គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អះអាងថា ការបិទទ្វាររបងមណ្ឌលបោះឆ្នោត ឬបិទទ្វារការិយាល័យដើម្បីរាប់សន្លឹកឆ្នោត និងមិនអនុញ្ញាតឱ្យពលរដ្ឋឈរមើលការរាប់សន្លឹកឆ្នោត គឺពុំខុសច្បាប់នោះទេ ពីព្រោះមន្ត្រីបោះឆ្នោតមានតួនាទីធានានូវសុវត្ថិភាព និងភាពត្រឹមត្រូវជូនភាគីពាក់ព័ន្ធ។ ប៉ុន្តែគណបក្សភ្លើងទៀន និងសង្គមស៊ីវិលចាត់ទុកករណីទាំងនេះ គឺជាការអនុវត្តផ្ទុយពីនីតិវិធីច្បាប់ ជាពិសេស មិនបង្ហាញពីតម្លាភាព និងយុត្តិធម៌។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អះអាងថា ការបិទទ្វាររបងនៃមណ្ឌលបោះឆ្នោត ឬការិយាល័យរាប់សន្លឹកឆ្នោតដោយមិនអនុញ្ញាតឱ្យពលរដ្ឋតាមដានការរាប់ស្លឹកឆ្នោតពុំខុសច្បាប់នោះទេ ពីព្រោះច្បាប់បោះឆ្នោតមិនបានចែងអំពីករណីទាំងនេះ ហើយប្រធានទីតាំងបោះឆ្នោត ឬការិយាល័យរាប់សន្លឹកឆ្នោតមានសិទ្ធិសម្រេចដោយខ្លួនឯង ដើម្បីធានានូវសុវត្ថិភាព និងភាពត្រឹមត្រូវជូនម្ចាស់ឆ្នោត ភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា លើកឡើងថា ពលរដ្ឋអាចឈរមើលដំណើរការរាប់សន្លឹកឆ្នោតពីចម្ងាយបានគឺ ផ្អែកលើការសម្រេចចិត្តរបស់ប្រធានការិយាល័យរាប់សន្លឹកឆ្នោត។ យ៉ាងណាលោកថាការចោទប្រកាន់ពីភាពមិនប្រក្រតីណាមួយត្រូវធ្វើឡើងតាមរយៈពាក្យបណ្ដឹងអមដោយភស្តុតាងដាក់មក គ.ជ.ប ដើម្បីបើកការស៊ើបអង្កេតអំពីអង្គហេតុទាំងនោះ៖ «មិនមែនមានន័យថាច្បាប់មិនអនុញ្ញាតឱ្យបិទទេ ដោយសារច្បាប់មិនបានចែងអំពីចំណុចហ្នឹង។ អ៊ីចឹងការសង្កេតក្នុងប្រវែងណាមួយដែលអនុញ្ញាតដោយប្រធានទីតាំងតាំងបោះឆ្នោត ឬទីតាំងការិយាល័យបោះឆ្នោតនោះជាសិទ្ធិ សូម្បីតែ គ . ជ . ប ត្រូវតែអនុវត្ត ពីព្រោះជាការទទួលបន្ទុក និងការទទួលខុសត្រូវរបស់ពួកគាត់បាទ»។
ការលើកឡើងនេះ បន្ទាប់ពីគណបក្សភ្លើងទៀនបានចេញសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី៦ ខែមិថុនា ដោយរកឃើញថា ស្ទើរគ្រប់មណ្ឌលបោះឆ្នោតទូទាំងប្រទេសបានបិទទ្វារចាក់សោរបងចាប់ពីម៉ោង ៣រសៀលដោយបណ្ដាញពលរដ្ឋចេញមិនឱ្យតាមដានការរាប់សន្លឹកឆ្នោត និងបណ្ដេញភ្នាក់ងារមកពីគណបក្សនយោបាយក្រៅរដ្ឋាភិបាលចេញពីការិយាល័យបោះឆ្នោតជាដើម ហើយករណីខ្លះគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតមិនអនុញ្ញាតឱ្យថតលទ្ធផលបោះឆ្នោតដែលបិទនៅការិយាល័យបោះឆ្នោតទៀតផង។ គណបក្សភ្លើងទៀនចាត់ទុកការរំលោភបំពានទាំងនេះ គឺបង្ហាញពីសកម្មភាពនៃការលួចសន្លឹកឆ្នោត។
