គណបក្សកម្លាំងជាតិចាប់ផ្ដើមរៀបចំរចនាសម្ព័ន្ធស្ត្រីទូទាំងប្រទេស ដើម្បីពង្រីកសកម្មភាពនយោបាយ
2025.01.08
គណបក្សកម្លាំងជាតិចាប់ផ្ដើមរៀបចំរចនាសម្ព័ន្ធកសាងកម្លាំងស្ត្រីនៅទូទាំងប្រទេស ដើម្បីពង្រីកសកម្មភាពនយោបាយ ដោយគ្មានការរើសអើង។ មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចថា គណបក្សប្រជាជនកម្ពុជា កសាងបានកម្លាំងស្ត្រី ប្រមាណ ៣០% ទៅហើយនៅទូទាំងប្រទេស។
នៅថ្ងៃ៧ មករា ស្របពេលដែលគណបក្សប្រជាជនកម្ពុជា ប្រារព្ធខួបលើកទី៤៦ ឆ្នាំ នៃជ័យជំនះលើរបបខ្មែរក្រហម គណបក្សកម្លាំងជាតិ ចាប់ផ្ដើមចងក្រងរចនាសម្ព័ន្ធចលនា ស្ត្រីបណ្ដោះអាសន្នរបស់គណបក្សនេះនៅទូទាំងប្រទេស។
ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៧ ខែមករា ថា នេះជាការចាប់ផ្ដើមផ្គត់ផ្គង់រៀបចំចលនាស្ត្រីរបស់គណបក្សកម្លាំងជាតិ។ លោកពន្យល់ថា ការផ្ដួចផ្ដើមនេះ គឺដោយសារ លោកមើលឃើញអំពីវត្តមានរបស់ ស្ត្រីមានចំនួនតិច ក្នុងការចូលរួមសកម្មភាពនយោបាយនៅឡើយ ដូច្នេះលោកថា តម្រូវឱ្យមានការជំរុញ និងលើកកម្ពស់ការចូលរួមបន្ថែមទៀតរបស់ស្ត្រី។
លោក រ៉ុង ឈុន អះអាងថា ការបង្កើនសក្ដានុពលប្រកួតប្រជែងរបស់គណបក្សនយោបាយ ការពង្រឹងស្ថាប័ន និងការអភិវឌ្ឍប្រទេសជាតិ មិនអាចខ្វះវត្តមានរបស់ស្ត្រីបានឡើយ។
លោក រ៉ុង ឈុន៖ «បក្សមួយៗ ក៏ដូចជាការអភិវឌ្ឍស្រុកទេស បើអវត្តមានស្ត្រី ឬខ្វះវត្តមានស្ត្រីមិនអាចធ្វើឱ្យគណបក្សមួយរឹងមាំ ឬមានសន្ទុះទៅបានទេ។ ការអភិវឌ្ឍប្រទេសក៏ដូចគ្នាដែរ បើគ្មានការចូលរួមពីស្ត្រី ក៏មិនអាចជឿលឿនទៅបានដែរ។ អ៊ីចឹងវត្តមាន ឬតួនាទីរបស់ស្ត្រីសំខាន់ណាស់»។
ក្រុមស្ត្រីដែលបានចូលរួមប្រជុំនៅទីស្នាក់ការគណបក្សកម្លាំងជាតិ ក្នុងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៧ មករា មានមកពីខេត្តមួយចំនួន ដូចជាខេត្តបន្ទាយមានជ័យ កណ្តាល កំពង់ស្ពឺ កំពង់ចាម កំពង់ធំ និងសៀមរាប ជាដើម ព្រមទាំងវត្តមានស្ត្រីជាប្រពន្ធរបស់អ្នកនយោបាយ ដែលកំពុងជាប់ពន្ធនាគារដោយអយុត្តិធម៌។
ប្រពន្ធមន្ត្រីគណបក្សសង្គ្រោះជាតិប្រចាំរាជធានីភ្នំពេញលោក កាក់ កម្ភារ គឺលោកស្រី ព្រុំ ចាន់ថា ដែលជាតំណាងស្ត្រីរបស់គណបក្សបានកោតសរសើរស្ត្រីទាំងឡាយ ដែលមានសេចក្ដីក្លាហានចូលរួមសកម្មភាព ជាមួយគណបក្សកម្លាំង ជាតិ ក្នុងស្ថានភាពកម្ពុជា ដែលមានការរឹតត្បិតសិទ្ធិនយោបាយដូចបច្ចុប្បន្ន។ លោក លើកទឹកចិត្តឱ្យស្ត្រីប្រឹងប្រែងតស៊ូបន្ថែមទៀត ក្នុងនយោបាយ និងសង្គម ពីព្រោះទាំងនេះ ជាសិទ្ធិពេញលេញរបស់ស្ត្រី ដែលមជ្ឈដ្ឋានជាតិនិងអន្តរជាតិទទួលស្គាល់។
