃើញ​ថា ស្ថិត​នៅ​ក្រោម​ខ្សែ​ញាក់​របស់​បក្ស​កាន់​អំណាច​ដដែល ហើយ​ស្ថាប័ន​មួយ​នេះ តែងតែ​មាន​ភាព​លំអៀង​ទៅ​រក​បក្ស​កាន់​អំណាច​នៅ​ក្នុង​ការ​រៀបចំ​ការ​បោះ​ឆ្នោត ជាពិសេស នៅ​ពេល​មិន​អនុញ្ញាត​ឱ្យ​គណបក្ស​ភ្លើង​ទៀន​ចូលរួម​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ កាល​ពី​ខែកក្កដា ឆ្នាំ២០២៣៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។