អ្នកឃ្លាំមើល​រិះគន់​ថា ការ​អភិវឌ្ឍ​របស់​លោក ហ៊ុន ម៉ាណែត គឺ​សម្រាប់​តែ​បក្ខពួក​ខ្លួន​ប៉ុណ្ណោះ

អ្នកឃ្លាំមើល និង​មន្ត្រី​សង្គម​ស៊ីវិល​ចាត់ទុក​ការ​ដាក់​ចេញ​នូវ​គោលដៅ​នៃ​ការ​អភិវឌ្ឍ​ប្រកបដោយ​សមធម៌​របស់​រដ្ឋាភិបាល​ថ្មី គ្រាន់តែ​ជា​ការ​ប្រើ​ទ្រឹស្ដី​បោកប្រាស់​ទំនុកចិត្ត​របស់​ប្រជាពលរដ្ឋ ខណៈ​ដែល​ពួកគាត់​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​វិបត្តិ​សេដ្ឋកិច្ច និង​ប្រឈម​ភាព​ក្រីក្រ។ ពួកគាត់​ថា ផល​ដែល​កើត​ចេញ​ពី​ការ​អភិវឌ្ឍ​ដោយ​សមធម៌​នោះ មាន​ចំពោះតែ​បក្ខពួក របស់​មន្ត្រី​រដ្ឋាភិបាល និង​អ្នក​មាន​អំណាច​ដែល​ចាំតែ​កេង​ចំណេញ​ផលប្រយោជន៍​ពី​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ។

អ្នកឃ្លាំមើល​យល់​ឃើញ​ថា កម្មវិធី​នយោបាយ​របស់​លោក ហ៊ុន ម៉ាណែត លើ​គោល​នយោបាយ​អភិវឌ្ឍ​ប្រកបដោយ​សមធម៌ និង​ការបែងចែក​ផលប្រយោជន៍​រវាង​អ្នកមាន និង​អ្នកក្រ​នេះ គឺ​និយាយ​ឱ្យ​តែ​ពីរោះ​ស្ដាប់​ប៉ុណ្ណោះ​ប៉ុន្តែ​ការ​អនុវត្ត​ជាក់ស្ដែង រដ្ឋាភិបាល​តែង​បរាជ័យ​លើ​ការអនុវត្ត​គោល​នយោបាយ​ទាំងនោះ​ប្រកបដោយ​តម្លាភាព។

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ខេត្ត​កំពង់ធំ លោក ម៉ែន សុថាវរិន្ទ្រ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៥ តុលា ថា ផែនការ ឬ​គោលនយោបាយ​ផ្សេងៗ ដែល​កន្លងមក​រដ្ឋាភិបាល​ចូលចិត្ត​អះអាង​ថា ធ្វើ​ដើម្បី​ពលរដ្ឋ ច្រើនតែ​ហុច​ផលប្រយោជន៍​ឱ្យ​អ្នក​មាន​អំណាច ខណៈ​អ្នក​ត្រូវ​ការ​ពិតប្រាកដ​បែរជា​ទទួល​បាន​ផល​តិចតួច ឬ​មិន​បាន​ទទួល​សោះ​ក៏​មាន​។ លោក​បន្ត​ថា ប្រសិនបើ​លោក ហ៊ុន ម៉ាណែត ចង់​ផ្ដល់​សមធម៌​ជួយ​សង្គ្រោះ​ពលរដ្ឋ​ក្រីក្រ​មែន នោះ​លោក​ត្រូវតែ​អនុវត្ត​តាម​គោល​នយោបាយ​ដែល​បាន​តាក់តែង​ឱ្យ​ចេញ​ជា​ផ្លែផ្កា ជាពិសេស​គឺ​កែប្រែ​សង្គម​កម្ពុជា​ឱ្យ​ក្លាយ​ជា​សង្គម​ចែក​គ្នា​រស់ មិនមែន​ដណ្ដើម​គ្នា​រស់​ដូច​សព្វថ្ងៃ​នេះ​ទេ។

