គ.ជ.ប ប្រកាសផ្សាយបញ្ជីឈ្មោះបោះឆ្នោតផ្លូវការ
2023.02.22
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចាប់ផ្តើមផ្សព្វផ្សាយជាផ្លូវការអំពីការផ្តល់សុពលភាព និងប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២២ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ។
ការប្រកាសនេះធ្វើឡើងនៅថ្ងៃទី២១ ខែកុម្ភៈនេះ ក្នុងនោះរួមមានការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតឆ្នាំ២០២២ ការដាក់ និងការទទួលដោះស្រាយពាក្យបណ្តឹងក្នុងដំណាក់កាលនៃការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង។
សេចក្តីប្រកាសព័ត៌មាន គ.ជ.ប បង្ហាញថា ឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតសរុបចំនួនជាង២សែន៧ម៉ឺននាក់ (២៧១.១៤២ នាក់)។ ចំពោះការដោះស្រាយពាក្យបណ្ដឹងវិញ ក្រុមប្រឹក្សាឃុំ-សង្កាត់ បានទទួលពាក្យបណ្តឹងសរុបចំនួន ៩១បណ្តឹង ចំពោះពាក្យបណ្ដឹងតវ៉ាវិញចំនួន ៨៥បណ្តឹង និងពាក្យបណ្តឹងជំទាស់ចំនួន ៦បណ្ដឹង ហើយត្រូវបានដោះស្រាយចប់ជាស្ថាពរនៅត្រឹមថ្នាក់ក្រុមប្រឹក្សាឃុំ-សង្កាត់ ដោយពុំមានពាក្យបណ្ដឹងបន្តមក គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញនោះទេ។ បញ្ជីបោះឆ្នោតនេះ ក៏នឹងត្រូវផលិតជាបណ្ណព័ត៌មានអ្នកបោះឆ្នោត សម្រាប់ចែកជូនដល់អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។
អ្នកមានឈោ្មះ ក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២២ នេះ មានចំនួនជាង៩លាន ៧សែននាក់ (៩.៧១០.៦៥៥) ស្មើនឹង៨៩,២៨% នៃពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត និងមានការិយាល័យ បោះឆ្នោតចំនួនជាង២ម៉ឺន៣ពាន់ការិយាល័យ (២៣.៧៨៩)។ គ.ជ.ប បានបញ្ជាក់ថា បញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២២ គឺជាបញ្ជីបោះឆ្នោតផ្លូវការ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ខាងមុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។