គណបក្ស​កម្លាំង​ជាតិ​ធ្វើ​បុណ្យខួប​៧​ថ្ងៃ​ឧទ្ទិស​កុសល​ជូន​លោក លិម គិមយ៉ា និង​ទាមទារ​យុត្តិធម៌

0:00 / 0:00

គណបក្ស​កម្លាំង​ជាតិ​រៀបចំ​ពិធី​បុណ្យខួប​៧​ថ្ងៃ ដើម្បី​គោរព​វិញ្ញាណក្ខន្ធ និង​ឧទ្ទិស​បុណ្យ​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​របស់​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក លិម គិមយ៉ា ព្រមទាំង​ថ្លែង​សារ​ទាមទារ​ឱ្យ​នរណា​អាជ្ញាធរ​ស៊ើបអង្កេត​ករណីនេះ​ដោយ​ហ្មត់ចត់​ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ។

នៅ​ថ្ងៃ​ច័ន្ទ​ទី​១៣ ខែ​មករា គឺជា​ខួប​គម្រប់​៧​ថ្ងៃ របស់​សព​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​លោក លិម គិមយ៉ា ដែល​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ។ ថ្នាក់ដឹកនាំ និង​សមាជិក​គណបក្ស​កម្លាំង​ជាតិប្រមាណ​៥០​នាក់ មកពី​ទី​ជិត​ឆ្ងាយ​បាន​រៀបចំ​ពិធីបុណ្យ​នេះ ដោយ​និមន្ត​ព្រះសង្ឃ​បង្សុកូល​ឧទ្ទិស​កុសល​ជូន​លោក។

«យើងខ្ញុំ​ព្រះករុណា​ទាំងឡាយ សូម​វេរ​ជូន​វិញ្ញាណក្ខន្ធ​ឯកឧត្តម លិម គិមយ៉ា»។

អ្នកចូលរួម​កម្មវិធី​បុណ្យ​រយៈពេល​មួយ​ព្រឹក នៅ​ទីស្នាក់ការ​គណបក្ស​កម្លាំង​ជាតិ​ស្ថិត​ក្នុង​សង្កាត់​ឫស្សីកែវ រាជធានី​ភ្នំពេញ ក៏បាន​រៀបចំ​ពិធី​ដាក់​កម្រងផ្កា និង​គោ​ព​វិញ្ញាណក្ខន្ធ​នៅមុខ​រូបថត​លោក លិម គិមយ៉ា ដែរ។

​ប្រធាន​ស្តីទី​គណបក្ស​កម្លាំង​ជាតិ​លោក ជា មុនី ដែល​បងប្រុស​បង្កើត​របស់​លោក គឺ​លោក ជា វិជ្ជា ត្រូវ​បាន​ឃាតក​បាញ់សម្លាប់​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ កាលពី​ឆ្នាំ​២០០៤ ថ្លែង​សារ​ទៅកាន់​អ្នកចូលរួម​ថា លោក​គោរព​វីរភាព​របស់​លោក លិម គិមយ៉ា ដែល​តស៊ូ​លះបង់​ក្នុង​បុព្វហេតុ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ លោក ជា មុនី កត់សម្គាល់​ថា កន្លង​មក​ករណី​ឃាតកម្ម​លើ​អ្នកនយោបាយ​បក្ស​ប្រឆាំង ភាគច្រើន​អ្នក​ប្រព្រឹត្ត​មិន​ត្រូវ​បាន​រក​ឃើញ ឬ​ចាប់ខ្លួន​យក​មក​ផ្ដន្ទាទោស​តាមច្បាប់​នោះ​ឡើយ។

