គ.ជ.ប សម្រេច​តម្កល់​សំណុំរឿង​គូស​ខ្វែង​សន្លឹក​ឆ្នោត​របស់​មន្ត្រី​បក្ស​ភ្លើង​ទៀន ៥នាក់​នៅ​ដដែល

0:00 / 0:00

គណៈកម្មាធិការ ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត នៅ​ព្រឹក​ថ្ងៃ​ទី២៧ កក្កដា សម្រេច​តម្កល់​សំណុំរឿង​គូស​ខ្វែង​សន្លឹក​ឆ្នោត​របស់​មន្ត្រី​គណបក្ស​ប្រឆាំង ៣នាក់ និង​អ្នក​គាំទ្រ ២នាក់ ទុក​ជា​បាន​ការ​តាម​ការ​សម្រេច​របស់​មន្ត្រី​ថ្នាក់​ក្រោម។ មន្ត្រី​គណបក្ស​ប្រឆាំង​ចាត់​ទុក​ការ​សម្រេច​នេះ​ថា ជា​រឿង​អយុត្តិធម៌​មិន​អាច​ទទួល​យក​បាន​ឡើយ។

មន្ត្រី​គណបក្ស​ភ្លើង​ទៀន​រិះគន់​ការ​សម្រេច​របស់ គ.ជ.ប នេះ​ថា ជា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​នយោបាយ ដោយសារ​តែ​ពួក​គេ​មិន​ចុះចូល​គណបក្ស​ប្រជាជន​កម្ពុជា។

លេខាធិការ​គណបក្ស​ភ្លើង​ទៀន ស្រុក​កោះសូទិន ខេត្តកំពង់ចាម លោក លី ម៉េងហ័ង ផ្ដល់​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​ក្រោយ​ពេល​ចេញ​ពី​បន្ទប់​សវនាការ​នៅ​ព្រឹក​ថ្ងៃ​ទី២៧ កក្កដា​ថា លោក​គ្រាន់​តែ​បង្ហោះ​សារ​សម្ដែង​មតិ​ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​ដោយសារ​មិន​ពេញ​ចិត្ត​នឹង​ការ​រៀបចំ​បោះឆ្នោត​របស់ គ.ជ.ប តែ​ប៉ុណ្ណោះ។

លោក លី ម៉េងហ័ង៖ «ការ​ប្រកាស​របស់ គ.ជ.ប នឹង​មិន​តម្លាភាព​ចំពោះ​ខ្ញុំ​ទេ ពីព្រោះ​ខ្ញុំ​បាន​បង្ហោះ​សារ​នៅ​មុន​ថ្ងៃ​កើត​ចេញ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​ថ្មី ហើយ​ថា ខ្ញុំ​ធ្វើ​បន្ត​បន្ទាប់​គឺ ខ្ញុំ​អត់​បាន​ធ្វើ​ទេ.ខ្ញុំ​បង្ហោះ​តែ​ក្នុង​ថ្ងៃ​ទី១ តែ​មួយ​ថ្ងៃ​គត់ ហើយ​ការ​ប្រកាស​សាលក្រម​នេះ គឺ​ជា​ការ​ផ្ដល់​ភាព​អយុត្តិធម៌​ធ្ងន់ធ្ងរ​បំផុត​ចំពោះ​ខ្ញុំ»។

កាល​ពី​ថ្ងៃ​ទី១ កក្កដា លោក លី ម៉េងហ័ង បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា ថ្ងៃ​នេះ​ជា​ថ្ងៃ​ដែល​ខ្ញុំ​បើក​យុទ្ធនាការ​ឃោសនា​ដែរ គឺ​ការ​ខ្វែង​សន្លឹក​ឆ្នោត​ចោល​ដោយ​សម្ងាត់​តែ​ម្នាក់​ឯង​គ្មាន​អ្នក​ណា​ដឹង ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ខ្លួន​ឯង។

