អ្នកឃ្លាំមើលលើកឡើងថា ដើម្បីទប់ស្កាត់របបប្រល័យពូជសាសន៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គួរប្រកាន់ការធ្វើនយោបាយផ្សះផ្សាជាតិ ជាជាងជំរុញឱ្យពលរដ្ឋចងកំហឹងគ្នា។ ការលើកឡើងនេះ ក្រោយពីលោក ហ៊ុន ម៉ាណែត ជំរុញឱ្យក្រសួងអប់រំបញ្ចូលការសិក្សាប្រវត្តិសាស្ត្រខ្មែរក្រហម ទៅក្នុងមុខវិជ្ជាផ្សេងៗទៀត ក្រៅពីមុខវិជ្ជាប្រវត្តិសាស្ត្រ។
អ្នកឃ្លាំមើលកម្ពុជាលើកឡើងថា ដើម្បីទប់ស្កាត់របបប្រល័យពូជសាសន៍ លោក ហ៊ុន ម៉ាណែត គួរធ្វើនយោបាយលើកកម្ពស់ការគោរពសិទ្ធិមនុស្ស ដើម្បីកាត់បន្ថយវិសមភាពសង្គម ជាជាងជំរុញឱ្យពលរដ្ឋបន្តចងកំហឹងគ្នា។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជានៅប្រទេសន័រវែស (Norway) លោក ម៉ែន ណាត ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២០ ខែឧសភា ថា ដរាបណា លោក ហ៊ុន ម៉ាណែត នៅតែបន្តធ្វើទុក្ខបុកម្នេញទៅលើដៃគូប្រកួតប្រជែងនយោបាយ ដូចទៅនឹងឪពុករបស់លោក គឺលោក ហ៊ុន សែន នោះ បើទោះបីជាកម្ពុជាមិនមានរបបប្រល័យពូជសាសន៍ក្ដី ក៏ប្រជាពលរដ្ឋរាប់លាននាក់នៅតែបន្តរងគ្រោះ និងរស់នៅព្រាត់ប្រាសគ្រួសារស្រដៀងគ្នាទៅនឹងរបបកម្ពុជាប្រជាធិបតេយ្យ ឬខ្មែរក្រហមដែរ។ លោកបន្តថា លោក ហ៊ុន ម៉ាណែត គួរការពារសន្តិភាពដោយបើកឱ្យមានលំហប្រជាធិបតេយ្យ និងការប្រកួតប្រជែងនយោបាយដោយយុត្តិធម៌ ជាជាងជំរុញឱ្យប្រជាពលរដ្ឋរៀនអំពីប្រវត្តិឈឺចាប់ ដើម្បីទទួលបានការគាំទ្រ។
លោក ម៉ែន ណាត៖ «គំរូអាក្រក់របស់ពួកខ្មែរក្រហម សម្លាប់មនុស្សជិត២លាននាក់ហ្នឹង ហ៊ុន សែន គាត់ចេះខឹង គាត់ចេះស្អប់ ចុះអ្នកដែលរងគ្រោះពីរបបលោក ហ៊ុន សែន បច្ចុប្បន្នតើប៉ុន្មានលាននាក់?ហើយគាត់ធ្វើមានធ្វើបានអំពីការដឹកនាំរបស់គាត់ហ្នឹង បំផ្លិចបំផ្លាញធនធានធម្មជាតិ ធ្វើបាបអ្នកលទ្ធិប្រជាធិបតេយ្យអីអ៊ីចឹង ចាប់គេដាក់គុកទាំងអយុត្តិធម៌ រហូតដល់អ្នកខ្លះហ្នឹងត្រូវបានសម្លាប់ក្រៅប្រព័ន្ធតុលាការ ហើយរកយុត្តិធម៌មិនឃើញ តើគ្រួសារ ហ៊ុន សែន មាននឹកឃើញថាជនរងគ្រោះ ទទួលភាពអយុត្តិធម៌ដូចដែលគាត់ធ្លាប់ទទួលភាពអយុត្តិធម៌ ត្រូវតែផ្ដល់ភាពអយុត្តិធម៌ឱ្យគេយ៉ាងម៉េច?»។
ប្រតិកម្មរបស់អ្នកឃ្លាំមើលកម្ពុជាដូចនេះ ក្រោយពីលោក ហ៊ុន ម៉ាណែត ជំរុញឱ្យក្រសួងអប់រំបញ្ចូលមេរៀនអំពីរបបកម្ពុជាប្រជាធិបតេយ្យ បន្ថែមទៅក្នុងមុខវិជ្ជាសីលធម៌ពលរដ្ឋ អក្សរសាស្ត្រខ្មែរ ជំនាញសិក្សាពីភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍជំនាញទន់ផ្សេងទៀត។
លោក ហ៊ុន ម៉ាណែត៖«យើងក៏អាចស្វែងរកវិធីច្នៃប្រឌិតផ្សេងៗ ដើម្បីរៀបរាប់អំពីរឿងរ៉ាវពិបាកទាំងនេះ ទៅកាន់មនុស្សដែលមានវ័យផ្ទុយជំនាន់គ្នា រួមមានតាមរយៈសិល្បៈ មាតិកាគំនូរជីវចលជាដើម។ យើងចាំបាច់ត្រូវតែប្រាកដប្រជាថា កាតព្វកិច្ចលើកកម្ពស់ការអប់រំពីអំពើប្រល័យពូជសាសន៍ គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា»។
លោក ហ៊ុន ម៉ាណែត ថ្លែងបែបនេះនៅក្នុងពិធីបើកសន្និសីទលើកទី១ ក្រោមប្រធានបទ អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ ដែលធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែឧសភា ដែលជាថ្ងៃទិវាជាតិនៃការចងចាំ។
