អ្នកឃ្លាំមើលបញ្ហាសង្គមលើកឡើងថា ប្រសិនបើមន្ត្រីធ្វើរបាយការណ៍ខុសការពិតដើម្បីយកមុខមាត់ នោះវានឹងធ្វើឱ្យរដ្ឋាភិបាលកំណត់គោលនយោបាយខុស ហើយមិនអាចដោះស្រាយ បញ្ហា ពលរដ្ឋបានឡើយ។ ការលើកឡើងនេះបន្ទាប់ពីមហាជនប្រតិកម្មទៅនឹងរបាយការណ៍របស់រដ្ឋមន្ត្រី ក្រសួងការងារថ្មីលោក ហេង សួរ ដែលថាពលរដ្ឋខ្មែរ មានការងារធ្វើ រហូតដល់ជាង៩៩ភាគរយ នៅទូទាំងប្រទេស។
អ្នកឃ្លាំមើលព្រួយបារម្ភថា មន្ត្រីនៅតាមក្រសួងស្ថាប័នមួយចំនួន កំពុងប្រើប្រាស់របាយការណ៍ខុសការពិត នាំឱ្យរដ្ឋាភិបាលយកទៅវិភាគហើយដាក់ចេញគោលនយោបាយមិនចំបញ្ហាដែលជាតិនិងប្រជាពលរដ្ឋកំពុងជួបប្រទះ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតនិងការស្រាវជ្រាវលោក សេក សុជាតិ កត់សម្គាល់ថា របាយការណ៍របស់មន្ត្រីភាគច្រើនមិនឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែងនៅក្នុងសង្គមទេ។ លោកបន្តថា របាយការណ៍បំផ្លើសខុស ការពិត នឹងធ្វើឱ្យរដ្ឋាភិបាលដាក់ចេញគោលនយោបាយខុស។
លោក សេក សុជាតិ៖ «ជាទម្លាប់ដែលតែងតែបំផ្លើសហើយដែលមិនបង្ហាញពីសុចរិតដែលជាមូលហេតុធ្វើឱ្យរាល់ការសម្រេចចិត្តផ្សេងៗរបស់មន្ត្រីរដ្ឋាភិបាលកម្ពុជា ឬក៏មន្ត្រីរបស់យើងហ្នឹងវាមានបញ្ហាត្រង់ដាក់ចេញគោលនយោបាយវាបំពេញបន្ថែមបែរជាខុសគោលដៅត្រឡប់ទៅវិញអ៊ីចឹងទៅ»។
ការលើកឡើងរបស់អ្នកឃ្លាំមើលនេះ ក្រោយពេលពួកគេមានមន្ទិលចំពោះរបាយការណ៍របស់ រដ្ឋមន្ត្រីក្រសួងការងារថ្មី លោក ហេង សួរ ដែលបានថ្លែងដោយមានមោទនភាពថា កម្ពុជាមានអត្រាអ្នកមានការងារធ្វើខ្ពស់រហូតដល់ទៅ៩៩,៣ភាគរយ។
ការលើកឡើងបែបនេះ ហាក់ផ្ទុយ ពីរបាយការណ៍របស់ក្រសួងការងារដដែល ដែលបង្ហាញថាមានរោងចក្រ រាប់សិបបានបិទទ្វារ ហើយកម្មកររាប់ ម៉ឺននាក់ បាត់បង់ការងារ។ ការលើកឡើងនេះក៏ស្រដៀងទៅនឹងការរកឃើញរបស់សហជីព ឯករាជ្យដែរ។
អ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ លោក ជ្រី បូរ៉ា ចាប់អារម្មណ៍ថា បញ្ហាបាត់បង់ការងារធ្វើ បាត់បង់ចំណូលកំពុងតែក្លាយជាបញ្ហាធំ ដែលខុសស្រលះពីការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការងារ។ លោកបារម្ភថា ការលើកឡើងរបាយការណ៍ខុសការពិតនេះធ្វើឱ្យបញ្ហា ពលរដ្ឋមិនមានដំណោះស្រាយ។
