គណបក្សកម្លាំងជាតិនឹងបន្តធ្វើសមាជ ទោះជាអាជ្ញាធរក្រុងភ្នំពេញមិនអនុញ្ញាតឱ្យធ្វើនៅទីលានប្រជាធិបតេយ្យ
2024.08.13
គណបក្សកម្លាំងជាតិប្ដេជ្ញាចិត្តរៀបចំកម្មវិធីសមាជវិសាមញ្ញ បើទោះជាអាជ្ញាធរក្រុងភ្នំពេញមិនអនុញ្ញាតឱ្យគណបក្សកម្លាំងជាតិជួបជុំគ្នានៅទីលានប្រជាធិបតេយ្យយ៉ាងណាក្ដី។ មន្ត្រីសង្គមស៊ីវិលយល់ឃើញថា អាជ្ញាធរមានចេតនាធ្វើទុក្ខបុកម្នេញលើគណបក្សនយោបាយ និងរើសអើងគណបក្សប្រឆាំង។
ប្រធានស្ដីទីគណបក្សកម្លាំងជាតិ លោក ជា មុន្នី បានដឹងរួចហើយថា អាជ្ញាធរក្រុងភ្នំពេញមិនអនុញ្ញាតឱ្យគណបក្សរបស់លោកធ្វើសមាជនៅទីលានប្រជាធិបតេយ្យនោះទេ ពីព្រោះកន្លងមកសាលារាជធានីភ្នំពេញតែងតែចេញលិខិតរារាំងមិនឱ្យបក្សកម្លាំងជាតិធ្វើនយោបាយ។
ប្រធានស្ដីទីគណបក្សកម្លាំងជាតិ លោក ជា មុន្នី ឱ្យវិទ្យុអាស៊ីសេរីដឹងនៅថ្ងៃទី១៣ ខែសីហា ថា នៅតែប្រកាន់គោលជំហរជួបជុំនៅគ្នាធ្វើសមាជនៅថ្ងៃទី២៥ ខែសីហា ខាងមុខដដែល ប៉ុន្តែសូមមិនទាន់បញ្ជាក់ទីតាំងច្បាស់លាស់នោះទេ។ លោកបន្តថា ទីលានប្រជាធិបតេយ្យជាទីកន្លែងសម្រាប់ពលរដ្ឋគ្រប់និន្នាការប្រើប្រាស់សម្រាប់សម្ដែងមតិ និងរៀបចំកម្មវិធីមិនមែនទុកសម្រាប់បម្រើឱ្យគណបក្សនយោបាយណាមួយឡើយ។
លោក ជា មុន្នី៖ «ច្បាប់យើងតែងតែឱ្យពលរដ្ឋគោរព ច្បាប់តែងតែឱ្យគណបក្សនយោបាយនានាហ្នឹងគោរពប៉ុន្តែអ្វីដែលជាការឱ្យគោរពគឺគោរពទាំងអស់គ្នា។ ពលរដ្ឋរស់នៅប្រទេសកម្ពុជាត្រូវអនុវត្តច្បាប់ប្រទេសកម្ពុជាឱ្យស្របទៅតាមរដ្ឋធម្មនុញ្ញ នៅប្រទេសកម្ពុជាទៅកុំឱ្យគេអនុវត្តច្បាប់តែប្រជាពលរដ្ឋ តែអ្នកដទៃទៀតមានលុយមានអំណាចមិនគោរពច្បាប់»។
គណបក្សកម្លាំងជាតិ កាលពីថ្ងៃទី១២ ខែសីហា បានដាក់លិខិតជូនដំណឹងទៅសាលារាជធានីភ្នំពេញអំពីការជួបជុំគ្នាចំនួន១ពាន់៥រយដើម្បីធ្វើសមាជវិសាមញ្ញនៅទីលានប្រជាធិបតេយ្យដែលគ្រោងធ្វើនៅថ្ងៃទី២៥ សីហា ខាងមុខ។ ប៉ុន្តែភ្លាមៗរដ្ឋបាលរាជធានីភ្នំពេញ បានចេញលិខិតបដិសេធសំណើរបស់គណបក្សកម្លាំងជាតិដោយបញ្ជាក់ថា ទីលានប្រជាធិបតេយ្យគឺជាកន្លែងសម្រាប់បញ្ចេញមតិជាសាធារណៈមិនមែនជាកន្លែងឱ្យគណបក្សនយោបាយណាមួយធ្វើសមាជនោះទេ។
ទោះជាយ៉ាងណា កន្លងគណបក្សកម្លាំងជាតិក៏ធ្លាប់ដាក់លិខិតជូនដំណឹងស្តីពីការប្រមូលផ្ដុំសម្ដែងមតិដោយសន្តិវិធីនៅទីលានប្រជាធិបតេយ្យ ដើម្បីទាមទារឱ្យតុលាការដោះលែងអ្នកទោសមនសិការ និងប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធីដែរ ប៉ុន្តែអាជ្ញាធរក្រុងភ្នំពេញបដិសេធដូចគ្នា។
ជុំវិញរឿងនេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក នី សុខា យល់ឃើញថា ការណ៍ដែលរដ្ឋបាលរាជធានីភ្នំពេញមិនអនុញ្ញាតឱ្យបក្សកម្លាំងជាតិធ្វើសមាជនៅទីលានប្រជាធិបតេយ្យ គឺជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ និងការរឹតត្បិតសិទ្ធិសេរីភាព។ លោកបន្តថា អាជ្ញាធរគួរតែបើកលំហឱ្យគណបក្សគ្រប់និន្នាការមានសិទ្ធិសេរីភាពពេញលេញក្នុងការធ្វើនយោបាយ និងបញ្ចេញមតិរបស់ខ្លួន។
លោក នី សុខា«ដើម្បីឆ្លុះបញ្ចាំងពីគោលការណ៍អនុវត្តលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសយើង។ ពីព្រោះ ថាប្រទេសគឺជាប្រទេសប្រកាន់យកគោលការណ៍ប្រទេសប្រជាធិបតេយ្យសេរីពហុបក្ស ដូច្នេះគួរណាស់តែប្រជាធិបតេយ្យសេរីនេះគួរណាស់ប្រជាពលរដ្ឋរស់នៅក្នុងប្រទេសប្រជាធិបតេយ្យសេរីនេះគួរតែប្រើប្រាស់សិទ្ធិសេរីភាពខ្លួនបានទូលំទូលាយ។ មិនគួរណាយើងប្រកាន់ប្រជាធិបតេយ្យសេរីប៉ុន្តែផ្ទុយទៅវិញប្រជាពលរដ្ឋហាក់ដូចជារស់នៅក្នុងស្ថានភាពមួយមានការរឹតត្បិតសិទ្ធិសេរីភាព»។
មន្ត្រីបក្សកម្លាំងជាតិនៅតែទាមទារឱ្យអាជ្ញាធរ បញ្ឈប់ការធ្វើទុក្ខបុកម្នេញលើបក្សកម្លាំងជាតិ និងប្រគល់ទីលានប្រជាធិបតេយ្យសម្រាប់ការរៀបចំកម្មវិធីសមាជដើម្បីឱ្យពួកគាត់មានសិទ្ធិសេរីភាពពេញលេញក្នុងជួបជុំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។