លោក ហង្ស ពុទ្ធា សន្យា​ជួយ​កែទម្រង់​ផ្នែក​បោះ​ឆ្នោត​នៅ​កម្ពុជា

0:00 / 0:00

លោក ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ហៅ​កាត់​ថា និកហ្វិច (NICFEC) បាន​ដាក់​ពាក្យ​សុំ​ធ្វើ​ជា​សមាជិក​ទី​៩ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប)។ លោក​សន្យា​នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​បោះ​ឆ្នោត​ដើម្បី​កែទម្រង់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ឲ្យ​មាន​លក្ខណៈ​សេរី និង​យុត្តិធម៌។

លោក ហង្ស ពុទ្ធា បញ្ជាក់​ថា បទពិសោធន៍​ការងារ​រយៈពេល ១៧​ឆ្នាំ ពាក់ព័ន្ធ​ផ្នែក​សង្គម និង​ការ​បោះ​ឆ្នោត នឹង​ផ្តល់​លទ្ធភាព​ឲ្យ​លោក​ជួយ​ធ្វើ​កំណែទម្រង់​ផ្នែក​បោះឆ្នោត​នៅ​កម្ពុជា។

​បច្ចុប្បន្ននេះ មាន​បេក្ខជន​ចំនួន ៥០​នាក់ បាន​បំពេញ​លិខិត​សុំ​ធ្វើ​ជា​សមាជិក គ.ជ.ប ប៉ុន្តែ​មាន​តែ​ចំនួន ៣​នាក់​តែប៉ុណ្ណោះ ដែល​បាន​បំពេញ​ពាក្យ​សុំ​រួចរាល់ ហើយ​បាន​ប្រគល់​ជូន​រដ្ឋ​សភា​វិញ។

រដ្ឋ​សភា​គ្រោង​នឹង​ពិនិត្យ​និង​អនុម័ត​សមាជិក គ.ជ.ប ថ្មី​ចំនួន ៩​នាក់ គឺ ៤​នាក់​តំណាង​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា និង ៤​នាក់​ទៀត​តំណាង​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ និង​ម្នាក់​ទៀត​ជា​បេក្ខជន​ឯករាជ្យ។

លោក ហ៊ុន សែន និង​លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​អង្គារ ទី​៣១ មីនា បាន​ឯកភាពគ្នា​ជ្រើស​រើសយក​លោក ហង្ស ពុទ្ធា នាយក​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ហៅ​ថា និកហ្វិច ធ្វើ​ជា​បេក្ខភាព​ទី​៩ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត។

​ទោះបីជា​យ៉ាង​ណា​ក្តី លោក ហង្ស ពុទ្ធា បញ្ជាក់​ថា មក​ទល់​នឹង​យប់​ថ្ងៃ​ទី​៣១ មីនា លោក​មិន​ទាន់​ទទួល​បាន​លិខិត​ជា​ផ្លូវការ​ណា​មួយ​ពី​គណបក្ស​ទាំង​ពីរ​ទទួល​យក​បេក្ខភាព​លោក​នៅ​ឡើយ​ទេ ប៉ុន្តែ​លោក​បាន​ត្រៀម​ខ្លួន​ជាស្រេច​ហើយ ប្រសិនបើ​បេក្ខភាព​របស់​លោក​ត្រូវ​បាន​គណបក្ស​ទាំង​ពីរ​ទទួល​យក៖ «ប្រសិនបើ​ខ្ញុំ​មាន​ឱកាស​ធ្វើការ​នៅ​ក្នុង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ខ្ញុំ​គិត​ថា ខ្ញុំ​ជា​អ្នក​រួម​ចំណែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ចូលរួម​ឲ្យ​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា ឲ្យ​មាន​លក្ខណៈ​ល្អ​ប្រសើរ»

​លោក​អះអាង​ថា ថ្វីត្បិតតែ​ច្បាប់​បោះ​ឆ្នោត និង​ច្បាប់​រៀបចំ គ.ជ.ប មាន​លក្ខណៈ​ចន្លោះ​ប្រហោង​ក៏ដោយ ក៏​លោក​សង្ឃឹម​ថា សមាជិក គ.ជ.ប អាច​នឹង​ប្រឹងប្រែង​ធ្វើ​កំណែ​ទម្រង់​បន្ថែម​ទៀត​ដើម្បី​ឲ្យ​ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌៖ «ខ្ញុំ​ផ្ដើម​ចេញ​ពី​ការ​តស៊ូ​មតិ។ ច្បាប់​ក្រុម​មនុស្ស​ជា​អ្នក​បង្កើត ក្រុម​មនុស្ស​ក៏​ជា​អ្នក​ធ្វើ​កំណែទម្រង់​ដើម្បី​ធ្វើ​ឲ្យ​ច្បាប់​មួយ​ល្អ ​មិនមែន​កំណែ​ទម្រង់​ទេ គឺ​ត្រូវ​កំណែ​ទម្រង់​រហូត»

​ចំណែក​លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​ថា ខុមហ្វ្រែល (COMFREL) ដែល​កន្លង​មក​ធ្លាប់​បង្ហាញ​ការ​ចាប់​អារម្មណ៍​ធ្វើ​សមាជិក គ.ជ.ប ទី​៩ បញ្ជាក់​ថា លោក​មិន​បាន​ដាក់​ពាក្យ​ធ្វើ​ជា​សមាជិក​ថ្មី​ឡើយ ដោយសារ​តែ​គណបក្ស​នយោបាយ​ទាំង​ពីរ​មិន​បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​លើ​បេក្ខភាព​របស់​លោក។ ទោះបីជា​យ៉ាង​ណា​ក៏ដោយ លោក​ស្វាគមន៍​បេក្ខភាព​លោក ហង្ស ពុទ្ធា ដែល​មាន​បទពិសោធន៍​ច្រើន​ក្នុង​កិច្ច​ការងារ​បោះឆ្នោត៖ «លោក ពុទ្ធា គាត់​យល់​កិច្ចការ​បោះឆ្នោត​ដែរ ខ្ញុំ​គិត​ថា គាត់​អាច​ចូលរួម​កិច្ចការ​នេះ​បាន»

បច្ចុប្បន្ន​នេះ លោក ហង្ស ពុទ្ធា មាន​វ័យ ៤៩​ឆ្នាំ។ លោក​ទទួល​បាន​បណ្ឌិត​ផ្នែក​ច្បាប់​ពី​សកល​វិទ្យាល័យ​មួយ​នៅ​សហព័ន្ធ​រុស្ស៊ី កាល​ពី​ឆ្នាំ​២០០០។ ដោយ​ឡែក​ផ្នែក​ភាសា​វិញ លោក​អាច​និយាយ​ភាសា​អង់គ្លេស វៀតណាម និង​រុស្ស៊ី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។