សង្គម​ស៊ីវិល និង​បក្ស​ភ្លើង​ទៀន​រិះគន់​គ.ជ.ប​បំពេញ​តួនាទី​មិន​មាន​ឯករាជ្យ

0:00 / 0:00

មន្ត្រី​សង្គម​ស៊ីវិល និង​មន្ត្រី​គណបក្ស​ភ្លើងទៀន​រិះគន់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ.ជ.ប​ថា បំពេញ​តួនាទី​មិន​ឯករាជ្យ​ទៅ​តាម​ច្បាប់ ដែល​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​។ ការ​លើកឡើង​នេះ បន្ទាប់ពី​គ.ជ.ប បាន​ផ្ញើ​លិខិត​អបអរសាទរ​មួយ​ច្បាប់​ជូន​លោក ហ៊ុន សែន ដែល​ទទួល​បាន​ពានរង្វាន់​សមិទ្ធផល​ពេញ​មួយ​ជីវិត​របស់​មេដឹកនាំ​ឆ្នើម​ពិភពលោក​។ លិខិត​ចុះ​ប្រធាន គ​.​ជ​.​ប លោក ប្រាជ្ញ ចន្ទ សរសេរ​លិខិត​លើក​សរសើរ​ស្នាដៃ និង​ដឹងគុណ​ចំពោះ​លោក ហ៊ុន សែន ដែល​បាន​ដឹកនាំ​ប្រទេស​ឱ្យ​ទទួល​បាន​សន្តិភាព និង​មាន​ការ​រីកចម្រើន​លើ​គ្រប់​វិស័យ​ជាដើម​។ មន្ត្រី​ជាន់ខ្ពស់ គ​.​ជ​.​ប អះអាង​ថា លិខិត​នោះ​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដំណើរ​បោះឆ្នោត និង​ឯករាជភាព​របស់​​គ.ជ.ប​នោះ​ទេ។

មន្ត្រី​សង្គម​ស៊ីវិល គណបក្ស​នយោបាយ រួម​ទាំង​សាធារណជន​មួយចំនួន​លើកឡើង​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ជា​ស្ថាប័ន​មួយ​ដើរតួ​យ៉ាង​សំខាន់ ក្នុង​ការ​រៀបចំ​ការបោះ​ឆ្នោត ហើយ​ស្ថាប័ន គ.ជ.ប ជា​ស្ថាប័ន​មួយ​ឯករាជ្យ មិន​ត្រូវ​ស្ថិត​នៅ​ក្រោម​សម្ពាធ​គណបក្ស​នយោបាយ​ណាមួយ​នោះទេ​។ ប៉ុន្តែ​ពួកគេ​ថា ការ​ដែល​ស្ថាប័ន​គ​.​ជ​.​ប លើក​សរសើរ​ពី​គុណបំណាច់​របស់​មេដឹកនាំ​នយោបាយ​ណា​ម្នាក់ គឺ​មិន​បង្ហាញ​ពី​ភាព​ឯករាជ​ក្នុង​ការ​បំពេញ​កិច្ចការ​រប​ស់ខ្លួន​ទេ។

ប្រធាន​សហភាព​សហជីព​កម្ពុជា (CCU) អ្នកឃ្លាំមើល​កម្ពុជា និង​ជា​អតីត​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក រ៉ុង ឈុន ថ្លែង​ថា ស្ថាប័ន គ.ជ.ប ដែល​ជា​ស្ថាប័ន​ឯករាជ្យ​មិនគួរ​ចេញ​លិខិត​លើក​សរសើរ ឬ​លើក​តម្កើង ចំពោះ​អ្នក​នយោបាយ​ណា​ម្នាក់​នោះ​ទេ ពីព្រោះ​បញ្ហា​នេះ​ធ្វើ​ឱ្យ​ពលរដ្ឋ​មាន​មន្ទិលសង្ស័យ និង​ដក​សេចក្ដី​ទុកចិត្ត​។ លោក​ជំរុញ​ដល់​គ.ជ.ប ត្រូវ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ និង​ចេះ​ទទួលយក​មតិយោបល់​នានា យក​ពិនិត្យ និង​ដោះស្រាយ ដោយ​ជៀសវាង​ការប្ដឹង​ផ្តល់​អ្នក​រិះគន់​រឿង​បោះឆ្នោត ដែល​ផ្តល់​គំរូ​អាក្រក់​ដល់​ប្រទេស​កម្ពុជា។

