គ.ជ.ប​ ​ប្រកាស​លទ្ធផល​បោះឆ្នោត​​ផ្លូវ​ការ​​នៅ​​ថ្ងៃ​​ទី​​១៥ សីហា

អាស៊ីសេរី
2018-08-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​ ស៊ិក ប៊ុនហុក ប្រធាន​គណៈកម្មាធិការ​ជាតិរៀប​ចំការ​បោះឆ្នោត
លោក​ ស៊ិក ប៊ុនហុក ប្រធាន​គណៈកម្មាធិការ​ជាតិរៀប​ចំការ​បោះឆ្នោត
រូប​ពី គ.ជ.ប

ដូច​ការ​គ្រោងទុក គ​.​ជ​.​ប ​ប្រកាស​លទ្ធផល​បោះឆ្នោត​ផ្លូវការ​នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា​។ ស្ថាប័ន​បោះឆ្នោត​មួយ​នេះ​អះអាង​ថា មកដល់​ល្ងាច​ថ្ងៃ​ទី​១៤ សីហា គ្មាន​គណបក្ស​នយោបាយ​ណាមួយ​ដាក់​ប្តឹង​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត​បណ្ដោះអាសន្ន​​មក​គ​.​ជ​.​ប នោះ​​ទេ។

សេចក្ដីប្រកាស​ព័ត៌មាន​របស់ ​គ..ប ​ឲ្យ​ដឹង​ថា ការប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​នៃ​អាណត្តិ​ទី​៦ ​នេះ គឺ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ឃោសនា​របស់​រដ្ឋ​រួមមាន​ វិទ្យុ និង​ទូរទស្សន៍​ជាតិ និង​ទាំង​វិទ្យុ និង​ទូរទស្សន៍ អនឡាញ (Online) របស់​ គ..ប។ ការប្រកាស​លទ្ធផល​នេះ គឺជា​ការប្រកាស​ឈ្មោះ​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ និង​ការកំណត់​នៃ​ការបែងចែក​អាសនៈ​សម្រាប់​គណបក្ស​ឈរ​ឈ្មោះ​បោះឆ្នោត​នៅ​តាម​មណ្ឌល​នីមួយៗ។

ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោ ស៊ិក ប៊ុនហុក បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​នៅ​ថ្ងៃ​ទី​១៤ ខែ​សីហា​ថា បន្ទាប់ពី​ការប្រកាស​លទ្ធផល​ឆ្នោត​បណ្តោះអាសន្ន​កាលពី​ថ្ងៃ​ទី​១១ ខែ​សីហា រហូតដល់​ថ្ងៃ​ទី​១៤ ខែ​សីហា មានតែ​ពាក្យ​បណ្ដឹង​ចំនួន​១​ប៉ុណ្ណោះ​ដែល​បាន​ប្តឹង​មក គ​.​ជ​.​ប ប៉ុន្តែ​ម្ចាស់​បណ្ដឹង​បាន​ដក​ពាក្យ​បណ្ដឹង​វិញ​ហើយ។

ចំណែក​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ នៅ​ថ្ងៃ​ដដែល​នេះ​ដែរ ក៏បាន​ផ្ញើ​លិខិត​មួយ​ច្បាប់ ជូន​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ដោយ​បញ្ជាក់​ថា ក្នុង​រយៈពេល​ ៧២​ម៉ោង​ក្រោយ​ការប្រកាស​លទ្ធផល​បោះឆ្នោត​បណ្ដោះអាសន្ន​កាលពី​ថ្ងៃ​ទី​១១ ខែ​សីហា ក្រុមប្រឹក្សាធម្មនុញ្ញ​មិនបាន​ទទួល​ពាក្យបណ្តឹង​តវ៉ា​ដោយផ្ទាល់​ជា​លាយលក្ខណ៍អក្សរ​របស់​គណបក្ស​នយោបាយ​ដែល​ឈរ​ឈ្មោះ​បោះឆ្នោត​នោះ​ទេ​។ ដូច្នេះ គ​.​ជ​.​ប អាច​ចាត់ចែង​អនុវត្ត​ភារកិច្ច​របស់​ខ្លួន​បន្ត​ដូចដែល​បាន​កំណត់​ក្នុង​ច្បាប់។

