គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត នៅព្រឹកថ្ងៃទី២៧ កក្កដា សម្រេចតម្កល់សំណុំរឿងគូសខ្វែងសន្លឹកឆ្នោតរបស់មន្ត្រីគណបក្សប្រឆាំង ៣នាក់ និងអ្នកគាំទ្រ ២នាក់ ទុកជាបានការតាមការសម្រេចរបស់មន្ត្រីថ្នាក់ក្រោម។ មន្ត្រីគណបក្សប្រឆាំងចាត់ទុកការសម្រេចនេះថា ជារឿងអយុត្តិធម៌មិនអាចទទួលយកបានឡើយ។
មន្ត្រីគណបក្សភ្លើងទៀនរិះគន់ការសម្រេចរបស់ គ.ជ.ប នេះថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ដោយសារតែពួកគេមិនចុះចូលគណបក្សប្រជាជនកម្ពុជា។
លេខាធិការគណបក្សភ្លើងទៀន ស្រុកកោះសូទិន ខេត្តកំពង់ចាម លោក លី ម៉េងហ័ង ផ្ដល់សម្ភាសន៍ដល់អ្នកសារព័ត៌មានក្រោយពេលចេញពីបន្ទប់សវនាការនៅព្រឹកថ្ងៃទី២៧ កក្កដាថា លោកគ្រាន់តែបង្ហោះសារសម្ដែងមតិក្នុងនាមជាប្រជាពលរដ្ឋដោយសារមិនពេញចិត្តនឹងការរៀបចំបោះឆ្នោតរបស់ គ.ជ.ប តែប៉ុណ្ណោះ។
លោក លី ម៉េងហ័ង៖ «ការប្រកាសរបស់ គ.ជ.ប នឹងមិនតម្លាភាពចំពោះខ្ញុំទេ ពីព្រោះខ្ញុំបានបង្ហោះសារនៅមុនថ្ងៃកើតចេញវិសោធនកម្មច្បាប់បោះឆ្នោតថ្មី ហើយថា ខ្ញុំធ្វើបន្តបន្ទាប់គឺ ខ្ញុំអត់បានធ្វើទេ.ខ្ញុំបង្ហោះតែក្នុងថ្ងៃទី១ តែមួយថ្ងៃគត់ ហើយការប្រកាសសាលក្រមនេះ គឺជាការផ្ដល់ភាពអយុត្តិធម៌ធ្ងន់ធ្ងរបំផុតចំពោះខ្ញុំ»។
កាលពីថ្ងៃទី១ កក្កដា លោក លី ម៉េងហ័ង បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកថា ថ្ងៃនេះជាថ្ងៃដែលខ្ញុំបើកយុទ្ធនាការឃោសនាដែរ គឺការខ្វែងសន្លឹកឆ្នោតចោលដោយសម្ងាត់តែម្នាក់ឯងគ្មានអ្នកណាដឹង ដើម្បីផ្ដល់យុត្តិធម៌ដល់ខ្លួនឯង។
ប្រតិកម្មរបស់មន្ត្រីបក្សភ្លើងទៀននេះធ្វើឡើងបន្ទាប់ពី គ.ជ.ប បានបើកសវនាការជំនុំជម្រះក្ដីលើសំណុំរឿងគូសសន្លឹកឆ្នោតចោលរបស់គណបក្សភ្លើងទៀនចំនួន ៣នាក់ និងអ្នកគាំទ្រ ២នាក់ នៅទីស្ដីការ គ.ជ.ប នៅព្រឹកថ្ងៃទី២៧ កក្កដា។ មន្ត្រីគណបក្សភ្លើងទៀន លោក លី ម៉េងហ័ង និងលោក យ៉ាន សុឃឿន បានចូលស្លាប់ក្នុងបន្ទប់សវនាការ និងមនុស្ស ៣នាក់ទៀត រួមមាន មន្ត្រីគណបក្សគណបក្សភ្លើងទៀន ខេត្តប៉ៃលិន លោក ខឹម មុន្នីកុសល និងកញ្ញា ស៊ុន សុភា និងអ្នកគាំទ្របក្សភ្លើងទៀនម្នាក់ទៀត ជំនុំជម្រះដោយកំបាំងមុខ តាមបណ្ដឹងរបស់មន្ត្រីគណបក្សប្រជាជនកម្ពុជា។
ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ផ្ដល់សម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មានក្រោយចប់សវនាការថា ការសម្រេចបែបនេះ គឺដោយសារ គ.ជ.ប រកឃើញថា ពួកគេទាំង ៥នាក់នោះ ពិតជាបានប្រព្រឹត្តខុសច្បាប់បោះឆ្នោតប្រាកដមែន។
លោក ហង្ស ពុទ្ធា៖ «ទុកជាបានការ មានន័យថា នៅតែរក្សាការដាក់វិន័យបង់ប្រាក់។ ក្រោយការសម្រេចនៃអង្គសវនាការថ្ងៃនេះ យ៉ាងយូរ ៧២ម៉ោង សាមីពាក់ព័ន្ធអាចប្ដឹងបន្តទៅក្រមប្រឹក្សាធម្មនុញ្ញ ហើយយ៉ាងយូរបំផុតក្រុមប្រឹក្សាធម្មនុញ្ញនឹងបើកការដោះស្រាយជាសេចក្ដីសម្រេចបិទផ្លូវតវ៉ាយ៉ាងយូរ ១០ថ្ងៃ»។
