សកម្មជន​បក្ស​ប្រឆាំង​លោក វឿង សំណាង ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស

0:00 / 0:00

ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​ឱ្យ​ដឹង​ថា​លោក វឿង សំណាង មាន​បញ្ហា​ឈឺចាប់​ក្បាល​ធ្ងន់ធ្ងរ និង​ធ្វើ​ទុក្ខ​ជំងឺ​ប្រចាំ​កាយ​ជាច្រើន​មុខ​ទៀត នៅក្នុង​ពន្ធនាគារ ដែល​ទាមទារ​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជំនាញ​នៅ​ខាង​ក្រៅ​ពន្ធនាគារ។ មន្ត្រី​សិទ្ធិមនុស្ស​ជំរុញ​ដល់​អាជ្ញាធរ​ពន្ធនាគារ​យក​ចិត្ត​ទុកដាក់​លើ​បញ្ហា​សុខភាព​អ្នក​ជាប់ឃុំ និង​ជួយ​អន្តរាគមន៍​ឱ្យ​ពួកគាត់​ទទួល​បាន​ការ​ពិនិត្យ​ព្យាបាល​ជំងឺ​ដោយ​គ្មាន​ការ​រើសអើង។

មួយ​រយៈ​ពេល​ចុង​ក្រោយនេះ​លោក វឿង សំណាង ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​កំពុង​ឈឺចាប់​ក្បាល​ត្រង់​ស្នាមរបួស​ចាស់​ដែល​អាជ្ញាធរ​វាយ​កាល​ពី ១០​ឆ្នាំមុន។

នេះ​បើ​តាម​ការ​អះអាង​របស់​ប្រពន្ធ លោក វឿង សំណាង គឺ​លោកស្រី ទៀង ចិន្តា។ លោកស្រី​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា កាល​នៅ​មាន​សេរីភាព ប្តី​លោកស្រី​តែង​ព្យាបាល​របួស​លើ​ប្រព័ន្ធ​ប្រាសាទ​ពី​គ្រូពេទ្យ​ជំនាញ​ជាប្រចាំ ប៉ុន្តែ​ក្រោយ​ពេល​ជាប់​ឃុំ​ជិត ២​ឆ្នាំ​មកនេះ គាត់​ខកខាន​ទទួល​ការពិនិត្យ​តាមដាន​ជំងឺ ហើយ​គួបផ្សំ​បរិយាកាស​ក្នុង​បន្ទប់​ឃុំឃាំង​ចង្អៀត​ណែន​ថែម​ទៀត​ទើប​ធ្វើ​ឱ្យ​ជំងឺ​ប្តី​របស់​លោកស្រី​ធ្វើទុក្ខ។ លោកស្រី​ឱ្យ​ដឹង​ថា រយៈពេល​មួយ​សប្តាហ៍​ចុងក្រោយ​នេះ របួស​ក្បាល​ប្តី​របស់​លោកស្រី​មាន​អាការៈ​កាន់តែ​ធ្ងន់ធ្ងរ​បណ្តាល​ឱ្យ​គាត់​ឈឺចាប់​បាយ​មិន​បាន​គេង​មិន​លក់ ខណៈ​ប្តី​លោកស្រី​មាន​ជំងឺ​ប្រចាំ​កាយ​ដូចជា​លើស​ឈាម និង​រលាក​សន្លាក់​ជាដើម។ លោកស្រី​អះអាង​ថា​គ្រូពេទ្យ​ក្នុង​ពន្ធនាគារ​មានតែ​ថ្នាំ​ប៉ារ៉ា (Paracetamol) តែ​មិន​ព្រម​បញ្ជូន​ចេញ​ទៅ​ព្យាបាល​នៅ​ខាងក្រៅ​នោះ​ទេ។

លោកស្រី ទៀង ចិន្តា៖ «សុខភាព​គាត់​ទ្រុឌទ្រោម​ខ្លាំង​ដោយ​អង្គុយ​និយាយ​អត់​បាន​យូរ​ទេ គាត់​ថា​គាត់​អត់​ស្រួលខ្លួន​ខ្លាំង​ចេះតែ​បែកញើស​ក្បាល ក្តៅ​ស្រៀវស្រាញ​អ៊ីចឹង​ទៅណា ដល់​ពេល​អ៊ីចឹង​ទៅ​ខ្ញុំ​បារម្ភ​បើសិន​យើង​នៅ​ខាងក្រៅ​អាច​រក​ពេទ្យ​ព្យាបាល​បាន​ដល់ពេល​នៅក្នុង​ហ្នឹង​អត់​មាន​ពេទ្យ អត់​មាន​ថ្នាំពេទ្យ​អី​គ្រប់គ្រាន់​ទេ ខ្ញុំ​មិនដឹង​ថា ជំងឺ​ធ្វើទុក្ខ​ខ្លាំង​ជាង​ហ្នឹង ឬ​ប៉ះពាល់​ដល់​អាយុជីវិត​ខ្ញុំ​បារម្ភ»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ នៃ​ក្រសួង​មហាផ្ទៃ​លោក នុត សវនា ដើម្បី​សាកសួរ​អំពី​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី​១២ ខែ​សីហា។

