អ្នក​ឃ្លាំមើល​រិះគន់​លោក ហ៊ុន ម៉ាណែត យកចិត្តទុកដាក់​លើ​ឈ្មោះ​គោរមងារ ជាង​ការ​បម្រើ​សង្គមជាតិ

0:00 / 0:00

អ្នកឃ្លាំមើល និង​សង្គម​ស៊ីវិល រិះគន់​ថា​រដ្ឋាភិបាល​ថ្មី គួរ​យកចិត្តទុកដាក់​ដោះស្រាយបញ្ហា​ចំពោះ​មុខ បម្រើ​សង្គមជាតិ ជាជាង​ចំណាយ​ពេល​គិតគូរ​លើ​ការតែងតាំង​មន្ត្រី និង​របៀប​ហៅ​គោរមងារ​របស់​លោក ហ៊ុន ម៉ាណែត។ ពួកគាត់​ចាត់ទុកថា​រឿង​ទាំងនេះ​ឥតប្រយោជន៍ ខណៈ​ថា​គោរមងារ​ខ្ពង់ខ្ពស់​មាន​តម្លៃ​ទៅ​បាន​លុះត្រាតែ​មាន​ការ​គោរព​ពី​ប្រជាពលរដ្ឋ។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍ និង​សន្តិភាព លោក យង់ គិមអេង យល់ឃើញ​ថា ទន្ទឹម​នឹង​ការ​ចេញ​លិខិត​ឱ្យ​កំណត់​ការ​ហៅ​គោរមងារ​លោក ហ៊ុន ម៉ាណែត ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​ក៏​គួរតែ​ចេញ​លិខិត​បង្ហាញ​ពី​ការ​ដោះស្រាយបញ្ហា​សង្គម ដើម្បី​ជា​ប្រយោជន៍​ទៅដល់​រដ្ឋាភិបាល​ផង​ដែរ។ តែ​យ៉ាងណា​លោក​ថា ការ​ហៅ​គោរមងារ​របស់​មន្ត្រី​រដ្ឋាភិបាល​ជាប្រចាំ​បែប​នេះ នឹង​បង្ហាញ​ឱ្យ​ឃើញ​ពី​គម្លាត​សង្គម រវាង​ថ្នាក់​ដឹកនាំ និង​ពលរដ្ឋ។

លោក យង់ គិមអេង៖ «បើ​យើង​នៅ​ក្នុង​សង្គមប្រជាធិបតេយ្យ បើសិនជា​នៅ​ក្នុង​បណ្ដា​ប្រទេស​សេរី គេ​ហៅថា​លោក ដើម្បី​ឱ្យ​ស្មើ កុំ​ឱ្យ​ឆ្ងាយ​ពី​ពលរដ្ឋ»។

ការរិះគន់​នេះ គឺ​បន្ទាប់ពី​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី៤ កញ្ញា បាន​ចេញ​លិខិត​ណែនាំ​ដល់​មន្ត្រី​ថ្នាក់ក្រោម​អំពី​ការ​អាន និង​សរសេរ​នាម គោរមងារ​របស់​លោក ហ៊ុន ម៉ាណែត ឱ្យ​បាន​ត្រឹមត្រូវ។

ទោះជា​យ៉ាងណា មតិមហាជន​យល់ឃើញ​ថា ការ​ឱ្យ​តម្លៃ​ជ្រុល​ទៅលើ​គោរមងារ​របស់​បុគ្គល​អ្នកមាន​អំណាច នឹង​បង្កើត​ឱ្យ​មាន​ការរើសអើង​ឋានៈ បុណ្យស័ក្ដិ ការបែងចែក​វណ្ណៈ​នៅ​ក្នុង​សង្គម។

ប្រធាន​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា (CHRAC) លោក រស់ សុដ្ឋា កត់​សម្គាល់​ឃើញ​ថា មន្ត្រី​ធំៗ មួយ​ចំនួន​កំពុង​ជាប់ចិត្ត​ជាមួយ​នឹង​តួនាទី​ឯកឧត្ដម លោកជំទាវ និង​សម្ដេច ជាជាង​គុណ​តម្លៃ​នៃ​ទំនួល​ខុសត្រូវ​ក្នុង​តួនាទី និង​កាតព្វកិច្ច​ក្នុង​ការ​បម្រើ​ជាតិ​មាតុភូមិ។ លោក​លើកឡើង​ថា មន្ត្រី​រដ្ឋាភិបាល​ថ្មី គួរ​ផ្ដោត​សំខាន់​ទៅលើ​ការ​ដោះស្រាយបញ្ហា​សង្គមជាតិ និង​ជីវភាព​ប្រជាពលរដ្ឋ ជាជាង​ការ​ទទួល​គោរមងារ​ខណៈ​ដែល​មិនទាន់​សាង​ស្នាដៃ ឬ​គុណសម្បត្តិ​ដល់​សង្គមជាតិ​នៅឡើយ។

លោក រស់ សុដ្ឋា៖ «កុំ​ភ្លេច​ថា តួនាទី​ទាំងឡាយ​ទាំងពួង​ហ្នឹង វា​អាច​មាន​យស​បាន មាន​ការ​គោរព​ពី​ប្រជារាស្ត្រ និង​អ្នក​ពាក់ព័ន្ធ​បាន លុះត្រាតែ​យើង​មាន​ស្នាដៃ នៅ​ក្នុង​សង្គមជាតិ ការ​បម្រើ​ប្រជាជាតិ និង​ប្រជាជន​របស់​យើង»។

ក្រោយ​ការ​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ទទួលរង​នូវ​ការរិះគន់​ពី​ប្រជាពលរដ្ឋ និង​សហគមន៍​អន្តរជាតិ ជាបន្តបន្ទាប់ ដោយសារតែ​អំណាច​ របស់​លោក​ទទួល​បាន​ដោយមាន​ការ​ជ្រោមជ្រែង​ពី​ឪពុក ការ​បង្កើត​គណ​រដ្ឋមន្ត្រី​ដែល​មាន​ក្បាល​ធំ​ជាង​ដងខ្លួន និង​ការ​ទទួល​ងារ​ជា​សម្ដេច​ទាំង​មិនទាន់​កសាង​ស្នាដៃ​អ្វី​នោះ​ជា​ដើម។

អ្នកឃ្លាំមើល និង​សង្គម​ស៊ីវិល ទទូច​ថា ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​គួរ​គិតគូរ​ពី​បញ្ហា​ការ​បាត់បង់​ការងារ បញ្ហា​បំណុល​ពលរដ្ឋ និង​សន្តិសុខ​សង្គម ដើម្បី​ទទួល​បាន​ការ​គោរព និង​ឱ្យ​តម្លៃ​ពី​ប្រជាពលរដ្ឋ ដែល​គុណ​តម្លៃ​នេះ ល្អ​ប្រសើរ​ជាង​ទទួល​បាន​គោរមងារ​ទៅទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។