ការ​តែងតាំង​កូន​រដ្ឋមន្ត្រីក្រសួង​ធនធាន​ទឹក​រង​ការ​រិះគន់​ថា ប៉ះពាល់​ដល់​សុចរិត​ភាព​និង​ធនធាន​មនុស្ស​សម្រាប់​អភិវឌ្ឍ​ជាតិ

0:00 / 0:00

មន្ត្រី​សង្គម​ស៊ីវិល​និង​បក្ស​ប្រឆាំង លើក​ឡើង​ថា ការ​តែងតាំង ឬ​ដំឡើង​តំណែង​គ្រាក់ៗ​ដោយ​ផ្តោត​លើ​កូន និង​ខ្សែស្រឡាយ​ដែល​មិន​ឆ្លងកាត់​ការ​ប្រកួតប្រជែង​សមត្ថភាព​បទពិសោធន៍ នៅ​តាម​ក្រសួង​ស្ថាប័ន​ជាតិ នឹង​ប៉ះពាល់​ដល់​សុចរិត​ភាព និង​ធនធានមនុស្ស​សម្រាប់​ការ​អភិវឌ្ឍ​ជាតិ។ ការ​លើក​ឡើង​នេះ គឺ​បន្ទាប់ពី​កូនៗ​របស់​រដ្ឋមន្ត្រី​ធនធានទឹក​លោក លឹម គានហោ ពីរ​រូប​ត្រូវ​បាន​តែងតាំង​ជា​រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ​នៅក្នុង​ក្រសួង​ជាមួយ​ឪពុក។

មន្ត្រី​សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង​ជំរុញ​ក្រសួង​ស្ថាប័ន​ជាតិ បង្ហាញ​ពី​តម្លាភាព​ទាក់ទង​នឹង​នីតិវិធី​តែងតាំង​កូនចៅ ឬ​សាច់​សារ​លោហិត​របស់​ពួកគេ ដើម្បី​ផ្តល់​គំរូ​ល្អ​ដល់​មន្ត្រី​ថ្នាក់​ក្រោម។

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​លោក ប៉ិច ពិសី មាន​ប្រសាសន៍​ថា ការ​តែងតាំង ឬ​ដំឡើង​តំណែង​ដល់​មន្ត្រី​ក្នុង​ជួរ​ស្ថាប័នរដ្ឋ បើ​ទោះ​ពួកគេ​ជា​កូនចៅ ឬ​ខ្សែស្រឡាយ​អ្នកធំ​ក៏ដោយ ក៏​ត្រូវ​តែ​អនុវត្ត​តាម​នីតិវិធី​នៃ​ការប្រកួតប្រជែង​ដែល​ផ្តោត​លើ​សមត្ថភាព​ដោយ​ស្មើភាព​គ្នា ដើម្បី​ធានា​នូវ​សុចរិត​ភាព​និង​យុត្តិធម៌។ លោក​មើលឃើញ​ថា ពលរដ្ឋ​តែង​តែង​លើកឡើង​នូវ​ក្តី​បារម្ភ​ថា​តើ​មន្ត្រី​ដែល​ចូលកាន់​តំណែង​ថ្មីៗ​ទាំង​នោះ​បាន​ឆ្លងកាត់​តាម​នីតិវិធី​ត្រឹមត្រូវ ឬ​យ៉ាងណា ហើយ​តើ​ពួកគេ​មាន​សមត្ថភាព បច្ចេកទេស បទពិសោធន៍ និង​បុគ្គលិកលក្ខណៈ​គ្រប់គ្រាន់​ហើយ​ឬ​នៅ។

លោក ប៉ិច ពិសី បន្ត​ថា ក្នុង​ជួរ​រដ្ឋាភិបាល ក៏​មាន​មន្ត្រី​ដែល​មាន​ចំណេះដឹង បច្ចេកទេស​ដែល​បទពិសោធន៍​ពេញលេញ​អាច​ដឹកនាំ​កិច្ចការ​សំខាន់ៗ ក្នុង​ស្ថាប័ន​របស់​ជាតិ​ដែរ ប៉ុន្តែ​គ្រាន់តែ​ពួកគាត់ គ្មាន​ឱកាស​បង្ហាញ​សមត្ថភាព​បម្រើ​សង្គមជាតិ ដោយសារ​បញ្ហា​ខ្សែស្រឡាយ​មក​រាំង​ខ្ទប់។ លោក​ថា បើ​បញ្ហា​នេះ នៅតែ​កើត​មាន​ទៀត នឹង​ធ្វើ​ឱ្យ​យុវជន​បាត់បង់​ឱកាស​ប្រកួតប្រជែង​និង​បង្ហាញ​សមត្ថភាព​ពិត ដែល​ប៉ះពាល់​ដល់​ដំណើរការ​អភិវឌ្ឍ​លើ​វិស័យ​សំខាន់ៗ​របស់​ជាតិ និង​ការដឹកនាំ​របស់​រដ្ឋាភិបាល​ទៅវិញ​ទេ៖ «មន្ត្រី​បច្ចុប្បន្ន​ហ្នឹង​មាន​ចំណេះដឹង មាន​បច្ចេកទេស មាន​បទពិសោធន៍​ច្រើន​គ្រប់គ្រាន់​ក្នុង​ការ​ដឹកនាំ​កិច្ច​របស់​ជាតិ​តាម​វិស័យ​នីមួយៗ​នេះ​បាន អ្វី​ដែល​ខ្វះ​នោះ​គឺ​ពួកគាត់​ខ្វះ​ឱកាស​ធ្វើ​កិច្ចការ​សំខាន់ៗ​ទាំងនោះ ដោយ​មូលហេតុ​គាត់​អត់​ស្គាល់​គេ អត់​ខ្សែ​ជាដើម​។ ដូច្នេះ​ការ​ដំឡើង​តំណែង​ហ្នឹង​យើង​គួរ​ធ្វើ​ក្នុង​ក្រម​ខណ្ឌ​មួយ​ដែល​ធ្វើ​ឱ្យ​សុចរិត​ភាព​ខ្ពស់ នីតិវិធី​តម្លាភាព និង​ផ្តល់​ភាព​ស្មើគ្នា»។