លោក រ៉ុង ឈុន៖ «គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដែល​គេ​ចាត់ទុកថា ជា​អាជ្ញាកណ្ដាល ហើយ​ជា​ស្ថាប័ន​ធម្មនុញ្ញ និង​ឯករាជ្យ តែ​នៅ​ពេល​ដែល​និយាយ​លើកតម្កើង​ឥស្សរជន​ណាមួយ​នៅក្នុង​បក្ស​មួយ ដែល​ឆ្លុះបញ្ចាំង​ថា ស្ថាប័ន​ហ្នឹង ហាក់បីដូចជា​លម្អៀង​ទៅ​ភាគី​ហ្នឹង ហើយ​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ដក​សេចក្ដីទុកចិត្ត បាត់បង់​ជំនឿ​ទៅលើ​អាជ្ញាកណ្ដាល ដែល​រៀបចំ​ការបោះឆ្នោត​ខាងមុខនេះ​»។

ស្រដៀង​គ្នា​នេះ​ដែរ អនុប្រធាន​គណបក្ស​ភ្លើងទៀន​លោក ថាច់ សេដ្ឋា ថ្លែង​ថា លើក​ឡើង​ថា ក្នុង​សង្គម​ប្រជាធិបតេយ្យ​បាន​ចែង​ចែក​ស្ថាប័ន​ឯករាជ្យ​ស្ថាប័ន​ដាច់​ពី​អ្នកនយោបាយ ដើម្បី​រក្សា​អព្យាក្រឹត្យ​ភាព​របស់​ខ្លួន និង​ផ្តល់​ទំនុកចិត្ត​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​។ ប៉ុន្តែ​លោក​យល់​ថា ការណ៍ ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​លើក​សរសើរ និង​ដឹងគុណ​ក្រោម​ការដឹកនាំ​លោក ហ៊ុន សែន ជា​ប្រធាន​គណបក្ស​ប្រជាជន​នោះ គឺ​មិន​ត្រឹមត្រូវ​នោះ​ទេ​។ លោក​បន្ត​ថា សារ​បែប​នេះ​នឹង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ និង​សហគមន៍​អន្តរជាតិ​មើលឃើញ​កាន់តែ​ច្បាស់​ថា ស្ថាប័ន ​គ.ជ.ប​មិន​រក្សា​ជំហរ​ឯករាជ្យ​ដោយ​អែបអប​អ្នក​នយោបាយ​កាន់​អំណាច។

លោក ថាច់ សេដ្ឋា​៖ «ឥឡូវ​យើង​ធ្វើ​អ៊ីចឹង​ទៀត បន្ថែម​ពី​ហ្នឹង​ទៀត​កាន់តែ​ឆ្លុះបញ្ចាំង​ច្បាស់​ថា ស្ថាប័ន​គ.ជ.ប មិនមែន​ស្ថាប័ន​ឯករាជ្យ​ទេ ដោយ​នៅតែ​រណេបរណប​អែបអប​អ្នកនយោបាយ​អ៊ីចឹង​ទៅ លើកជើង​បញ្ចើចបញ្ចើ​អ៊ីចឹង​ទៅ​។ អ៊ីចឹង​ហើយ បាន​ធ្វើ​ឱ្យ​ការវិនិច្ឆ័យ​ពី​មហាជន ក៏​ដូច​សហគមន៍​អន្តរជាតិ នៅ​តែ​មាន​មន្ទិល​សង្ស័យ​ថា ស្ថាប័ន​គ.ជ.ប​មិន​ឯករាជ្យ​ហ្នឹង​បាទ»។

ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​គ.ជ.ប គឺ​លោក ប្រាជ្ញ ចន្ទ កាល​ពី​ថ្ងៃទី​២០ ខែធ្នូ បាន​ផ្ញើ​លិខិត​អបអរសាទរ​មួយ​ច្បាប់​ជូន​លោក ហ៊ុន សែន ដែល​ទទួល​បាន​ពានរង្វាន់​សមិទ្ធផល​ពេញ​មួយ​ជីវិត​របស់​មេដឹកនាំ​ឆ្នើម​ពិភពលោក​។ លិខិត​ចុះ​ហត្ថលេខា​ដោយ​លោក ប្រាជ្ញ ចន្ទ បាន​កោត​សរសើរ និង​ដឹងគុណ​ចំពោះ​លោក ហ៊ុន សែន ដែល​បាន​ដឹកនាំ​ប្រទេស​ឱ្យ​ទទួល​បាន​សន្តិភាព និង​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ ព្រមទាំង​រំឭក​ពី​ស្នាដៃ​តស៊ូ​រំដោះជាតិ​ពី​របប ប៉ុល ពត និង​ដឹកនាំ​បញ្ចប់សង្គ្រាម ដែល​ធ្វើ​ឱ្យ​កម្ពុជា​មាន​សុខ​សន្តិភាព​ពេញលេញ ការ​បង្រួបបង្រួម​ជាតិ ឯកភាព​ជាតិ ឯកភាព​ទឹកដី ស្ថិរភាព​នយោបាយ សណ្ដាប់ធ្នាប់​សង្គម នីតិរដ្ឋ​ជាដើម។

