អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក ហង្ស ពុទ្ធា ប្រាប់អាស៊ីសេរីនៅមុនម៉ោងផ្សាយបន្តិចថា លទ្ធផលបណ្ដោះអាសន្នមានគណបក្សចំនួន៧ ចុះឈ្មោះចូលរួមប្រកួតប្រជែងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សម្រាប់អាណត្តិទី៣ ដែលនឹងប្រព្រឹត្តិនៅខែឧសភាខាងមុខ៖ « កំពុងតែស្រង់ព័ត៌មានពីខេត្តមកណា។ តែតាមមើលទៅប្រហែល ៧គណបក្សដដែលណាបាទ!»។
សេចក្ដីប្រកាសព័ត៌មានបណ្ដោះអាសន្នរបស់ គ.ជ.ប ផ្សាយថា រយៈពេល ៤ថ្ងៃនៃយុទ្ធនាការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ មីនា មានគណបក្សចំនួន៧ ចុះឈ្មោះឈរឈ្មោះក្រុមប្រឹក្សារាជធានីខេត្ត គឺគណបក្ស ប្រជាជនកម្ពុជា ឈរឈ្មោះ ២៥មណ្ឌល គណបក្ស ហ៊្វុនស៊ិនប៉ិច ឈរឈ្មោះ ៧មណ្ឌល គណបក្ស ខ្មែររួបរួមជាតិ ឈរ ៦មណ្ឌល គណបក្ស ខ្មែរសាធារណៈរដ្ឋ ឈរ ២មណ្ឌល គណបក្ស យុវជនកម្ពុជា ឈរ ៨មណ្ឌល គណបក្ស ឆន្ទៈខ្មែរ ឈរ ៤មណ្ឌល និងគណបក្ស សញ្ជាតិកម្ពុជា ឈរ ៨មណ្ឌល។
ឯក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ មានគណបក្សឈរឈ្មោះចំនួន ៥គណបក្ស។ ក្នុងនោះមាន គណបក្ស ប្រជាជនកម្ពុជា ឈរចំនួន ២០៣ក្រុងស្រុកខណ្ឌ គណបក្ស ហ៊្វុនស៊ិនប៉ិច ៤៧ក្រុងស្រុកខណ្ឌ គណបក្ស ខ្មែររួបរួមជាតិ ៣២ក្រុងស្រុកខណ្ឌ គណបក្ស យុវជនកម្ពុជា ២០ក្រុងស្រុកខណ្ឌ និងគណបក្ស សញ្ជាតិកម្ពុជា ឈរ ៥២ក្រុងស្រុកខណ្ឌ។
គ.ជ.ប ប្រើប្រាស់រយៈពេល ៥ថ្ងៃ ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ មីនា ដើម្បីចុះបញ្ជីឈ្មោះគណបក្សនយោបាយ។ អ្នកនាំពាក្យស្ថាប័ននេះឱ្យដឹងថា ក្រោយមន្ត្រីស្រង់ទិន្នន័យទូទាំងប្រទេសរួចលទ្ធផលផ្លូវការនៃបញ្ជីគណបក្សនយោបាយចុះឈ្មោះចូលរួមបោះឆ្នោតក្រុមប្រឹក្សា អាចនឹងបង្ហាញនៅ ថ្ងៃទី១២ មីនា។
ការបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្តក្រុងស្រុកខណ្ឌ គឺជាការបោះឆ្នោតអសកល ហើយអង្គបោះឆ្នោត គឺសមាជិកក្រុងប្រឹក្សាឃុំសង្កាត់។ សង្គមស៊ីវិលឃ្លាំមើលការបោះឆ្នោតព្យាករណ៍ថា គណបក្សកាន់អំណាចនឹងទទួលបានអាសនៈក្រុមប្រឹក្សាទាំងអស់។ ឯអ្នកវិភាគថា នេះជាការបោះឆ្នោតលម្អលទ្ធិប្រជាធិបតេយ្យក្លែងក្លាយ ខណៈកម្ពុជាកំពុងស្ថិតក្នុងស្ថានភាពរបបដឹកនាំដោយបក្សតែមួយ គឺគណបក្ស ប្រជាជនកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
