ភាពស្ងប់ស្ងាត់លើករណីឃាតកម្មលោក លិម គិមយ៉ា «បង្ហាញពីភាពគ្មានទំនួលខុសត្រូវរបស់រដ្ឋាភិបាល»
2025.01.13

មន្ត្រីបក្សប្រឆាំង និងអ្នកឃ្លាំមើលយល់ឃើញថា រដ្ឋាភិបាលដឹកនាំដោយក្រុមគ្រួសារត្រកូល «ហ៊ុន» មិនបានយកចិត្តទុកដាក់ស៊ើបអង្កេតរកជនសមគំនិតសម្លាប់អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក លិម គិមយ៉ា គឺលោក ពេជ្រ គឹមស្រ៊ិន និងអ្នកជាប់ពាក់ព័ន្ធយកមកដាក់ទោសតាមផ្លូវច្បាប់នោះទេ។
ពួកគាត់សង្ស័យថា ករណីរឿងជនសង្ស័យឈ្មោះ ពេជ្រ គឹមស្រ៊ិន ដែលតុលាការថៃចេញដីកាចាប់ខ្លួននោះ គឺមានភាពមិនប្រក្រតីពីព្រោះតុលាការកម្ពុជា និងស្ថាប័នពាក់ព័ន្ធ នៅតែរក្សាភាពស្ងប់ស្ងាត់ដែលខុសពីករណីរឿងសកម្មជនបក្សប្រឆាំងដែលសមត្ថកិច្ចអាចចាប់បញ្ជូនខ្លួនពួកគេមកពីក្រៅប្រទេសវិញបាន ប្រសិនបើមានបញ្ជាពីលោក ហ៊ុន សែន។
ក្រោយពេលដែលសមត្ថកិច្ចថៃ សហការជាមួយសមត្ថកិច្ចខ្មែរតាមចាប់ខ្លួនជនដៃដល់បាញ់សម្លាប់លោក លិម គិមយ៉ា ឈ្មោះ អេកាឡាក់ ផែណយ (Ekkalak Phaenoi) យ៉ាងប្រកៀកប្រកិតដែលបានរត់គេចខ្លួនចូលមកទឹកដីកម្ពុជារហូតបានសម្រេចមកទល់ពេលនេះ អាជ្ញាធរកម្ពុជាហាក់រក្សាភាពស្ងប់ស្ងាត់ដោយមិនបង្ហាញពីតម្រុយចាប់ខ្លួនជនសង្ស័យផ្សេងទៀតឡើយ។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិប្រចាំនៅមណ្ឌលខេត្តសៀមរាប លោក អ៊ំ សំអាន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៣ ខែមករា ថា ប្រសិនបើរដ្ឋាភិបាលដឹកនាំដោយត្រកូល«ហ៊ុន» មានចេតនាតាមចាប់ខ្លួនជនសមគំនិតសម្លាប់លោក លិម គិមយ៉ា ដើម្បីយកមកសាកសួរពិតមែននោះគឺរដ្ឋាភិបាលអាចមានលទ្ធភាពចាប់ជនសង្ស័យនោះបាន ប៉ុន្តែករណីនេះគឺដោយសារអាចជាប់ពាក់ព័ន្ធនឹងក្រុមគ្រួសារលោក ហ៊ុន សែន ជាអ្នករៀបចំគម្រោង។ លោកសង្កេតឃើញថា ការតាមចាប់ខ្លួនលោក ពេជ្រ គឹមស្រ៊ិន នេះអាជ្ញាធរហាក់មានភាពលាក់បាំង និងមិនបង្ហាញតម្រុយស៊ើបអង្កេតនោះទេ ដែលផ្ទុយពីការចាប់ខ្លួនសកម្មជនប្រឆាំង និងសកម្មជនសង្គមនៅក្រៅប្រទេស។
លោក អ៊ំ សំអាន៖ «លោក ហ៊ុន សែន គួរតែបញ្ជូនលោក លី រតនរស្មី និងលោក ពេជ្រ ស្រ៊ិន ទៅឱ្យតុលាការថៃទៅដើម្បីឱ្យគេជំនុំជម្រះនៅថៃទៅ ដើម្បីបង្ហាញថា ខ្លួនឯងស្អាតស្អំប្រសិនជាគាត់មិនពាក់ព័ន្ធនឹងឃាតកម្មនេះ។ ប្រសិនជាគាត់មិនព្រមបញ្ជូនអ្នកទាំង២នោះឱ្យទៅតុលាការកាត់ក្តីនៅស្រុកថៃទេ។ ខ្ញុំយល់ថា គេប្រាកដជាដាក់ការសង្ស័យលើលោក ហ៊ុន សែន និងត្រកូលហ៊ុនថា មានជាប់ពាក់ព័ន្ធនឹងរឿងក្តីហ្នឹងហើយបានជាមិនហ៊ានចាប់អ្នកទាំង២នោះ»។
