សមាគម​ខ្មែរ​នៅ​បារាំង​ និង​នៅ​កម្ពុជា​គ្រោង​ធ្វើ​ពិធី​បុណ្យ​នំ​បញ្ចុក​សាមគ្គី

ដោយ សេក បណ្ឌិត
2019.05.19
ស្ដាប់ ឬ​ទាញ​យក​សំឡេង នំបញ្ចុក
RFA

សមាគម​ខ្មែរ​នៅ​ប្រទេស​បារាំង ឬ​ហៅ​កាត់​ថា (PSN-France) គ្រោង​ធ្វើ​ពិធីបុណ្យ​នំ​បញ្ចុក​ខ្មែរ ជា​លើក​ទី​៣ ដើម្បី​រក្សា​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​ពី​បុរាណ និង​ដើម្បី​បញ្ជាក់​ថា ខ្មែរ​នៅ​មាន​សាមគ្គី​គ្នា​ល្អ ទោះជា​នៅ​ទី​ណា​ក៏ដោយ និង​ដើម្បី​បញ្ជាក់​ថា ពិធីបុណ្យ​នេះ គឺជា​ប្រពៃណី មិនមែន​ជា​រឿង​នយោបាយ​អ្វី​នោះ​ឡើយ

អគ្គលេខាធិការ​សហគមន៍​ខ្មែរ​នៅ​ប្រទេស​បារាំង លោក ព្រុំ រ័ត្ន ប្រាប់​អាស៊ីសេរី នៅ​យប់​ថ្ងៃ​អាទិត្យ ទី១៩ ឧសភា​ថា ពិធី​នេះ​នឹង​ធ្វើ​នៅ​ទី​៩ មិថុនា​ខាងមុខ ដោយ​ធ្វើ​ព្រម​គ្នា​គ្រប់​ទីតាំង​ក្នុង​ប្រទេស​នៅ​លើ​ពិភពលោក ដែល​មាន​ពលរដ្ឋ​ខ្មែរ​រស់នៅ និង​នៅ​តាម​ភូមិ​ស្រុក​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា ក្នុង​ន័យ​បង្កើន​សាមគ្គីភាព លើក​តម្កើង​អាហារ​ ដែល​ជា​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ។ លោក​បន្ត​ថា សម្រាប់​នៅ​ក្នុង​ស្រុក​ខ្មែរ អាច​មាន​ការ​លំបាក​ជួបជុំគ្នា​បន្តិច ដោយសារ​ថ្មីៗ ​នេះ អាជ្ញាធរ​ចោទ​ប្រកាន់ ថា ការ​ជួបជុំ​ពិសា​នំ​បញ្ចុក​រួមគ្នា​នេះ មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ៖ «ពិធីបុណ្យ​នំ​បញ្ចុក​នេះ​ធ្វើ​មួយ​ឆ្នាំ​ម្តង ទាំង​នៅ​ក្នុង​ស្រុក​ខ្មែរ នៅ​បារាំង និង​គ្រប់​ប្រទេស​ទាំងអស់​ឱ្យ​ទីណា​ដែល​មាន​ខ្មែរ ហើយ​បុណ្យ​នំ​បញ្ចុក​នេះ​មិនមែន​ធ្វើជា​លក្ខណៈ​នយោបាយ គឺ​យើង​ធ្វើ​ដើម្បី​បង្ហាញ​ថា ខ្មែរ​យើង​ចេះ​សាមគ្គី​គ្នា បាន​ជួបជុំ​ជជែក​គ្នា​ពី​បញ្ហា​គ្រួសារ បញ្ហា​ស្រុកទេស​របស់​យើង ឬក៏​បញ្ហា​អ្វី​ដទៃ​ទៀត»។

អាស៊ីសេរី ពុំ​ទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ ដើម្បី​សុំ​បញ្ជាក់​ជុំវិញ​បញ្ហា​នេះ​បានទេ កាលពី ថ្ងៃអាទិត្យ ទី​១៩ ឧសភា​។​

ទោះយ៉ាងណា សហគមន៍​ខ្មែរ​នៅ​ប្រទេស​បារាំង ចង់​ឱ្យ​អាជ្ញាធរ​កម្ពុជា យល់​អំពី​ខ្លឹមសារ នៃ​ពិធីបុណ្យ​នំ​បញ្ចុក​ខ្មែរ និង​បើក​សិទ្ធិ​ឱ្យ​ទូលាយ​ដល់​ពលរដ្ឋ​ខ្មែរ​ក្នុងស្រុក ចូលរួម​ពិធី​នេះ​ដោយ​សប្បាយ​រីករាយ​គ្រប់​ទីកន្លែង និង​ដោយ​គ្មាន​ការ​រិត​ត្បិត។

សេចក្តីប្រកាស​ព័ត៌មាន របស់​សមាគម​ខ្មែរ​នៅ​ប្រទេស​បារាំង ឱ្យ​ដឹងថា ពិធី​នេះ នឹង​ផ្តើម​ធ្វើ នៅ​វត្ត​ពោធិវង្ស ជាយ​ទីក្រុង​បារីស។

លោក ព្រុំ រ័ត្ន បញ្ជាក់ថា ពិធីបុណ្យ​នំ​បញ្ចុក​ខ្មែរ លើក​ទី​៣​នេះ នឹង​ធ្វើ​ធំដុំ ជាង​ឆ្នាំមុន​ទៅទៀត។

ទិវា​នំ​បញ្ចុក​ខ្មែរ ឬ​ពិធីបុណ្យ​នំ​បញ្ចុក​សាមគ្គី​នេះ ក្រៅតែពី​ចង់​លើកតម្កើង​អាហារ​ដែលជា​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​នោះ ក៏​ចង់​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង ​និង​ក្រៅ​ប្រទេស មាន​ឱកាស​រឹតចំណង​មេត្រីភាព​រវាង​ខ្មែរ និង​ខ្មែរ ឱ្យ​បាន​រឹងមាំ។

កាលពី​ឆ្នាំទៅ​ពិធី​នេះ បាន​ប្រារព្ធ​ធ្វើឡើង​នៅ​វត្ត​ខ្មែរ ចន្ទ​រង្ស៊ី ក្រុង​ប៉ារីស ចំណែក​សហគមន៍​ខ្មែរ​នៅក្នុង​ស្រុក បានធ្វើ​នៅ​ទីតាំង​ប្រមាណ ១០​កន្លែង ក្នុង​ខេត្ត​ចំនួន​៣ គឺ​ខេត្តបាត់ដំបង មាន ​៦​កន្លែង ដូចជា​នៅ​ក្រុង​បាត់ដំបង សង្កាត់​អូរចារ ស្រុក​សង្កែ ស្រុក​មោងឬស្សី ស្រុក​រុក្ខគិរី និង​ស្រុក​គាស់ក្រឡ។

ចំណែក ​៤​កន្លែង​ផ្សេងទៀត គឺ​ធ្វើ​នៅ​ខេត្តកំពង់ស្ពឺ និង​ខេត្តកំពង់ឆ្នាំ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។