លោក ម៉ែន សុថាវរិន្ទ្រ៖ «ពួក​កាន់អំណាច​ផ្ដាច់ការ​ទ្រឹស្ដី​តែ​អ៊ីចឹង​ឯង​។ ប្រទេស​កុម្មុយនិស្ត​ដូចគ្នា ទ្រឹស្ដី​ល្អ​ណាស់ ប៉ុន្តែ​បើ​ជាក់ស្ដែង​អត់​មាន​ធ្វើកើត​ទេ បើ​ឥឡូវនេះ​ប្រទេស​កម្ពុជា​យើង​ដណ្ដើម​គ្នា​រស់ មិនមែន​ចែក​គ្នា​រស់​។ អ្នកមាន​គឺ​មាន​ខ្លាំង​មែនទែន អ្នកក្រ​គឺ​ក្រ​ខ្លាំង​មែនទែន​!និយាយ​ឱ្យ​ចំ អ្នកក្រ​គឺ​៨០​ភាគរយ។(​តែ​)​បើ​យើង​ចង់​មើល​(​ឃើញ​)​សមធម៌​ត្រឹមត្រូវ​ចែក​គ្នា​រស់​បាន គឺ​ដូច​នៅ​ប្រទេស និង​នៅ​ប្រទេស​លោក​សេរី»។

ការ​លើកឡើង​របស់​មន្ត្រី​គណបក្សប្រឆាំង​រូប​នេះ គឺ​បន្ទាប់ពី​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ "​មន្ទីរពេទ្យ​ជាតិ តេជោសន្តិភាព​" នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៤ តុលា ប្រកាស​ដាក់ចេញ​នូវ​គោលនយោបាយ​អភិវឌ្ឍ​ប្រកបដោយ​សមធម៌ និង​ការបែងចែក​ផលប្រយោជន៍​រវាង​អ្នកមាន និង​ក្រ​។ កម្មវិធី​នយោបាយ​ទាំងនោះ​មាន​ជាអាទិ៍​ការ​ពង្រឹង​សេវា​ថែទាំ​សុខភាព ការ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ បច្ចេកទេស រួម​ទាំង​ផ្ដល់​ជំនួយ​សង្គម​ជូន​ជន​ក្រីក្រ និង​គ្រួសារ​ងាយ​រងគ្រោះ។

លោក ហ៊ុន ម៉ាណែត៖ «ព្រោះ​ផល​លាភ​មិនអាច​ប្រមូលផ្ដុំ​តែ​ក្រុម​មនុស្ស​ម្នាក់ មនុស្ស​មួយ​ក្រុម​នោះ​ទេ។ ផល​លាភ​នៃ​ការ​អភិវឌ្ឍ​ដោយ​សមធម៌​គឺ​ធ្វើ​យ៉ាងណា យើង​ផ្ដល់​នូវ​អាទិភាព និង​ការ​ជួយ​ដល់​ប្រជាពលរដ្ឋ​យើង​ដែល​ត្រូវ​ការ​ជួយ​ឱ្យ​ចំ​គោលដៅ គឺ​អ្នក​ដែល​មាន​ជីវភាព​លំបាក និង​អ្នក​នៅ​ក្រោម​ដើម្បី​ជួយ​គាត់​ឱ្យ​រឹង​ដៃ​រឹង​ជើង​ឡើង​មក​ជីវភាព​មធ្យម និង​រីកចម្រើន​តទៅ​មុខ​!នេះ​ជា​គោលដៅ​ធំ​សម្រាប់​រាជរដ្ឋាភិបាល​របស់​យើង»។

ទោះជា​បែបនេះ​ក្ដី ការ​អភិវឌ្ឍ​ប្រកបដោយ​សមធម៌ និង​ការបែងចែក​ផលប្រយោជន៍​ពី​អ្នកមាន ដែល​លោក ហ៊ុន ម៉ាណែត អះអាង​ថា ជា​អ្នក​ជោគជ័យ​លើ​ការ​វិនិយោគ ទៅ​ឱ្យ​ពលរដ្ឋ​ក្រីក្រ​នោះ ហាក់​ផ្ទុយ​ស្រឡះ​ពី​ការពិត​នៅក្នុង​សង្គម ព្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន កំពុង​រស់នៅ​ក្នុង​ជីវភាព​ក្រីក្រ ជំពាក់​ធនាគារ លក់​ទ្រព្យសម្បត្តិ​ដើម្បី​សងបំណុល និង​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ស្រប​ពេល​ដែល​មន្ត្រី​គ្រាក់ៗ​នៅក្នុង​ជួរ​រដ្ឋាភិបាល និង​បក្ខពួក​មន្ត្រី​ធំៗ សោយសុខ​លើ​គំនរ​ទ្រព្យសម្បត្តិ ប្រើប្រាស់​របស់​ថ្លៃៗ និង​មាន​លុយ​ទិញ​ផ្ទះ​នៅ​ក្រៅ​ប្រទេស​រាប់​លាន​ដុល្លារ។ ជាក់ស្ដែង ក្រុម​គ្រួសារ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ខ្លួន​លោក​ផ្ទាល់ ដែល​ដឹកនាំ​ប្រទេស​ពីរ​ជំនាន់​នោះ មាន​ទ្រព្យ​សម្បត្តិ​មហាសាល ដោយ​លោក ហ៊ុន សែន ដែល​ជា​ឪពុក ពាក់​នាឡិកា​ដៃ​ដាំ​ពេជ្រ​តម្លៃ​រាប់​លាន​ដុល្លារ​ជាច្រើន​គ្រឿង។

