ពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍នៅព្រះលានយន្តហោះភ្នំពេញថ្មី នៅខេត្តកណ្ដាល និងខេត្តតាកែវ ជិត ១០០នាក់តំណាងអោយពលរដ្ឋជាង ៣០០គ្រួសារនៅព្រឹកថ្ងៃទី៣១ កក្កដា បានទៅដាក់ញត្តិនៅផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្រុងតាខ្មៅ ឲ្យជួយអន្តរាគមន៍ដល់ពួកគេ។ ពលរដ្ឋទាំងនោះអះអាងថា ពួកគាត់មិនបានបង្កបង្កើនផលលើដីនេះ អស់រយៈពេល ៤ឆ្នាំមកហើយ ដោយសារក្រុមហ៊ុនធ្វើរបងហ៊ុំព័ទ្ធមិនឲ្យពលរដ្ឋចូលទៅជិតដីមានជម្លោះ។
ពលរដ្ឋដែលមានវិវាទដីធ្លី មិនព្រមទទួលយកសំណងដែលក្រុមហ៊ុនឲ្យតម្លៃក្នុង ១ម៉ែត្រការ៉េ ៨ដុល្លារនោះទេ ព្រោះពួកគាត់ថា តម្លៃនេះមិនអាចយកទៅទិញដីនៅក្បែរព្រះលានយន្តហោះភ្នំពេញថ្មី ឬដីស្រែកន្លែងផ្សេង ដើម្បីដាំដុះរកប្រាក់ចំណូលចិញ្ចឹមជីវភាពគ្រួសារបានឡើយ។ ពលរដ្ឋទាំងនោះមកពី ឃុំពត់សរ ស្រុកបាទី និងឃុំបឹងខ្យាង ឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ទៅផ្ទះលោក ហ៊ុន សែន ជាលើកទី៦ ហើយ ព្រោះពួកគាត់អស់ជំនឿលើអាជ្ញាធរស្រុក ខេត្ត។
ពលរដ្ឋរងផលប៉ះពាល់ដីធ្លីពីគម្រោងសង់ព្រះលានយន្តហោះភ្នំពេញថ្មីរស់នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល លោក សេង ផេង ប្រាប់វិទ្យុអាស៊ីសេរីថា ពួកគាត់មានជីវភាពលំបាកតាំងពីបាត់បង់ដីស្រែមក ពលរដ្ឋត្អូញត្អែរថាមិនដឹងជាពឹងទៅលើអ្វីទៀតទេ ក្រៅតែពីដីស្រែបន្តិចបន្តួចនៅលើដីដែលមានទំនាស់នោះ។ លោកទទូចដល់លោក ហ៊ុន សែន ដោះស្រាយជូនពួកគាត់ឲ្យបានឆាប់។ លោកបន្តថាកន្លងមក លោក សាយ ឈុំ និងអ្នកស្រី ម៉ែន សំអន បានចេញលិខិតជូនដល់អភិបាលខេត្តកណ្ដាលដោះស្រាយឲ្យពលរដ្ឋដែរ តែមិនទទួលបានលទ្ធផលឡើយ៖ « បាទ ! ដូចអត់ឃើញមានដំណោះស្រាយខ្ញុំខ្លាច ក្រែងលោអាម៉េចៗ ទៅខាង យកទៅហើយ យកទៅកប់ទុកចោលអី មិនដឹងអី។ មានពេលខ្លះខ្ញុំជឿជាក់ថា ការងារទាំងអស់ហ្នឹង រឿងឯកសារអស់ហ្នឹង បើសិនជាដល់ដៃសម្ដេចពុក ខ្ញុំជឿជាក់ថា គាត់នឹងអាចរកដំណោះស្រាយជូនបងប្អូនប្រជាពលរដ្ឋបាន តែខ្លាចថា បងប្អូនគាត់យកទៅតម្កល់ទុកចោលណា។ បាទ ! មើលឯកសារ មើលចេញសេចក្ដីលិខិត ស.ជ.ណ របស់អាដែងសម្ដេច សាយ ឈុំ ចេញមក ១ច្បាប់ ឲ្យចៅហ្វាយខេត្តលោកជួយធ្វើអន្តរាគមន៍ លោកអត់បានធ្វើអន្តរាគមន៍ជាមួយបងប្អូនប្រជាពលរដ្ឋទេ » ។
