គណបក្សកម្លាំងជាតិរៀបចំពិធីបុណ្យខួប៧ថ្ងៃ ដើម្បីគោរពវិញ្ញាណក្ខន្ធ និងឧទ្ទិសបុណ្យកុសលជូនដល់វិញ្ញាណក្ខន្ធរបស់អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក លិម គិមយ៉ា ព្រមទាំងថ្លែងសារទាមទារឱ្យនរណាអាជ្ញាធរស៊ើបអង្កេតករណីនេះដោយហ្មត់ចត់ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។
នៅថ្ងៃច័ន្ទទី១៣ ខែមករា គឺជាខួបគម្រប់៧ថ្ងៃ របស់សពអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក លិម គិមយ៉ា ដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នៅទីក្រុងបាងកក ប្រទេសថៃ។ ថ្នាក់ដឹកនាំ និងសមាជិកគណបក្សកម្លាំងជាតិប្រមាណ៥០នាក់ មកពីទីជិតឆ្ងាយបានរៀបចំពិធីបុណ្យនេះ ដោយនិមន្តព្រះសង្ឃបង្សុកូលឧទ្ទិសកុសលជូនលោក។
«យើងខ្ញុំព្រះករុណាទាំងឡាយ សូមវេរជូនវិញ្ញាណក្ខន្ធឯកឧត្តម លិម គិមយ៉ា»។
អ្នកចូលរួមកម្មវិធីបុណ្យរយៈពេលមួយព្រឹក នៅទីស្នាក់ការគណបក្សកម្លាំងជាតិស្ថិតក្នុងសង្កាត់ឫស្សីកែវ រាជធានីភ្នំពេញ ក៏បានរៀបចំពិធីដាក់កម្រងផ្កា និងគោពវិញ្ញាណក្ខន្ធនៅមុខរូបថតលោក លិម គិមយ៉ា ដែរ។
ប្រធានស្តីទីគណបក្សកម្លាំងជាតិលោក ជា មុនី ដែលបងប្រុសបង្កើតរបស់លោក គឺលោក ជា វិជ្ជា ត្រូវបានឃាតកបាញ់សម្លាប់នៅកណ្តាលទីក្រុងភ្នំពេញ កាលពីឆ្នាំ២០០៤ ថ្លែងសារទៅកាន់អ្នកចូលរួមថា លោកគោរពវីរភាពរបស់លោក លិម គិមយ៉ា ដែលតស៊ូលះបង់ក្នុងបុព្វហេតុប្រជាធិបតេយ្យនៅកម្ពុជា។ លោក ជា មុនី កត់សម្គាល់ថា កន្លងមកករណីឃាតកម្មលើអ្នកនយោបាយបក្សប្រឆាំង ភាគច្រើនអ្នកប្រព្រឹត្តមិនត្រូវបានរកឃើញ ឬចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់នោះឡើយ។
«កន្លងទៅគាត់ធ្វើកិច្ចការងារដ៏សំខាន់សម្រាប់អ្នកប្រជាធិបតេយ្យទាំងអស់ក្នុងការយកគម្រូតាម ជាការពិតហើយប្រជាធិបតេយ្យនៅប្រទេសកម្ពុជាដើម្បីបានប្រជាធិបតេយ្យពិតប្រាកដ អ្នកប្រជាធិបតេយ្យបានលះបង់ច្រើនណាស់ សាច់ស្រស់ ឈាមស្រស់ដោយស្លាប់ ជាប់គុក រត់ចោលស្រុកជាដើម»។
ជាមួយគ្នានេះ ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន លើកឡើងថា គណបក្សកម្លាំងជាតិធ្វើពិធីបុណ្យខួប៧ថ្ងៃជូនសពលោក លិម គិមយ៉ា នៅពេលនេះ ដើម្បីឧទ្ទិសបុណ្យកុសល រួមទាំងបង្ហាញអំពីទឹកចិត្តរំលឹកដឹងគុណចំពោះលោក លិម គិមយ៉ា ក្នុងនាមជាអ្នកតស៊ូស្មោះត្រង់នឹងជាតិ ដោយឥតងាករេកន្លងមក។ លោកចាត់ទុកការបាត់បង់លោក លិម គិមយ៉ា គឺជាការបាត់បង់ធនធានមនុស្សដ៏ឆ្នើមម្នាក់ តែងរក្សាជំហរនយោបាយរឹងមាំចូលរួមកិច្ចការងារសង្គម និងលើកកម្ពស់ប្រជាធិបតេយ្យជាបន្តបន្ទាប់។ លោក រ៉ុង ឈុន បញ្ជាក់ថា គណបក្សកម្លាំងជាតិមិនចង់ឃើញមានអំពើហិង្សា ឬឃាតកម្ម ឃោរឃៅបែបនេះកើតទៅលើអ្នកនយោបាយ និងសកម្មជនសង្គមនោះទេ ហើយលោកជឿថា បើសិនជាអាជ្ញាធរទាំអស់មានឆន្ទៈបើកការស៊ើបអង្កេតស្វែងរកការពិត និងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ នោះអ្នកពាក់ព័ន្ធនឹងគេចមិនផុតពីសំណាញ់ច្បាប់ឡើយ។