ថ្មីៗ នេះ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តប៉ៃលិន ត្បូងឃ្មុំ និងខេត្តកំពង់ចាម បានពិន័យដល់មន្ត្រីគណបក្សភ្លើងទៀន និងអ្នកគាំទ្រទាំង ៥នាក់ ក្នុងម្នាក់ៗ ១០លានរៀល និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតរយៈពេល ១០ឆ្នាំ ដោយសារពួកគេបង្ហោះសារគូសខ្វែងសន្លឹកឆ្នោតចោល។
លោក ហង្ស ពុទ្ធា ឱ្យដឹងទៀតថា នៅមានបណ្ដឹងជិត ២០ទៀត ដែលគណៈកម្មការរៀបចំការបោះឆ្នោតខេត្តរាជធានីបានប្ដឹងមន្ត្រីគណបក្សប្រឆាំង និងអ្នកគាំទ្រ ហើយបណ្ដឹងទាំងនោះនឹងបញ្ជូនមកដល់ គ.ជ.ប ក្នុងពេលឆាប់ៗ ខាងមុខ។
ជុំវិញបញ្ហានេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា មានប្រសាសន៍ថា គ.ជ.ប គួរតែស្រាវជ្រាវក្ដីក្ដាំនេះឱ្យបានច្បាស់លាស់ឡើងវិញ ដើម្បីផ្ដល់យុត្តិធម៌ដល់ប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ។
លោក នី សុខា៖ «ខ្ញុំយល់ថា ពួកគេមិនបានប្រព្រឹត្តដូចៗ គ្នាទេ អាចមានលក្ខណៈខុសៗ គ្នាខ្លះ។ អីចឹង អានេះវាជារឿងមួយគួរតែពិចារណាទេ។ ប៉ុន្តែ បើសិនការប្រព្រឹត្តឡើងវាមានលក្ខណៈមិនស្របច្បាប់ អាហ្នឹង វាគួរតែទទួលខុសត្រូវ ចំពោះមុខច្បាប់ហើយ ពីព្រោះប្រទេសយើងជាប្រទេសអនុវត្តច្បាប់។ ប៉ុន្តែ ខ្ញុំឱ្យពិចារណាទៅលើក្រុមមួយក្រុមទៀត ដែលបានបង្ហោះសារ ដែលធ្វើឱ្យមានការប៉ះពាល់ទៅដល់ការសម្ងាត់នៃការបោះឆ្នោត ក៏គួរតែពិចារណាក្នុងការដាក់ទោសទណ្ឌដែរ»។
ថ្មីៗ នេះ អាជ្ញាធររបបក្រុងភ្នំពេញបានកំណត់មុខសញ្ញា អ្នកដែលបានធ្វើសកម្មភាពញុះញង់ឲ្យពលរដ្ឋបំផ្លាញសន្លឹកឆ្នោតជាមួយប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី មានចំនួន ៤៤នាក់។
ទោះជាយ៉ាងណា ក្រុមអ្នកជំនាញការបោះឆ្នោតថា ការគូសសន្លឹកឆ្នោតចោល និងការបង្ហោះសន្លឹកឆ្នោតគូសខ្វែង ជាសិទ្ធិសេរីភាពរបស់ពលរដ្ឋ ពុំបំពានច្បាប់អ្វីទេ។
ក្នុងអំឡុងពេលបោះឆ្នោតរហូតមកដល់ពេលនេះយ៉ាងណាហោចណាស់មានសកម្មជនគណបក្សប្រឆាំងចំនួន ៣នាក់ ក្នុងនោះ ២នាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួន ដោយសារពួកគេបានបង្ហោះរូបគូសខ្វែងសន្លឹកឆ្នោតនៅលើបណ្ដាញសង្គម។ រីឯសកម្មជនបក្សប្រឆាំងម្នាក់ទៀត គឺក្រុមប្រឹក្សាឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម លោក ជឹម សុជាតិ ត្រូវបានអាជ្ញាធរចាប់ខ្លួន ក្រោយពីលោកប្រើសម្ភារៈហាមឃាត់នៅក្នុងការិយាល័យបោះឆ្នោត។ ក្នុងចំណោមសកម្មជនបក្សភ្លើងទៀនទាំង ៣នាក់នេះ ពីរនាក់ត្រូវបានអាជ្ញាធរដោះលែងឱ្យមានសេរីភាពវិញហើយ ក្រោយពីឃាត់ខ្លួនសួរនាំ។ ចំណែកប្រធានបក្សភ្លើងទៀនក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លោក ចៅ វាសនា ត្រូវបានតុលាការសម្រេចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគាររហូតដល់ពេលនេះ។
មន្ត្រីសង្គមស៊ីវិលចាត់ទុកវិធានការទាំងនេះថា ជាការអនុវត្តច្បាប់ស្តង់ដារ២ ដោយអាជ្ញាធរផ្ដន្ទាទោស ចំពោះតែមន្ត្រីគណបក្សប្រឆាំង ចំណែកមន្ត្រីគណបក្សកាន់អំណាចធ្វើសកម្មភាពស្រដៀងគ្នានេះដែរ ប៉ុន្តែអាជ្ញាធរមិនចាត់វិធានការឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