អាស៊ីសេរី​បាន​ព្យាយាម​ទូរ​សព្ទ​ទៅ​សុំ​ការ​បំភ្លឺ​ពី​ប្រធាន និង​អ្នកនាំពាក្យ​គណបក្ស​មួយ​ចំនួន ​ដែល​ទទួល​បាន​សំឡេង​ខ្លះៗ​ ដែល​មិន​ពេញ​នឹង​លទ្ធផល​បោះឆ្នោត​នេះ មាន​ដូចជា​គណបក្ស ​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស ​សម្ព័ន្ធ​​ដើម្បី​​ប្រជាធិបតេយ្យ ជា​ដើម​​នោះ ប៉ុន្តែ​គ្មាន​អ្នកទទួល​ទូរស័ព្ទ​ទេ។ ក្រោយ​ព្រឹត្តិការណ៍​ថ្ងៃ​ទី​២៩ ខែ​កក្កដា ដែល​រក​ការ​រិះគន់​ថា ជា​ការ​បោះឆ្នោត​ក្លែងក្លាយ មាន​គណបក្ស​នយោបាយ​ចំនួន​បង្ហាញ​ការ​មិន​ពេញ​ទៅ​នឹង​លទ្ធផល​បោះឆ្នោត រហូតដល់​មាន​គណបក្ស​ខ្លះ​ព្រមាន​ធ្វើបាតុកម្ម​ទាមទារ​ឲ្យ​មានការ​បោះឆ្នោត​ឡើងវិញ។ ប៉ុន្តែ គណបក្ស​ទាំងនោះ​មិនបាន​ដាក់ពាក្យ​ប្តឹង​ទាស់​ទៅ​នឹង​លទ្ធផល​បោះឆ្នោត​នេះ​មក គ​.​ជ​.​ប ទេ។

ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់ កាលពី​ថ្ងៃ​ទី​១៣ សីហា ដំបូង​ឡើង​ប្រកាស​ថា លោក​ដាក់ពាក្យ​លទ្ធផល​បោះឆ្នោត​បណ្ដោះអាសន្ន​ទៅ គ​.​ជ​.​ប ប៉ុន្តែ​នៅ​ថ្ងៃ​ដដែល​បានសម្រេច​ដក​ពាក្យ​បណ្តឹង​របស់​ខ្លួន​វិញ។ ជាងនេះ​ទៅ​ទៀត ប្រធាន​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ដែល​ប្រកាស​ធ្វើបាតុកម្ម​ប្រឆាំង​លទ្ធផល​ឆ្នោត បាន​នៅ​ថ្ងៃ​ទី​១៤ សីហា ថា​លោក​លុបចោល​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​លទ្ធផល​បោះឆ្នោត​វិញ​ហើយ។

ចំណែក​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​លោក យ៉េង វីរៈ ឲ្យ​ដឹង​អាស៊ីសេរី​ដឹង​យ៉ាង​ខ្លី​ថា គណបក្ស​របស់​លោក​មិន​ដាក់ពាក្យ​ប្តឹង​ទៅ គ​.​ជ​.​ប ដោយ​ផ្អែក​តាម​គោលជំហរ​នៃ​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​៣១ ខែកក្កដា ដែល​​បាន​លើកឡើង​ថា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​មិន​អាច​បញ្ជាក់​បាន​ថា តើ​លទ្ធផល​ឆ្នោត​នេះ​ត្រឹមត្រូវ ឬ​មិន​ត្រឹមត្រូវ​នោះ​ទេ។

អ្នកវិភាគ​នយោបាយ​វ័យក្មេង លោក ហង្ស វិទូ យល់ថា ចំពោះ​គណបក្ស​នយោបាយ​ដែល​មិន​ពេញ​ចិត្តនឹង​លទ្ធផល​បោះឆ្នោត ប៉ុន្តែ​មិនបាន​ដាក់ពាក្យ​បណ្ដឹង​មាន​ទាំង​ចំណុច​វិជ្ជមាន និង​អវិជ្ជមាន។ ប៉ុន្តែ​លោក​ថា មកដល់ពេលនេះ​ហើយ​គឺ​គ្មាន​ជម្រើស​អ្វី​ក្រៅពី​គណបក្ស​ទាំងនោះ​យល់ព្រម​ទទួលយក​លទ្ធផល​នោះ​ទាំង​បង្ខំ​នោះ​ទេ។ «»