ប្រតិកម្ម​របស់​មន្ត្រី​បក្ស​ភ្លើង​ទៀន​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី គ.ជ.ប បាន​បើក​សវនាការ​ជំនុំជម្រះ​ក្ដី​លើ​សំណុំរឿង​គូស​សន្លឹក​ឆ្នោត​ចោល​របស់​គណបក្ស​ភ្លើង​ទៀន​ចំនួន ៣នាក់ និង​អ្នក​គាំទ្រ ២នាក់ នៅ​ទីស្ដីការ គ.ជ.ប នៅ​ព្រឹក​ថ្ងៃ​ទី២៧ កក្កដា។ មន្ត្រី​គណបក្ស​ភ្លើង​ទៀន លោក លី ម៉េងហ័ង និង​លោក យ៉ាន សុឃឿន បាន​ចូល​ស្លាប់​ក្នុង​បន្ទប់​សវនាការ និង​មនុស្ស ៣នាក់​ទៀត រួម​មាន មន្ត្រី​គណបក្ស​គណបក្ស​ភ្លើង​ទៀន ខេត្ត​ប៉ៃលិន លោក ខឹម មុន្នីកុសល និង​កញ្ញា ស៊ុន សុភា និង​អ្នក​គាំទ្រ​បក្ស​ភ្លើង​ទៀន​ម្នាក់​ទៀត ជំនុំជម្រះ​ដោយ​កំបាំង​មុខ តាម​បណ្ដឹង​របស់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា។

ទាក់​ទង​នឹង​បញ្ហា​នេះ អ្នក​នាំ​ពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ផ្ដល់​សម្ភាសន៍​ដល់​ក្រុម​អ្នក​សារព័ត៌មាន​ក្រោយ​ចប់​សវនាការ​ថា ការ​សម្រេច​បែប​នេះ គឺ​ដោយសារ គ.ជ.ប រក​ឃើញ​ថា ពួក​គេ​ទាំង ៥នាក់​នោះ ពិត​ជា​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​បោះឆ្នោត​ប្រាកដ​មែន។

លោក ហង្ស ពុទ្ធា៖ «ទុក​ជា​បាន​ការ មាន​ន័យ​ថា នៅ​តែ​រក្សា​ការ​ដាក់​វិន័យ​បង់​ប្រាក់។ ក្រោយ​ការ​សម្រេច​នៃ​អង្គ​សវនាការ​ថ្ងៃ​នេះ យ៉ាង​យូរ ៧២ម៉ោង សាមី​ពាក់ព័ន្ធ​អាច​ប្ដឹង​បន្ត​ទៅ​ក្រម​ប្រឹក្សា​ធម្មនុញ្ញ ហើយ​យ៉ាង​យូរ​បំផុត​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នឹង​បើក​ការ​ដោះស្រាយ​ជា​សេចក្ដី​សម្រេច​បិទ​ផ្លូវ​តវ៉ា​យ៉ាង​យូរ ១០ថ្ងៃ»។

ថ្មីៗ នេះ គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​ប៉ៃលិន ត្បូងឃ្មុំ និង​ខេត្ត​កំពង់ចាម បាន​ពិន័យ​ដល់​មន្ត្រី​គណបក្ស​ភ្លើង​ទៀន និង​អ្នក​គាំទ្រ​ទាំង ៥នាក់ ក្នុង​ម្នាក់ៗ ១០លាន​រៀល និង​ដក​សិទ្ធិ​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះឆ្នោត​រយៈ​ពេល ១០ឆ្នាំ ដោយសារ​ពួកគេ​បង្ហោះ​សារ​គូស​ខ្វែង​សន្លឹក​ឆ្នោត​ចោល។

លោក ហង្ស ពុទ្ធា ឱ្យ​ដឹង​ទៀត​ថា នៅ​មាន​បណ្ដឹង​ជិត ២០ទៀត ដែល​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​រាជធានី​បាន​ប្ដឹង​មន្ត្រី​គណបក្ស​ប្រឆាំង និង​អ្នក​គាំទ្រ ហើយ​បណ្ដឹង​ទាំង​នោះ​នឹង​បញ្ជូន​មក​ដល់ គ.ជ.ប ក្នុង​ពេល​ឆាប់ៗ ខាង​មុខ។

ជុំវិញ​បញ្ហា​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា មាន​ប្រសាសន៍​ថា គ.ជ.ប គួរ​តែ​ស្រាវជ្រាវ​ក្ដីក្ដាំ​នេះ​ឱ្យ​បាន​ច្បាស់លាស់​ឡើង​វិញ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ប្រជាពលរដ្ឋ​គ្រប់​និន្នាការ​នយោបាយ។