កាលពីថ្ងៃទី៨ តុលាការថៃបានចេញដីកាចាប់ខ្លួនជនសង្ស័យឈ្មោះ ពេជ្រ គឹមស្រ៊ិន ក្រោយពេលក្រុមអ្នកស៊ើបអង្កេតរបស់សមត្ថកិច្ចថៃរកឃើញថា បុរសវ័យ២៤ឆ្នាំរូបនេះ គឺជាអ្នកចង្អុលបង្ហាញគោលដៅឱ្យខ្មាន់កាំភ្លើងបាញ់សម្លាប់លោក លិម គិមយ៉ា ហើយរូបគេបានគេចខ្លួនតាមយន្តហោះមកកម្ពុជាវិញភ្លាមៗក្រោយពេលកើតហេតុ។
ប៉ុន្តែគិតមកដល់ពេលនេះតុលាការកម្ពុជានៅតែរក្សាភាពស្ងប់ស្ងាត់ដោយមិនប្រកាសពីការតាមចាប់ខ្លួនជនសង្ស័យរូបនោះឡើយ។
ជនសង្ស័យឈ្មោះ ពេជ្រ គឹមស្រ៊ិន ត្រូវបានគេដឹងថា ជាអនុប្រធានគណៈកម្មការផ្សារកណ្ដាល និងជាប្អូនប្រុសបង្កើតរបស់ប្រធានគណបក្សយុវជនកម្ពុជាលោក ពេជ្រ ស្រស់ ដែលជាអ្នកដាក់ពាក្យប្តឹងឱ្យរម្លាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៧។
ចំណែកឯជនសង្ស័យម្នាក់ទៀតដែលជាអ្នកវេរលុយឱ្យខ្មាន់កាំភ្លើង ឈ្មោះ ស៊ុមវ៉ំាង បាំរុងគីត (Sumvang Bamrongkit) ដែលប្រភពមួយចំនួនអះអាងថា ជាឈ្មោះភាសាថៃរបស់លោក លី រតនរស្មី អតីតសកម្មជនគណបក្សសង្គ្រោះជាតិ ប៉ុន្តែក្រោយមកចុះចូលជាមួយបក្សកាន់អំណាច ហើយទទួលបានដំណែងជាទីប្រឹក្សា លោក ហ៊ុន សែន នោះក៏អាជ្ញាធរកម្ពុជាមិនបានបើកការស៊ើបអង្កេតនោះដែរ។
ផ្ទុយពីអាជ្ញាធរថៃ និងសមាជិកសភាថៃ ដែលធ្វើការយ៉ាងសស្រាក់សស្រាំដើម្បីស្វែងរកការពិត។ ក្រុមគ្រួសារត្រកូល«ហ៊ុន»វិញ មិនបានបង្ហាញការសោកស្តាយថ្កោលទោសឃាតកម្មលើលោក លិម គិមយ៉ា ដែលធ្លាប់ជាសមាជិកសភា និងមានឈាមជ័រជាខ្មែរនេះទេ។ ទាំងលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត បង្ហោះចម្រៀងសប្បាយរីករាយ និងសកម្មភាពវាយកូនហ្គោលរបស់ខ្លួននៅលើបណ្តេញសង្គមហ្វេសប៊ុកទៅវិញ។
រីឯស្ថាប័នជាតិធំៗដូចជា រដ្ឋសភា និងព្រឹទ្ធសភា ក៏មិនបានថ្កោលទោស ឬទាមទារឱ្យអាជ្ញាធរថៃស្វែងរកមេខ្លោងនៅពីក្រោយអំពើឃាតកម្មលោក លិម គិមយ៉ា ឬផ្ញើសារចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះក្នុងនាមលោក លិម គិមយ៉ា ជាអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមួយរូបនោះដែរ។ លើសពីនេះគេបែរជាឃើញប្រព័ន្ធឃោសនាឱ្យគណបក្សប្រជាជនកម្ពុជាដែលមានលោក ហ៊ុន សែន ជាប្រធានផ្សព្វផ្សាយព័ត៌មានហាក់ក្នុងចេតនាចោទប្រកាន់ថា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី គឺជាអ្នកនៅក្រោយការសម្លាប់លោក លិម គិមយ៉ា ទៅវិញ បើទោះបីជាអ្នកស៊ើបអង្កេតថៃមិនដែលបង្ហាញភស្តុតាងថា លោក សម