អ្នកឃ្លាំមើល​ថា លោក ហ៊ុន ម៉ាណែត អសមត្ថភាព​រក​ទីផ្សារ​ជូន​ពលរដ្ឋ ទើប​ងាក​ទៅ​ទម្លាក់​ការ​ទទួលខុសត្រូវ​លើ​បក្ស​ប្រឆាំង

ដោយ ខាន់ លក្ខិណា
2025.01.22
អ្នកឃ្លាំមើល​ថា លោក ហ៊ុន ម៉ាណែត អសមត្ថភាព​រក​ទីផ្សារ​ជូន​ពលរដ្ឋ ទើប​ងាក​ទៅ​ទម្លាក់​ការ​ទទួលខុសត្រូវ​លើ​បក្ស​ប្រឆាំង លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងនៅថ្ងៃទី២២ មករា ២០២៥។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

អ្នកឃ្លាំមើល​ថា លោក ហ៊ុន ម៉ាណែត គ្មាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច ដោយ​មិនអាច​រក​ទីផ្សារ​ជូន​ពលរដ្ឋ​បាន ក៏​ងាក​ទៅ​ទម្លាក់កំហុស​នៃ​ការទទួលខុសត្រូវ​របស់​ខ្លួន លើ​មេដឹកនាំ​គណបក្ស​ប្រឆាំង​។ ការ​លើកឡើង​នេះ បន្ទាប់ពី​លោក ហ៊ុន ម៉ាណែត អះអាង​ថា ការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP របស់​អាមេរិក និង​EBA របស់​សហភាព​អឺរ៉ុប​កន្លង​មក គឺ​ដោយសារ​លោក សម រង្ស៊ី ទៅ​ញុះញង់​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ហើយក៏​នៅ​ស្រប​ពេល​ដែល​ប្រជាកសិករ ជាច្រើន​ចេញ​តវ៉ា រឿង​ស្រូវ និង​ដំឡូង​ធ្លាក់​តម្លៃ​ខ្លាំង។

ក្នុង​ស្ថានភាព​ដែល​កសិផល​របស់​ប្រជាកសិករ ធ្លាក់​តម្លៃ​ប្រមាណ​ពាក់កណ្ដាល ប្រៀបធៀប​នឹង​ទីផ្សារ​ឆ្នាំមុន កាលពី​ថ្ងៃទី​២០ ខែ​មករា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែង​ថា រដ្ឋាភិបាល​របស់​លោក មិន​មាន​ពេល​និយាយ​ច្រើន​ទេ ពីព្រោះ ជាប់រវល់​ចុះ​ធ្វើការ​ដោយ​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​។ លើស​ពី​នេះ លោក​នាយករដ្ឋមន្ត្រី ហាក់​បាន​ទទួល​ស្គាល់​ថា ការ​ខ្សត់​ទីផ្សារ​លក់​កសិផល​មួយ​ផ្នែក​ធំ បណ្ដាល​មក​ពី​កម្ពុជា​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSPរបស់​អាមេរិក​និង EBA របស់​អឺរ៉ុប ២០%​។ ប៉ុន្តែ លោក ហ៊ុន ម៉ាណែត ព្យាយាម​ទម្លាក់កំហុស​នៃ​ការបាត់បង់ GSP និង​EBA២០%​នេះ លើ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នយោបាយ គេច​ពី​ការ​ធ្វើទុក្ខបុកម្នេញ​របស់​រដ្ឋាភិបាល​គ្រួសារ​ត្រកូល​ហ៊ុន​ទៅវិញ។