ក្រោយ​ព្រឹត្តិការណ៍​បោះឆ្នោត​ដ៏​ចម្រូងចម្រាស​ព្រោះ​របប​ក្រុងភ្នំពេញ​បាន​បំផ្លាញ​គណបក្ស​សង្គ្រោះជាតិ​មុន​ការបោះឆ្នោត​ចូល​មក​ដល់ កាលពី​ថ្ងៃ​ទី​២៩ កក្កដា​កន្លងទៅ មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន បាន​ចូល​គាល់​ព្រះមហាក្សត្រ​នៅ​ព្រះបរមរាជវាំង ទូល​ថ្វាយ​ព្រះមហាក្សត្រ​យាង​ព្រះអង្គ​អោយ​ទៅ​ប្រថាប់ត្រា​ដើម្បី​បង្កើត​របប​ថ្មី​របស់​លោក។

លោក ហ៊ុន សែន ទាមទារ​កោះ​ប្រជុំ​សភា​អោយ​បាន​ឆាប់ គឺ​យក​ថ្ងៃ​ទី​៥ ខែ​កញ្ញា ខាងមុខ​តែម្ដង ដោយ​យក​លេស​ថា ប្រញាប់​បំពេញបេសកកម្ម​នៅ​ក្រៅ​ប្រទេស។ លោក ហ៊ុន សែន អះអាង​ថា ព្រះមហាក្សត្រ​បាន​យល់ព្រម​តាម​សំណើ​របស់​លោក។ លោក ហ៊ុន សែន និយាយ​ថា ការ​បង្កើត​រដ្ឋសភា និង​រដ្ឋាភិបាល​អោយ​បាន​លឿន​ជាង​ពេលមុន​នេះ​នេះ ព្រោះ​លោក​នឹង​ត្រូវ​ចូលរួម​កិច្ចប្រជុំ​នៅ​សហគមន៍​អឺរ៉ុប និង​អង្គការសហប្រជាជាតិ​នៅ​ចុងខែ​កញ្ញា​នេះ។ «»

ចំណែក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បញ្ជា​ទៅ​គណៈ​បញ្ជាការ​សន្តិសុខ​អចិន្ត្រយ៍ និង​ខេត្ត​រាជធានី ឲ្យ​ត្រៀម​កម្លាំង​ការពារ​សន្តិសុខ នៅ​ថ្ងៃ​ប្រកាស​លទ្ធផល​បណ្ដោះអាសន្ន និង​ថ្ងៃ​ប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត។ លោក​លើក​ឡើង​​ទៀត​​ថា ហេតុ​ដូចនេះ​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ត្រូវ​យកចិត្តទុកដាក់ ចាត់ចែង​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ ឲ្យ​បាន​ល្អ​ប្រសើរ​ក្នុង​ព្រឹត្តិការណ៍​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

តេីមានបក្សណាមួយហ៊ានប្តឹងលោក គ.ជ.ប នោះ ព្រោះសូម្បីតែក្អកក៏គ្នាមិនហ៊ានផង ព្រោះខ្លាចលោកបណ្ឌិត អន្លង់វែង យកទៅឲ្យកាប់ឫស្សី ឬដកសំណាបឯទីឆ្ងាយៗដូចដែលធ្លាប់ធ្វេីពីមុនៗមកអញ្ចឹង ។ ខ្ញុំធ្លាប់តែអានសៀវភៅរឿង «ដំណេីរឆ្ពោះទៅទិសខាងលិច» ដល់ពេលឥឡូវ គឺត្រូវតែអានរឿងមួយទៀតហេីយ គឺរឿង «ដំណេីរឆ្ពោះទៅរកកុម្មុយនិស្ត» របស់អ្នកនិពន្ធខ្វាងម៉ាខាក់ បណ្ឌិត អន្លង់វែង ហេីយពិជាពិរោះ ស្រក់ទឹកភ្នែកមិនចេញ ព្រោះអាណិតស្រុក ....

Aug 15, 2018 02:47 PM

អ្នក​អាន​អនាមិក

this guy is stupid the whole world said the election was not fair and served the Khmer people want. Understand the real court system a judge need to listen from both side, not from only one side of the case and a judge must be neutral.

Aug 15, 2018 01:54 AM

គេហទំព័រ​ទាំងមូល