អនុប្រធានគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា ថ្លែងថា ពលរដ្ឋមានសិទ្ធិតាមឃ្លាំមើលដំណើរការរាប់សន្លឹកឆ្នោតប្រវែង១៥ម៉ែត្រពីការិយាល័យរាប់សន្លឹកឆ្នោត ដោយលើកលែងតែមានប្រធានស័កតែប៉ុណ្ណោះ។ លោកចាត់ទុកការចាក់សោបិទទ្វារបណ្ដេញពលរដ្ឋ និងភ្នាក់ងារគណបក្សចេញពីមណ្ឌលគឺបង្ហាញពីភាពមិនប្រក្រតី មិនអាចទុកចិត្តចំពោះការរាប់សន្លឹកឆ្នោត ខណៈមន្ត្រីនៅតាមការិយាល័យទាំងនោះភាគច្រើនមកពីគណបក្សប្រជាជនកម្ពុជា។ លោកបញ្ជាក់ថា មន្ត្រីគណបក្សភ្លើងទៀននៅតាមបណ្ដារាជធានី-ខេត្ត កំពុងដំណើរការដាក់បណ្ដឹងជាមួយភស្តុតាងតាមនីតិវិធីច្បាប់៖ «យើងមានទាំងឯកសារ វីដេអូទាំងអស់ បើគាត់ចង់ដឹង ចង់ឃើញ គឺយើងរៀបចំប្ដឹងទៅតាមបែបបទតាមហ្នឹងទៅ ចង់ឱ្យគ . ជ . ប ឃើញថាវាពិតប្រាកដ បើឃើញហើយចាត់វិធានការយ៉ាងមិច បោះឆ្នោតឡើងវិញ រាប់សន្លឹកឆ្នោតឡើងវិញ អាហ្នឹងជាតួនាទីរបស់ គ . ជ . ប ដែលចង់បានភស្តុតាង អាហ្នឹងយើងបញ្ជូនភស្តុតាងទៅ»។
បេក្ខភាពឈរឈ្មោះគណបក្សភ្លើងទៀន នៅឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លោក សន នាង ថ្លែងថានៅបោះឆ្នោតអាជ្ញាធរបានចាក់សោបិទទ្វារនៅមណ្ឌលបោះឆ្នោតស្ពាន និងមែកពុកដោយបណ្ដេញពលរដ្ឋឲ្យនៅក្រៅរបង និងគំរាមបាញ់ពលរដ្ឋណា ដែលហ៊ានចូលក្នុងបរិវេណមណ្ឌលបោះឆ្នោត។ រីឯការិយាល័យរាប់ស្លឹកឆ្នោតវិញ លោកថា មន្ត្រីបោះឆ្នោតបានបិទបង្អួច និងទ្វារទាំងពុំមានបញ្ហាអាកាស។ បេក្ខជនគណបក្សភ្លើងទៀនរូបនេះឱ្យដឹងថា លោកបានដាក់ពាក្យបណ្ដឹងស្នើសុំរាប់សន្លឹកឆ្នោតឡើងវិញ ដោយសារលោកបារម្ភការិយាល័យទាំងនោះអាចនឹងមានការបន្លំសន្លឹកឆ្នោត ប៉ុន្តែគណៈកម្មការឃុំរៀបចំការបោះឆ្នោតចេញសេចក្ដីសម្រេចបដិសេធ ហើយលោកនឹងប្ដឹងករណីនេះទៅថ្នាក់លើបន្តតទៀត៖ «ខ្ញុំគិតថាតាមនីតិវិធីការរាប់សន្លឹកឆ្នោតត្រូវចំហទ្វារ ចំហបង្អួចអាចឱ្យប្រជាពលរដ្ឋអាចឈរមើលពីចម្ងាយ ឬយ៉ាងហោច ១៥ម៉ែត្រពីការិយាល័យអ៊ីចឹង ប៉ុន្តែករណីនេះ គេបិទទាំងរបងទៀតមិនឱ្យចូលមើល ខ្ញុំថា គណៈកម្មាធិការរៀបចំការបោះឆ្នោតមានចេតនាមិនល្អ យើងមិនអាចទទួលយកលទ្ធផលនេះបានទេ»។
