គ.ជ.ប​ទទួល​បណ្ដឹង​តវ៉ា​ចំនួន​១០​លើ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី​ខេត្ត​ស្រុក​ក្រុង

0:00 / 0:00

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ..ប ទទួល​បាន​បណ្ដឹង​ចំនួន១០ ក្នុង​រយៈពេល ៤​ថ្ងៃ​ដំបូង នៃ​ការ​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង​ស្រុក​ខណ្ឌ អាណត្តិ​ទី​៣។ អង្គការ​ឃ្លាំមើល​សិទ្ធិ​បោះឆ្នោត​សង្កេត​ឃើញ​ថា ពលរដ្ឋ និង​សកម្មជន​របស់​គណបក្ស ហាក់​មិន​ចាប់អារម្មណ៍​នឹង​ដំណើរ​ការ​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​នេះ​ទេ។

អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក ហង្ស ពុទ្ធា ប្រាប់​ថា បណ្ដឹង​ទាំង​១០​នោះ គឺជា​បណ្ដឹង​សុំ​កែតម្រូវ​អក្ខរាវិរុទ្ធ​ឈ្មោះ របស់​អង្គ​បោះឆ្នោត ដែល​ជា​សមាជិក​ក្រុម​ប្រឹក្សាឃុំ​សង្កាត់។ លោក​បន្ត​ថា តាមច្បាប់ គឺ​អង្គ​បោះឆ្នោត ត្រូវ​ចូលរួម​ក្នុង​ដំណើរ​ការ​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត ដោយឡែក​ការចូលរួម​របស់​ពលរដ្ឋ​វិញ គឺ សមាជិក​ក្រុមប្រឹក្សា​ទាំងនោះ ជា​តំណាង​រួច​ហើយ៖ « ពលរដ្ឋ​លោក​បាន​សម្លឹង​ឃើញ​នូវ​តួនាទី​របស់​គាត់​ដែរ នៅ​ពេល​ដែល​គាត់​បាន​បោះឆ្នោត តាម​បែប​សកល​ជ្រើសរើស​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ហើយ ហើយ​តំណាង​របស់​គាត់​នេះ បាន​ទៅ​ធ្វើ​ការបោះឆ្នោត​តាម​បែប​អសកល​។ អ៊ីចឹង ក៏​ជា​តំណាង​ឱ្យ​ភ្នែក តំណាង​ឱ្យ​ច្រមុះ​របស់​គាត់ »

សេចក្ដីប្រកាស​ព័ត៌មាន​របស់​គ..ប ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៧ មេសា បង្ហាញ​ថា ចាប់ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៥ មេសា គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​រាជធានី​ខេត្ត (​...) ពុំ​ទទួល​បាន​បណ្ដឹង​ជំទាស់​ឡើយ តែ​ទទួល​បាន​បណ្ដឹង​តវ៉ា​១០ ហើយ​បាន​ដោះស្រាយ បាន​ចំនួន​៣ និង​កំពុង​ដោះស្រាយ​៧​បណ្ដឹង​ទៀត។

បណ្ដឹង​ទាំងនោះ ធ្វើឡើង​ដោយ​សមាជិក​ក្រុម​ប្រឹក្សាឃុំ​សង្កាត់ នៅ​ខេត្ត​បាត់ដំបង ចំនួន​១ ខេត្ត​កំពង់ស្ពឺ ២​បណ្ដឹង ខេត្ត​កំពង់ធំ ៦​បណ្ដឹង និង​នៅ​ខេត្ត​តាកែវ ១​បណ្ដឹង។ ការបោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង​ស្រុក​ខណ្ឌ អាណត្តិ​ទី​៣ នឹង​ប្រព្រឹត្តិ​ទៅ នៅ​ថ្ងៃអាទិត្យ ទី​២៦ ឧសភា ហើយ​មាន​គណបក្ស​នយោបាយ​ចំនួន​៧ ចូលរួម គឺ​គណបក្ស ប្រជាជន​កម្ពុជា ឈរ​ឈ្មោះ ២៥​មណ្ឌល​ទូទាំង​ប្រទេស គណបក្ស​ហ៊្វុនស៊ិនប៉ិច ឈរ​ឈ្មោះ ៧​មណ្ឌល គណបក្ស​ខ្មែរ​រួបរួម​ជាតិ ឈរ ៦​មណ្ឌល គណបក្ស​ខ្មែរ​សាធារណរដ្ឋ ឈរ ២​មណ្ឌល គណបក្ស​យុវជន​កម្ពុជា ឈរ ៨​មណ្ឌល គណបក្ស​ឆន្ទៈ​ខ្មែរ ឈរ ៤​មណ្ឌល និង​គណបក្ស​សញ្ជាតិ​កម្ពុជា ឈរ ៨​មណ្ឌល​។

