លទ្ធផលបោះឆ្នោតផ្លូវការបង្ហាញថា បក្សប្រជាជនកម្ពុជាឈ្នះបក្សភ្លើងទៀន
2022.06.26

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៦ ខែមិថុនា បានប្រកាសជាផ្លូវការនូវលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ លទ្ធផលផ្លូវការបង្ហាញថា គណបក្សប្រជាជនកម្ពុជា ឈ្នះគណបក្សភ្លើងទៀន។
លទ្ធផលផ្លូវការពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ដែល គ.ជ.ប ប្រកាសនៅថ្ងៃទី២៦ ខែមិថុនា បង្ហាញថា គណបក្សប្រជាជនកម្ពុជា ឈ្នះនាំមុខគណបក្សផ្សេងៗ ដែលទទួលបានតំណែងមេឃុំ-ចៅសង្កាត់ចំនួន១ពាន់៦រយ៤៨នាក់ (១.៦៤៨)។ គណបក្សភ្លើងទៀន ទទួលបានតំណែងមេឃុំចំនួន ៤នាក់នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម។ ក្រៅពីមេឃុំ គណបក្សប្រជាជនកម្ពុជាមានជំទប់ទី១ចំនួន១ពាន់៦រយ១៨នាក់ (១.៦១៨) ជំទប់ទី២ ចំនួន២រយ៦១នាក់(២៦១)។ រីឯគណបក្សភ្លើងទៀន ទទួលបានតំណែងជំទប់ទី១ ចំនួន២៥នាក់ ជំទប់ទី២ ចំនួន១ពាន់៣រយ៦០នាក់ (១.៣៦០)។ តួលេខនេះ គឺគណបក្សភ្លើងទៀន ដណ្តើមបានជាង២ពាន់(២.១៩៨)អាសនៈក្រុមប្រឹមប្រឹក្សាឃុំ-សង្កាត់។
បន្ទាប់ពីគណបក្សទាំងពីរ គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានតំណែងជំទប់ទី១ចំនួន៤នាក់ ជំទប់ទី២ ចំនួន១២នាក់។ គណបក្សខ្មែររួបរួមជាតិទទួលបានតំណែងជំទប់ទី១ ចំនួន១នាក់ និងជំទប់ទី២ចំនួន១០នាក់។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សខ្មែរស្រលាញ់ជាតិទទួលបានតំណែងជំទប់ទី១ចំនួន២នាក់ ជំទប់ទី២ចំនួន២នាក់ដូចគ្នា។ គណបក្សយុវជនកម្ពុជាទទួលបានតំណែងជំទប់ទី២ ចំនួន៣នាក់។ ទន្ទឹមគ្នានេះ គណបក្សកម្ពុជានិយម និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យទទួលបានតំណែងជំទប់ទី២ ចំនួន១នាក់ដូចគ្នា។
ស្របពេលគ.ជ.ប ប្រកាសលទ្ធផលផ្លូវការនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ថ្លែងថា គណបក្សរបស់លោក ត្រេកអរទទួលយកលទ្ធផលនេះ ហើយចាត់ទុកថា បានកើតចេញពីការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវពិតប្រាកដ៖ «យើងយល់ថា ការបោះឆ្នោតនេះ ប្រព្រឹត្តទៅដោយរលូន ដោយសន្តិវិធី ហើយមានរបៀបរៀបរយក្នុងបរិយាកាសមួយដែលប្រជាពលរដ្ឋទទួលបានទាំងអស់គ្នា។ចំពោះអ្នកដែលគេយល់ឃើញថា មានបញ្ហាមិនប្រក្រតីមួយចំនួន នោះគឺជាការយល់ឃើញរបស់គេ»។
ដោយឡែក នៅថ្ងៃប្រកាសលទ្ធផលបោះឆ្នោតនេះ គណបក្សភ្លើងទៀន បានធ្វើពិធីសំណេះសំណាលជាមួយបេក្ខជនដែលទើបជាប់ឆ្នោត និងសកម្មជនរបស់គណបក្សរាប់រយនាក់នៅខេត្តកំពង់ធំ។ អនុប្រធានគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា លើកឡើងថា ប្រសិនបើការបោះឆ្នោតមានបរិយាកាសនយោបាយល្អ គណបក្សភ្លើងទៀននឹងទទួលបានតំណែងមេឃុំ-ចៅសង្កាត់ច្រើនជាងនេះ។ លោក ស្នើសុំឲ្យអាជ្ញាធរពាក់ព័ន្ធ បញ្ឈប់ការធ្វើទុក្ខបុកម្នេញ ហើយទម្លាក់ចោលការចោទប្រកាន់ដែលគ្មានមូលដ្ឋាន និងប្រគល់សេរីភាពជូនមេឃុំជាប់ឆ្នោតរបស់គណបក្សភ្លើងទៀន ដើម្បីឲ្យពួកគាត់អាចបំពេញតួនាទីបម្រើប្រជាពលរដ្ឋម្ចាស់ឆ្នោត៖ «លទ្ធផលបោះឆ្នោតនេះ យើងទទួលយកទៅតាមឆន្ទៈប្រជាពលរដ្ឋផ្តល់ឲ្យយើង។ ប៉ុន្តែរាល់ភាពមិនប្រក្រតី ភាពអសកម្មទាំងឡាយក្នុងពេលបោះឆ្នោត គឺយើងត្រូវតែតវ៉ាហើយជាពិសេសសូមឲ្យ គ.