គណបក្សកម្លាំងជាតិស្នើឱ្យសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងជប៉ុនជួយជំរុញរដ្ឋាភិបាលកម្ពុជាឱ្យគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ ខណៈបច្ចុប្បន្ន សកម្មជននយោបាយ អ្នកការពារសិទ្ធិមនុស្ស និងសកម្មជនបរិស្ថាន ត្រូវបានអាជ្ញាធរកម្ពុជាចាប់ឃុំខ្លួនដាក់ពន្ធនាគារជាបន្តបន្ទាប់ ពាក់ព័ន្ធរឿងនយោបាយ។ ការស្នើនេះធ្វើឡើងក្នុងពេលមន្ត្រីបក្សប្រឆាំងនេះបានជួបជាមួយមន្ត្រីស្ថានទូតទាំងនោះ។
គណបក្សកម្លាំងជាតិលើកឡើងថា ក្រោយជំនួបពិភាក្សាអំពីស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ជាមួយនឹងបណ្ដាប្រទេសលោកសេរី កាលពីពេលថ្មីៗ នេះរួចមក សង្ឃឹមថា មន្ត្រីស្ថានទូតទាំងនោះ នឹងជួយឃ្លាំមើល និងជំរុញឱ្យរដ្ឋាភិបាលកម្ពុជា បើកលំហសិទ្ធិសេរីភាពនយោបាយដល់គណបក្សប្រឆាំង និងដោះលែងអ្នកទោសនយោបាយ ទាំងអស់ឱ្យមានសេរីភាពឡើងវិញ។
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៥ ខែមករាថា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមករានេះ លោក និងសមាជិកបក្សកម្លាំងជាតិ បានជួបជាមួយស្ថានទូតសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងស្ថានទូតជប៉ុនជាបន្តបន្ទាប់ដើម្បីពិភាក្សាអំពីស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា។ ក្នុងជំនួបនោះ លោកបានលើកឡើងពីការយាយីពីសំណាក់អាជ្ញាធរពាក់ព័ន្ធ មកលើបក្សកម្លាំង ជាពិសេស ប្រធានគណបក្សលោក ស៊ុន ចន្ធី ត្រូវបានហាមមិនឱ្យធ្វើនយោបាយអស់មួយជីវិត ហើយសមាជិកដទៃទៀត ត្រូវរងការចោទប្រកាន់ និងចាប់ខ្លួនដាក់ពន្ធនាគារ ជាបន្តបន្ទាប់។
បន្ថែមពីនោះ លោក រ៉ុង ឈុន ក៏បានស្នើសុំឱ្យសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងស្ថានទូតជប៉ុនជួយជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ងាកមកស្ដារប្រជាធិបតេយ្យ និងដោះលែង អ្នកទោសនយោបាយ ទាំងអស់ឱ្យមានសេរីភាពឡើងវិញ។ លោកបានលើកឡើងអំពីក្ដីបារម្ភថា បច្ចុប្បន្នកម្ពុជាកំពុងតែដើរធាក់ថយក្រោយផ្នែកប្រជាធិបតេយ្យ មានការរឹតត្បិតសិទ្ធិសេរីភាព ការធ្វើទុក្ខបុកម្នេញ មកលើមន្ត្រីបក្សប្រឆាំងកាន់តែកើនឡើង ដែលធ្វើឱ្យពលរដ្ឋ អ្នកការពារសិទ្ធិមនុស្ស និងសកម្មជនបរិស្ថានពិបាកចូលរួមក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច និង សង្គមជាដើម។
លោក រ៉ុង ឈុន៖ «អ៊ីចឹងយើងជម្រាបប្រាប់គាត់ប្រសិនបើបញ្ហាហ្នឹងនៅតែកើតមាន ការបោះឆ្នោតនៅពេលខាងមុខពិបាកធ្វើការវាយតម្លៃនៅដំណើរការបោះឆ្នោត។ ដំណើរការបោះឆ្នោត ល្អប្រសើរទៅបានលុះត្រាចាប់ពីពេលនេះទៅ មាននូវភាពរលូន មាននូវការលំហសេរីភាពនឹងបានល្អប្រសើរ»។
ទាក់ទិនរឿងនេះ វិទ្យុអាស៊ីសេរីពុំអាចទាក់ទងតំណាងមន្ត្រីស្ថានទូតអាមេរិក សហភាពអឺរ៉ុប និងជប៉ុន ប្រចាំនៅកម្ពុជា ដើម្បីបញ្ជាក់បន្ថែមជុំវិញរឿងនេះបានទេ នៅថ្ងៃទី១៥ ខែមករា។ ទោះជាយ៉ាងណា នៅក្នុងជំនួបជាមួយមន្ត្រីបក្សកម្លាំងជាតិនោះ តំណាងមន្ត្រីស្ថានទូតទាំងនោះ បានទទួលសំណើរបស់មន្ត្រីបក្សកម្លាំងជាតិ ហើយពួកគេបង្ហាញគោលជំហរថា នឹងបន្តឃ្លាំមើលពីបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជាឱ្យបានដិតដល់បន្ថែមទៀត។
