គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងចាក់ផ្សាយកម្មវិធីស្មើភាព ស្ដីពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់គណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះ តាមទូរទស្សន៍ និងវិទ្យុជាតិកម្ពុជា ចាប់ពីថ្ងៃទី២១ ខែឧសភា រហូតថ្ងៃទី៣ ខែមិថុនា។
បើតាម គ.ជ.ប កាលវិភាគនៃការចាក់ផ្សាយគោលនយោបាយ និងកម្មវិធីនយោបាយរបស់គណបក្សនយោបាយនេះ មានរយៈពេល ២ម៉ោង ពោលគឺពីម៉ោង ៨ព្រឹក ដល់ម៉ោង ១០ព្រឹក និងម៉ោង ៣កន្លះរសៀល ដល់ម៉ោង ៥កន្លះរសៀល តាមទូរទស្សន៍ជាតិកម្ពុជា។ ក្រៅពីនោះ ក៏មានការផ្សាយតាមវិទ្យុជាតិ AM 918 kHz ពីម៉ោង ៦ព្រឹក ដល់ម៉ោង ៨ព្រឹក និងពីម៉ោង ៥រសៀល ដល់ម៉ោង៧យប់។ សម្រាប់បង់ FM វិញ កម្មវិធីរបស់ គ.ជ.ប មានផ្សាយតាមវិទ្យុ FM 96 MHz ពីម៉ោង ៨ព្រឹក ដល់ម៉ោង ១០ព្រឹក, ពេលយប់ពីម៉ោង ៨កន្លះ ដល់ម៉ោង ១០កន្លះ និងតាមវិទ្យុវត្តភ្នំ FM 105.70 MHz ពេលព្រឹកពីម៉ោង ៦ ដល់ម៉ោង ៨ និងពីម៉ោង ៥ល្ងាច ដល់ម៉ោង ៧យប់។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី០៥ ខែមិថុនា។ ការបោះឆ្នោតនេះ មានការចូលរួមពីគណបក្សនយោបាយសរុប ១៧គណបក្ស ក៏ប៉ុន្តែ ពុំមានវត្តមានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលទម្លាយចោលកាលពីចុងឆ្នាំ២០១៧នោះទេ។ គ.ជ.ប រងការរិះគន់ថា ខ្វះឯករាជ្យ ពុំអព្យាក្រឹត្យ និងជាឧបករណ៍ចាំប្រថាប់ត្រាផ្តល់ភាពស្របច្បាប់ឱ្យគណបក្សកាន់អំណាច ដោយសារតែសមាជិកជាន់ខ្ពស់ រហូតដល់សមាជិកថ្នាក់កណ្តាលរបស់ស្ថាប័ននេះ ភាគច្រើនសុទ្ធសឹងតែជាមន្ត្រីតែងតាំងដោយបក្សកាន់អំណាច ខណៈពុំមានតំណាងមកពីគណបក្សនយោបាយដទៃទៀត ឬអង្គការសង្គមស៊ីវិលឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។