កាលពី​ថ្ងៃ​ទី​២១ ខែ​មករា ព្រះមហាក្សត្រ​បាន​ត្រាស់បង្គាប់​តែងតាំង​មុខ​តំណែង​ដល់​កូនៗ​របស់​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម គឺ​អ្នកស្រី លឹម លីនដា ជា​រដ្ឋលេខាធិការ និង​លោក លឹម លីនបេរ៉ា ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដែល​ស្នើ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​លោក លឹម គានហោ និង​អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​លោក ចាន់ យុត្ថា ដើម្បី​បកស្រាយ​ជំរុញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី៣០ ខែ​មករា។

ប៉ុន្តែ​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ការតែងតាំង​កូនៗ​របស់​រដ្ឋមន្ត្រី​ទៅ​ជា​រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​ពេល​នេះ មិន​ធ្វើ​ឱ្យ​រដ្ឋាភិបាល​រង​ការរិះគន់ និង​ប៉ះពាល់​ដល់​ដំណើរការ​ប្រកួតប្រជែង​ក្នុង​ស្ថាប័ន រួម​ទាំង​កិច្ចការ​ងារ​របស់​មន្ត្រី​សាធារណៈ​នោះ​ទេ ព្រោះ​តួនាទី​នេះ​កើត​ចេញ​ពី​មន្ត្រី​នយោបាយ​ក្នុង​អាណត្តិ​របស់​រដ្ឋាភិបាល៖ «កាល​មុន​យើង​អាច​និយាយ​ថា វា​ប៉ះពាល់​ដោយមាន​ការ​ច្រណែន រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ​ឥឡូវនេះ​មិនមែន​សមាជិក​រដ្ឋាភិបាល​ទេ ជា​មន្ត្រី​នយោបាយ​នៅ​ក្រសួង ដើម្បី​ជួយ​ការងារ​របស់​រដ្ឋមន្ត្រី​តែ​ប៉ុណ្ណឹង»។

ទោះ​យ៉ាងណា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន ថ្លែង​ថា ពលរដ្ឋ​ខ្មែរ ដែល​គ្មាន​ខ្សែស្រឡាយ​អ្នកធំ គ្មាន​ឱកាស​បញ្ចេញ​សមត្ថភាព​ដឹង​នាំ​ស្ថាប័ន​ជាតិ​នោះ​ទេ​។ លោក អុំ សំអាន សង្កេតឃើញ​ថា ការ​បញ្ចូល​កូនចៅ សាច់ញាតិ ដោយ​គ្មាន​ការប្រកួតប្រជែង និង​មិន​បង្ហាញ​សមត្ថភាព​លេចធ្លោ​ក្នុង​សង្គម​ជា​បន្តបន្ទាប់ ផ្តើម​ចេញ​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ផ្តល់​គំរូ​អាក្រក់​ដល់​មន្ត្រី​ទាំងនោះ​នា​ពេល​កន្លងមក​។ លោក​ថា ការដឹកនាំ​បែប​គ្រួសារ​បក្ខពួក​និយម​បែបនេះ​នាំ​ឱ្យ​ការដឹកនាំ​ក្នុង​ស្ថាប័ន​ចុះ​ខ្សោយ អយុត្តិធម៌​សង្គម មាន​ទំនាស់​ផលប្រយោជន៍ និង​អំពើពុករលួយ​ជា​ប្រព័ន្ធ៖ «បើសិន​គ្មាន​បក្ខពួក​និយម​គ្រួសារនិយម​គេ​ប្រាកដជា​ប្រកួតប្រជែង​ពី​សមត្ថភាព​របស់​ពួកគេ ខិតខំ​ដើម្បី​ប្រកួតប្រជែង​យក​ស្នាដៃ តែ​កូន​អ្នកធំ​មិន​ចាំបាច់​ប្រកួតប្រជែង​ស្នាដៃ​ក៏​នៅ​កាន់​តំណែង​ហ្នឹង​បាន អ៊ីចឹង​ការប្រកួតប្រជែង​ស្នាដៃ​នៅក្នុង​ក្រសួង​នីមួយៗ​អត់​មាន​ទេ។ បក្ខពួក​គ្រួសារ​និយាម​ធម្មតា​ឪពុក​រដ្ឋមន្ត្រី​កូន​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ​នៅក្នុង​ក្រសួង​ដូចជា​ក្រសួង​គ្រួសារ ចឹង​បង្ក​ឱ្យ​មាន​ការ​ឃុបឃិត​គ្នា​ការ​ប្រព្រឹត្ត​អំពើពុករលួយ កិបកេង»។

