អ្នក​ឃ្លាំមើល​លើកឡើង​ថា រដ្ឋសភា​នីតិកាល​ទី​៧ នៅតែ​អសកម្ម​បំពេញ​តួនាទី​រយៈពេល ៦​ខែ

0:00 / 0:00

អ្នកឃ្លាំមើល​សង្កេត​ឃើញ​ថា រដ្ឋសភា​នីតិកាល​ទី​៧ ហាក់​អសកម្ម​ក្នុង​ការ​ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួបប្រទះ​ការ​លំបាក ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ និង​ខ្លះ​ទៀត​ទទួល​រង​ភាព​អយុត្តិធម៌​ក្នុង​សង្គម។ ពួកគាត់​ថា ភាព​អសកម្ម​នេះ កើត​ឡើង​ដោយសារ​តំណាងរាស្ត្រ​មក​ពី​គណបក្ស​នយោបាយ ដើរ​តាម​គន្លង​គោល​នយោបាយ​គណបក្ស​របស់​ខ្លួន ជា​ជាង​ការ​អនុវត្ត​ទៅតាម​តួនាទី ក្នុង​នាម​ជា​តំណាងរាស្ត្រ។

អតីតមន្ត្រី​គណបក្ស​ប្រឆាំង​លើកឡើង​ថា រដ្ឋសភា​នីតិកាល​ទី​៧ ហាក់​ដើរ​ផ្ទុយ​ពី​តួនាទី​របស់​ខ្លួន ក្នុង​នោះ តំណាងរាស្ត្រ​ភាគច្រើន នៅតែ​រក្សា​ភាព​ស្ងៀមស្ងាត់ និង​ចាំតែ​អនុម័ត លើ​ការ​សម្រេច​របស់​ថ្នាក់​ដឹកនាំ នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​មាន​សំឡេង​ភាគច្រើន​នៅក្នុង​រដ្ឋសភា​តែ​ប៉ុណ្ណោះ។

មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក ម៉ែន សុថាវរិន្ទ្រ សង្កេត​ឃើញ​ថា តំណាងរាស្ត្រ​នៅ​តាម​មណ្ឌល​ខេត្ត​មួយ​ចំនួន អនុវត្ត​តួនាទី​មាន​ភាព​ច្របូកច្របល់ ដោយសារ​ពួកគេ​ក្ដោប​ក្ដាប់​តំណែង និង​តួនាទី​ច្រើន​ស្អេកស្កះ និង​ខ្លះ​ទៀត រវល់​តែ​គិតគូរ​តែ​លើ​រឿង​មុខរបរ​រកស៊ី​ផ្ទាល់ខ្លួន​។ លោក​បន្ត​ថា ជាក់ស្ដែង រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ លោក ទៀ សីហា និង​ជា​តំណាងរាស្ត្រ​ខេត្ត​សៀមរាប មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ហាក់​សកម្ម​លើ​កិច្ចការ​កងទ័ព ជាង​តួនាទី​ជា​តំណាងរាស្ត្រ។ ចំណែក តំណាងរាស្ត្រ​ខេត្ត​បាត់ដំបង និង​ជា​អគ្គនាយក​ក្រុមហ៊ុន​បៃតង​កម្ពុជា លោក ភូ ពុយ ដែល​មាន​កូតា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ​នោះ ច្រើនតែ​រវល់​ជាមួយ​ការងារ​ក្រុមហ៊ុន និង​ការ​វិនិយោគ​របស់​លោក លើ​វិស័យ​អចលនទ្រព្យ និង​ផ្សារ​ទំនើប ជាជាង​ការ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ ដូចជា បញ្ហា​ខ្វះ​ទឹក​ធ្វើស្រែ​ជាដើម។

លោក ម៉ែន សុថាវរិន្ទ្រ៖ «អត់​ខ្វល់​ទេ ព្រោះ​គាត់​(​គណបក្សកាន់អំណាច​)អត់​មាន​គូប្រជែង​។ ហើយ​ក្នុង​តួនាទី​នេះ អ្នកស្រី ឃួន សុដារី គាត់​អត់​មាន​គិតគូរ​រឿង​នីតិប្បញ្ញត្តិ អ្វី​នោះ​ទេ មាន​ន័យ​ថា គាត់​ធ្វើ​តែ​តាម​បញ្ជា​របស់​អំណាច​នីតិ​ប្រតិបត្តិ ដែល​គេ​ដាក់​ឱ្យ​ប៉ុណ្ណោះ»។