ជ.ប ទទួលយករាល់ចំណុចខ្វះខាតទាំងអស់នោះ រកការពិតពីភាពមិនប្រក្រតីទាំងអស់នោះ ដើម្បីយកមកពិចារណាគិតរួមគ្នា ហើយកែលម្អ គ.ជ.ប ដើម្បីឲ្យគូប្រកួតទៅអនាគតមានការទុកចិត្តគ្នាបាន។ ជាពិសេស ទាំងសហគមន៍ជាតិនិងអន្តរជាតិ ទទួលយកបានទាំងអស់គ្នា»។
កាលពីថ្ងៃទី៦ ខែមិថុនា គណបក្សភ្លើងទៀន បានចេញសេចក្តីថ្លែងការណ៍សោកស្តាយចំពោះលទ្ធផលនៃការបោះឆ្នោតឃុំសង្កាត់នេះ ដោយថា «មិនមានភាពសេរី និងយុត្តិធម៌» ហើយ «មិនឆ្លុះបញ្ចាំងពីឆន្ទៈ» របស់ប្រជាពលរដ្ឋ ព្រោះមិនមានបរិយាកាសស្មើភាព ពលលរដ្ឋមិនមានសេរីភាពក្នុងការចូលរួមកិច្ចការនយោបាយ និងការបញ្ចេញមតិ ខណៈស្ថាប័នបោះឆ្នោតមិនទាន់ឯករាជ្យ។ក្រុមអង្គការសង្គមស៊ីវិលឯករាជ្យ និងគណបក្សនយោបាយមួយចំនួនទៀតដែលចូលរួមប្រកួតប្រជែង ក៏រិះគន់ថា ដំណើរការរៀបចំការបោះឆ្នោតឃុំ-សង្កាត់លើកនេះ មានស្ថានភាពអាក្រក់ជាងការបោះឆ្នោតអាណត្តិមុនៗ។
ប្រធានគណៈកម្មាធិការអព្យាក្រឹតនិងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជាហៅកាត់ថា និចហ្វិច លោក សំ គន្ធាមី មានប្រសាសន៍ថា គណបក្សនយោបាយដែលទទួលយកលទ្ធផលបោះឆ្នោត ប៉ុន្តែរិះគន់អំពីភាពមិនប្រក្រតីនៃការរៀបចំការបោះឆ្នោត គួរតែរួមគ្នាដាក់សំណើរទៅ គ.ជ.ប ដើម្បីឲ្យមានការកែលម្អចំណុចខ្វះខាតឡើងវិញ៖ «យើងដាក់សំណើរទៅ គ.ជ.ប ដើម្បីសុំធ្វើវិសោធនកម្ម ដូចជា បទបញ្ជារ នីតិវិធី ច្បាប់បោះឆ្នោតដើម្បីឲ្យការបោះឆ្នោតលើកក្រោយវាប្រសើរឡើងវិញ កុំឲ្យមានបញ្ហាដូចលើកនេះ។ ចំណុចមួយទៀត ឃើញលទ្ធផលបោះឆ្នោតនេះ ឃើញមានគណបក្សច្រើនដែរ ៨ទៅ៩ដែលមានអាសនៈក្នុងក្រុមប្រឹក្សាឃុំ-សង្កាត់។ យើងឃើញមានភាពជឿនលឿនច្រើនដោយសារយើងចង់ឃើញមានគណបក្សចម្រុះនៅតាមបណ្តាឃុំ-សង្កាត់ជាជាងមានតែគណបក្សមួយ ដូច្នេះវាអាចមានការត្រួតពិនិត្យ និងតុល្យភាព (Check and Balance)មានការលើកឡើងមានមតិជំទាស់ខ្លះបើសិនជាការងារខ្លះ ធ្វើទៅមានប៉ះពាល់ផលប្រយោជន៍ប្រជាពលរដ្ឋ និងវិស័យឃុំ-សង្កាត់»។
ក្នុងចំណោមអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ចំនួន១ម៉ឺន១ពាន់៦រយ៦២ (១១.៦៦២) ទូទាំងប្រទេស ក្នុងអាណត្តិទី៥ មានស្ត្រីនិងយុវជនជាង២ពាន់នាក់ នឹងចូលកាន់តំណែងទាំងនេះ។
គណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀន អះអាងដូចៗគ្នាថា លទ្ធផលនេះជាមូលដ្ឋានរឹងមាំឈានទៅរកជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នៅឆ្នាំ២០២៣ ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។