ជាមួយ​គ្នា​នេះ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លើក​ឡើង​ថា ប្រសិនបើ​ធ្វើ​បែប​នេះ​នៅ​ប្រទេស​មាន​ប្រជាធិបតេយ្យ​ជឿនលឿន រដ្ឋមន្ត្រី​ធនធានទឹក នឹង​ត្រូវ​មហាជន​ទាមទារ​ឱ្យ​ធ្លាក់​ពី​ដំណែង​ហើយ ។ ក៏ប៉ុន្តែ​នៅ​កម្ពុជា មហាជន នៅតែ​យល់ថា ការ​ធ្វើ​បែបនេះ ជា​រឿង​ទូទៅ​ធម្មតា រដ្ឋមន្ត្រី​ដាក់​កូន​ខ្លួន ជា​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលខេត្ត ដាក់​កូន​ខ្លួន​ជា​អភិបាលរង នាយករដ្ឋមន្ត្រី ដាក់​កូន​ខ្លួន​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​។ល។ គណបក្ស​មួយ​នេះ មើល​ឃើញ​ថា អភិបាលកិច្ច​កម្ពុជា​កំពុង​ធ្វើ​ដំណើរ​បន្តិច​ម្តងៗ ទៅ​រក​របៀប​ដឹកនាំ​បែប​សក្ដិភូមិ​ចាស់​គំរិល។

ក្រៅពី​កូនៗ​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម​លោក លឹក គានហោ ក្នុង​នោះ​មន្ត្រី​គ្រាក់ៗ​របស់​លោក ហ៊ុន សែន សុទ្ធតែ​មានកូន ឬ​សាច់ញាតិ​ធ្វើការ​ជា​រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អភិបាល អភិបាលរង​ខេត្ត​ជាដើម។ ជាមួយគ្នា​នេះ​ក្រសួង​ស្ថាប័ន​ខ្លះទៀត ត្រូវ​បាន​សាធារណជន​ហៅថា ជា​ក្រសួង​ឬ​ស្ថាប័ន​គ្រួសារនិយម ដូចជា​ក្រសួង​រ៉ែ និង​ថាមពល អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ធនាគារជាតិ​នៃ​កម្ពុជា​ជាដើម ដោយសារ​មាន​ឪពុក​ជា​រដ្ឋមន្ត្រី ឬ​ជា​ប្រធាន​ស្ថាប័ន ខណៈ​កូនៗ​របស់​ពួកគេ​គឺជា​រដ្ឋលេខាធិការ ជា​ជំនួយការ ឬ​ស្ថិត​ក្នុង​តួនាទី​សម្រេចចិត្ត​ក្នុង​ស្ថាប័ន​នោះ។ និន្នាការ​បែបនេះ​ក៏បាន​កើតឡើង​ក្នុង​ស្ថាប័ន​តុលាការ និង​នីតិប្បញ្ញត្តិ​ផង​ដែរ ដោយ​ភាគច្រើន​កូនចៅ ឬ​សាច់​សារ​លោហិត​របស់​ពួកគេ​បម្រើការ​ជា​មន្ត្រី​នៅក្នុង​នោះ​ដែរ។

រីឯ​កូនៗ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ​ទាំង​កូនបង្កើត និង​កូនប្រសា​ទទួល​បាន​តួនាទី​គ្រាក់ៗ ទាំង​ក្នុង​ជួរ​កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ​ស៊ីវិល រហូតដល់​សមាជិកសភា ខណៈ​លោក ហ៊ុន ម៉ាណែត ក្លាយជា​បេក្ខជន​នាយករដ្ឋមន្ត្រី​នា​ពេល​អនាគត​ទៀត​ផង។

មន្ត្រី​សង្គម​ស៊ីវិល​និង​បក្ស​ប្រឆាំង​បញ្ជាក់​ថា ការតែងតាំង ឬ​ដំឡើង​តំណែង​កូន​របស់​មន្ត្រី​គ្រាក់ៗ​ជា​បន្តបន្ទាប់​ដោយ​មិន​ឆ្លងកាត់​នីតិវិធី​ប្រកួតប្រជែង​ត្រឹមត្រូវ នឹង​ជះឥទ្ធិពល​អាក្រក់​ដល់​ធនធាន​យុវជន​ជំនាន់​ក្រោយ​ដែល​គ្មាន​ខ្សែស្រឡាយ​អ្នកធំ និង​ការ​កសាង​អភិវឌ្ឍ​ជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។