ប្រតិកម្ម​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ការ​លើកឡើង​របស់​រដ្ឋសភា​នីតិកាល​ទី​៧ នៅ​ថ្ងៃទី​១៥ ខែ​កុម្ភៈ ថា ទទួល​បាន​លទ្ធផល​ផ្លែផ្កា​គួរ​ជាទីមោទនៈ ក្នុង​ការ​បម្រើ​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​លើ​ការ​បំពេញ​មុខងារ​ទាំង​បី របស់​រដ្ឋសភា​រួម​មាន មុខងារ​នីតិកម្ម តាមដាន​ការ​អនុវត្ត​ច្បាប់ និង​ភាព​ជា​តំណាង​។ ក្នុង​នោះ​រដ្ឋសភា បាន​បង្ហាញ​ពី​លទ្ធផល​ការងារ ក្នុង​រយៈពេល ៦​ខែ​មក​នេះ ថា គណៈកម្មការ​នានា​នៃ​រដ្ឋសភា បាន​អញ្ជើញ​សមាជិក​រាជរដ្ឋាភិបាល និង​ប្រធាន​ស្ថាប័ន​នានា និង​អង្គភាព ឱ្យមក​ប្រជុំ​ពិភាក្សា​ការងារ ដើម្បី​សិក្សា​ស្វែងយល់​អំពី​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧។

តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ធំ មកពី​គណបក្សហ៊្វុនស៊ិនប៉ិច លោក នាង ចាន់ណាក់ ប្រាប់​វិទ្យុ​អាស៊ីសេរី ថា សមាជិក​រដ្ឋសភា នីតិកាល​ទី​៧ បាន​បំពេញការងារ​របស់​ខ្លួន យ៉ាងសកម្ម មាន​ដូចជា ការ​ចូលរួម​ប្រជុំ​អនុម័ត តាម​សំណើ​របស់​រដ្ឋាភិបាល និង​ចុះ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ជាដើម។

លោក នាង ចាន់ណាក់៖ «ប៉ុន្តែ​មក​ដល់​ពេល​នេះ ដូច​ជា​មាន​ករណី​ខ្លះ វា​មាន​(​រឿង​)នៅ​ពី​ក្រោយខ្នង ដែល​យើង​ពិបាក​និយាយ​មែនទែន​។ អ៊ីចឹង ការ​ដោះស្រាយ និង​សិទ្ធិ​ក្នុង​ការ​ដោះស្រាយ ក៏​យើង​នៅ​មាន​កម្រិត​ដែរ»។

ក៏​ប៉ុន្តែ នៅ​លើ​គេហទំព័រ និង​ទំព័រ​បណ្ដាញ​សង្គម​ផ្លូវការ​របស់​រដ្ឋសភា មិន​បាន​បង្ហាញ​ពី​សកម្មភាព រួមចំណែក​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សង្គម មាន​ដូចជា វិវាទ​ដីធ្លី ការរំលោភ​សិទ្ធិ​ការងារ ការរំលោភ​សិទ្ធិមនុស្ស និង​អំពើ​អយុត្តិធម៌​សង្គម របស់​តំណាងរាស្ត្រ​នោះ​ទេ​។ នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​សភា បាន​បង្ហាញ​សកម្មភាព​ឯកជន​របស់​តំណាងរាស្ត្រ​ចូលរួម​ក្នុង​កិច្ចប្រជុំ​មួយចំនួន​ជាមួយ​មន្ត្រី​មូលដ្ឋាន ចេញ​លិខិត​អបអរសាទរ​ប្រមុខ​ថ្នាក់ដឹកនាំ ជួប​ជាមួយ​តំណាង​ការទូត​បរទេស និង​ការប្រជុំ​ពិភាក្សា​អនុម័ត​សេចក្ដីព្រាងច្បាប់​មួយចំនួន។

