គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គជបប្រកាសថា ក្នុងរយៈពេល១៩ថ្ងៃគឺចាប់ពីថ្ងៃទីចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ តុលាកន្លងទៅនេះចំនួនអ្នកចុះឈ្មោះថ្មី មានចំនួនជាង២សែននាក់(២៦៨៥៥៣នាក់) គឺស្មើនឹង៨៩,៤ភាគរយ។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក ហង្ស ពុទ្ធា ប្រាប់អាស៊ីសេរីថា តាមប្រតិទិនគជប នឹងធ្វើការបិទផ្សាយបញ្ជីឈ្មោះបោះឆ្នោតដំបូង នៅថ្ងៃទី២៧ វិច្ឆិកា ឆ្នាំ២០២០ និងបិទផ្សាយបញ្ជីឈ្មោះបោះឆ្នោតដែលត្រូវលុបចេញ ពីបញ្ជីឈ្មោះបោះឆ្នោតចុងក្រោយឆ្នាំ២០១៩។
បញ្ជីឈ្មោះបោះឆ្នោតចុងក្រោយដែលត្រូវបានលុបមានចំនួនជាង១សែននាក់(១៥២០០៤នាក់) និងអ្នកត្រូវលុបឈ្មោះថ្មីឆ្នាំ២០២០សរុបមានចំនួនជិត២៧ម៉ឺននាក់(២៦៨៥៥៣នាក់)។
គិតត្រឹមថ្ងៃទី២៧ តុលា ចំនួនតួលេខសរុបដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២០ គិតទាំងថ្មី និងចាស់មានចំនួនជិត៩លាននាក់(៨៨៣៤៧៥២នាក់)។
លោកថា ប្រជាពលរដ្ឋមានសិទ្ធិប្តឹងទៅគជប ប្រសិនបើមិនពេញចិត្តចំពោះការចុះបញ្ជីថ្មីនេះ ហើយបណ្តឹងទាំងនោះចែកចេញជាពីរប្រភេទ គឺបណ្តឹងកែតម្រូវទិន្នន័យ ខុសតួអក្សរ ខុសថ្ងៃខែ ឆ្នាំកំណើត និងបណ្ដឹងបដិសេធខុសលក្ខខណ្ឌដែលមិនទាន់គ្រប់អាយុ១៨ឆ្នាំ មានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិមិនចាប់អារម្មណ៍នឹងការចុះឈ្មោះបោះឆ្នោតនេះទេ។លោកថា របបក្រុងភ្នំពេញត្រូវតែស្តារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ហើយប្រគល់គណបក្សសង្គ្រោះជាតិ មកវិញ ទើបបក្សប្រឆាំងមួយនេះអាចចូលរួមបោះឆ្នោតបាន៖«ព្រោះជាធម្មតា ការចុះឈ្មោះដើម្បីឲ្យមនុស្សបានទៅបោះឆ្នោតហ្នឹង ឥឡូវហ្នឹងបោះឆ្នោតយកអី។បើហ៊ុន សែន ជាអ្នកកំណត់អ្វីទាំងអស់ យើងធម្មតាធ្វើយ៉ាងណា ? ពីព្រោះឥឡូវគណបក្សធំមួយ ហ៊ុន សែន រំលាយបាត់ទៅហើយៗ បោះឆ្នោតយ៉ាងម៉េច ? ទាល់តែយើងរួមគ្នាមកស្តាលទ្ធិប្រជាធិបតេយ្យ ដើម្បីបង្ខំឲ្យលោក ហ៊ុន សែន ត្រូវតែដោះលែងមកវិញជាមួយនឹងសហគមន៍អន្តរជាតិ»។
គជបជារៀងរាល់ឆ្នាំមានដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ដើម្បីធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោត ហើយដំណើរការនេះមានរយៈពេលបីខែ។ប៉ុន្តែគជបទទួលការចុះឈ្មោះបោះឆ្នោតថ្មីតែ១៩ថ្ងៃប៉ុណ្ណោះ គឺបានចាប់ផ្តើមឡើងកាលពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា។ចំណែកថ្ងៃដែលនៅសេសសល់គឺ ជាដំណើរការទទួលពាក្យបណ្ដឹង និងដោះស្រាយបណ្ដឹងពីប្រជាពលរដ្ឋ និងដំណើរការរដ្ឋបាលផ្សេងៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។