លោក ហ៊ុន ម៉ាណែត៖ «ហេតុ​អី​ក៏​ពេលនេះ មិន​ទៅ​និយាយ​សុំ​គេ​ឱ្យ​បើក​ទីផ្សារ​បន្ថែម​ឱ្យ​កសិផល​ប្រជាជន​តែម្ដង​ទៅ​? តែ​លោក​មិន​ហ៊ាន​ធ្វើ​ទេ ព្រោះ​កំពុងតែ​ចរចា​ឱ្យ​អាមេរិក ឱ្យ​អឺរ៉ុប​គិតគូរ​រឿង​ដាក់​សម្ពាធ​បន្ថែម​ដក GSP ដក EBA បន្ថែម​។ អ៊ីចឹង​បើ​ឱ្យ​ទៅ​សុំ​ពង្រីក​ទីផ្សារ វា​ខុសពី​អ្វី​ដែល​គាត់​បាន​ទាមទារ​រាល់ថ្ងៃ​នេះ ឱ្យគេ​កាត់​ទីផ្សារ​របស់​កម្ពុជា»

ប្រធាន​អង្គការ​លទ្ធិប្រជាធិបតេយ្យ​ខ្មែរ ប្រចាំ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា អស់សំណើច​ចំពោះ​ការ​លើកឡើង​របស់​លោក ហ៊ុន ម៉ាណែត។ លោក​ថា រដ្ឋាភិបាល​ត្រកូល​ហ៊ុន​ខ្លួនឯង ដែល​ជា​អ្នកដឹកនាំ​រំលោភសិទ្ធិ​មនុស្ស និង​បង្ក​គ្រោះ​ដល់​ប្រជាធិបតេយ្យ ដែល​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​រង​ទណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ ប្រជាពលរដ្ឋ​ខ្មែរ ធ្លាក់ខ្លួន​កាន់តែ​ក្រីក្រ ខ្សត់​ទីផ្សារ​លក់​ផលិតផល អត់​ការងារ​ធ្វើ និង​ចំណាកស្រុក​កាន់តែ​ច្រើន។

លោក ស៊ឹង សែនករុណា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២១ ខែ​មករា ថា លោក ហ៊ុន ម៉ាណែត មិន​ព្រម​ទទួលស្គាល់​អសមត្ថភាព​នៃ​ការដឹកនាំ​របស់​ខ្លួន រួច​បែរ​ជា​ទម្លាក់កំហុស​លើ​មេដឹកនាំ​គណបក្ស​ប្រឆាំង ដែល​រដ្ឋាភិបាល​របស់​លោក កំពុង​ធ្វើទុក្ខបុកម្នេញ​ទៅវិញ​។ លោក​ថា លោក ហ៊ុន ម៉ាណែត គួរ​យល់​ពី​តួនាទី​របស់​រដ្ឋាភិបាល ដែល​ត្រូវ​ទទួលខុសត្រូវ​លើ​លទ្ធផល​នៃ​ការ​ដឹកនាំ​ជាតិ រីឯ​គណបក្សប្រឆាំង មាន​តួនាទី​រិះគន់​ចំណុច​អសកម្ម​របស់​រដ្ឋាភិបាល។

លោក ស៊ឹង សែនករុណា៖ «អ្នកណា​ដែល​ធ្វើ​ឱ្យ​មាន​ការ​ប៉ះពាល់​ធ្លាក់ សេដ្ឋកិច្ច​និង​ការដឹកនាំ ការ​ទទួលខុសត្រូវ​របស់​ខ្លួន គឺ​មិនមែន​គណបក្សប្រឆាំង​ទេ គឺ​រដ្ឋាភិបាល ការទទួលខុសត្រូវ គឺ​នៅ​លើ​រដ្ឋាភិបាល​។ អ៊ីចឹង​អ្វី​ដែល​ខ្លួនឯង​ដឹកនាំ​រំលោភសិទ្ធិ​មនុស្ស បំផ្លាញ​ប្រជាធិបតេយ្យ អំពើ​អយុត្តិធម៌​សង្គម​ពោរ​ពាស​ការបោះឆ្នោត​មិន​សេរី​និង​យុត្តិធម៌ អំពើពុករលួយ​ពេញ​ប្រទេស​។ ហ្នឹងហើយ​គឺជា​មូលហេតុ ធ្វើ​ឱ្យ​ប្រទេសជាតិ​ធ្លាក់​នៅក្នុង​ភាព​ក្រីក្រ ហើយ​បណ្ដា​ប្រទេស​លោក​សេរី​គេ​មិន​ផ្ដល់​នូវ​ប្រព័ន្ធ​អនុគ្រោះ​ប្រទេស​ដែល​រំលោភសិទ្ធិ និង​បំផ្លាញ​ប្រជាធិបតេយ្យ​បែបនេះ»

គេ​ដឹង​ថា មូលហេតុ​ដែល​សហរដ្ឋ​អាមេរិក មិនទាន់​ផ្ដល់​ឡើងវិញ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP​ឱ្យ​កម្ពុជា ហើយ​សហភាព​អឺរ៉ុប​បាន​ផ្ដាច់ EBA-២០% កាលពី​ឆ្នាំ​២០២០ គឺ​ដោយសារ តែ​វិបត្តិ​ធ្លាក់ចុះ​លទ្ធិប្រជាធិបតេយ្យ និង​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន​។ គ្រានោះ លោក ហ៊ុន សែន ដែល​ជា​នាយករដ្ឋមន្ត្រី បាន​ទាំង​ថ្លែង​មិន​ខ្វល់​ថា អត់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហរដ្ឋ អាមេរិក និង​សហភាព​អឺរ៉ុប ក៏​មិន​ធ្វើ​ឱ្យ​គ្រួសារ​ត្រកូល​ហ៊ុន​ស្លាប់​ដែរ គឺ​ប៉ះពាល់​តែ​ពលរដ្ឋ​ខ្មែរ​ប៉ុណ្ណោះ។

លោក ហ៊ុន សែន៖ «បើសិន​គេ​ផ្ដល់​ភាព​អនុគ្រោះ​ឱ្យ​យើង យើង​ក៏​មិនអាច​ក្លាយ​ទៅ​ជា​អ្នកមាន​បានទេ តែបើ​គេ​ដក​ភាព​អនុគ្រោះ​ពី​យើង ក៏​មិន​ធ្វើ​ឱ្យ​យើង​ស្លាប់​ដែរ យល់​ទេ​កន្លែង​ហ្នឹង បញ្ហា​ធំ​វា​ស្ថិត​នៅ​ត្រង់​យើង​កែទម្រង់»

ប៉ុន្តែ មកដល់​អាណត្តិ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត រយៈពេល ជាង​មួយឆ្នាំ​មកនេះ ស្ថានភាព​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​មិន​មាន​សញ្ញា​ល្អ​ប្រសើរ​នោះ​ទេ​។ ជា​លទ្ធផល​សហរដ្ឋអាមេរិក បាន​ដាក់​ទណ្ឌកម្ម​លើ​លោក​ឧកញ៉ា លី យ៉ុងផាត់ ដែល​ជា​អ្នក​វិនិយោគ​ស្និទ្ធ​នឹង​គ្រួសារ​ត្រកូល​ហ៊ុន ហើយ​សហភាព​អឺរ៉ុប​ព្រមាន​ដក​EBA ថែមទៀត។

កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៤ សភា​សហភាព​អឺរ៉ុប បាន​សម្រេច​ជំរុញ​ឱ្យ​រដ្ឋ​សមាជិក​អឺរ៉ុប និង​សហគមន៍​អន្តរជាតិ ចាត់វិធានការ​ដាក់ទណ្ឌកម្ម​ឱ្យ​មាន ប្រសិទ្ធភាព​លើ​រដ្ឋាភិបាល​ភ្នំពេញ រួម​ទាំង​អ្នក​ដែល​ទទួលខុសត្រូវ​ទាំងឡាយ ដែល បន្ត​គាបសង្កត់​ផ្នែក​នយោបាយ ការ​យាយី​លើ​អង្គការសិទ្ធិមនុស្ស និង​ការរំលោភ សិទ្ធិ​ពលរដ្ឋ រហូត​ទាល់តែ​មានការ​ដោះលែង​អ្នកទោស​មនសិការ​ទាំង​អស់។