ពលរដ្ឋរងផលប៉ះពាល់ដីធ្លីម្នាក់ទៀតលោក អ៊ឹម តារា ប្រាប់ថា លោកបានយកញត្តិទៅប្រគល់ដល់ដៃអាជ្ញាធរនៅផ្ទះលោក ហ៊ុន សែន គឺលោក អ៊ុក ឆូ ហើយ ដោយលោកសន្យានឹងយកញត្តិដាក់ទៅថ្នាក់លើបន្តទៀត ដើម្បីឲ្យដល់ដៃលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកបន្តថា កន្លងមកមានមន្ត្រីរដ្ឋសភាធ្លាប់ប្រាប់ថា មូលហេតុដែលធ្វើឲ្យយឺតយ៉ាវក្នុងការដោះស្រាយ មកពីមានអំពើពុករលួយជាប្រព័ន្ធ បណ្ដាលឲ្យបាត់បង់ផលប្រយោជន៍ប្រជាពលរដ្ឋ។ លោកបញ្ជាក់ថា នៅដាក់ថ្ងៃនេះមានពលរដ្ឋខ្លះមកមិនបាន ទៅដល់ផ្ទះរបស់លោក ហ៊ុន សែន ព្រោះមានអាជ្ញាធរចាំស្ទាក់ចាប់ម៉ូតូដែលពួកគាត់ជិះ៖ « សម្ដេចអគ្គមហាសេនាបតី ហ៊ុន សែន លោកជួយអន្តរាគមន៍ដោះស្រាយ អឺ ! ផលប៉ះពាល់ក្នុងតម្លៃដីធ្លីហ្នឹងឲ្យវាបានសមរម្យ ដែលអាចទទួលយកបាន ព្រោះវាក្រោមទីផ្សារពេក ១ម៉ែត្រការ៉េ ៨ដុល្លារ សម្រាប់ខេត្តកណ្ដាល ឬក៏ខេត្តតាកែវ លក់ទៅវាមិនអាចទៅទិញឯណាបានទេ។ សូម្បីតែយើងក្នុងព្រះលាន វា ៨ដុល្លារ ក្រៅព្រះលាន ១ការ៉េជាងមួយរយហើយហ្នឹង (១១០ ដុល្លារ ) នៅទំនប់ ៨៨ជាប់គ្នាហ្នឹង » ។
ស្រដៀងគ្នានេះដែរ ពលរដ្ឋរងគ្រោះដីធ្លីម្នាក់ទៀត រស់នៅស្រុកបាទី ខេត្តតាកែវ លោកស្រី អុន សឿន និយាយទាំងមុខស្រពោនថា លោកស្រីមិនជំទាស់នឹងការអភិវឌ្ឍរបស់រដ្ឋាភិបាលទេ តែសុំកុំឲ្យពលរដ្ឋរងទឹកភ្នែកពីការអភិវឌ្ឍនោះ។ លោកស្រីបន្តថា លោកស្រីមានដីតែមួយកន្លែងនេះទេ ដូច្នេះលោកស្រីស្នើសុំដល់លោក ហ៊ុន សែនជួយអន្តរាគមន៍ដល់លោកស្រី ដើម្បីបានដីដាំដុះរកប្រាក់ចំណូលចិញ្ចឹមជីវភាព៖ « សុំឲ្យសម្ដេចពុក សម្ដេចម៉ែហ្នឹងជួយ ជួយរកដំណោះស្រាយរឿងដីធ្លី។ តាំងពីកូនអត់បានធ្វើស្រែហ្នឹងវា ៤ឆ្នាំហើយ ផ្អែកតែទៅលើអង្ករគីឡូទេ។ អីចឹងសុំឲ្យសម្ដេចពុក សម្ដេចម៉ែហ្នឹងជួយកូនផង ជួយរកដំណោះស្រាយឲ្យកូនផង អត់មានដីឯណាទៀតទេ មានតែដីនៅក្នុងព្រះលានហ្នឹង » ។
ចំណែកឯពលរដ្ឋរងគ្រោះដីធ្លីម្នាក់ទៀត លោក គង់ ឃន ក៏មិនទទួលយកសំណង ៨ដុល្លារក្នុង ១ម៉ែត្រការ៉េដែរ លោកមកសុំអន្តរាគមន៍ពីលោក ហ៊ុន សែន ឲ្យជួយរកដំណោះស្រាយឲ្យបានលឿនយ៉ាងហោចណាស់បានត្រឹមតម្លៃមួយសមរម្យដែលអាចយកទៅទិញដីកន្លែងផ្សេងបាន។ លោកបន្ថែមថា ក្រុមហ៊ុនបានហ៊ុំព័ទ្ធរបងដីស្រែពួកគាត់មិនឲ្យចូលទៅធ្វើស្រែ ៤ឆ្នាំហើយ ៖« ទិញអង្ករទិញស្រូវលំបាកវេទនាណាស់ក្មួយ។ កូនប្រសាធ្វើការរោងចក្រធ្វើម៉េចឥឡូវ ដីក្រុមហ៊ុនគេព័ទ្ធអស់ហើយ។ ពូរងនឹងជីវភាពការរស់នៅហ្នឹងក្មួយ ខ្វះមុខខ្វះក្រោយ ពីព្រោះខ្លះគាត់ធ្វើស្រែចិញ្ចឹមជីវិត ឥឡូវអស់ស្រែគាត់បានអីបន្តទៀតអូន