រង្ស៊ី និងបក្ខពួករបស់លោក សម រង្ស៊ី មានជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មនេះក្តី។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិលោក ឆាយ គឹមខឿន ប្រាប់វិទ្យុអាស៊ីសេរីតាមបណ្តេញសង្គមតេឡេក្រាមយ៉ាងខ្លីថា ករណីតាមចាប់ខ្លួនជនសង្ស័យឈ្មោះ ពេជ្រ គឹមស្រ៊ិន នេះគឺអាជ្ញាធរកម្ពុជារង់ចាំមើលសំណើពីភាគីថៃដើម្បីឱ្យចាប់ខ្លួនជនសង្ស័យរូបនោះ។ ទោះជាយ៉ាងណា តុលាការព្រហ្មទណ្ឌថៃបានចេញដីកាតាមចាប់ខ្លួនបុគ្គលឈ្មោះ ពេជ្រ គឹមស្រ៊ិន តាំងពីថ្ងៃទី៨ ខែមករា មកម៉្លេះ ហើយលោក ពេជ្រ គឹមស្រ៊ិន បានជិះយន្តហោះមកកម្ពុជាតាំងពីយប់ថ្ងៃទី៧ មករា ក្រោយឃាតកម្មកើតឡើងភ្លាមៗ។
រីឯ អ្នកនាំពាក្យរងនៃក្រសួងមហាផ្ទៃលោក ទូច សុឃៈ ថ្លែងថា អាជ្ញាធរកម្ពុជាស្វាគមន៍ចំពោះកិច្ចសហការជាមួយអាជ្ញាធរថៃក្នុងការស៊ើបអង្កេតករណីឃាតកម្មនេះ ប៉ុន្តែលោកអះអាងថា សមត្ថកិច្ចកម្ពុជាមិនបង្ហាញការស៊ើបអង្កេតនេះជាសាធារណៈឡើយ ពីព្រោះខ្លាចជនសង្ស័យបំផ្លាញភស្តុតាង។
លោក ទូច សុឃៈ៖ «ចំពោះការស៊ើបអង្កេតស្រាវជ្រាវវាគឺជាជំនាញ វាគឺជានីតិវិធីស៊ើបអង្កេតដែលច្បាប់ លោកមិនអនុញ្ញាតឱ្យយើងនិយាយពិស្ដារនោះទេ វាគឺជាភារកិច្ច តួនាទី និងកាតព្វកិច្ចរបស់សមត្ថកិច្ចជំនាញធ្វើការងារ ។ ហើយការផ្សព្វផ្សាយចង្អុលចេះចង្អុលចុះក៏នាំជនសង្ស័យណាមួយដឹងខ្លួន ហើយគេចខ្លួន ឬក៏បំផ្លាញវត្ថុតាង»។
ជុំវិញរឿងនេះ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរប្រចាំប្រទេសអូស្ត្រាលី (KDO)
លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា គឺជារឿងដែលហួសចិត្តដែលពលរដ្ឋរបស់ខ្លួនត្រូវបានគេបាញ់សម្លាប់នៅលើទឹកដីថៃ ប៉ុន្តែអាជ្ញាធរកម្ពុជាហាក់បង្ហាញឥរិយាបថធម្មតា ដែលផ្ទុយពីអាជ្ញាធរថៃដែលស្វែងរកការពិតដើម្បីរកយុត្តិធម៌ជូនគ្រួសារជនរងគ្រោះ។ លោកបន្តថា ការស្ងប់ស្ងាត់របស់រដ្ឋាភិបាលកម្ពុជាបែបនេះ គឺកំពុងបង្ហាញឱ្យពលរដ្ឋដឹងច្បាស់ថា មេខ្លោងនៅពីក្រោយការសម្លាប់ លោក លិម គិមយ៉ា អាចជាមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលកម្ពុជា។
លោក ស៊ឹង សែនករុណា៖ «អ៊ីចឹងខ្ញុំក៏ទទូចសុំឱ្យអាជ្ញាធរថៃ និងតុលាការថៃ សុំឱ្យវែកមុខអ្នកនៅពីក្រោយខ្នង ពីព្រោះឃាតកគ្រាន់តែរងសម្ពាធ រងការបញ្ជាពីម្នាក់ដែលគំរាមកំហែងឱ្យសម្លាប់នោះទេ។ អ៊ីចឹងរកអ្នកដែលពាក់ព័ន្ធពីក្រោយ អ្នកបញ្ជាពីក្រោយទើបជាយុត្តិធម៌ពិតប្រាកដ ហើយដើម្បីធានាដល់សុវត្ថិភាពក្រុមគ្រួសារឃាតករដ្ឋាភិបាលថៃ ឬក៏រដ្ឋាភិបាលបារាំងគួរតែមានការធានាឱ្យមានភាពច្បាស់លាស់ដើម្បីឃាតកមានការសារភាព»។