«កន្លងទៅ​គាត់​ធ្វើ​កិច្ចការងារ​ដ៏​សំខាន់​សម្រាប់​អ្នក​ប្រជាធិបតេយ្យ​ទាំងអស់​ក្នុង​ការ​យក​គម្រូ​តាម ជា​ការ​ពិតហើយ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​ដើម្បី​បាន​ប្រជាធិបតេយ្យ​ពិតប្រាកដ អ្នក​ប្រជាធិបតេយ្យ​បាន​លះបង់​ច្រើនណាស់ សាច់​ស្រស់ ឈាម​ស្រស់​ដោយ​ស្លាប់ ជាប់គុក រត់ចោលស្រុក​ជាដើម»។

ជាមួយ​គ្នា​នេះ ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​លោក រ៉ុង ឈុន លើកឡើង​ថា គណបក្ស​កម្លាំង​ជាតិ​ធ្វើ​ពិធី​បុណ្យខួប​៧​ថ្ងៃ​ជូន​សព​លោក លិម គិមយ៉ា នៅពេលនេះ ដើម្បី​ឧទ្ទិស​បុណ្យ​កុសល រួម​ទាំង​បង្ហាញ​អំពី​ទឹកចិត្ត​រំលឹក​ដឹងគុណ​ចំពោះ​លោក លិម គិមយ៉ា ក្នុងនាម​ជា​អ្នកតស៊ូ​ស្មោះត្រង់​នឹង​ជាតិ ដោយ​ឥត​ងាករេ​កន្លងមក​។ លោក​ចាត់ទុក​ការបាត់បង់​លោក លិម គិមយ៉ា គឺជា​ការបាត់បង់​ធនធានមនុស្ស​ដ៏​ឆ្នើម​ម្នាក់ តែង​រក្សា​ជំហរ​នយោបាយ​រឹងមាំ​ចូលរួម​កិច្ច​ការងារ​សង្គម និង​លើកកម្ពស់​ប្រជាធិបតេយ្យ​ជា​បន្តបន្ទាប់​។ លោក រ៉ុង ឈុន បញ្ជាក់​ថា គណបក្ស​កម្លាំង​ជាតិ​មិន​ចង់​ឃើញ​មាន​អំពើ​ហិង្សា ឬ​ឃាតកម្ម ឃោរឃៅ​បែបនេះ​កើត​ទៅលើ​អ្នកនយោបាយ និង​សកម្មជន​សង្គម​នោះ​ទេ ហើយ​លោក​ជឿ​ថា បើសិនជា​អាជ្ញាធរ​ទាំ​អស់​មាន​ឆន្ទៈ​បើក​ការស៊ើបអង្កេត​ស្វែងរក​ការពិត និង​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ នោះ​អ្នក​ពាក់ព័ន្ធ​នឹង​គេច​មិន​ផុត​ពី​សំណាញ់​ច្បាប់​ឡើយ។

«ឱ្យ​តែ​អ្នក​ប្រជាធិបតេយ្យ ទោះបីជា​មិន​នៅ​ជាមួយ​គណបក្ស​យើង​ក៏ដោយ ក៏​យើង​ឱ្យ​តម្លៃ យើង​គោរព ពីព្រោះ​យើង​ជា​អ្នក​ប្រជាធិបតេយ្យ​ដូចគ្នា ហើយ​យើង​កោតសរសើរ​នូវ​វីរភាព​របស់​គាត់ លះបង់​ចូលរួម​ជួយ​ដល់​សង្គមជាតិ​យើង ប៉ុន្តែ​បច្ច័យ​អាក្រក់​ឃាតក​បាន​ឆក់​យក​ជីវិត​របស់​គាត់»។

ក្រៅពី​គណបក្សប្រឆាំង​នៅក្នុង​ប្រទេស​នេះ សហគមន៍​ខ្មែរ​នៅ​តាម​បណ្តាល​ទីក្រុង​ធំៗ​មួយចំនួន នៃ​សហរដ្ឋអាមេរិក (USA) និង​ប្រទេស​កាណាដា (Canada)​ជាដើម នៅ​ថ្ងៃទី​១២ ខែមករា បាន​ជួបជុំ​នៅ​តាម​វត្ត​ធ្វើបុណ្យ ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​លោក លិម គិមយ៉ា ដែរ​។ អ្នកចូលរួម​បាន​បង្ហាញ​អារម្មណ៍​ក្តុកក្តួល និង​ឈឺចាប់ ដោយ​ពួកគាត់​ចាត់ទុក​ការ​បាញ់​សម្លាប់​លើ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ថា ជា​ឃាតកម្ម​នយោបាយ​ដ៏​ព្រៃផ្សៃ។

