អ្នក​ឃ្លាំ​មើល​ថា ការ​តែង​តាំង​អតីត​ប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក ជា​ទី​ប្រឹក្សា​រដ្ឋាភិបាល ដើម្បី​តប​ស្នង​ការ​ចូល​រួម​រំលាយ​ប្រព័ន្ធ​ប្រជាធិបតេយ្យ

ដោយ ឡេង ម៉ាលី
2024.01.12
អ្នក​ឃ្លាំ​មើល​ថា ការ​តែង​តាំង​អតីត​ប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក ជា​ទី​ប្រឹក្សា​រដ្ឋាភិបាល ដើម្បី​តប​ស្នង​ការ​ចូល​រួម​រំលាយ​ប្រព័ន្ធ​ប្រជាធិបតេយ្យ (រូបឯកសារ) លោក ស៊ិក ប៊ុនហុក ក្នុង​វគ្គផ្សព្វផ្សាយ​ការ​យល់ដឹង​អំពី​ច្បាប់ស្ដីពីការ​រៀបចំ​ការ​បោះឆ្នោត កាល​ពី​ពេល​លោក​នៅ​ជា​ប្រធានគណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប)។
រូប៖ គ.ជ.ប

អ្នក​ឃ្លាំ​មើល​រិះគន់ ការ​តែង​តាំង​អតីត​ប្រធាន​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា គ..ប គឺ​លោក ស៊ិក ប៊ុនហុក ជា​ទី​ប្រឹក្សា​រដ្ឋាភិបាល។ ទោះ​បី​ជា​យ៉ាងណា​ក្ដី អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​លើក​ឡើង​ថា​ ការ​តែង​តាំង​នេះ​ ពុំ​មែន​ជា​ការ​តបស្នង​អ្វី​នោះ​ទេ។

អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​លើក​ឡើង​ថា ការ​តែង​តាំង​លោក ស៊ិក ប៊ុនហុក ជា​ទី​ប្រឹក្សា​រដ្ឋាភិបាល​នេះ​ ឆ្លុះ​បញ្ចាំង​ថា បក្ស​កាន់​អំណាច​ជាប់​ពាក់ព័ន្ធ​យ៉ាង​ជិត​ស្និត​រវាង​ស្ថាប័ន​ គ..ប​ដែល​ជា​ស្ថាប័ន​ឯករាជ្យ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត និង​ការ​ស្រាវជ្រាវ បណ្ឌិត សេក សុជាតិ ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១១ ខែមករា ថា ករណី​នេះ​ពុំ​មែន​ជា​រឿង​ថ្មី​ទេ ហើយ​បក្ស​កាន់​អំណាច​តែង​តែ​ផ្ដល់​តំណែង និង​តួនាទី​ធំៗ ដល់​អ្នក​ទាំង​ឡាយ​ណា ដែល​បាន​ផ្ដល់​ប្រយោជន៍​ដល់​បក្ស។ លោក​ថា ការ​ធ្វើ​បែប​នេះ​ពុំ​ផ្ដល់​គំរូ​ល្អ​ដល់​សង្គម​ជាតិ​នោះ​ទេ។

បណ្ឌិត សេក សុជាតិ៖ «ការងារ​ដែល​ពាក់ព័ន្ធ​គណបក្ស​នយោបាយ​របស់​អ្នក​ដែល​ធ្វើ​ការ​នៅ​ក្នុង​ក្រម​ខណ្ឌ​ឯករាជ្យ​គឺ​ជា​គំរូ​មួយ​ដែល​ឃើញ​ថា បង្កើត​ឱ្យ​មាន​អំពើ​អយុត្តិធម៌​និង​ភាព​លំអៀង​ដោយ​សារ​តែ​ពួក​គាត់​ជា​បុគ្គល​របស់​បក្ស​ហើយ​មក​កាន់​ការងារ​តម្លាភាព​ ហើយ​ឯករាជ្យ។ ខ្ញុំ​គិត​ថា វា​ពុំ​ទៅ​រួច ហើយ​វា​ជា​ឧបសគ្គ​ដ៏​ធំ នេះ​ហើយ ដែល​នាំ​ឱ្យ​ការ​វាយ​តម្លៃ​អវិជ្ជមាន​ទៅ​ដល់​ការ​ ដឹកនាំ​របស់​រដ្ឋាភិបាល»

