គ.ជ.ប នឹងផ្សាយកម្មវិធីស្វែងយល់អំពីការបោះឆ្នោត តាមទូរទស្សន៍ជាតិ និងវិទ្យុ FM ៣៥ថ្ងៃ នៅទូទាំងប្រទេស
2022.04.27
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងផ្សព្វផ្សាយកម្មវិធីស្វែងយល់អំពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ តាមរយៈស្ថានីយទូរទស្សន៍ជាតិ និងតាមវិទ្យុអេហ្វអឹម (FM) នៅទូទាំងប្រទេស សម្រាប់រយៈពេល ៣៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែមេសា រហូតដល់ថ្ងៃទី៣ ខែមិថុនា។
អ្នកនាំពាក្យរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៧ ខែមេសាថា គោលបំណងសំខាន់នៃកម្មវិធីអប់រំម្ចាស់ឆ្នោតនេះ គឺដើម្បីលើកកម្ពស់ការយល់ដឹងអំពីការបោះឆ្នោត និងផ្តល់ឱកាសដល់ប្រជាពលរដ្ឋ ដើម្បីត្រៀមខ្លួនឱ្យបានគ្រប់ៗ គ្នា ទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ខាងមុខ៖ «ទី១ ចង់ឲ្យអ្នកបោះឆ្នោតបានដឹងទូទៅអំពីដំណើរការទាំងឡាយ និងកាតព្វកិច្ចរបស់ពលរដ្ឋក្នុងការចូលរួមការបោះឆ្នោត ទី២ ចង់ឲ្យពលរដ្ឋបានដឹងពីពេលវេលា និងទីកន្លែងណា សម្រាប់ទៅបោះឆ្នោត។ ទី៣ ចង់ឲ្យពលរដ្ឋសម្រេចចិត្តដោយខ្លួនឯង ក្នុងការជ្រើសរើសគណបក្សនយោបាយណាដែលខ្លួនពេញចិត្ត»។
លោក ហង្ស ពុទ្ធា ឲ្យដឹងផងដែរ កម្មវិធីអប់រំម្ចាស់ឆ្នោតនេះ គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត នឹងធ្វើជាវាគ្មិនរយៈពេល ១ម៉ោងក្នុង ១ថ្ងៃ ដើម្បីឆ្លើយតបទៅនឹងសំណួររបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត ដែលងឿងឆ្ងល់ ឬចង់សាកសួរព័ត៌មានបន្ថែម ពាក់ព័ន្ធនឹងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់។
កន្លងមកក្រុមអង្គការសង្គមស៊ីវិលជាង ៦០ស្ថាប័ន បានចេញសេចក្ដីថ្លែងការណ៍រួម ស្នើឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ធានាបាននូវលក្ខខណ្ឌអប្បបរមា៦ចំណុច ដើម្បីឲ្យមានបោះឆ្នោតមួយដែលប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ចំណុចទាំងនោះរួមមាន៖ បង្កើតបរិយាកាសនយោបាយសេរី ធានាសិទ្ធិនយោបាយ និងសិទ្ធិបោះឆ្នោត កែសម្រួលសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬ (គ.ជ.ប) ធានាឯករាជ្យ និងអព្យាក្រឹតភាពរបស់តុលាការ និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងធានាការអនុវត្តតួនាទីដោយសេរីរបស់អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយជាដើម។
គ.ជ.ប ឲ្យដឹងដែរថា ការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ នេះ មានគណបក្សនយោបាយសរុប ១៧គណបក្សចូលរួម និងបេក្ខជនឈរឈ្មោះបោះឆ្នោតសរុបចំនួនជាង ៨ម៉ឺន ៦ពាន់នាក់ (៨៦.០៩២នាក់) ក្នុងនោះបេក្ខជនជាស្ត្រីមានជាង ២ម៉ឺន ៧ពាន់នាក់ (២៧.៨១៣នាក់)។ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ដែលអាចដាក់បេក្ខជនឈរឈ្មោះនៅគ្រប់ ១.៦៥២ឃុំសង្កាត់នៅទូទាំងប្រទេស។ រីឯគណបក្សភ្លើងទៀនវិញ ឈរនៅលំដាប់ទីពីរ ដែលអាចដាក់បេក្ខជនឈរឈ្មោះបានចំនួន ១.៦២៣ឃុំសង្កាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។