លោក ជ្រី បូរ៉ា៖ «ករណីថារបាយការណ៍ខ្វះការពិតវាធ្វើឱ្យបញ្ហាគ្មានការងារធ្វើនៃប្រជាពលរដ្ឋយើងហ្នឹងវារីកកាន់តែធំពីព្រោះថា ប្រសិនបើអត្រាមានការងារធ្វើវាខ្ពស់ទៅហើយសំណួរថា តើក្រសួងឬក៏ស្ថាប័នពាក់ព័ន្ធហ្នឹងនឹងមានវិធានការឬក៏គោលនយោបាយអី ដើម្បីដោះស្រាយលើបញ្ហាភាពគ្មានការងារធ្វើរបស់ប្រជាពលរដ្ឋហ្នឹងដែរឬទេ?»។
ចំណែកអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី មានប្រសាសន៍ថា ការប្រើ របាយការណ៍ ខុសការពិត និងរបាយការណ៍ចាស់ធ្វើឡើងច្រើនឆ្នាំមកហើយ សុទ្ធតែធ្វើឱ្យ រដ្ឋាភិបាលសម្រេចចិត្តខុស។
លោកបណ្ឌិត មាស នី ថ្លែងកត់សម្គាល់ពីដំណើរចុះទៅជួបកសិករ នៅខេត្តបាត់ដំបងរបស់រដ្ឋមន្ត្រីក្រសួងកសិកម្មលោក ឌិត ទីណា ក្នុងពេលមានបញ្ហាស្រូវចុះថោក ហើយដែលរដ្ឋមន្ត្រីរូបនោះអះអាងថា តម្លៃស្រូវ ១គីឡូក្រាម១ពាន់រៀល នៅតែជាតម្លៃល្អ ជាងឆ្នាំ មុនៗ។ ប៉ុន្តែលោកបណ្ឌិត មាស នី ចង់ឱ្យរដ្ឋមន្ត្រីរូបនេះបង្ហាញរបាយការណ៍ សិក្សាថ្មី បន្ថែមថា តើពេលបច្ចុប្បន្នតម្លៃនេះធ្វើឱ្យកសិករចំណេញដែរឬទេ? ខណៈថ្លៃដើមខ្ពស់ហើយ ទំនិញផ្សេងៗក៏ឡើងថ្លៃបន្តបន្ទាប់។
លោក មាស នី៖ «យើងត្រូវមើលអំពីបញ្ហាអីដែលកសិករប្រឈម ឧទាហរណ៍ថាបើស្រូវឡើង១ពាន់តើមានចំណេញដែរ ឬអត់?។ ពេលខ្លះស្រូវឡើង១ពាន់ប៉ុន្តែការចំណាយលើសពី១ពាន់ទៅទៀតអ៊ីចឹងនៅតែថោកដដែល។ ជារឿងសំខាន់ដែលមន្ត្រីចុះមកហើយមិនមែនគ្រាន់តែចុះមកហើយយើងយកទៅផ្សាយជាទិដ្ឋភាពនយោបាយ គឺយើងព្យាយាមយល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅពីក្រោយហ្នឹងផង»។
បើគេងាកទៅមើលវិស័យទេសចរណ៍វិញ ក្រសួងទេសចរណ៍បានបង្ហាញរបាយការណ៍ថា ៧ខែដំបូងនៃឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវ ទេសចរបរទេសរហូតដល់ជាង ៣លាននាក់។ ប៉ុន្តែការអះអាងរបស់ក្រសួងទេសចរណ៍នេះហាក់ផ្ទុយទៅនឹងការរអ៊ូរទាំរបស់ម្ចាស់អាជីវកម្មលើវិស័យនេះដែលកំពុងត្អូញត្អែរ ពីបញ្ហាមិនមានភ្ញៀវទេសចរធ្វើឱ្យចំណូលធ្លាក់ចុះ។