ទោះជា​បែបនេះ​ក្ដី សមិទ្ធផល​ការងារ​របស់​រដ្ឋសភា ដែល​ល្បី​ជាង​គេ គឺ​នៅ​ពេល​ដែល​ប្រធាន​សភា អ្នកស្រី ឃួន សុដារី បាន​សន្យា​ចំពោះមុខ​ប្រធានរដ្ឋសភា​វៀតណាម លោក វឿង ឌិញហ្វេ (VUONG DINH HUE)ក្នុង​ជំនួប​ទ្វេភាគី កាលពី​ថ្ងៃទី​១ ខែ​ធ្នូ ឆ្នាំ​២០២៣ ថា នឹង​បន្ត​ជួយ​ពលរដ្ឋ​វៀតណាម ដែល​មក​រស់នៅ​កម្ពុជា​ដោយ​ខុស​ច្បាប់។

វិទ្យុ​អាស៊ីសេរី មិនអាច​ទាក់ទង អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង និង​ប្រធានរដ្ឋសភា អ្នកស្រី ឃួន សុដារី ដើម្បី​សុំ​សួរ​ពី​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ។

ជុំវិញ​រឿង​នេះ អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត លើកឡើង​ថា ទោះបី​រដ្ឋសភា​នីតិកាល​ទី​៧ កើត​ឡើង​ចេញ​ពី​ការ​បោះឆ្នោត​ក្ដី ក៏​ការ​បោះឆ្នោត​នោះ ខ្វះ​ការ​ប្រកួតប្រជែង និង​ខ្វះ​តំណាង​សំឡេង​ភាគតិច ដែល​ធ្វើ​ឱ្យ​ការ​បំពេញ​តួនាទី​របស់​រដ្ឋសភា​មិន​សូវ​មាន​ឥទ្ធិពល និង​ការ​ផ្លាស់ប្ដូរ​តុល្យភាព​នៃ​អំណាច រវាង​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​ស្ថាប័ន​នីតិប្រតិបត្តិ​ឡើយ។

លោក វ៉ន ចាន់ឡូត៖«រដ្ឋសភានៅក្នុង​នីតិកាល​ទី​៧ នេះ ជាមួយ​រដ្ឋសភា ក្នុង​នីតិកាល​ទី​៥ ដែល​កាល​នោះ មាន​វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ខុសគ្នា​ស្រឡះ​។ ក្នុង​អាណត្តិ​ទី​៥ រដ្ឋសភា​ជាតិ គឺ​មាន​សំឡេង​២ គឺ​សំឡេង​តំណាង​ភាគច្រើន និង​តំណាង​ភាគតិច ដែល​ជំរុញ​ឱ្យ​រដ្ឋសភា សកម្ម​ក្នុង​ការ​បំពេញ​តួនាទី​របស់​ខ្លួន ដូចជា​ការ​ពិនិត្យ​ទៅ​លើ​ច្បាប់​នានា ដែល​ចេញ​ពី​គណៈរដ្ឋមន្ត្រី ពិនិត្យ​ទៅ​លើ​ការ​ចាយ​វាយ​ថវិកា របស់​ជាតិ»។

រដ្ឋសភា​នីតិកាល​ទី​៧ បាន​ចាប់ផ្ដើម​ដំណើរការ​ចាប់​ពី​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២៣ ដោយមាន​គណបក្ស​នយោបាយ​២ ដែល​ទទួល​បាន​អាសនៈ​ក្រោយ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ ដែល គ​.​ជ​.​ប មិន​ឱ្យ​គណបក្ស​ប្រឆាំង​ចូលរួម​ប្រកួតប្រជែង កាលពី​ថ្ងៃទី​២២ ខែ​កក្កដា គឺ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ទទួល​បាន​អាសនៈ​ចំនួន​១២០ និង​គណបក្សហ៊្វុនស៊ិនប៉ិច របស់​ព្រះអង្គម្ចាស់​នរោត្ដម ចក្រាវុធ ទទួល​បានតែ​អាសនៈ​ចំនួន ៥។

អ្នកឃ្លាំមើល​បញ្ហា​សង្គម​ស្នើ​ឱ្យ​តំណាងរាស្ត្រ ដែល​អង្គុយ​ក្នុង​រដ្ឋសភា​អនុវត្ត​តួនាទី និង​ភារកិច្ច​របស់​ខ្លួន ក្នុង​អាណត្តិ​៥​ឆ្នាំនេះ ឱ្យ​មាន​តម្លៃ និង​លើក​យក​បញ្ហា​សង្គម​មក​ពិភាក្សា ដើម្បី​រក​ដំណោះស្រាយ ដោយ​មិន​រើសអើង​ពី​និន្នាការ​នយោបាយ និង​ប្រកាន់​បក្ខពួក​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។