ទាក់ទងរឿងនេះ នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជាហៅកាត់ថា និចហ្វិច (Nicfec) លោក សំ គន្ធាមី មានប្រសាសន៍ថា ករណីច្បាប់មិនបានហាមប្រាមនេះបញ្ជាក់ថា ពលរដ្ឋមានសិទ្ធិចូលរួមឃ្លាំមើលការរាប់សន្លឹកឆ្នោតពីចម្ងាយបានដើម្បីបង្ហាញពីតម្លាភាព។ លោកថាករណីមន្ត្រីបោះឆ្នោតបិទមណ្ឌល និងបិទទ្វារបង្អួចការិយាល័យរាប់សន្លឹកបោះឆ្នោតដោយរារាំងពលរដ្ឋមិនឲ្យឈរជិតការិយាល័យរាប់សន្លឹកឆ្នោតនោះ គឺជាការអនុវត្តផ្ទុយពីនីតិវិធីច្បាប់៖ «មិនមែនផ្អែកលើបុគ្គលទេបាទ គឺផ្អែកលើច្បាប់ ហើយ គ . ជ . ប ហ្នឹងធ្វើអីក៏ដោយត្រូវផ្អែកលើច្បាប់ សូមកុំដោះសារថាបុគ្គលនេះបុគ្គលនោះ មណ្ឌលនេះចូលបាន មណ្ឌលនេះបិទ ព្រោះប្រជាពលរដ្ឋចង់ស្ដាប់ និងចង់ឃើញ ហើយមិនឱ្យគេស្ដាប់ឃើញមិនមែនជារឿងធម្មតាទេ គឺវាប៉ះពាល់ដល់តម្លាភាព និងប៉ះពាល់ផ្លូវច្បាប់ព្រោះច្បាប់មិនហាមហើយយើងទៅហាមអ៊ីចឹង»។
គណបក្សភ្លើងទៀន និងសង្គមស៊ីវិលមើលចាត់ទុកការបិទបរិវេណ និងបន្ទប់រាប់សន្លឹកឆ្នោតនៅតាមរាជធានី ខេត្តដោយមិនឱ្យពលរដ្ឋ និងគណបក្សនយោបាយមួយចំនួនតាមដានការរាប់សន្លឹងឆ្នោត គឺបង្ហាញពីភាពមិនប្រក្រតី និងមិនឆ្លុះបញ្ចាំងពីតម្លាភាពនៃលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នោះទេ។ ការអនុវត្តន៍បែបនេះ ផ្ទុយពីស្ថាប័នបោះឆ្នោតឯករាជ្យនៃប្រទេសមួយចំនួនដូចជាប្រទេសថៃ ដោយពូកគេបើកសិទ្ធិយ៉ាងទូលាយឱ្យសាធារណជនឃ្លាំមើលលទ្ធផលរាប់សន្លឹកឆ្នោតដោយគ្មានការហាមឃាត់។ លើសពីនេះស្ថាប័នបោះឆ្នោតប្រទេសថៃថែមទាំងលើកទឹកពលរដ្ឋចូលរួមតាមដាន ដើម្បីបង្ហាញតម្លាភាពនៃការបោះឆ្នោតផងដែរ។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ នេះ គ.ជ.ប អះអាងថា មានពលរដ្ឋប្រមាណ ៨០% (៨០.១៩) ឬស្មើនឹងជាង ៧លាន ៣សែននាក់ បានចេញទៅបោះឆ្នោត ក្នុងចំណោមពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបជាង ៩លាន ២សែននាក់។ ផ្អែកតាមតួលេខនេះ ចំនួនពលរដ្ឋចេញទៅបោះឆ្នោតឃុំ សង្កាត់ នៅអាណត្តិនេះ បានធ្លាក់ចុះជាង១០% បើធៀបនឹងចំនួនពលរដ្ឋចេញទៅបោះឆ្នោតនៅមុនពេលរម្លាយគណបក្សសង្គ្រោះជាតិកាលពីអាណត្តិទី៤ ដែលមានរហូតដល់ជាង ៩០%៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។