ទាក់ទិន​រឿង​នេះ ប្រធាន​សមាគម​ការពរ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក នី សុខា យល់ឃើញ​ថា គម្លាត​រវាង​អ្នកមាន និង​អ្នកក្រ​នៅក្នុង​សង្គម​បច្ចុប្បន្ន នៅ​ឆ្ងាយ​ពី​គ្នា ទាំង​ការប្រើប្រាស់​សិទ្ធិ និង​កម្រិតជីវភាព ក្នុង​នោះ​ប្រជាពលរដ្ឋ​មួយចំនួន បាន​រងគ្រោះ​ដោយសារ​ការរំលោភ​យក​ដីធ្លី និង​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​ពី​សំណាក់​អ្នក​មាន​អំណាច និង​អ្នក​វិនិយោគ​ដែល​ស្និទ្ធ​នឹង​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​។ លោក​យល់​ឃើញ​ថា ដើម្បី​ជំរុញ​ឱ្យ​គោលការណ៍​អភិវឌ្ឍ​ប្រកបដោយ​សមធម៌ មាន​ប្រសិទ្ធភាព រដ្ឋាភិបាល​គួរ​បង្កើត​ឱ្យ​មាន​យន្តការ តម្លាភាព​នៅក្នុង​សង្គម តាមរយៈ​ការ​លុប​បំបាត់​អំពើពុករលួយ និង​លើកស្ទួយ​យុត្តិធម៌​សង្គម។

លោក នី សុខា៖ «យើង​មើលឃើញ​រូបភាព​កន្លងមក មិនមែន​រឿង​សមធម៌​ទេ គឺ​រឿង​វប្បធម៌​ចែករំលែក ហើយ​វប្បធម៌​ចែករំលែក​ហ្នឹង គឺ​គ្មានអ្វី​ក្រៅពី​អ្នកមាន​ទ្រព្យ អ្នក​ពុករលួយ​មួយចំនួន យក​ទៅ​ចែក​យក​ទៅ​បិទបាំង​នូវ​អំពើអាក្រក់​របស់​ខ្លួន​មួយចំនួន តែ​ប៉ុណ្ណឹង​ទេ​។ វា​អត់​មាន​អ្វី​ជា​និរន្តរភាព​ទេ​។ ព្រោះ​ជា​លុយ​ក្នុង​ហោប៉ៅ​គេ គេ​ចង់​ទិញ​ចែក​ថ្ងៃ​ណា​ក៏​ចែក​ថ្ងៃ​ហ្នឹង​ទៅ ហើយ​បបួលគ្នា​ទៅ​ចែក​ទៅ ទៅ​ថត​ដើម្បី​យម​មុខ​យក​មាត់​អ៊ីចឹង​ទៅ»។

អ្នកឃ្លាំមើល និង​មន្ត្រី​សង្គម​ស៊ីវិល យល់ឃើញ​ថា ប្រសិនបើ​រដ្ឋាភិបាល​ថ្មី​នៅ​រក្សា​ប្រព័ន្ធ​ការងារ​ចាស់​ដើរ​តាម​រដ្ឋាភិបាល​របស់​អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន នោះ​ផែនការ ឬ​គោលនយោបាយ ដែល​ដាក់​ចេញ​មក​នឹង​ត្រូវ​បរាជ័យ អសារ​បង់ ហើយ​ថែមទាំង​ត្រូវ​រង​ការ​រិះគន់​ថា​ជា​គោល​នយោបាយ​យកមុខ គ្មាន​ប្រយោជន៍​សម្រាប់​ជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។