គ.ជ.ប សម្រេចលុបការផាកពិន័យលោក គង់ រ៉ៃយ៉ា និងរក្សាឈ្មោះក្នុងបញ្ជីបេក្ខជនបក្សភ្លើងទៀនទាំង ១៥នាក់ដដែល

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប សម្រេចលុបចោលការផាកពិន័យ លោក គង់ រ៉ៃយ៉ា ចំនួន៥លានរៀន និងរក្សាឈ្មោះក្នុងបញ្ជីបេក្ខជនបក្សភ្លើងទៀនទាំង ១៥នាក់ដដែល។ ការសម្រេចនេះ បន្ទាប់ពី គ.ជ.ប បានបើកសវនាការជំនុំជម្រះ កំបាំងមុខរវាងដើមបណ្តឹងនៃតំណាងបក្សកាន់អំណាច និងបេក្ខជនបក្សភ្លើងទៀន ដែលតំណាងដោយមេធាវី និងបានធ្វើការសម្រេចបិទការតវ៉ានៅថ្ងៃទី២ មិថុនា។
បេក្ខជនមេឃុំស្តៅរបស់គណបក្សភ្លើងទៀន លោក គង់ រ៉ៃយ៉ាត្រេកអរចំពោះការសម្រេចរបស់ គ.ជ.ប ដោយឱ្យលោក និងបេក្ខជន១៥នាក់ ទទួលបានយុត្តិធម៌ ក្រោយពីរងបណ្ដឹងពីតំណាងគណបក្សកាន់អំណាច ដោយចោទសកម្មជនបក្សភ្លើងទៀន ទាំងខ្វះមូលដ្ឋាន។ ទោះយ៉ាងណា លោកអំពាវនាវ ស្នើឱ្យ គ.ជ.ប បន្តប្រកាន់ជំហរអព្យាក្រឹក្យ ឯករាជ្យ ដើម្បីធានាតម្លាភាពនៃលំហសិទ្ធិនៃគណបក្សនយោបាយក្នុងការប្រកួតប្រជែងដោយភាពត្រឹមត្រូវ និងគ្មានការគំរាមកំហែង។
លោក គង់ រ៉ៃយ៉ា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២ មិថុនា ថាករណីដើមបណ្ដឹងរបស់គណបក្សកាន់អំណាច ចោទប្រកាន់លោក និងសកម្មជនបក្សភ្លើងទៀនដទៃទៀតមិនគួរកើតឡើងតាំងពីដំបូងមកម្ល៉េះ។ លោកបញ្ជាក់ថា ការចែកថវិកាសម្រាប់សកម្មជនបក្សខ្លួនកន្លងមកនេះ គឺធ្វើឡើងត្រឹមត្រូវតាមច្បាប់។ លោកចាត់ទុក ការចោទប្រកាន់ពីគណបក្សកាន់អំណាចនោះថា ធ្វើឡើងក្នុងការបំភិតបំភ័យសកម្មជនបក្សភ្លើងទៀន និងព្រួយបារម្ភពីការចាញ់ឆ្នោតនៅថ្នាក់ក្រោមជាតិក្នុងអាណត្តិទី៥ នេះ៖ «បណ្ដឹងរបស់គណបក្សប្រជាជន[កម្ពុជា] វាជាបណ្ដឹងដែរ អត់សមហេតុផល ហើយធ្វើឡើងក្នុងចេតនា នយោបាយច្រើនជាង ផ្លូវច្បាប់។ សម្រាប់ខ្ញុំតាំងចិត្តថា ការធ្វើនយោបាយ គឺមិនចង់ចាញ់ឈ្នះខ្មែរទេ ខ្មែរដូចគ្នា យើងចង់ឱ្យឈ្នះទាំងអស់គ្នា។ បើពួកគាត់មិនយល់ យើងយល់ យើងអត់ឆ្លើយតប ខ្ញុំក៏អត់ចង់ឈ្នះគាត់វិញដែរ។ ខ្ញុំអាចទទួលយកបានចំពោះការសម្រេច របស់ គ.ជ.ប ហ្នឹង ដោយសារតែឱ្យតែមិនផាកពិន័យ ក៏ដូចជាលុបឈ្មោះ រូបខ្ញុំក៏ដូចជាបេក្ខជនដទៃទៀត អាហ្នឹងគឺជាយុត្តិធម៌សម្រាប់ខ្ញុំហើយ»។