​ពលរដ្ឋ​ខ្មែរ​ម្នាក់​នៅ​ទីក្រុង​ឡុងប៊ិច (Long Beach) ​នៃ​រដ្ឋ​កាលីហ្វរញ៉ា (California) ​សហរដ្ឋអាមេរិក លោកស្រី ហិន ជា ថ្កោលទោស​ចំពោះ​អំពើ​ឃាតកម្ម​យ៉ាង​ព្រៃផ្សៃ​លើ​លោក លិម គិមយ៉ា ដែល​ជា​អ្នកនយោបាយ​តស៊ូ​តាម​បែប​ប្រជាធិបតេយ្យ។ លោកស្រី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​អំពើ​ឃាតកម្ម​លើ​លោក លិម គិមយ៉ា និង​អ្នកស្នេហាជាតិ​ផ្សេងទៀត​។ លោកស្រី អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ត្រូវ​រួមគ្នា ងើប​ប្រឆាំង​អំណាច​គ្រួសារ​ត្រកូល​ហ៊ុន ទើប​ពលរដ្ឋ​ខ្មែរ​ទាំងអស់​រួចផុត​ពី​ទុក្ខ​ភ័យ។

លោកស្រី ហិន ជា៖ «មានតែ​របប​ត្រ​កូន​ហ៊ុន​ដែល​ក្បត់ជាតិ ប្លន់​ជាតិ លួចជាតិ ដែល​សម្លាប់ ចា៎​សូម​អរគុណ ខ្ញុំ​សូម​ឱ្យ​បងប្អូន​ខ្មែរ​ទាំងអស់​រួបរួម សូម​ឱ្យ​មាន​សុខ​ភាពល្អ ប្រឆាំង​នឹង​របប​កុម្មុយនិស្ត​ហ៊ុន សែន»។

លោក លិម គិមយ៉ា មាន​អាយុ​ ៧៤ឆ្នាំ ជា​អតីត​តំណាងរាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​កំពង់ធំ។

​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​កំពង់ធំ​ដែរ​នោះ គឺ​លោក ម៉ែន សុថាវរិន្ទ្រ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា សព​លោក លិម គិមយ៉ា ដឹក​ចេញពី​ទីក្រុង​បាងកក ប្រទេស​ថៃ​នៅ​ថ្ងៃទី​១៣ ខែមករា តាមរយៈ​ជើងហោះហើរ​ត្រង់​ទៅ​ដល់​ទីក្រុង​ប៉ារីស ប្រទេស​បារាំង នៅ​ថ្ងៃទី​១៤ ខែ​មករា។

​មន្ត្រី​គណបក្ស​កម្លាំង​ជាតិ​បញ្ជាក់​ថា ថ្វីបើ​រូប​កាយ​របស់​លោក លិម គិមយ៉ា បាន​ឃ្លាតឆ្ងាយ​ទៅ​ក្ដី សកម្មភាព និង​ការ​តស៊ូ​នយោបាយ​របស់​លោក លិម គិមយ៉ា នឹង​ស្ថិត​ក្នុង​ការ​ចងចាំ​របស់​អ្នក​ប្រជាធិបតេយ្យ​និយម ព្រមទាំង​ដាស់តឿន​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​ស្រឡាញ់​យុត្តិធម៌​បន្ត​ប្ដេជ្ញាចិត្ត​តស៊ូ​ពុះពារ​ឆ្ពោះ​ទៅ​មុខ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។