នាយក​ប្រតិបត្តិ​អង្គការ​និចហ្វិច លោក សម គន្ធាមី សង្កេត​ឃើញ​ថា ទោះ​មានការ​ចូលរួម​ពី​សមាជិក​ក្រុម​ប្រឹក្សាឃុំ​សង្កាត់ ជា​អង្គ​បោះឆ្នោត តែ​ពលរដ្ឋ និង​សកម្មជន​គណបក្ស​នយោបាយ មិន​បាន​ចូលរួម ដូច​ការបោះឆ្នោត​ក្រុមប្រឹក្សា​អាណត្តិ​មុនៗ ដែល​មាន​វត្តមាន​គណ​បក្ស​ប្រឆាំង​ទេ។

លោក សម គន្ធាមី ថា ពលរដ្ឋ​មិន​ចាប់អារម្មណ៍​ដោយសារ នរណា​ក៏​សុទ្ធតែ​ដឹង​លទ្ធផល​បោះឆ្នោត​មុន​រួចជាស្រេច​ហើយ គឺ អាសនៈ​ក្រុមប្រឹក្សា​ទាំងអស់ នឹង​ធ្លាក់​លើ​គណបក្ស​កាន់អំណាច​តែមួយគត់៖ « ក្រុមប្រឹក្សា​នីមួយៗ គេ​បាន​ណែនាំ​ដើម្បី​ឱ្យ​គាត់​ទៅ​មើល​ឈ្មោះ ក្នុង​បញ្ជី បើ​សិន​ជា​មាន​ខុស​ឈ្មោះ ខុស​អ្វី​ហ្នឹង បាត់ឈ្មោះ​អ្វី​ហ្នឹង អាច​ប្ដឹងតវ៉ា ឬ​បណ្ដឹង​កែតម្រូវ​អ្វី​អ៊ីចឹង​។ បើ​មាន​គណបក្ស​សង្គ្រោះជាតិ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹងហើយ ដែល​សកម្ម ក្នុង​ការ​ខ្នះខ្នែង ការពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត ខ្លាច​បាត់ឈ្មោះ ខ្លាច​ខុស​ឈ្មោះ ខុស​អ្វី មិន​បាន​បោះឆ្នោត។ សកម្មជន​ហ្នឹងហើយ ក៏​ជួយ​សហការ​ឃ្លាំមើល លើ​ដំណាក់កាល​នីមួយៗ នៃ​ការបោះឆ្នោត​អសកល​ហ្នឹង​ដែរ បាទ »

គណបក្ស​សង្គ្រោះ​ជាតិ កាលពីដើម​ខែ​មេសា​ចាត់​ទុក​ការបោះឆ្នោត​ខាងមុខនេះ​ថា ជា​ការ​បោះឆ្នោត​បង្គ្រប់​កិច្ច និង​ធ្វើឡើង​ដើម្បី​បំភ័ន្ត​សាធារណមតិ​ជាតិ និង​អន្តរជាតិ ក្រោម​ការដឹកនាំ​របស់​របប​ក្រុងភ្នំពេញ ដូច​លើក​មុនៗ​ដែរ​។ គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស ថ្កោលទោស និង​មិន​ទទួលស្គាល់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង​ស្រុក​ខណ្ឌ អាណត្តិ​ទី​៣​ខាងមុខ​ទេ ដោយសារ​ជា​ព្រឹត្តិការណ៍​បោះឆ្នោត​ក្លែងក្លាយ និង​ក្បត់​ឆន្ទៈ​ពលរដ្ឋ​ម្ចាស់​ឆ្នោត ព្រោះ​សមាជិក​ក្រុម​ប្រឹក្សាឃុំ​សង្កាត់ ក្នុង​តំណែង​ជាង​៥​ពាន់​នាក់ ដែល​ស្មើនឹង​៤០%​នៃ​អង្គ​បោះឆ្នោត​ខាងមុខ មិនមែន​ជា​អង្គ​បោះឆ្នោត ដែល​កើត​ចេញ​ពី​ការបោះឆ្នោត​ដោយ​ពលរដ្ឋ​ខ្មែរ កាលពី​ឆ្នាំ​២០១៧​ទេ តែ​ជា​អង្គ​បោះឆ្នោត​លើក​បន្តុប​ដោយ​របប​ក្រុងភ្នំពេញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។