លោកស្រី ព្រុំ ចាន់ថា ដែលប្ដីរបស់លោកស្រីកំពុងជាប់ពន្ធនាគារ ដោយសារការ តស៊ូនយោបាយ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី០៧ ខែមករាថា ស្ត្រីមានតួនាទីសំខាន់ ណាស់ ទាំងក្នុងគ្រួសារ សហគមន៍ និងប្រទេសជាតិ ដូច្នេះ ស្ត្រីត្រូវតែចេញមុខ តស៊ូមតិការពារខ្លួន ប្រឆាំងការរំលោភបំពាន បំបាត់ការរើសអើង និងទាមទារយុត្តិធម៌ ដើម្បីនាំការរីកចម្រើនដល់សង្គមជាតិទាំងមូល។
លោកស្រី ព្រុំ ចាន់ថា៖ «គោលការណ៍គណបក្សកម្លាំងជាតិ គឺឱ្យស្ត្រីឈរមេឃុំ និងចៅសង្កាត់ ប៉ុន្តែនេះ ជាលក្ខណៈទ្រង់ទ្រាយតូច។ ទី១ យើងប្រមូលម្ដុំសិន ដើម្បីចងក្រងស្ត្រីសិន និងអាចឈានទៅដល់ឱ្យស្ត្រីឈរជាមេឃុំ ចៅសង្កាត់ទៀត ជាពិសេសស្ត្រីថ្នាក់ខេត្ត ថ្នាក់ស្រុកអី ត្រូវរៀបចំរចនាសម្ព័ន្ធហ្នឹងឱ្យអស់ ដើម្បីឱ្យមានលទ្ធភាពនិងមានឱកាសដែលបានចូលរួមរបស់ស្ត្រី ដូច្នេះ គាត់នឹងមានភាពក្លាហានដោយសារយើងគាំទ្រស្ត្រីដូចគ្នា»។
លោកស្រី ព្រុំ ចាន់ថា អះអាងថា គណបក្សកម្លាំងជាតិ លើកទឹកចិត្តឱ្យស្ត្រីចូលរួមក្នុងសកម្មភាពនយោបាយ ដោយគ្មានការរើសអើង។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ថ្លែងថា គណបក្ស ប្រជាជនកម្ពុជា ក៏មិនមានការរើសអើងចំពោះស្ត្រីដែរ។
លោក សុខ ឥសាន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៧ ខែមករា ថា នេះគឺជាការងារទទួលខុសត្រូវរបស់គណបក្សនយោបាយនីមួយៗ ដែលមានតួនាទីកសាងកម្លាំងនយោបាយរបស់ខ្លួន ទាំងស្ត្រី និងយុវជន។ លោកថា គណបក្សប្រជាជនកម្ពុជា បានកសាងកម្លាំងស្ត្រីប្រមាណ ៣០ ភាគរយទៅហើយ នៅទូទាំងប្រទេសកម្ពុជា។
លោក សុខ ឥសាន៖ «ខ្ញុំប៉ានស្មានគឺថា ការកសាងជួរស្ត្រី ដែលមានតួនាទីសំខាន់នៅក្នុងសង្គមកម្ពុជា គឺគណបក្សប្រជាជនកម្ពុជាធ្វើបានប្រហែល ៣០ភាគរយ ដែលស្ត្រីកំពុងមានតួនាទីនៅក្នុងជួរគណបក្ស ក៏ដូចជា នៅក្នុងជួររដ្ឋអំណាចក៏ដូចជានៅក្នុងរដ្ឋាភិបាល»។
អ្នកឃ្លាំមើល លើកឡើងថា ចាប់តាំងពីរំលាយគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៧ មក កាន់តែធ្វើឱ្យលំហនៃការចូលប្រឡូករបស់ស្ត្រី ក្នុងវិស័យនយោបាយ និងកិច្ចការសង្គម កាន់តែរួមតូចចង្អៀតថែមទៀត ដោយសារការគំរាមកំហែង និង ធ្វើទុក្ខបុកម្នេញដោយផ្ទាល់ និងដោយប្រយោល។
មកដល់ពេលនេះ មានអ្នកទោសមនសិការប្រមាណ ១០០នាក់ កំពុងជាប់ពន្ធនាគារ ដោយអយុត្តិធម៌ ក្នុងនោះ ក៏មានស្ត្រីមួយចំនួនដែរ។ ដោយឡែក ក្រុមស្ត្រីដែលសកម្មទាមទារយុត្តិធម៌សម្រាប់គ្រួសារសាច់ញាតិ តែងតែរងនូវអំពើហិង្សា និងបៀតបៀន ពីក្រុមសន្តិសុខនៃរដ្ឋាភិបាល។
អ្នកឃ្លាំមើល លើកឡើងថា ទាល់តែស្ត្រីកាន់តែច្រើន ហ៊ានប្រើសិទ្ធិរបស់ពួកគាត់ ចូលរួមចំណែកទាមទារយុត្តិធម៌សង្គម ទើបអាចផ្លាស់ប្ដូរសង្គមជាតិទាំងមូល ឱ្យមានប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សនិងសិទ្ធិអំណាចរបស់ស្ត្រីឱ្យបានពេញលេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។