គាត់គ្រាន់តែអ្នកស្រែមានអីសង្ឃឹម មានតែស្រែហ្នឹង » ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះ ពីអភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ បានទេ នៅថ្ងៃទី៣១ខែកក្កដា។ ជុំវិញបញ្ហានេះ នាយកទទួលបន្ទុកទូទៅនៃអង្គការលីកាដូ លោក អំ សំអាត លើកឡើងថា វិវាទដីធ្លីរបស់ប្រជាពលរដ្ឋនៅព្រះលានយន្តហោះភ្នំពេញថ្មី គឺអូសបន្លាយពេលមក ៤ឆ្នាំហើយ ពលរដ្ឋនៅតែរងទុក្ខ យំស្រែករកយុត្តិធម៌ដដែល ដ្បិតអាជ្ញាធរហាក់មិនមានវិធានការជាក់លាក់ណាមួយ ដើម្បីដោះស្រាយជូនពួកគាត់។ លោកនៅតែទទូចដល់រដ្ឋាភិបាលឲ្យជួយពន្លឿនការដោះស្រាយវិវាទដីធ្លីរបស់ពលរដ្ឋទាំងនេះឲ្យបានឆាប់ ព្រោះការអូសបន្លាយពេលនឹងធ្វើឲ្យប៉ះពាល់ជីវភាពរបស់ពួកគាត់៖ « បើដំណោះស្រាយនេះចេះតែអូសបន្លាយពេលវេលាទៅទៀតហ្នឹង វាប៉ះពាល់ច្រើន។ ទី១ ជីវភាពរស់នៅរបស់ពួកគាត់។ ទី២ ភាពភ័យខ្លាចក្នុងការបាត់បង់ដីធ្លីហ្នឹង ហើយទី៣ អាចប្រឈមមុខផ្សេងៗ ទៀត ពីព្រោះកន្លងមក ប្រជាពលរដ្ឋដែលទាក់ទងនឹងរឿងដីធ្លីហ្នឹង ក៏ត្រូវបានចាប់ឃុំខ្លួនមួយរយៈ ហើយមានការដោះលែងវិញអ៊ីចឹងទៅ។ អ៊ីចឹង ក៏មានអំពើហិង្សាកើតឡើងដែរ។ ចំណុចនេះ ដែលយើងបារម្ភថា បើមិនមានការដោះស្រាយឲ្យបានឆាប់ទេ នោះវាអាចប្រឈមមុខនឹងអំពើហិង្សា នៅពេលដែលធ្វើការតវ៉ា ឬក៏ទាមទារតទៅទៀត ប្រឈមការចាប់ខ្លួនតទៅទៀត » ។
ក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) របស់ឧកញ៉ា ពុង ឃាវសែ ដែលជាអ្នកជំនួញស្និទ្ធនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលសិទ្ធិវិនិយោគលើគម្រោងសាងសង់ព្រះលានយន្តហោះភ្នំពេញថ្មី។
គម្រោងអភិវឌ្ឍន៍លើផ្ទៃដី ២.៦០០ហិកតារនេះ មានភាពចម្រូងចម្រាស់តាំងពីដើមមក ដោយសារ អាជ្ញាធរ បានកំណត់តម្លៃដី ក្នុងមួយម៉ែត្រការ៉េចន្លោះ ពី៣ដុល្លារ ដល់៨ដុល្លារ។ គម្រោងនេះជាន់លើដីស្រែពលរដ្ឋយ៉ាងហោចណាស់ ៤០០គ្រួសារ នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងឃុំពត់សរ នៃស្រុកបាទី ខេត្តតាកែវ។
ក្រុមពលរដ្ឋទាំងនោះព្រមានថា ប្រសិនបើអាជ្ញាធរពាក់ព័ន្ធនៅតែមិនដោះស្រាយជូនពួកគាត់ក្នុងតម្លៃសមរម្យ ដែលអាចទទួលយកបានទេនោះ ពួកគាត់នឹងនាំគ្នាទៅប្រមូលផ្ដុំនៅមុខផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជារៀងរាល់ចុងសប្ដាហ៍បន្តទៀត រហូតមានដំណោះស្រាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