បើទោះបីជាលោក ហ៊ុន ម៉ាណែត ជំរុញឱ្យកូនខ្មែរសិក្សាពីប្រវត្តិសាស្ត្រឈឺចាប់ក្នុងសម័យខ្មែរក្រហម និងថ្លែងថា កំហុសអតីតកាល បង្រៀនឱ្យខ្មែរចេះបង្រួបបង្រួមជាតិ លើកកម្ពស់អភិបាលកិច្ចល្អ និងយុត្តិធម៌សង្គមក្ដីក៏កន្លងមក ប្រជាពលរដ្ឋរងគ្រោះ បាត់បង់ដី ផ្ទះ និងគ្រួសារសកម្មជននយោបាយមួយចំនួនលើកឡើងថា ការដឹកនាំរបស់គ្រួសារត្រកូល ហ៊ុន មិនខុសគ្នាប៉ុន្មានពីរបបខ្មែរក្រហមនោះឡើយ។
ទោះជាយ៉ាងណា ជុំវិញរឿងនេះ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា លោក ឆាំង យុ លើកឡើងថា ការសិក្សាអំពីប្រវត្តិសាស្ត្រ ជាពិសេសរបបប្រល័យពូជសាសន៍ នឹងអាចផ្ដល់ផលប្រយោជន៍ជាច្រើនដូចជា បទពិសោធន៍ដោះស្រាយបញ្ហាក្នុងពេលបច្ចុប្បន្ន និងអនាគតពីកំហុសក្នុងអតីតកាល បង្កើនការគិតពិចារណាស៊ីជម្រៅ និងការរៀបចំយុទ្ធសាស្ត្រ ដើម្បីអភិវឌ្ឍសង្គមជាតិ។ លោកបន្តថា ការស្វែងយល់អំពីប្រវត្តិសាស្ត្រ នឹងជួយឱ្យមានកិច្ចសន្ទនាអន្តរជំនាន់រវាងសិស្ស និងអ្នកនៅរស់រានពីរបបខ្មែរក្រហម ព្រមទាំងជំរុញឱ្យមានការផ្សះផ្សាផ្លូវចិត្តផងដែរ។
ដោយឡែក សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន មានប្រសាសន៍ថា ដើម្បីទទួលបានអត្ថប្រយោជន៍ពីការសិក្សាប្រវត្តិសាស្ត្រ រដ្ឋាភិបាលមិនគួរផ្ដោតការអប់រំ ឱ្យប្រជាពលរដ្ឋស្វែងយល់ពីការឈឺចាប់នៅក្នុងអតីតកាលជាសំខាន់នោះឡើយ តែគួរផ្ដោតទៅលើការផ្សះផ្សាជាតិ និងលើកកម្ពស់ការគោរពច្បាប់ជាធំវិញ។ លោកបន្តថា រដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ក៏គួរបង្កើតមាតិកាសិក្សាប្រវត្តិសាស្ត្រដែលមិនលំអៀង ឬគាំទ្រនិន្នាការនយោបាយគណបក្សណាមួយឡើយ។
បន្ថែមពីនេះ លោក ស្រ៊ុន ស្រ៊ន លើកឡើងថា ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជំរុញឱ្យប្រជាពលរដ្ឋចូលរួមលើកកម្ពស់យុត្តិធម៌សង្គម រដ្ឋាភិបាលក៏គួរបញ្ចូលឯកសារកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ទៅក្នុងប្រព័ន្ធអប់រំចាប់ពីកម្រិតអនុវិទ្យាល័យឡើងទៅ។
លោក ស្រ៊ុន ស្រ៊ន៖ «ការបង្រៀនប្រវត្តិសាស្ត្រ វាគួរណាស់បង្រៀនលក្ខណៈអព្យាក្រឹត មិនមែនជាលក្ខណៈលំអៀង ប្រកាន់បក្ខពួកមួយ ប្រឆាំងបក្ខពួកមួយ ប្រកាន់និន្នាការបរទេសមួយ ប្រឆាំងបរទេសមួយនោះទេ អាហ្នឹងមិនមែនជាប្រវត្តិសាស្ត្រទេ អាហ្នឹងវាជាការលាបពណ៌ វាជាការធ្វើឱ្យមានការយល់ច្រឡំកាន់តែធ្ងន់ទៅៗទេ»។
អ្នកឃ្លាំមើលកម្ពុជាលើកឡើងថា ការអប់រំប្រវត្តិសាស្ត្រដោយផ្ដោតតែទៅលើការឈឺចាប់ នៅក្នុងអតីតកាលជាសំខាន់ នឹងមិនអាចបណ្ដុះស្មារតីសន្តិភាពនិយមក្នុងផ្នត់គំនិតរបស់ប្រជាពលរដ្ឋខ្មែរបានទេដរាបណារដ្ឋាភិបាលដែលដឹកនាំគណបក្សប្រជាជនកម្ពុជា នៅតែបន្តបង្ក្រាបអ្នកមានមតិផ្ទុយពីខ្លួន ប្រើប្រាស់តុលាការជាឈ្នាន់ប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ ដើម្បីការពារផលប្រយោជន៍គ្រួសារ បក្ខពួក និងអ្នកមានអំណាច ហើយទុកឱ្យអ្នកគ្មានអំណាច និងប្រជាពលរដ្ឋក្រីក្របន្តការឈឺចាប់នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
