គ.ជ.បទទួលពាក្យបណ្តឹងតវ៉ាចំនួន២៦ករណី ពីទូទាំងប្រទេស
2022.01.14
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទទួលបានពាក្យបណ្តឹងចំនួន ២៦បណ្តឹង នៅទូទាំងប្រទេស រហូតមកដល់ថ្ងៃទី ១២ ខែមករា។
សេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប កាលពីថ្ងៃទី១៣ ខែមករា ឲ្យដឹងថា ក្នុងដំណាក់កាលបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញ ពីបញ្ជីបោះឆ្នោត ឆ្នាំ២០២១ នៃ ក្រុមប្រឹក្សាឃុំ-សង្កាត់ (កបឃស) ទូទាំងប្រទេស ចំនួន ២៦ បណ្តឹងនេះ សុទ្ធសឹងតែជាពាក្យបណ្ដឹងតវ៉ា នៅតាមឃុំសង្កាត់ក្នុងរាជធានីនិងខេត្តមួយចំនួន ប៉ុន្តែសំរាប់ការិយាល័យគ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញវិញ គឺនៅពុំទាន់ទទួលបានពាក្យបណ្ដឹងណាមួយឡើយ។
សេចក្តីប្រកាសព័ត៌មានដដែលបន្តថា ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងក្នុងដំណាក់កាល នៃការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតឆ្នាំ២០២១ មាន៣ដំណាក់កាល រួមមាន៖
ដំណាក់កាលទី១ ការដាក់ ការទទួលពាក្យបណ្តឹងនៅ កបឃ.ស មានរយៈពេល ១០ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងការដោះស្រាយពាក្យបណ្តឹងមានរយៈពេល ៣ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបានទទួលពាក្យបណ្ដឹង។
ទី២ ការដាក់ ការទទួលពាក្យបណ្តឹងនៅ គ.ជ.ប មានរយៈពេល ៥ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបានទទួលសម្រង់សេចក្ដីសម្រេច (ទ.១២០៣) របស់ កបឃ.ស និងការដោះស្រាយពាក្យបណ្តឹងរយៈពេល ៥ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបានទទួលពាក្យបណ្ដឹង។
ចំណែកទី៣វិញ គឺការដាក់ ការទទួលពាក្យបណ្តឹងនៅក្រុមប្រឹក្សាធម្មនុញ្ញ មានរយៈពេល ៥ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបានទទួលសម្រង់សេចក្ដីសម្រេច (ទ.១២០៣) របស់ គ.ជ.ប និងការដោះស្រាយពាក្យបណ្តឹង រយៈពេល ១០ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបានទទួលពាក្យបណ្ដឹង។
ពាក់ព័ន្ធនឹងការរៀបចំបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលគ្រោងធ្វើធ្វើឡើងនៅថ្ងៃអាទិត្យ សប្ដាហ៍ទី១ នៃខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ គណបក្សនយោបាយមួយចំនួន ស្នើឲ្យកែសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលមកពីគណបក្សកាន់អំណាចតែមួយ ដែលមិនអាចធ្វើឲ្យដំណើរការបោះឆ្នោត ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ បាននោះឡើយ។
ពួកគាត់ព្រមានថា បើ គ.ជ.ប. នៅតែមិនកែទម្រង់សមាសភាពនេះ ឲ្យបាននៅមុនការបោះឆ្នោតខាងមុខនោះទេ ពួកគាត់នឹងធ្វើពហិការ ដោយមិនចូលរួមការបោះឆ្នោតនោះតែម្តង។
កន្លងមកមានគណបក្សនយោបាយ ៣ ប៉ុណ្ណោះ ដែលធ្លាប់មានលទ្ធភាពដាក់បេក្ខភាពឈរឈ្មោះគ្រប់ឃុំសង្កាត់ទូទាំងប្រទេស គឺគណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូល រំលាយចោលតាមការចង់បានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពីគណបក្សប្រឆាំងដ៏មានឥទ្ធិពលមួយនេះ បានដណ្តើមអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់ជាង ៥ ពាន់អាសនៈ កាលពីឆ្នាំ២០១៧។
ចំណែក ប្រធានគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា វិញធ្លាប់បញ្ជាក់ថា ប្រសិនបើបរិយាកាសដំណើរការបោះឆ្នោតមានភាពល្អប្រសើរ គ្មានការគំរាមកំហែង និងការគាបសង្កត់ គណបក្សប្រឆាំងមួយនេះ មានគម្រោងដាក់បេក្ខភាពឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឆ្នាំ២០២២ នៅគ្រប់ឃុំសង្កាត់ទូទាំងប្រទេស ដែលនឹងត្រូវបញ្ជូនឈ្មោះបេក្ខជនឈរឈ្មោះនៅតាមឃុំសង្កាត់ ឲ្យទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅត្រឹមខែមីនាខាងមុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។