គ.ជ.ប ៖ ​ចំនួន​អ្នក​ទៅ​បោះឆ្នោត​ច្រើន​បង្ហាញ​ថា ពលរដ្ឋ​ខ្មែរ​ពេញ​ចិត្ត​​ប្រជាធិបតេយ្យ​របស់ខ្លួន​ ខណៈអ្នក​និយម​ប្រជាធិបតេយ្យ​ថា ជា​ការបំប៉ោង​តួលេខ

គណៈកម្មាធិការ​ជាតិរៀប​ចំការ​បោះឆ្នោត​ (គ.ជ.ប) អះអាងថា លទ្ធផល​បណ្តោះអាសន្ន​នៃ​ចំនួន​អ្នក​បាន​​​​បោះឆ្នោត​គិត​ត្រឹម​ម៉ោង ៥ រសៀល​ថ្ងៃទី ២៩ កក្កដា ​មាន​ចំនួន​ជាង ៦​ លាន ៨ សែន​នាក់។ ប្រធាន​ចលនាសង្គ្រោះជាតិ លោក​ សម រង្ស៊ី ជឿ​ជាក់​​ថា នេះ​ជា​តួលេខ​បំប៉ោង​ គ្មាន​ការ​ពិត​ ព្រោះ​​​គ្មាន​ការ​ចូល​រួម​សង្កេត​ការណ៍​ពី​អ្នក​ជំនាញ និង​អង្គការ​ឯករាជ្យ​។

ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត លោក​ ស៊ិក ប៊ុន​ហុក​ ថ្លែងក្នុង​សន្និសីទ​សារ​ព័ត៌មាន​នៅ​រសៀល​​​ថ្ងៃ​ទី ២៩ កក្កដា ថា នេះ​ជាជោគជ័យ​នៃ​ការ​បោះឆ្នោត​ដែល​មាន​ពលរដ្ឋ​​ជាង​ ៨២ ភាគរយ (៨២,១៧%)​ នៃ​​អ្នក​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​​បោះឆ្នោត​ជាង ៨លាន​ ៣សែន​នាក់ បាន​ចេញ​ទៅ​បោះឆ្នោត​ទៅ​តាម​ឆន្ទៈ​របស់ខ្លួន​។ លោក​អះអាង​ថា តួលេខ​​នេះ​បង្ហាញ​​​ឱ្យ​​សហគមន៍​អន្តរជា​តិ​ដែលមានបំណង​ដាក់​ទណ្ឌ​កម្មលើ​កម្ពុជា​នោះ ឃើញ​ច្បាស់​ថា ​ពលរដ្ឋ​ខ្មែរមាន​ឆន្ទៈ​ពិត​ប្រាកដ​​​ក្នុង​​ការ​​លើក​​ស្ទួ​យ​​ប្រជាធិបតេយ្យ​៖ «នេះ​ជា​ចម្លើយហើយ ​ជាចម្លើយ​​ជា​មួយ​មជ្ឈដ្ឋាន​​អន្តរ​ជាតិ​​ ថាតើ​​ខ្មែរ​​គេ​ស្រឡាញ់​លទ្ធិ​ប្រជា​ធិបតេយ្យ​​​​ទេ ? ​ ដែល​​អស់​លោកថា​វាក្លែង​ក្លាយនោះ ​ស្រាប់​តែ​គេ​ចូល​រួម​យ៉ាង​គគ្រឹក​គគ្រេង​លើសពី​​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ​ទៅ​ទៀត។ ​ហើយ​បន្ទាប់​ពីចេញ​លទ្ធផល​​​នេះ​ទៅ យើង​​ចាំ​ពិនិត្យ​​មើល​ពី​ជំហរ​របស់​អន្តរ​ជាតិ​ តើគេ​​នៅ​បន្ត​ធ្វើ​សកម្មភាព​មួយ​ដែល​ផ្ទុយ​ពី​ឆន្ទៈ​របស់​ប្រ​ជាជន​ខ្មែរ​ទូទាំង​ប្រទេសរបៀប​នេះ ឬយ៉ាង​ណា

