រដ្ឋសភា​អាណត្តិ​ថ្មី​ប្រកាស​បើក​សម័យប្រជុំ​ដំបូង​ក្រោម​វត្តមាន​យាង​ជា​អធិបតី​ព្រះមហាក្សត្រ

ដោយ សេក បណ្ឌិត
2023.08.20
រដ្ឋសភា​អាណត្តិ​ថ្មី​ប្រកាស​បើក​សម័យប្រជុំ​ដំបូង​ក្រោម​វត្តមាន​យាង​ជា​អធិបតី​ព្រះមហាក្សត្រ សម័យប្រជុំ​រដ្ឋសភាដំបូង អាណត្តិទី៧ ក្រោមអធិបតីភាពព្រះមហាក្សត្រ នៅថ្ងៃទី២១ សីហា ២០២៣។
រូប៖ ហ្វេសប៊ុក​រដ្ឋសភា

នៅ​ព្រឹក​ថ្ងៃទី​២១ សីហា នេះ ព្រះមហាក្សត្រ​ព្រះបាទ​សម្ដេច នរោត្តម សីហមុនី នឹង​យាង​ជា​អធិបតី​ក្នុង​ពិធី​បើក​សម័យប្រជុំ​ដំបូង​របស់​រដ្ឋសភា​នីតិកាល​ទី​៧ ដើម្បី​ប្រកាស​ពី​សុពលភាព​ក្រុម​សមាជិកសភា​ថ្មី និង​អនុម័ត​បទបញ្ជាផ្ទៃក្នុង​របស់​រដ្ឋសភា។

សម័យប្រជុំ​លើកដំបូង​នេះ នឹង​ធ្វើ​ឡើង ទោះជា​មតិ​ជាតិ និង​អន្តរជាតិ​នាំគ្នា​រិះគន់​ថា ជា​ក្រុម​សមាជិកសភា​ដែល​កើត​ចេញ​ពី​ការបោះឆ្នោត​មិន​ស្រប​តាម​ច្បាប់​ជាតិ និង​អន្តរជាតិ ផ្ទុយ​ពី​គោលការណ៍​របប​លទ្ធិប្រជាធិបតេយ្យ​យ៉ាងណា​ក៏​ដោយ​ចុះ។

ពិធី​ប្រកាស​សុពលភាព​ក្រុម​សមាជិកសភា​ទាំង​១២៥​រូប ដែល​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​១២០​រូប និង​គណបក្សហ៊្វុនស៊ិនប៉ិច ៥​រូប នឹង​ធ្វើ​ឡើង​នៅពេល​ព្រឹក ហើយ​នៅ​ពេល​រសៀល ពួកគេ​នឹង​ធ្វើ​ដំណើរ ទៅ​ស្បថ​នៅ​ព្រះបរមរាជវាំង។

សេចក្ដីជូនដំណឹង​របស់​អ្នកនាំពាក្យ​រដ្ឋសភា​កាលពី​ថ្ងៃទី​១១ សីហា បញ្ជាក់​ថា លុះ​នៅ​ថ្ងៃទី​២២ សីហា សម័យប្រជុំ​លើកដំបូង​ក្នុង​នីតិកាល​ទី​៧ នឹង​បន្ត​បោះឆ្នោត​គាំទ្រ​ប្រធាន​រដ្ឋសភា អនុប្រធាន​រដ្ឋសភា ប្រធាន​និង​អនុប្រធាន​គណៈកម្មការ​ជំនាញ​ទាំងអស់ ហើយ​បន្ទាប់មក នឹង​ប្រកាស​ផ្ដល់​សេចក្ដីទុកចិត្ត​ដល់​រដ្ឋាភិបាល​ថ្មី ដឹកនាំ​ដោយ​កូនប្រុស​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ដែល​រង​ការ​រិះគន់​ថា បាន​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ស៊ី​កេរ្តិ៍​ពី​ឪពុក ឬ​ឡើង​តាម​ជើងខោ​ឪ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។