កាលពីថ្ងៃទី២៨ ខែឧសភា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃគណៈកម្មការរៀបចំការបោះឆ្នោត ខេត្តកំពង់ចាម លោក យឹម សុធានី បានសម្រេចរក្សាឈ្មោះក្នុងបញ្ជីបេក្ខជនមេឃុំគណបក្សភ្លើងទៀនទាំង ១៥នាក់នៅស្រុកកងមាសដដែល ប៉ុន្តែសម្រេចផាកពិន័យតែលោក គង់ រ៉ៃយ៉ា ម្នាក់ឯង ចំនួន ៥លានរៀន។ សេចក្តីសម្រេចនេះ ក្រោយពីដោះស្រាយបណ្តឹងរបស់តំណាងគណបក្សប្រជាជនកម្ពុជា ដែលបានស្នើសុំឱ្យគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាមដកបេក្ខជនមេឃុំគណបក្សភ្លើងទៀនចំនួន ១៥នាក់ រួមមានទាំងលោក គង់ រ៉ៃយ៉ា។ ក្រៅពីនេះ តំណាងគណបក្សប្រជាជនកម្ពុជា ទាមទារឱ្យផាកពិន័យម្នាក់ៗ ជាប្រាក់ ២០លានរៀល និងផាកពិន័យគណបក្សភ្លើងទៀនចំនួន ៣០លានរៀល ពាក់ព័ន្ធនឹងការចោទថា លោក គង់ រ៉ៃយ៉ា ចែកលុយជាសាធារណៈ ជូនសកម្មជនរបស់ខ្លួន។ ការដាក់បណ្តឹងពីតំណាងគណបក្សប្រជាជនកម្ពុជាបែបនេះ ធ្វើឡើងក្រោយពី លោក គង់ រ៉ៃយ៉ា បានផ្តល់ថវិកានិងសម្ភារៈដល់បេក្ខជនមេឃុំគណបក្សខ្លួន ដើម្បីយកទៅប្រើប្រាស់សម្រាប់ឃោសនារកសំឡេងឆ្នោត។
ទោះជាយ៉ាងណា ទាំងមេធាវីការពារក្ដី លោក គង់ រ៉ៃយ៉ា និងប្រធានជំនុំជំម្រះ គ.ជ.ប មើលឃើញថា ការចោទប្រកាន់ពីសំណាក់បក្សកាន់អំណច ថាលោក គង់ រ៉ៃយ៉ា ចែកអំណោយជាថវិកា ដើម្បីទិញសន្លឹកឆ្នោតក្នុងអំពេលឃោសនាបោះឆ្នោតនោះ គ្មានមូលដ្ឋានត្រឹមត្រូវ។
មេធាវីការពារក្ដី លោក គង់ រ៉ៃយ៉ា គឺមេធាវី កែត ឃី ឱ្យវិទ្យុអាស៊ីសេរីដឹងថា មូលហេតុដែល គ.ជ.ប សម្រេចលុបចោលការផាកពិន័យកូនក្ដីលោក ដោយសារតែ គ.ជ.ប លើកឡើងថា ការចោទប្រកាន់ពីគណបក្សកាន់អំណាចគ្មានមូលដ្ឋានច្បាប់ត្រឹមត្រូវ។ មេធាវី កែត ឃី បន្តថា ការលើកយកភស្តុតាងមកដាក់បន្ទុកពី តំណាងបក្សកាន់អំណាចទៀតសោត ក៏មិនត្រឹមតាមមាត្រដ្ឋាននៃអង្គហេតុដែរ។ លោកឱ្យដឹងទៀត ថាតំណាងនៃបក្សកាន់អំណាច បានយកវិដេអូ កូនក្ដីរបស់លោកក្នុងសកម្មភាពផ្តល់ថវិកាជូនសកម្មជនបក្សខ្លួននោះ យកទៅកាត់ត ដោយដុំៗ ដើម្បីធ្វើឱ្យមានការភ័ន្តច្រឡំ ដើម្បីមានលេសចោទប្រកាន់លោក គង់ រ៉ៃយ៉ា តែប៉ុណ្ណោះ៖ «ខាងគេ [តំណាងបក្សប្រជាជនកម្ពុជា] ក៏មិនសុខចិត្តចំពោះការសម្រេចរបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោតហ្នឹងដែរ។ តែយើង លើកទឡ្ហីករណ៍សម្រាប់ក្រុមប្រឹក្សាជំនុំជម្រះគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ហ្នឹង គឺ រឿងអង្គហេតុ គឺអត់ពាក់ព័ន្ធដូចការចោទប្រកាន់ ពីភាគីដើមបណ្ដឹងទេ។ គេចោទថា យើងហ្នឹងចែកលុយ ដើម្បី ទិញសន្លឹកឆ្នោត។ ប៉ុន្តែ ក្នុងពេលនេះ ជាយុទ្ធនាការបោះឆ្នោត ដោយ គង់ រ៉ៃយ៉ា គាត់ជាប្រធានក្រុមការងារស្រុកកងមាស គាត់ក៏ជាបេក្ខជនលេខ១នៅឃុំស្ដៅ គាត់ក៏បានហៅបេក្ខជនលេខរៀងទី១ តាមឃុំ ទាំង១១ក្នុងស្រុកកងមាសនេះ មកទទួលថវិកា ដើម្បីចែក ចាក់មេក្រូ»។
ជុំវិញរឿងនេះ ប្រធានគណៈកម្មាធិការអព្យាក្រិតនិងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជាហៅកាត់ថា និចហ្វិច លោក សំ គន្ធាមី សាទរចំពោះការសម្រេចរបស់ គ.ជ.ប ដែលឱ្យចុងចោទអាចទទួលយកបាន។ ទោះយ៉ាងណា លោកយល់ថា ការដាក់ពាក្យបណ្ដឹងក្នុងករណីចោទប្រកាន់ លោក គង់ រ៉ៃយ៉ា ពីសំណាក់បក្សកាន់អំណាចកន្លងមកនេះ អាចជាការគំរាមកំហែងដល់ដៃគូប្រកួតប្រជែង៖ «ការចោទប្រកាន់កន្លងមក មិនអត់សមហេតុផល អ៊ីចឹងហើយបានបន្តដល់ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត (NEC) រកអត់ឃើញបទល្មើស អត់មានកំហុស។ NEC ហ្នឹងសេចក្ដីសម្រេចចុងក្រោយហើយ នៃនីតិវិធី គេលុបចោលទាំងអស់ ការផាកពិន័យអ៊ីចឹងទៅ វាសមស្របមួយដែរទទួលយកបាន។ យើងក៏បន្តរងចាំមើលដែរ កុំឱ្យមានការដាក់សម្ពាធ»។
លោក គង់ រ៉ៃយ៉ា អះអាងថា ក្រោយពីការសម្រេចជាស្ថាពរពីសំណាក់ គ.ជ.ប ដោយលទ្ធផលជាវិជ្ជមានលោក និងសកម្មជន ផ្សេងទៀត នឹងមិនចងគំនុំ ឬធ្វើការប្ដឹងបកទៅគណបក្សកាន់អំណាចវិញឡើយ។ លោកយល់ថា ការប្រព្រឹត្តទង្វើបែបសងសឹកគ្នានេះ វាកាន់តែនាំឱ្យខាតបង់ផលប្រយោជន៍ជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។