អ្នកឃ្លាំមើល រិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន ករណីជនជាតិចិនអាចដឹកជញ្ជូនសារធាតុគីមីផ្សំកែច្នៃគ្រឿងញៀន និងបើករោងចក្រផលិតនៅកម្ពុជា។ អ្នកនាំពាក្យគណបក្សកាន់អំណាចទទួលស្គាល់ថា សមត្ថកិច្ចនៃស្ថាប័នជំនាញនៅមានចន្លោះប្រហោងច្រើនក្នុងការបង្ក្រាបក្រុមឧក្រិដ្ឋជនដែលដឹកជញ្ជូនសារធាតុគីមីយកមកផលិតគ្រឿងញៀននៅកម្ពុជា។
អគ្គលេខាធិការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក គៀន ពន្លក សង្កេតឃើញថា បញ្ហានៃឧក្រិដ្ឋកម្មគ្រឿងញៀន គឺជារឿងកាន់តែស្មុគស្មាញ និងជាដំបៅសង្គមធ្ងន់ធ្ងរដែលបានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងសង្គមកម្ពុជាជួបបញ្ហាអសន្តិសុខសង្គមជាបន្តបន្ទាប់។ លោកយល់ថា មូលហេតុដែលរដ្ឋាភិបាលនៅតែមិនអាចដោះស្រាយបញ្ហានៃការជួញដូរគ្រឿងញៀននេះ គឺដោយសារតែអំពើពុករលួយជាប្រព័ន្ធ និងគ្មានអនុវត្តច្បាប់ត្រឹមត្រូវ ឬដាក់ទោសទណ្ឌលើអ្នកមានលុយមានអំណាចដែលរកស៊ីជួញដូរគ្រឿងញៀននេះ៖
«ប្រសិនបើរដ្ឋាភិបាល នៅតែបណ្តែតបណ្ដោយលំហូរនៃគ្រឿងញៀនចូលប្រទេសកម្ពុជាកាន់តែច្រើនទៅ ប្រវត្តិសាស្ត្រនឹងចារទុកជាក់ជាពុំខាន នៅពេលដែរគណបក្សកាន់អំណាចអស់អំណាច។ គេនឹងចារថា សម័យក្រោមការដឹកនាំគណបក្សប្រជាជនកម្ពុជា គឺធ្វើឱ្យប្រទេសកម្ពុជាបន្តមហន្តរាយ បន្តគ្រោះថ្នាក់ជាតិគឺលិចលង់ដោយការជួញដូរមនុស្ស ការលាងលុយកខ្វក់ និងការជួញដូរគ្រឿងញៀន»។
លោក គៀន ពន្លក ចង់ឃើញរដ្ឋាភិបាលរឹតបន្តឹងច្បាប់ និងអនុវត្តប្រកបដោយតម្លាភាពទោះបីជាពួកគេជាបុគ្គលមានអំណាចមានឋានន្តរសក្តិយ៉ាងណាក្ដី ប្រសិនបើរកឃើញថា ពួកគេមានជាប់ព័ន្ធបញ្ហាគ្រឿងញៀន គឺអាជ្ញាធរមានសមត្ថកិច្ចត្រូវចាត់វិធានការដាក់ទោសទណ្ឌពួកគេឱ្យបានធ្ងន់ធ្ងរតាមផ្លូវច្បាប់។
ការលើកឡើងរបស់អ្នកឃ្លាំមើលបែបនេះ ធ្វើឡើងក្រោយអាជ្ញាធរបានបង្ក្រាបជនជាតិចិនដែលមកបើករោងចក្រផលិតគ្រឿងញៀននៅកម្ពុជា ជាបន្តបន្ទាប់ ដោយរឹបអូសគ្រឿងញៀនម្តងៗរាប់រយតោន ហើយថែមរកឃើញទីតាំងក្រុមឧក្រិដ្ឋជនបើករោងសិប្បកម្មគ្រឿងញៀនដូចជានៅខេត្តព្រះសីហនុ ស្វាយរៀង ព្រៃវែង រាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ជាដើម។
កាលពីថ្ងៃទី២៦ ខែមិថុនា អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដុតបំផ្លាញសារធាតុញៀន និងសារធាតុគីមី សរុបជាង ៦តោន ក្នុងចំណោមវត្ថុតាងគ្រឿងញៀន សារធាតុគីមីផ្សំ និងសារធាតុគីមីពាក់ព័ន្ធផ្សេងៗ ដែលរឹបអូសបាន មានទម្ងន់សរុបជិត ១០០តោន។ អាជ្ញាធរឱ្យដឹងទៀតថា ក្នុងឆ្នាំ២០២០ និង២០២១ ដែលមានការរីករាលដាលជំងឺកូវីដ-១៩ សមត្ថកិច្ចបង្ក្រាប និងរឹបអូសគ្រឿងញៀនបានជិត ១០តោន និងឃាត់ខ្លួនជនសង្ស័យបានជាង ៣ម៉ឺននាក់។ ក្នុងនោះ សមត្ថិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួនជាង ១ម៉ឺនករណី (១០.៤៦១ករណី) ក្នុងឆ្នាំ២០២០ និងជាង ៦ពាន់ករណី (៦.៣០៨ករណី ទៀតក្នុងឆ្នាំ២០២១។