នៅក្នុងវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១២ ខែកញ្ញា អ្នកវិភាគនយោបាយ លោក សេង សារី ចាត់ទុកថា រដ្ឋាភិបាលមានប្រព័ន្ធរដ្ឋបាលស្អុយដែលមានមន្ត្រីនិយមរាយការណ៍កុហក។ លោកបារម្ភថា បើថ្នាក់ដឹកនាំជឿលើរបាយការណ៍កុហកទាំងនោះនឹងមិនមានវិធានការ ដោះស្រាយបញ្ហាកំពុងកើតមានពិតប្រាកដទេ។
លោក សេង សារី៖ «ថ្មីៗនេះក៏មានការបំប៉ោងទិន្នន័យទាក់ទងនឹងការកើនឡើងដល់១៨០ភាគរយនៃចំនួនទេសចរបរទេសជាដើម។ ប៉ុន្តែយើងសួរថា រដ្ឋាភិបាលថ្មីមានបានប្រើទិន្នន័យច្បាស់លាស់ក្នុងការសម្រេចចិត្តទេ បើសិនជារដ្ឋាភិបាលជឿលើទិន្នន័យកើនឡើង១៨០នោះ រដ្ឋាភិបាលថ្មីនឹងមិនចេញគោលនយោបាយដើម្បីដោះស្រាយបញ្ហាទេ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងរដ្ឋមន្ត្រីក្រសួងការងារលោក ហេង សួរ អ្នកនាំពាក្យក្រសួង ទេសចរណ៍លោក តុប សុភក្រ និងអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា ដើម្បីសាកសួរ ជុំវិញ របាយការណ៍ទាំងនេះបានទេ នៅថ្ងៃទី១៤ ខែកញ្ញា។
ទោះយ៉ាងណាលោក នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកឡើងបន្តបន្ទាប់ពីការប្ដេជ្ញាធ្វើកំណែទម្រង់ ពង្រឹងការទទួលខុសត្រូវ របស់មន្ត្រីដើម្បីធានាប្រសិទ្ធភាពការងារ។ នៅក្នុងវេទិកាជួបកម្មករនៅ ខេត្តកំពង់ស្ពឺនៅថ្ងៃទី៩ខែកញ្ញា លោក ហ៊ុន ម៉ាណែត ព្រមានចាត់វិធានការមន្ត្រីអសមត្ថភាព ដែលនាំឱ្យរងគ្រោះដល់រូបលោក។
លោក ហ៊ុន ម៉ាណែត៖ «ត្រូវប្ដេជ្ញាធ្វើទាំងអស់គ្នាខ្ញុំប្រាប់ហើយខ្ញុំអត់ត្រូវព្រួញតែម្នាក់ឯងទេ ត្រូវព្រួញទាំងអស់គ្នាខ្ញុំប្រគល់សិទ្ធិនឹងការទុកចិត្ត។ ខ្ញុំប្រគល់ដាវអាជ្ញាសឹកឱ្យដល់ពេលត្រូវកាត់ តែមិនធ្វើ គាត់ឲ្យខ្ញុំកាត់ជំនួសហើយព្រោះកន្លែងកាប់ហ្នឹងមានអ្នកជាច្រើនណាស់ចង់បានមួយជីវិតមានតែម្តងទេ ត្រូវរក្សាវាឱ្យល្អ»។
អ្នកឃ្លាំមើលបញ្ហាសង្គមកត់សម្គាល់ថា បញ្ហាជាច្រើនទៀតដែល ថ្នាក់ដឹកនាំ ទទួលរបាយការណ៍ ខុស ហើយដាក់គោលនយោបាយដោះស្រាយមិនចំ ធ្វើឱ្យបញ្ហាមួយចំនួនកាន់តែរីករាលដាលធំឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ដូចជា បញ្ហាគ្រឿងញៀន អំពើពុករលួយ ការកាប់បំផ្លាញព្រៃឈើ និង ជម្លោះដីធ្លីជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