ឆ្លើយតប​រឿង​នេះ អ្នកនាំពាក្យ​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​គ.ជ.ប លោក ហង្ស ពុទ្ធា អះអាង​ថា គ.ជ.ប បំពេញ​តួនាទី​ដោយ​ឯករាជ្យ​តាមច្បាប់​កំណត់​។ លោក​បន្ត​ថា ខ្លឹមសារ​លិខិត ដែល​គ.ជ.ប​ផ្ញើ​ជូន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ពេល​ថ្មីៗ នេះ គឺ​ក្នុងនាម​ជា​ខ្មែរ​ដូចគ្នា ដោយ​លោក​ថា មិន​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត និង​ឯករាជ​ភាព​របស់​គ.ជ.ប​នោះ​ទេ​។

លោក ហង្ស ពុទ្ធា៖ «​ជម្រាប​ថា គ.ជ.ប​ឯករាជ្យ​ក្នុង​តួនាទី​ស្របតាម​ច្បាប់​ជា​ធរមាន ហើយ​ការ​លើកឡើង​ពាក់ព័ន្ធ​នឹង​លិខិត​ចេញ​ពី​គ.ជ.ប​គួរតែ​ពិចារណា​ឡើងវិញ អំពី​ឈាម​ជ័យ​ជា​ខ្មែរ ហើយ​ក្នុង​នាម​ជា​ខ្មែរ​ឈាមជ័រ​ខ្មែរ គួរតែ​មាន​មោទនភាព​ជាមួយ​អ្វី ដែល​សកល​លោក​ទទួល​ស្គាល់​ខ្មែរ​បាទ»។

ទន្ទឹម​នឹង​ស្ថាប័ន​គ.ជ.ប​រង​ការ​រិះគន់​ហាក់​បង្ហាញ​ជំហរ​មិន​ឯករាជ្យ​នេះ​ដែរ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃទី​២២ ខែ​ធ្នូ វិញ បាន​ថ្លែង​សារ​នយោបាយ​ដោយ​លោក​ប្ដេជ្ញា​លុបបំបាត់​វប្បធម៌​ក្រោយ​ការ​បោះឆ្នោត​គណបក្ស​របស់​លោក​ក្លាយ​ជា​ចោរ។ លោក​ព្រមាន​ប្ដឹង​ទៅ​តុលាការ ដើម្បី​ទាមទារ​សំណង​រាប់​រយ​លាន​រៀល​ពី​អ្នក​បញ្ចេញមតិ​ទាំងឡាយ​ណា ដែល​ហ៊ាន​ចោទប្រកាន់​គណបក្ស​ប្រជាជន​កម្ពុជា​ថា លួច​សន្លឹង​ឆ្នោត​តទៅទៀត។

លោក ហ៊ុន សែន៖ «​អាណា​និយាយ​ថា ចោរ​ប្ដឹង​អាហ្នឹង ប្ដឹង​ណា​ហ្នឹង អត់​មាន​ទុក​ទេ ពី​ថ្ងៃ​នេះ​ទៅ លេង​អាហ្នឹង​ហ្មង​។ លុប​បំបាត់​ចោល​នូវ​វប្បធម៌​លាប​ពណ៌​ក្រោយ​ការ​បោះឆ្នោត​ថា ឯង​ជា​ចោរ បើ​មិន​អ៊ីចឹង​ទេ អាហ្នឹង​មិន​រាង។ ហ្អែង​ចង់​ស្រែក ទៅ​ស្រែក​ក្រៅ​ស្រុក​ទៅ ធ្វើ​អ្វី​ហ្អែង​មិនកើត តែ​នៅ​ក្នុង​ស្រុក​អញ​ធ្វើ​ហើយ»។

ទោះ​យ៉ាង​ណា​ក្ដី ក្រុម​អ្នកឃ្លាំមើល​ដំណើរការ​បោះឆ្នោត​និយាយ​ថា ប្រសិនបើ​កម្ពុជា មាន​គណៈកម្មាធិការ​រៀប​ចំការ​បោះឆ្នោត​ឯករាជ្យ​ពី​គណបក្ស​នយោបាយ​នោះ នឹង​មាន​ភាព​ជឿជាក់​លើ​ប្រព័ន្ធ​បោះឆ្នោត​នៅ​កម្ពុជា និង​មិន​មាន​ការរិះគន់​បន្ត​ទៀត ចំពោះ​ការបោះឆ្នោត​ឡើយ ហើយ​កម្ពុជា​នឹង​មាន​ស្ថិរភាព​នយោបាយ ហើយ​ដំណើរ​សាបព្រោះ​ប្រជាធិបតេយ្យ នឹង​មាន​ការ​រីក​ចម្រើន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។