ឆ្លើយតបនឹងរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ទទួលស្គាល់ថា សមត្ថកិច្ចនៃក្រសួងស្ថាប័នផ្នែកប្រយុទ្ធប្រឆាំងគ្រឿងញៀននៅខ្វះចន្លោះប្រហោងក្នុងការបង្រ្កាបឧក្រិដ្ឋជន និងក្រុមឈ្មួញទុច្ចរិតមួយចំនួនដែលបន្លំសារធាតុគីមីនាំចូលកម្ពុជាដើម្បីផលិតជាគ្រឿងញៀន៖
«ឧក្រិដ្ឋកម្មគ្រឿងញៀននេះរាជរដ្ឋាភិបាល មិនចង់ឃើញ មិនចង់បាន មិនចង់ពាក់ព័ន្ធអីទេ ព្រោះយើងមានច្បាប់វិន័យតឹងរ៉ឹង ដើម្បីទប់ស្កាត់ករណីឧក្រិដ្ឋកម្មគ្រឿងញៀនហ្នឹង។ យើងដឹងហើយថា ចោរកាលណាម្ចាស់ប្រឡោះប្រហោងប្រការណាមួយ ចោរតែងកើតមានហើយ ឆ្លៀតឱកាស ឆក់ឱកាស ដើម្បីបង្កើតបញ្ហា ធ្វើជីសម្រាប់ស្រោចដំណាំ ទន្ទឹមនឹងធ្វើជាជីសម្រាប់កសិកម្មហ្នឹងក៏វាកែច្នៃគ្រឿងញៀនមួយចំនួនដែរ ប្រឡោះត្រង់ហ្នឹងដែលអាជ្ញាធរមានសមត្ថកិច្ចលោកមិនបានចាប់អារម្មណ៍»។
ទាក់ទងបញ្ហាគ្រឿងញៀនដែរ ថ្មីៗនេះក៏មានក្រុមឈ្មួញប្រើប្រាស់រថយន្តមានស្លាកលេខខេមរភូមិន្ទដឹកជញ្ជូនគ្រឿងញៀនជាង ២រយគីឡូក្រាម ហើយឈ្មួញនោះបានរត់គេចខ្លួនភ្លាមៗក្រោយបើកឡានក្រឡាប់នៅរាជធានីភ្នំពេញ។ មកទល់នឹងពេលនេះ សមត្ថកិច្ចក្រុងភ្នំពេញមិនទាន់បង្ហាញរបាយការណ៍ស៊ើបអង្កេតចុងក្រោយទាក់ទងនឹងការតាមចាប់ខ្លួនឈ្មួញនោះនៅឡើយទេ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង អគ្គស្នងការរងនគរបាលជាតិទទួលបន្ទុកប្រឆាំងបទល្មើសគ្រឿងញៀន លោក ម៉ក់ ជីតូ ដើម្បីសាកសួររឿងនេះបានទេនៅថ្ងៃទី៧ ខែធ្នូ។
ជុំវិញរឿងនេះ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP-Center) លោក យង់ គិមអេង មានប្រសាសន៍ថា បញ្ហាគ្រឿងញៀននៅកម្ពុជាហាក់រីករាលដាលឆាប់រហ័សតាំងពីទីក្រុងរហូតដល់ទីជនបទ ដែលជារឿងគួរឱ្យព្រួយបារម្ភសម្រាប់យុវជនខ្មែរជំនាន់ក្រោយ។ លោក រិះគន់ថា ប្រសិនបើរដ្ឋាភិបាលនៅតែគ្មានយន្តការគ្រប់គ្រងជនជាតិចិនមួយចំនួនដែលតែងតែចាត់ទុកកម្ពុជាទីតាំងផលិតគ្រឿងញៀន នោះលំហូរគ្រឿងញៀននៅកម្ពុជាកាន់តែកើនឡើងបន្ថែមទៀត និងធ្វើឱ្យប៉ះពាល់សង្គមជាតិធ្ងន់ធ្ងរ៖
«ភាពអវិជ្ជមានពាក់ព័ន្ធរឿងគ្រឿងញៀនយើងឃើញមានជាហូរហែដែរ កត្តានេះដែរធ្វើឱ្យមានមន្ទិលសង្ស័យទៅលើក្រុមហ៊ុនចិនថា មិនសូវមករកស៊ីត្រឹមត្រូវនៅប្រទេសកម្ពុជា។ ប្រសិនជាពួកគាត់មករកស៊ីមិនត្រឹមត្រូវយើងខ្វះវិធានការច្បាស់លាស់ជាក់លាក់ ដើម្បីចាត់ការទៅលើពួកគាត់ហ្នឹង នឹងធ្វើឱ្យយើងខាតបង់។ វាមិនបានជួយលើកកម្ពស់បញ្ហាសេដ្ឋកិច្ច ផ្ទុយទៅវិញវាអាចនឹងធ្វើឱ្យរដ្ឋនឹងចំណាយកាន់តែច្រើន សម្រាប់ដោះស្រាយបញ្ហាជនជាតិចិននេះបាទ»។
កន្លងទៅ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានប្រតិកម្មខ្លាំងៗចំពោះមន្ត្រីនៃក្រសួងពាក់ព័ន្ធមួយចំនួនដែលបណ្ដែតបណ្ដោយឱ្យជនជាតិចិនដឹកជញ្ជូនសារធាតុគីមីផ្សំកែជាគ្រឿងញៀនជាង ១រយតោន (១០០) ចូលកម្ពុជាដោយស្របដោយច្បាប់។ លោក ក៏បានបញ្ជាដល់សមត្ថកិច្ចត្រូវស្វែងរកឱ្យឃើញអ្នកដែរអនុញ្ញាតឱ្យជនជាតិចិនដឹកសារធាតុគីមីផ្សំកែច្នៃគ្រឿងញៀនចូលកម្ពុជា ប៉ុន្តែ មកទល់នឹងពេលនេះសមត្ថកិច្ចមិនទាន់បង្ហាញមុខមន្ត្រីណាមួយ ដើម្បីឱ្យមកទទួលខុសត្រូវរឿងនេះនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។