គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់(គ.ជ.ប) អះអាងថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតថ្មីសម្រាប់ឆ្នាំ២០២១ មានភាពល្អប្រសើរ។ ប៉ុន្តែមន្ត្រីបក្សប្រឆាំង និងអ្នកឃ្លាំមើលថា ពលរដ្ឋហាក់មិនចាប់អារម្មណ៍ចុះឈ្មោះបោះឆ្នោតនោះទេ។
គ.ជ.ប បានបិទបញ្ចប់យុទ្ធនាការពិនិត្យមើលបញ្ជីឈ្មោះ និងការចុះឈ្មោះថ្មីសម្រាប់ឆ្នាំ២០២១ហើយ គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា។ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក ហង្ស ពុទ្ធា ប្រាប់វិទ្យុអាស៊ីសេរីថា ដំណើរការពិនិត្យ និងចុះឈ្មោះថ្មីនៅឆ្នាំនេះដំណើរការទៅយ៉ាងល្អប្រសើរ និងគ្មានបណ្ដឹងពីសង្គមស៊ីវិល ឬតំណាងគណបក្សនយោបាយឡើយ។ លោកសង្កេតឃើញថា រឿងនេះកើតមានដោយសារតែមន្ត្រី គ.ជ.ប អនុវត្តច្បាប់បានត្រឹមត្រូវល្អទើបគ្មានការប្ដឹងជំទាស់៖ « អត់ឃើញមានបណ្ដឹងអ្វីទេ។ អ្នកសង្កេតការណ៍មិនតិចទេ តែសំខាន់ គឺមន្ត្រីបោះឆ្នោតបានបម្រើប្រជាពលរដ្ឋនូវសេវាចុះឈ្មោះបោះឆ្នោតហ្នឹងបានល្អប្រសើរ ហើយប្រជាពលរដ្ឋក៏លោកកាន់តែមានការយល់ដឹងពីមួយឆ្នាំទៅមួយឆ្នាំ អំពីឯកសារចុះឈ្មោះបោះឆ្នោត»។
លទ្ធផលបណ្ដោះអាសន្នគិតត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា បង្ហាញថា រយៈពេល ៤៦ ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ខែតុលាមកមានពលរដ្ឋមកចុះឈ្មោះបោះឆ្នោតថ្មីជាង ៤សែន (៤៤២.៤៤០) នាក់ ខណៈ គ.ជ.ប បានប៉ាន់ស្មានពីដំបូងថា អ្នកចុះឈ្មោះបោះឆ្នោតថ្មីសម្រាប់ឆ្នាំ២០២១ មានជាង ១លាន៦សែន (១.៦៣៥.៩៩០)នាក់។ ជាមួយគ្នានេះ គ.ជ.ប ក៏បានលុបឈ្មោះពលរដ្ឋចេញពីបញ្ជីបោះឆ្នោតជាង ២សែន (២១៥.២៧៥) នាក់ដែរ។ ចំពោះពលរដ្ឋសុំកែតម្រូវទិន្នន័យឡើងវិញ មានជិត ២សែន(១៨៤.០៨១) នាក់ និងអ្នកផ្ទេរទីលំនៅចូលឃុំ-សង្កាត់ថ្មីជាង ១សែន (១៤៤.១២៦) នាក់។ បន្ទាប់ពីដំណើរការពិនិត្យ និងចុះឈ្មោះនេះបិទបញ្ចប់ទៅ គ.ជ.ប នឹងចាប់ផ្ដើមបិទផ្សាយលទ្ធផលបឋម និងលទ្ធផលផ្លូវការ ហើយតទៅទៀត គ.ជ.ប នឹងបន្តឲ្យពលរដ្ឋពិនិត្យមើលទិន្នន័យបន្តទៀត។
សង្គមស៊ីវិលសង្កេតឃើញថា គណបក្សនយោបាយជាច្រើន បានអវត្តមានក្នុងការចូលរួមដំណើរការចុះឈ្មោះបោះឆ្នោតនៅឆ្នាំនេះ ពិសេសគឺគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ(LDP) ដែលធ្លាប់រកឃើញភាពមិនប្រក្រតី និងចេញមុខប្ដឹងតវ៉ាជាច្រើនករណីកាលពីក្នុងនីតិវិធីចុះឈ្មោះអ្នកបោះឆ្នោតឆ្នាំ២០២០។
នាយកប្រតិបត្តិអង្គការនិចហ្វិក (NICFEC) លោក សម គន្ធាមី សោកស្ដាយចំពោះការអវត្តមានរបស់តំណាងនយោបាយជាច្រើនក្នុងដំណើរការចុះឈ្មោះថ្មីនៅឆ្នាំនេះ។ លោកយល់ថា គណបក្សនយោបាយខ្លះអាចរអាក្នុងការប្ដឹងតវ៉ាដែរ ដោយសារ គ.ជ.ប ធ្លាប់ប្ដឹងតំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យទៅតុលាការ កាលពីឆ្នាំមុន។
លោក សម គន្ធាមី ដែលបានបញ្ជូនភ្នាក់ងារសង្គមស៊ីវិលចុះពិនិត្យមើលដំណើរការបោះឆ្នោតថ្មីនៅតាមការិយាល័យមួយចំនួនដែរនោះ បន្តថា ពលរដ្ឋបានទៅចុះឈ្មោះបោះឆ្នោតច្រើនមែន តែពួកគេមិនទាន់ច្បាស់ក្នុងចិត្តថា ពួកគេនឹងចូលរួមការបោះឆ្នោតនៅពេលខាងមុខនោះទេ៖ « គ . ជ . ប គួរតែធ្វើកិច្ចសហការជាមួយ Stake holder ដូចជាគណបក្ស ដូចជា NGOs អ្វីអ៊ីចឹងណាបាទ អ្នកដែលពាក់ព័ន្ធក៏ដូចជាម្ចាស់ឆ្នោតដែលជាប្រជាពលរដ្ឋដែរណា។ ( គ . ជ . ប ) យកចិត្តទុកដាក់លើកទឹកចិត្តផ្សព្វផ្សាយអ្វីឲ្យបានទូលំទូលាយហើយជៀសវាងយន្តការអ្វីដែលប្ដឹងផ្ដល់គ្នា ( ទៅតុលាការ )»។