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ ប្រធាន​ចលនា​សង្គ្រោះជាតិ​ លោក​ សម​ រង្ស៊ី ជឿជាក់​ថា តួលេខ​ដែល​ គ.ជ.ប បាន​ប្រកាស​នេះ ជា​តួលេខ​ដែល​គ្មាន​ការ​ពិត​ឡើយ​ តែ​ជា​តួលេខដែល​របបក្រុង​ភ្នំពេញ​បំប៉ោងឡើងប៉ុណ្ណោះ​។ ​​ហេតុ​ផល​​ដែល​លោក​​យល់ថានេះ ជា​តួលេខ​ក្លែង​ក្លាយ​ ដោយសារ​ក្នុង​ការិល័យ​បោះឆ្នោត​នីមួយ​ៗ​​មិន​មាន​អ្នកសង្កេតការណ៍​ឯករាជ្យ​ និង​មិន​មាន​ភ្នាក់ងារ​គណបក្ស​នយោបាយ​គ្រប់​គ្រាន់។ លោកសង្កត់​ធ្ងន់​ថា ការ​បោះឆ្នោត​នេះ​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ពិត​របស់​ពលរដ្ឋ​ខ្មែរ​ឡើយ​ ដោយសារ​អវត្ត​មាន​គណបក្សសង្គ្រោះជាតិដែល​មាន​អ្នក​គាំទ្រ​រាប់​លាន​នាក់​នៅ​ទូទាំង​ប្រទេស៖ «គេ​អាច​យកសន្លឹក​ឆ្នោត​ យកទៅ​ញាត់​ក្នុង​ហឹប​ឆ្នោត​ ហើយ​ថាមានអ្នក​បោះឆ្នោត​ច្រើនណាស់ ​ពី​ព្រោះសុទ្ធតែ​គ្នា​​គេ ​មានអ្នក​ណា​មើល ?​ មាន​អ្នកណា​ឃើញ ? គ្មាន​អ្នក​ណា​ថា​អ្វីទេ​ គឺ​គេញាត់​ចូល​ក្នុង​ហឹប​ឆ្នោត​ ​គេ​ចង់​ញាត់​ប៉ុន្មាន​ក្នុង​ហឹប​ឆ្នោត​ស្រេច​តែ​​ចិត្តរបស់​គេ​។ ​គេ​ចង់​គូស​ថា​​ អ្នកនេះ​បាន​ទៅ​បោះ​ឆ្នោត​ អ្នកនោះ​បាន​ទៅ​បោះឆ្នោត​ ទោះជា​សាម៉ី​​ខ្លួន​មិនបាន​ទៅ​បោះឆ្នោត​ទាល់​តែ​សោះ ​ក៏​គេអះ​អាងអញ្ចឹង​បាន​ ហើយ​ដល់​​ទី​បញ្ចប់​គេ​បង្ហាញ​តួលេខថា ៧០ ៨០ ៩០ ឬដល់​ ១០០ ភាគរយ​​ក៏បាន​ដែរ​ ពី​ព្រោះ​អត់​មាន​អ្នក​ណា​ទៅ​តាមដានបាន​ ដូច្នេះ​សូម​បង​ប្អូន​​​កុំ​ជឿ​ឱ្យ​សោះ»។

នៅក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ ២០១៧ កន្លង​ទៅ ចំនួន​ពលរដ្ឋ​ចេញ​ទៅ​បោះឆ្នោត​មានប្រហែល​ ៩០ ភាគរយ ដោយ​ក្នុង​នោះប្រហែល​ ៥០%​ គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជិត ៤៤% គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​ ក្នុង​ចំណោម​អ្នក​មាន​ឈ្មោះ​បោះឆ្នោត​សរុប​ជាង ៧ លាន ៨ សែន​នាក់។ ទោះ​បី​ជា​យ៉ាង​ណា ​ឆន្ទៈ​របស់​ពលរដ្ឋ​ជិត​កន្លះ​ប្រទេស​ដែលស្តែង​ឡើង​តាម​រយៈ​កៅអី​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិចំនួន​ ៥៥ អាសនៈ និង​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ជាង ៥ ពាន់​អាសនៈ បូក​រួម​ទាំង​តួនាទី​ជា​សមាជិក​ក្រុម​ប្រឹក្សារាជធានី​ ខេត្ត ក្រុង​ ស្រុក​ ខ័ណ្ឌ ជាច្រើន​ទៀត​ផងនោះ ត្រូវ​បានរបប​លោក​ ហ៊ុន សែន បដិសេធចោល​​ទាំង​ស្រុង​តាម​រយៈ​ការរំលាយ​គណបក្ស​សង្គ្រោះជាតិ​។

អតីតឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល​ចម្រុះអាណត្តិ​ទី ៣ ពីខាង​គណបក្ស​រាជានិយមហ្វ៊ុន​ស៊ិន​ប៉ិច លោក​ព្រឹទ្ធាចារ្យ​ លឺ ឡាយស្រេង មាន​ប្រសាសន៍​ថា អ្នក​ណា​ក៏​ដឹង​ដែរ​ថា គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ ហ៊ុន សែន​ នឹង​ឈ្នះ​ឆ្នោត​នៅ​អាណត្តិ​​នេះ​បន្ត​ទៀតយ៉ាង​ងាយ​ស្រួល​បំផុត​ ដោយសារ​គណបក្ស​នេះ​បាន​កម្ចាត់​គណបក្ស​សង្គ្រោះជាតិ​ដែល​​ជា​​ដៃ​គូ​ប្រកួត​ប្រជែង​​ដ៏​​ស្រួច​ស្រាល់​​រួច​​ទៅ​​ហើយ​​នោះ។ លោក​បន្ត​ថា ទាំង​តួលេខនៃ​អ្នកបាន​​បោះឆ្នោត​ ទាំង​សំឡេង​ឆ្នោត និង​ទាំង​អាសនៈ​​​សភា​នោះ គណបក្ស​កាន់​អំណាច​ចង់​បាន​ប៉ុន្មាន​ក៏​បាន​ដែរ ព្រោះ​បក្ស​នេះ​បាន​ក្តោប​ក្តាប់​​ស្ថាប័ន​ជាតិ​សំខាន់ៗ​អស់​ទៅហើយ ប៉ុន្តែ​អ្វី​ដែល​បក្ស​នេះ​ត្រូវ​ការ​គឺ​ភាព​ស្រប​ច្បាប់​ពី​ពលរដ្ឋ​។ លោក​ថា ​ការ​បង្ហាញ​ឱ្យ​ឃើញ​ពីតួលេខ​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត​​ច្រើន​នេះ គឺ​ដើម្បី​ឱ្យ​របបលោក​ ហ៊ុន សែន មាន​លេស​យក​ទៅ​ប្រាប់​សហគមន៍​អន្តរជាតិ​ថា រដ្ឋាភិបាល​ថ្មី​ពិត​ជា​កើត​ចេញ​ពី​ការ​គាំទ្រ​របស់​ពលរដ្ឋ​ខ្មែរពិត​ប្រាកដ​មែន។​ ក៏​ប៉ុន្តែ​ ព្រឹទ្ធាចារ្យ​រូប​នេះ ព្រមាន​ថា​ របបថ្មី​របស់​លោក​ ហ៊ុន សែន នឹង​ត្រូវ​ប្រឈម​​មុខនឹង​ទណ្ឌកម្ម​ពី​ក្រុម​ប្រទេស​ធិបតេយ្យ​លោក​ខាង​លិច​នៅពេល​ឆាប់​ៗ​ខាង​មុខ​ ហើយ​របបថ្មី​នេះ​នឹង​មិន​អាច​រស់​នៅ​ដោយ​ពឹងផ្អែក​តែ​ទៅលើ​ប្រទេស​ចិន​បាន​ឡើយ៖ «ប្រសិន​បើ​ប្រកាស​​រដ្ឋាភិបាល​ទៅ​ហើយ​ គេ​មិនទទួល​ស្គាល់ ​នោះ​ជា​បញ្ហា​ហើយ។ ប្រទេស​ប្រជា​ធិបតេយ្យ​គេ​​ជួយ​​​ខ្មែរ​រាប់​លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ ​ដល់​ពេល​ដែល​ផ្ដាច់​ជំនួយ​អស់​ទៅ ​យើង​មានអ្វី​​ចឹញ្ចឹម ?​ យើង​ពឹង​​តែ​ចិន​ម្នាក់​ឯង​អត់កើត​នោះទេ។ ​រឿង​ចិន​នេះ​ ខ្ចី​កាន់​តែ​ច្រើន​ ចិន​រឹតតែ​អ​រ​ទៀត​ ព្រោះ​ដី​យើង​នៅ​ទំនេរ​ច្រើន​ដែរ​ ​​និយាយ​កាន់តែ​ច្រើន​ចិនាន់​តែ​អរ​ទៅ​ទៀត​ ពី​ព្រោះ​ដី​យើង​នៅ​ទំនេរ​ច្រើន​ដែរ ដូច​ជា នៅ​​សៀមរាប ជាដើម។ ​ក្រែង​ថ្ងៃ​ក្រោយ អត់​មាន​អ្វី​សង គេ​ត្រូវ​យក​ជា​ថ្នូរ​ ថា​ត្រូវ​ឱ្យ​សៀម​រាបប៉ុន្មាន​ឆ្នាំ ឱ្យ​ក្រុង​ព្រះសីហនុ​ប៉ុន្មាន​ឆ្នាំ​អី​ទៅ»

​គ.ជ.ប ប្រកាស​ថា លទ្ធផល​​បណ្តោះ​អាសន្ន​​នៃ​​​​ការ​បោះ​ឆ្នោត​​នេះ នឹងត្រូវ​​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី១១ ខែសីហា រីឯលទ្ធផល​ផ្លូវ​ការ​នឹងត្រូវ​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី១៥ ខែសីហា ឆ្នាំ ២០១៨ ខាង​មុខ ​ក្នុង​​ករណី​គ្មាន​ការ​បោះ​ឆ្នោត​សា​ជា​ថ្មីទៀត​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។