លោក នី សុខា៖ «ខ្ញុំ​យល់​ថា ពួក​គេ​មិន​បាន​ប្រព្រឹត្ត​ដូចៗ គ្នា​ទេ អាច​មាន​លក្ខណៈ​ខុសៗ គ្នា​ខ្លះ។ អីចឹង អា​នេះ​វា​ជា​រឿង​មួយ​គួរ​តែ​ពិចារណា​ទេ។ ប៉ុន្តែ បើ​សិន​ការ​ប្រព្រឹត្ត​ឡើង​វា​មាន​លក្ខណៈ​មិន​ស្រប​ច្បាប់ អា​ហ្នឹង វា​គួរ​តែ​ទទួល​ខុស​ត្រូវ ចំពោះ​មុខ​ច្បាប់​ហើយ ពីព្រោះ​ប្រទេស​យើង​ជា​ប្រទេស​អនុវត្ត​ច្បាប់។ ប៉ុន្តែ ខ្ញុំ​ឱ្យ​ពិចារណា​ទៅ​លើ​ក្រុម​មួយ​ក្រុម​ទៀត ដែល​បាន​បង្ហោះ​សារ ដែល​ធ្វើ​ឱ្យ​មាន​ការ​ប៉ះពាល់​ទៅ​ដល់​ការ​សម្ងាត់​នៃ​ការ​បោះឆ្នោត ក៏​គួរតែ​ពិចារណា​ក្នុង​ការ​ដាក់​ទោស​ទណ្ឌ​ដែរ»។

ថ្មីៗ នេះ អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​បាន​កំណត់​មុខ​សញ្ញា អ្នក​ដែល​បាន​ធ្វើ​សកម្មភាព​ញុះញង់​ឲ្យ​ពលរដ្ឋ​បំផ្លាញ​សន្លឹក​ឆ្នោត​ជាមួយ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី មាន​ចំនួន ៤៤នាក់។

ទោះជា​យ៉ាង​ណា ក្រុម​អ្នក​ជំនាញ​ការ​បោះឆ្នោត​ថា ការ​គូស​សន្លឹក​ឆ្នោត​ចោល និង​ការ​បង្ហោះ​សន្លឹក​ឆ្នោត​គូស​ខ្វែង​ ជា​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ ពុំ​បំពាន​ច្បាប់​អ្វី​ទេ។

ក្នុង​អំឡុង​ពេល​បោះឆ្នោត​រហូត​មក​ដល់​ពេល​នេះ​​​យ៉ាង​ណា​ហោច​ណាស់​មាន​សកម្មជន​គណបក្ស​ប្រឆាំង​ចំនួន ៣នាក់ ក្នុង​នោះ ២នាក់ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន ដោយសារ​ពួក​គេ​បាន​បង្ហោះ​រូប​គូស​ខ្វែង​សន្លឹក​ឆ្នោត​នៅ​លើ​បណ្ដាញ​សង្គម។ រីឯ​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ទៀត គឺ​ក្រុម​ប្រឹក្សា​ឃុំ​ស្ពឺ ស្រុក​ចំការ​លើ ខេត្ត​កំពង់ចាម លោក ជឹម សុជាតិ ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន ក្រោយ​ពី​លោក​ប្រើ​សម្ភារៈ​ហាមឃាត់​នៅ​ក្នុង​ការិយាល័យ​បោះឆ្នោត។ ក្នុង​ចំណោម​សកម្មជន​បក្ស​ភ្លើង​ទៀន​ទាំង ៣នាក់​នេះ ពីរ​នាក់​ត្រូវ​បាន​អាជ្ញាធរ​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ​ហើយ ក្រោយ​ពី​ឃាត់ខ្លួន​សួរ​នាំ។ ចំណែក​ប្រធាន​បក្ស​ភ្លើង​ទៀន​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ លោក ចៅ វាសនា ត្រូវ​បាន​តុលាការ​សម្រេច​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​រហូត​ដល់​ពេល​នេះ។

មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​វិធាន​ការ​ទាំង​នេះ​ថា ជា​ការ​អនុវត្ត​ច្បាប់​ស្តង់ដារ២ ដោយ​អាជ្ញាធរ​ផ្ដន្ទាទោស ចំពោះ​តែ​មន្ត្រី​គណបក្ស​ប្រឆាំង ចំណែក​មន្ត្រី​គណបក្ស​កាន់​អំណាច​ធ្វើ​សកម្មភាព​ស្រដៀង​គ្នា​នេះ​ដែរ ប៉ុន្តែ​អាជ្ញាធរ​មិន​ចាត់​វិធាន​ការ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។