កាលពីឆ្នាំ២០២០ គ.ជ.ប ទទួលបានពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីជាង ២សែន (២០០.០០០) នាក់។ ទន្ទឹមនឹងនោះ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានរកឃើញភាពមិនប្រក្រតីជិតមួយករណី ដោយបានប្ដឹងទៅគ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញជាច្រើនករណី។ បណ្ដឹងទាំងអស់ត្រូវ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញច្រានចោល។ អគ្គលេខាធិការរង គ.ជ.ប លោក សោម សូរីដា ក៏បានដាក់ពាក្យប្ដឹងអនុប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក អ៊ី សាំងឡេង ទៅតុលាការដែរ។
នៅឆ្នាំនេះ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមិនបានដាក់អ្នកសង្កេតការណ៍ចូលរួមពិនិត្យមើលដំណើរការចុះឈ្មោះបោះឆ្នោតថ្មីទេ។ ប៉ុន្តែមានគណបក្សនយោបាយចំនួន ៩ ដែលបានដាក់ភ្នាក់ងារនយោបាយចូលរួមឃ្លាំមើល ដោយក្នុងនោះគណបក្សកាន់អំណាចតែមួយគត់ បានដាក់ភ្នាក់ងារនយោបាយឃ្លាំមើលគ្រប់ការិយាល័យចុះឈ្មោះបោះឆ្នោត។
ជុំវិញករណីនេះដែរ វិទ្យុអាស៊ីសេរីមិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យ និងជាអនុប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក អ៊ី សាំងឡេង និងអគ្គលេខាធិការបក្សលោក ចិន ថុន បានទេ នៅថ្ងៃទី៣០ ខែវិច្ឆិកា។ តែយ៉ាងណាលោក អ៊ី សាំងឡេង ធ្លាប់ប្រាប់វិទ្យុអាស៊ីសេរីកាលពីឆ្នាំមុនថា លោកខកចិត្តចំពោះ គ.ជ.ប។
ចំណែកមន្ត្រីឃ្លាំមើលកិច្ចការបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិសង្កេតឃើញថា ការណ៍ដែលពលរដ្ឋ និងគណបក្សនយោបាយមិនសូវចូលរួមក្នុងការដំណើរការចុះឈ្មោះបោះឆ្នោតនេះ ដោយសារពួកគេយល់ថា គ.ជ.ប មិនឯករាជ្យ។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិរាជធានីភ្នំពេញ លោក ម៉ន ផល្លា អះអាងថា ការហាមឃាត់សកម្មភាពនយោបាយរបស់គណបក្សសង្គ្រោះជាតិច្រើនឆ្នាំមកនេះ គឺជាមូលហេតុចម្បងដែលធ្វើពលរដ្ឋមិនសប្បាយចិត្ត។ លោកបន្តថា មានតែវត្តមានរបស់គណបក្សប្រឆាំងប៉ុណ្ណោះ ដែលអាចធ្វើឲ្យពលរដ្ឋពេញចិត្ត និងព្រមចូលរួមគ្រប់ដំណើរការនៃនីតិវិធីបោះឆ្នោត៖ « បើមានវត្តមានគណបក្សសង្គ្រោះជាតិចូលរួមប្រកួតប្រជែងឆ្នាំ២០២២ ក៏ដូចជាឆ្នាំ២០២៣នេះ ខ្ញុំមានជំនឿថាប្រជាពលរដ្ឋនឹងទៅចុះឈ្មោះបោះឆ្នោតទូទាំងប្រទេស ភ្លូកទឹកភ្លូកដី ព្រោះពួកគាត់ចង់ឲ្យមានការផ្លាស់ប្ដូរ ចង់ឲ្យមានប្រជាធិបតេយ្យ»។
ចាប់តាំងពីក្រោយការរំលាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៧មក ចំនួនអ្នកទៅចូលរួមពិនិត្យបញ្ជីឈ្មោះ និងអ្នកចុះឈ្មោះបោះឆ្នោតថ្មីមិនសូវមានសកម្មភាពពុះកញ្ជ្រោលខ្លាំងក្លា ដូចកាលមានវត្តមានគណបក្សប្រឆាំងទេ។ ក្រុមអ្នកឃ្លាំមើលការបោះឆ្នោត សង្កេតឃើញថា ការធ្លាក់ចុះនេះដោយសារកត្តាស្ថានភាពនយោបាយធ្វើឱ្យពលរដ្ឋធុញទ្រាន់ និងកត្តាគណបក្សនយោបាយនៅកម្ពុជាមានច្រើនមែនពិត តែពួកគេធ្វើសកម្មភាពដើម្បីផលប្រយោជន៍បក្ខពួក ជាជាងពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។