ចាប់តាំងពីឃាតកបានបាញ់សម្លាប់អតីតសមាជិកសភាគណបក្សសង្គ្រោះជាតិលោក លិម គិមយ៉ា នៅកណ្តាលទីក្រុងបាងកក មក អាជ្ញាធរកម្ពុជាមិនបានបង្ហាញការប្ដេជ្ញាចិត្តណាមួយក្នុងការស៊ើបអង្កេតលើករណីនេះបន្តទៀតនោះទេ ក្រៅតែពីប្រគល់ជនដៃដល់ឈ្មោះ អេកាឡាក់ ផែណយ ឱ្យទៅអាជ្ញាធរថៃ។
ទោះជាយ៉ាងណា ក្រុមស៊ើបអង្កេតរបស់សមត្ថកិច្ចថៃរកឃើញថា ករណីឃាតកម្មលើលោក លិម គិមយ៉ា នេះគឺមានការរៀបចំជាប្រព័ន្ធដោយខ្មាន់កាំភ្លើង ឈ្មោះ អេកាឡាក់ ផែណយ ជាអ្នកស៊ីឈ្នួលដែលមានអ្នកបញ្ជាពីទឹកដីកម្ពុជា ហើយខ្មាន់កាំភ្លើងបានទទួលប្រាក់ឈ្នួលលើកទី១ចំនួនជិត១ពាន់ដុល្លារ ដែលមានអ្នកផ្ញើមកពីប្រទេសកម្ពុជា ហើយក្រោយមកខ្មាន់កាំភ្លើងបានដកប្រាក់ចំនួនជាង ៦រយដុល្លារ ដើម្បីទៅលស់យកកាំភ្លើងដែលខ្លួនបានយកទៅបញ្ចាំនៅមន្ត្រីប៉ូលិសម្នាក់ ដើម្បីទៅធ្វើសកម្មភាពបាញ់សម្លាប់លើជនរងគ្រោះ។
នៅឯប្រទេសថៃឯណោះវិញ តុលាការព្រហ្មទណ្ឌនៃប្រទេសនេះនៅថ្ងៃទី១៣ មករា បានសម្រេចបន្តឃុំខ្លួនជនជាប់ចោទ អេកាឡាក់ ផែណយ បណ្ដោះអាសន្ននៅតុលាការព្រហ្មទណ្ឌចំនួន ១២ថ្ងៃ ដើម្បីឱ្យពេលប៉ូលិសថៃបន្តស៊ើបអង្កេត មុនពេលបើកសវនាការ។ ជនដៃដល់រូបនេះ ត្រូវបានតុលាការថៃចោទប្រកាន់ផ្លូវការចំនួន៣បទចោទ។ ក្នុងនោះរួមមាន ពីបទឃាតកម្មគិតទុកជាមុន បទកាន់កាប់អាវុធខុសច្បាប់នៅកន្លែងសាធារណៈ និងបទបាញ់បោះខុសច្បាប់។ ក្នុងពេលបង្ហាញមុខនៅតុលាការ ជនដៃដល់រូបនេះពុំបានបង្ហាញអារម្មណ៍ ឬផ្តល់បទសម្ភាសន៍ណាមួយដល់ក្រុមអ្នកកាសែតឡើយ។ កាលពីថ្ងៃអាទិត្យ ជនដៃដល់ ឈ្មោះ អេកាឡាក់ ផែណយ បានសារភាពថាខ្លួនពិតជាបានបាញ់សម្លាប់ លោក លិម គិមយ៉ា មែនក៏ប៉ុន្តែបដិសេធមិនទម្លាយឱ្យដឹងពីមេក្លោងនៅពីក្រោយការបញ្ជាឱ្យមានឃាតកម្មនេះឡើយ ដោយសារតែបារម្ភពីសុវត្ថិភាពរបស់គ្រួសារ។
មន្ត្រីបក្សប្រឆាំង និងអ្នកឃ្លាំមើលសង្គមលើកឡើងថា ប្រសិនបើត្រកូល ហ៊ុន នៅតែបន្តព្រងើយកន្តើយមិនព្រមចូលរួមសហការជាមួយសមត្ថកិច្ចថៃស៊ើបអង្កេតដើម្បីចាប់ខ្លួនមេខ្លោង និងអ្នកជាប់ពាក់ព័ន្ធក្នុងករណីឃាតកម្មលើលោក លិម គិមយ៉ា ដោយយកចិត្តទុកដាក់ទេ នោះរដ្ឋាភិបាលត្រកូល ហ៊ុន នឹងបន្តរងនូវការចោទប្រកាន់ និងសង្ស័យថា ជាប់ពាក់ព័ន្ធ ឬអាចនៅពីក្រោយអំពើឃាតកម្មទៅលើអ្នកនយោបាយប្រឆាំងនៅពេលនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។