ទោះជាយ៉ាងណាកញ្ចប់សុវត្ថិភាព "ខ" ដែលស្រោបពីក្រៅកញ្ចប់សុវត្ថិភាព "ក" ទាំង ៨កញ្ចប់នោះ មិនមានចាក់សោសុវត្ថិភាពឡើយ ដោយគ្រាន់តែក្របួចមាត់ថង់ចងខ្សែធម្មតា។
ការបើកកញ្ចប់សុវត្ថិភាព "ក" ទាំង ៨កញ្ចប់ នៅខេត្តកណ្តាលរកឃើញថា កញ្ចប់សុវត្ថិភាពចំនួន ៧ មានសភាពធម្មតា ប៉ុន្តែសកម្មភាពបើកកញ្ចប់នោះមានភាពមិនប្រក្រតីមួយចំនួន ដូចជាកញ្ចប់សុវត្ថិភាព "ក" ១ក្នុងចំណោម ៨ បានបាត់ កំណត់ហេតុនៃការរាប់សន្លឹកឆ្នោត ឬទម្រង់ ១១០២ កញ្ចប់សុវត្ថិភាព "ខ" ត្រូវបានចំហទាំងអស់ និងមិនមានកំណត់ហេតុនៃការបិទកញ្ចប់សុវត្ថិភាព "ខ" និងកញ្ចប់សុវត្ថិភាព "គ" ឡើយ។ ទោះយ៉ាងក្តី ចំនួនសន្លឹកឆ្នោតគ្រប់គណបក្សនៅមណ្ឌលបោះឆ្នោតទាំង ៨ គ្មានការប្រែប្រួលទេ។
កញ្ចប់សុវត្ថិភាព "ក" ជាកញ្ចប់ដែលដាក់ឯកសារដើមជាច្រើនមកពីការិយាល័យបោះឆ្នោត ដូចជាទម្រង់ ១១០១ ជាកំណត់ហេតុនៃការបោះឆ្នោត ទម្រង់ ១១០២ ជាកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត ទម្រង់ ១១០៤ ជាក្រដាសលទ្ធផលបឋមនៃការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត និងទម្រង់ ១១០៨ ជាតារាងរាប់សន្លឹកឆ្នោត និងឯកសារមួយចំនួនទៀត។
សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ លោក អ៊ុត ឈន មានប្រសាសន៍ក្រោយការបើកកញ្ចប់ "ក" ថា ក្រុមប្រឹក្សាធម្មនុញ្ញនឹងបើកសវនាការលើបណ្តឹងរបស់គណបក្សសង្គ្រោះជាតិ នៅខេត្តកណ្តាល នៅប៉ុន្មានថ្ងៃខាងមុខ។ ប៉ុន្តែលោកបញ្ជាក់ថា លទ្ធផលបោះឆ្នោតនឹងអាចប្រកាសបាននៅថ្ងៃទី៨ ខែកញ្ញា តាមការគ្រោងទុក បើទោះបីជាសវនាការមិនទាន់បានដំណើរការក៏ដោយចុះ។
ក្នុងពេលបើកកញ្ចប់ "ក" នៅខេត្តកណ្តាល នោះ មន្ត្រីគណបក្សសង្គ្រោះជាតិ បានស្នើសមាជិកក្រុមប្រឹក្សាធម្មនុញ្ញភ្លាមៗ ឲ្យបង្ហាញកំណត់ហេតុបិទសោឃ្លុំ មូលហេតុចំហមាត់កញ្ចប់សុវត្ថិភាព "ខ" និងទារឲ្យបិទបញ្ចប់ការផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោតនៅការរិយាល័យមួយដែលមិនមានទម្រង់ ១១០២ ឬកំណត់ហេតុការរាប់សន្លឹកឆ្នោត។ ប៉ុន្តែសំណើទាំងអស់បានតែត្រឹមសរសេរក្នុងកំណត់ហេតុប៉ុណ្ណោះ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក គួយ ប៊ុនរឿន មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិយល់ថា ការបើកកញ្ចប់សុវត្ថិភាព "ក" ទាំង ៨ នៅខេត្តកណ្តាល គ្រាន់តែជាការបង្គ្រប់កិច្ច និងខុសពីគោលបំណងរបស់បក្សសង្គ្រោះជាតិ។ លោកបន្តថា គណបក្សសង្គ្រោះជាតិ បានស្នើសុំបើកកញ្ចប់ "ក" នៅការិយាល័យមួយចំនួននៅខេត្តកណ្តាល ប៉ុន្តែក្រុមប្រឹក្សាធម្មនុញ្ញបែរជាសម្រេចឲ្យបើកកញ្ចប់ "ក" ខុសពីទីតាំងដែលគណបក្សសង្គ្រោះជាតិ ស្នើសុំទៅវិញ។
ចំណែកឯតំណាងគណបក្សប្រជាជនកម្ពុជា លោក ព្រុំ សុខា អះអាងថា ក្រុមប្រឹក្សាធម្មនុញ្ញជាស្ថាប័នមានសមត្ថភាពកំពូលតែមួយគត់ក្នុងការសម្រេចចិត្តពេលនេះ ហើយការបើកសវនាការរបស់ក្រុមប្រឹក្សាធម្មនុញ្ញនៅពេលខាងមុខ និងសម្រេចចិត្តយ៉ាងណានោះ គណបក្សប្រជាជនកម្ពុជា នឹងគោរពតាមដោយមិនមានការអល់អែក។
មន្ត្រី គ.ជ.ប ក៏បានបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតធ្វើតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ និងតាមនីតិវិធីច្បាប់ ហើយមូលហេតុដែលមិនបានបង្ហាញកំណត់ហេតុនៃការបិទសោសុវត្ថិភាពកញ្ចប់ "ខ" នោះ ដោយសារតែក្រុមប្រឹក្សាធម្មនុញ្ញមិនបានបញ្ជា។
ទោះជាបែបណាក្តី មន្ត្រីសម្របសម្រួលគម្រោងបោះឆ្នោតរបស់អង្គការនិកហ្វិច លោក សំ គន្ធាមី មានប្រសាសន៍ថា ក្រុមប្រឹក្សាធម្មនុញ្ញគួរណាស់តែសម្រេចបញ្ជាឲ្យ គ.ជ.ប យកកំណត់ហេតុនៃការវេចខ្ចប់កញ្ចប់សុវត្ថិភាព "ខ" មកបង្ហាញឲ្យសាធារណជនបានដឹង។លោកបន្តថា ទោះបីជាចំនួនសន្លឹកឆ្នោតទាំង ៨ ការិយាល័យ មិនមានការប្រែប្រួលក្តី ក៏គេអាចសន្និដ្ឋានបានថា មន្ត្រីរៀបចំការបោះឆ្នោតបំពេញការងារដោយអសមត្ថភាព និងខ្វះការទទួលខុសត្រូវ ព្រមទាំងមានភាពមិនប្រក្រតីជាច្រើន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។