វិទ្យុអាស៊ីសេរីពុំអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន ប៉ូណា ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេ នៅថ្ងៃទី១៥ ខែមករា ដោយហៅទូរស័ព្ទចូលតែគ្មានអ្នកទទួល។ រីឯអ្នកនាំពាក្យគណបក្សប្រជាកម្ពុជា លោក សុខ ឥសាន្ត បានបដិសេធពុំឆ្លើយតបរឿងនេះទេ។
អ្នកឃ្លាំមើលសង្កេតឃើញថា រយៈពេលចុងក្រោយនេះ សន្ទុះនៃអ្នកគាំទ្រ គណបក្សកម្លាំងជាតិ មានការកើនឡើងជាបន្តបន្ទាប់ ខណៈការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរក្រុងភ្នំពេញក៏កាន់តែបន្តកើតមានជាហូរហែ។ ជាក់ស្ដែងថ្មីៗនេះ តុលាការផ្ដន្ទាទោស ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី ដាក់ពន្ធនាគារ២ឆ្នាំ និងបិទសិទ្ធិធ្វើនយោបាយអស់មួយជីវិត។ ចំណែក មន្ត្រីមួយចំនួនទៀត រងបណ្ដឹងនៅតុលាការ ហើយ ខុទ្ទកាល័យ និងជាទីស្នាក់ការកណ្ដាល របស់គណបក្សកម្លាំងជាតិ ស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ក៏ត្រូវបង្ខំចិត្ត រុះរើចេញបន្ទាប់ពីម្ចាស់ផ្ទះរងនូវការគំរាមកំហែងពីអាជ្ញាធរក្រុងភ្នំពេញ។
ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក (ADHOC) លោក នី សុខា ប្រាប់វិទ្យុអាស៊ីសេរីថា ជំនួបរវាងមន្ត្រីគណបក្សកម្លាំងជាតិ និងមន្ត្រីស្ថានទូត សហរដ្ឋអាមេរិក និង សហភាពអឺរ៉ុប ជាដើមនេះគឺជារឿងល្អ។ លោកបន្តថា បច្ចុប្បន្ននេះស្ថានភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា គឺកាន់តែ អាក្រក់ ដូច្នេះពិតជាសំខាន់ណាស់ ដែលស្ថានទូតទាំងនោះ ត្រូវតែជំរុញនិងលើកទឹកចិត្តឱ្យរដ្ឋាភិបាលកម្ពុជា ងាកមកស្ដារប្រជាធិបតេយ្យឡើងវិញ។
លោក នី សុខា៖«ខ្ញុំយល់ថាឋពេលនេះស្ថានទូតទាំងអស់គួរតែមានការជំរុញបន្ថែមទៀត និងមានការចូលរួមលើកទឹកចិត្តផងដែរ ធ្វើម៉េចឱ្យរដ្ឋាភិបាលកម្ពុជាហ្នឹង ងាកមកស្ដារឡើងវិញនូវប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សហ្នឹង។»
អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយលើកឡើងថា នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត គួរបញ្ឈប់ការធ្វើទុក្ខបុកម្នេញមកលើសកម្មជននយោបាយ អ្នកការពារសិទ្ធិមនុស្ស សកម្មជនដីធ្លី និងសកម្មជនបរិស្ថានជាដើម តាមរយៈ ការស្ដារប្រជាធិបតេយ្យឡើងវិញ។ ពួកគាត់ថា ការធ្វើទុក្ខបុកម្នេញគ្នានេះ ធ្វើឱ្យកម្ពុជារងការរិះគន់ខ្លាំង ពីសំណាក់សហគមន៍អន្តរជាតិ និងរងការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ច ពីបណ្ដាប្រទេសលោកសេរីថែមទៀត ខណៈពលរដ្ឋកំពុងតែ ជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរស្រាប។
ជាមួយគ្នានេះ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៤ សភាសហភាពអឺរ៉ុប បានជំរុញឱ្យរដ្ឋសមាជិកសហភាពអឺរ៉ុប និងសហគមន៍អន្តរជាតិ ចាត់វិធានការដាក់ទណ្ឌកម្មឱ្យមានប្រសិទ្ធភាពលើក្រុមមនុស្ស ដែលទទួលខុសត្រូវលើការរឹតត្បិតផ្នែកនយោបាយ និងដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា រហូតទាល់តែអ្នកទោសនយោបាយទាំងអស់ ត្រូវបានដោះលែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។