ក្នុង​ស្ថានភាព​វិបត្តិ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​បែបនេះ ប្រទេស​កម្ពុជា ក៏ ប្រឈម​វិបត្តិ​នៃ​ការ​ធ្លាក់​ចុះ​អ្នក​វិនិយោគ​បរទេស​។ របាយការណ៍​របស់​ក្រុមប្រឹក្សា អភិវឌ្ឍន៍​កម្ពុជា (CDC) បង្ហាញថា នៅក្នុង​ខែវិច្ឆិកា ឆ្នាំ​២០២៤ ទុន​វិនិយោគ​ពី​ប្រទេស​លោក​សេរី ស្រុត​ចុះ​ខ្លាំង​។ អ្នក​វិនិយោគ​ពី​ប្រទេស​កាណាដា មាន​តែ ជាង​១% (.២៧%) ហើយ​សហរដ្ឋអាមេរិក និង​អង់គ្លេស ដាក់​ទុន​វិនិយោគ​ក្រោម ១% ខណៈ​អ្នក​វិនិយោគ​ពី​ប្រទេស​អឺរ៉ុប​ធំៗ ដូចជា បារាំង និង​អាល្លឺម៉ង់ គ្មាន​តួលេខ រាប់​ឡើយ ហើយ​អ្នក​វិនិយោគ​ចិន ក៏​ធ្លាក់​ដែរ​។ ទន្ទឹម​នឹង​ការ​ធ្លាក់​ចុះ នៃ​អ្នក​វិនិយោគ​បរទេស​នេះ កម្ពុជា​ក៏​ប្រឈម​នឹង​បញ្ហា​អត់​ទីផ្សារ​លក់​កសិផល​របស់​កសិករ​ខ្មែរ​ដែរ។

ប្រជាពលរដ្ឋ​ធ្វើបាតុកម្ម៖ «​ស្រុក​មោងឫស្សី ឱ្យ​លោក​ចុះ​មក​មើល​ភ្លាម​តម្លៃ​ស្រូវ​ស្រុក​មោងឫស្សី តម្លៃ​ប៉ុន្មាន​[...]​ចុះ​អ្នកធ្វើ OM បាន​អី​សង​គេ»

ដោយសារ​ការ​ធ្លាក់​ចុះ​ខ្លាំង នៃ​តម្លៃ​ស្រូវ ដំឡូង និង​ដំណាំ​កសិកម្ម​ជាច្រើន​មុខ ទៀត កសិករ​នៅ​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង​ខេត្តតាកែវ ជាដើម បាន​ចេញ​ធ្វើបាតុកម្ម​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​ជាបន្ទាន់ ក្នុង​នោះ កសិករ តំបន់​ខ្លះ​បិទផ្លូវ​តវ៉ា​ផង​។ ប្រជាកសិករ លើកឡើង​ថា បើ​រដ្ឋាភិបាល​មិនអាច​ជួយ​រក​ទីផ្សារ​ឱ្យ​ពួកគាត់​លក់​កសិផល ឱ្យ​មាន​តម្លៃ​ខ្ពស់​សមរម្យ ដែល​អាច​ចំណេញ បាន​ខ្លះ​ទេ នោះ​ពួកគាត់​នឹង​ធ្លាក់​កាន់តែ​ជ្រៅ​ក្នុង​បញ្ហា​បំណុល ដែល​សព្វថ្ងៃ​កំពុង​វ័ណ្ឌក​ស្រាប់​ទៅ​ហើយ​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
គ្រួសារ​រៀបចំ​ពិធី​បញ្ចុះសព​លោក លិម គិមយ៉ា នៅ​ជាយ​ទីក្រុង​ប៉ារីស
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។