គ.ជ.ប​ថា គណបក្ស​នីមួយៗ​ធ្វើ​សកម្មភាពតាម​មធ្យោបាយ​លទ្ធភាព​រៀងៗ​ខ្លួន​ និង​ស្ថិត​ក្នុង​បរិយាកាស​ល្អ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​គ.ជ.ប អះអាង​ថា ចេញ​សេចក្ដីថ្លែងការណ៍​អះអាង​ថា ការ​ឃោសនាបោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ស្ថិត​ក្នុង​បរិយាកាស​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់​ធ្លាប់​សាធារណៈ​ល្អ និង​មិនកើត​រូបភាព​អវិជ្ជមាន​ណាមួយ​ឡើយ។

គ.ជ.ប​បញ្ជាក់​ទៀត​ថា គណបក្ស​នីមួយៗ​ធ្វើ​សកម្មជន​តាម​មធ្យោបាយ​តាម​លទ្ធភាព​រៀងៗ​ខ្លួន ដូចជា ការ​ហែក្បួន ការ​ជួបជុំ​សមាជិក និង​អ្នកគាំទ្រ ការចែក​ខិត្តប័ណ្ណ ការ​មេក្រូ​ផ្សព្វផ្សាយ​នៅ​តាម​ទីស្នាក់ការ​គណបក្ស និង​ចាក់​មេក្រូ​ចល័ត​តាម​ភូមិ​ជាដើម​។ ចំណែក​អាជ្ញាធរ​មូលដ្ឋាន​បាន​ជួយ​សម្រួល​ការ​ធ្វើ​សកម្មភាព​ឃោសនា​របស់​គណបក្ស​នយោបាយ​។ សមាជិក គ.ជ.ប លោក សោម សូរីដា លើកឡើង​ថា គណបក្ស​ដែល​ធ្វើ​សកម្មភាព​ឃោសនា​នេះ មាន​ភាព​ចាស់ទុំ​ខាង​នយោបាយ ចូលរួម​អនុវត្ត​ច្បាប់ បទបញ្ជា​ក្រម​សីលធម៌​សម្រាប់​ការ​បោះឆ្នោត។

ទាក់ទង​រឿង​នេះ​វិទ្យុ​អាស៊ីសេរី​មិនអាច​សុំ​ការ​អត្ថាធិប្បាយ​ពី​មន្ត្រី​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ទាក់ទង​ការបោះឆ្នោត​បាន​ទេ នៅ​ថ្ងៃ​ទី២៤ ខែឧសភា។

ទោះ​មានការ​អះអាង​បែបនេះ​ក្ដី ការ​ឃោសនា​បោះឆ្នោត និង​មុន​ការ​បោះឆ្នោត​នេះ បរិយាកាស​នយោបាយ​ស្ថិតនៅ​ក្នុង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព លើ​គណបក្សប្រឆាំង ដោយ​សមត្ថកិច្ច​កាប់​ខ្លួន សមាជិក​គណបក្សប្រឆាំង​ជា​បន្តបន្ទាប់ និង​ចាប់ខ្លួន​ប្រធាន​គណបក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី ជាដើម។ ការឃោសនា​រក​សំឡេងឆ្នោត​របស់​គណបក្ស​នយោបាយ​នេះ មាន​រយៈពេល​ចំនួន ៨​ថ្ងៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។