ស្រដៀង​គ្នា​នេះ​ដែរ ទាក់ទិន​រឿង​នេះ អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា យល់​ថា ការ​តែងតាំង​ឥស្សរជន ឬ​អតីត​មន្ត្រី គ..ប ណា​មួយ​ឱ្យ​មាន​តួនាទី​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល គួរតែ​ធ្វើ ឡើង​ដោយ​ការ​ប្រុងប្រយ័ត្ន ជៀសវាង​ការ​រិះគន់​អំពី​ការ​ជ្រៀតជ្រែក​ផល​ប្រយោជន៍​នយោបាយ រវាង​បក្ស​កាន់ អំណាច និង​ស្ថាប័ន គ..ប បើ​ទោះ​ជា​បុគ្គល​នេះ​បាន​លាលែង​តំណែង​ពី​ស្ថាប័ន គ..ប រួច​ហើយ​ក្ដី។

លោក ឯម សុវណ្ណារ៉ា៖ «ដើម្បី​កសាង​ជំនឿ​ជឿជាក់​ទៅ​ប្រជាពលរដ្ឋ​បាន គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​គួរតែ​មាន​យន្តការ​ច្បាប់​មួយ បញ្ជាក់​ពី​ឥស្សរជន​នយោបាយ ឬ​ឥស្សរជន​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត មិន​អាច​ទៅ​ប្រឡូក​នៅ​ក្នុង​នយោបាយ ឬ​មន្ត្រី​នយោបាយ នៅ​ក្នុង​រយៈ​កាល​ណា​មួយ ៤ឆ្នាំ ឬ​ក៏ ២អាណត្តិ ទៅ ១០ឆ្នាំ​អី​អ៊ីចឹង។ បើ​ពុំ​ដូច្នោះ​ទេ នឹង​រង​បាត់បង់​ជំនឿ​ពី​ប្រជាពលរដ្ឋ​កាន់​តែ​ច្រើន​ទៀត»

វិទ្យុ​អាស៊ី​សេរី ពុំ​អាច​ទាក់ទង​ប្រធាន​អង្គភាព អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា និង​អតីត​ប្រធាន គ..ប លោក ស៊ិក ប៊ុនហុក ដើម្បី​ឆ្លើយ​តប​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១១ ខែមករា។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ការ​រិះគន់​អំពី​ការ​តែងតាំង លោក ស៊ិក ប៊ុនហុក នោះ គឺ​ដើម្បី​វាយ​ប្រហារ​លើ​រដ្ឋាភិបាល។

លោក សុខ ឥសាន៖ «អត់​មាន​ខុស​ច្បាប់​ទេ និយាយ​ទៅ​អត់​មាន​ខុស​ច្បាប់​ទេ។ វា​ជា​សិទ្ធិ​របស់​បក្ស​កាន់​អំណាច គឺ​មាន​សិទ្ធិ​គ្រប់គ្រាន់ ក្នុង​ការ​តែង​តាំង​មន្ត្រី​ណា​ដែល​មាន​លក្ខណៈ​សម្បត្តិ​ត្រឹម​ត្រូវ ហើយ​ពុំ​មាន​ទំនាស់​ជាមួយ​នឹង​ច្បាប់។ ចំពោះ​អ្នក​វិភាគ​និយាយ​អ្វី និយាយ​ទៅ កុំ​ទៅ​ឈឺ​ក្បាល»

លោក ស៊ិក ប៊ុនហុក ត្រូវ​បាន​រដ្ឋសភា​បោះឆ្នោត​តែង​តាំង​ជា​ប្រធានគណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត កាល​ពី​ខែមេសា ឆ្នាំ២០១៥ ហើយ​អំឡុង​ការ​កាន់​តំណែង​ជិត ៦ឆ្នាំ​មក​នេះ លោក​ត្រូវ​គេ​រិះគន់​ថា ជា​អ្នក​ចូល​រួម​យក​អាសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ចែក​ឱ្យ​បក្ស​ដទៃ ផ្ទុយ​ពី​ឆន្ទៈ​រាស្ត្រ ក្រោយ​តុលាការ​កំពូល​ស្ថិត​ក្រោម​ឥទ្ធិពល​បក្ស​កាន់​អំណាច រំលាយ​គណបក្ស​នេះ កាល​ពី​ចុង​ឆ្នាំ២០១៧។

លោក ស៊ិក ប៊ុនហុក បាន​ដាក់​ពាក្យ​លា​ឈប់​ពី​ប្រធាន គ..ប កាល​ពី​ខែមិថុនា ឆ្នាំ២០២៣ ដោយ​លោក​អះអាង​ថា ដោយ​សារ​បញ្ហា​សុខភាព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
ពលរដ្ឋ​ខ្មែរ-អូស្ត្រាលី​ម្នាក់ ដែល​រិះគន់​រដ្ឋាភិបាល​កម្ពុជា រង​ការ​វាយដំ​ពី​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម ពេល​ទៅ​លេង​ស្រុកខ្មែរ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។