«ឱ្យតែអ្នកប្រជាធិបតេយ្យ ទោះបីជាមិននៅជាមួយគណបក្សយើងក៏ដោយ ក៏យើងឱ្យតម្លៃ យើងគោរព ពីព្រោះយើងជាអ្នកប្រជាធិបតេយ្យដូចគ្នា ហើយយើងកោតសរសើរនូវវីរភាពរបស់គាត់ លះបង់ចូលរួមជួយដល់សង្គមជាតិយើង ប៉ុន្តែបច្ច័យអាក្រក់ឃាតកបានឆក់យកជីវិតរបស់គាត់»។
ក្រៅពីគណបក្សប្រឆាំងនៅក្នុងប្រទេសនេះ សហគមន៍ខ្មែរនៅតាមបណ្តាលទីក្រុងធំៗមួយចំនួន នៃសហរដ្ឋអាមេរិក (USA) និងប្រទេសកាណាដា (Canada)ជាដើម នៅថ្ងៃទី១២ ខែមករា បានជួបជុំនៅតាមវត្តធ្វើបុណ្យ ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធលោក លិម គិមយ៉ា ដែរ។ អ្នកចូលរួមបានបង្ហាញអារម្មណ៍ក្តុកក្តួល និងឈឺចាប់ ដោយពួកគាត់ចាត់ទុកការបាញ់សម្លាប់លើមន្ត្រីគណបក្សសង្គ្រោះជាតិរូបនេះថា ជាឃាតកម្មនយោបាយដ៏ព្រៃផ្សៃ។
ពលរដ្ឋខ្មែរម្នាក់នៅទីក្រុងឡុងប៊ិច (Long Beach) នៃរដ្ឋកាលីហ្វរញ៉ា (California) សហរដ្ឋអាមេរិក លោកស្រី ហិន ជា ថ្កោលទោសចំពោះអំពើឃាតកម្មយ៉ាងព្រៃផ្សៃលើលោក លិម គិមយ៉ា ដែលជាអ្នកនយោបាយតស៊ូតាមបែបប្រជាធិបតេយ្យ។ លោកស្រីទាមទារឱ្យរដ្ឋាភិបាលត្រកូលហ៊ុនត្រូវតែទទួលខុសត្រូវចំពោះអំពើឃាតកម្មលើលោក លិម គិមយ៉ា និងអ្នកស្នេហាជាតិផ្សេងទៀត។ លោកស្រី អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ត្រូវរួមគ្នា ងើបប្រឆាំងអំណាចគ្រួសារត្រកូលហ៊ុន ទើបពលរដ្ឋខ្មែរទាំងអស់រួចផុតពីទុក្ខភ័យ។
លោកស្រី ហិន ជា៖ «មានតែរបបត្រកូនហ៊ុនដែលក្បត់ជាតិ ប្លន់ជាតិ លួចជាតិ ដែលសម្លាប់ ចា៎សូមអរគុណ ខ្ញុំសូមឱ្យបងប្អូនខ្មែរទាំងអស់រួបរួម សូមឱ្យមានសុខភាពល្អ ប្រឆាំងនឹងរបបកុម្មុយនិស្តហ៊ុន សែន»។
លោក លិម គិមយ៉ា មានអាយុ ៧៤ឆ្នាំ ជាអតីតតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិមណ្ឌលកំពង់ធំ។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលកំពង់ធំដែរនោះ គឺលោក ម៉ែន សុថាវរិន្ទ្រ ប្រាប់វិទ្យុអាស៊ីសេរីថា សពលោក លិម គិមយ៉ា ដឹកចេញពីទីក្រុងបាងកក ប្រទេសថៃនៅថ្ងៃទី១៣ ខែមករា តាមរយៈជើងហោះហើរត្រង់ទៅដល់ទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃទី១៤ ខែមករា។
មន្ត្រីគណបក្សកម្លាំងជាតិបញ្ជាក់ថា ថ្វីបើរូបកាយរបស់លោក លិម គិមយ៉ា បានឃ្លាតឆ្ងាយទៅក្ដី សកម្មភាព និងការតស៊ូនយោបាយរបស់លោក លិម គិមយ៉ា នឹងស្ថិតក្នុងការចងចាំរបស់អ្នកប្រជាធិបតេយ្យនិយម ព្រមទាំងដាស់តឿនដល់ពលរដ្ឋខ្មែរដែលស្រឡាញ់យុត្តិធម៌បន្តប្ដេជ្ញាចិត្តតស៊ូពុះពារឆ្ពោះទៅមុខទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