កន្លងមក​សកម្មជន ប្រជាពលរដ្ឋ និង​អង្គការ​ផ្នែក​សិទ្ធិមនុស្ស​មួយចំនួន ធ្លាប់​បាន​រិះគន់​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ជុំវិញ​ការ​អនុវត្ត​ស្តង់ដារ​ពីរ ចំពោះ​អ្នក​ជាប់ឃុំ​ដែល​ក្រីក្រ និង​អ្នកមាន​លុយ​មាន​អំណាច។ អ្នក​ជាប់​ឃុំ​ក្រីក្រ និង​អ្នកទោស​មនសិការ មិន​ងាយ​ទទួល​បាន​ការ​អនុញ្ញាត​ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខាងក្រៅ​ឡើយ ទោះជា​ពួកគេ​មាន​ជំងឺ​ធ្ងន់ធ្ងរ ឬក៏​ស្នើសុំ​ច្រើនដង​បែប​ណា​ក្ដី។ ផ្ទុយទៅវិញ អ្នក​ជាប់ឃុំ​ខ្លះ​ដែល​ជា​ឧក្រិដ្ឋជន តែ​មាន​លុយ ឬ​មានអំណាច អាច​ទទួល​បាន​ការ​អនុញ្ញាត​ឱ្យ​សម្រាក​ព្យាបាល​រយៈពេល​វែង​នៅ​មន្ទីរពេទ្យ​ខាងក្រៅ​ពន្ធនាគារ។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុដ (Adhoc) លោក ស៊ឹង សែនករុណា ថា ជន​ជាប់ឃុំ មាន​សិទ្ធិ​ទទួល​បាន​សេវា​សុខភាព​ដែល​អាជ្ញាធរ​ជា​អ្នកទទួលខុសត្រូវ​ក្នុង​រឿង​នេះ​។ លោក​យល់​បើសិន​គ្រូពេទ្យ​ក្នុង​ពន្ធនាគារ​ពុំ​មាន​លទ្ធភាព​ព្យាបាល​ជំងឺ​នោះ​ទេ អាជ្ញាធរ​ពន្ធនាគារ​គួរតែ​ស្នើសុំ​តុលាការ​អនុញ្ញាត​ឱ្យ លោក វឿង សំណាង បាន​ទៅ​ពិនិត្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខាងក្រៅ ដើម្បី​កុំឱ្យ​គ្រោះថ្នាក់​ជីវិត ឬ​ប៉ះពាល់​សុខភាព​របស់​ជន​ជាប់ឃុំ​ក្រោយពេល​មាន​សេរីភាព។

លោក ស៊ឹង សែនករុណា៖ «បើសិន​នៅ​ពន្ធនាគារ​ខ្វះ​ការ​យកចិត្តទុកដាក់ ឬ​រក្សា​សុខភាព​ទាំងអស់​ហ្នឹង តើ​វា​សក្ដិសម​នឹង​គោលការណ៍​អនុវត្ត​ខាង​ពន្ធនាគារ ឬ​យ៉ាងណា នេះ​ជា​ចំណុច​ដែល​យើង​ចង់​ឱ្យ​មាន​ការ​កែប្រែ​ដោយ​កុំ​ឱ្យ​មាន​បញ្ហា​ទាំងអស់​ហ្នឹង​កើតឡើង​ដដែលៗ ដោយ​ភ្ជាប់​មាន​និន្នាការ​រើសអើង​ដោយ​មិន​គោរព​តាម​បទដ្ឋាន​សិទ្ធិមនុស្ស​ជាដើម»។

លោក វឿង សំណាង មាន​អាយុ​៤១​ឆ្នាំ ជា​អ្នកនយោបាយ​ថ្នាក់​មូលដ្ឋាន ដ៏​សកម្ម​និង​ស្មោះត្រង់​ចំពោះ​ឆន្ទៈ​ម្ចាស់​ឆ្នោត។ កាលពី​ឆ្នាំ​២០១៣ លោក វឿង សំណាង ដែល​នោះ ជា​ព្រះសង្ឃ បាន​ចូលរួម​ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​រោងចក្រ ពេលនេះ​លោក វឿង សំណាង រួម​ទាំង​កម្មករ​ផ្សេងទៀត ត្រូវ​កងទ័ព​ឆ័ត្រ​យោង​វាយ​បង្ក្រាប​ស្ទើរ​ស្លាប់​បាត់​បង់ជីវិត​នោះ បាន​បន្សល់​ស្នាមរបួស និង​ការ​ឈឺចាប់​រហូត​មក​ដល់​សព្វថ្ងៃ។

នៅ​ឆ្នាំ​២០១៧ លោក វឿង សំណាង បាន​ជាប់ឆ្នោត​ជា​ចៅ​សង្កាត់​រង​ទី​២ របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​រាជធានី​ភ្នំពេញ​។ រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ លោក វឿង សំណាង បាន​បង្ខំចិត្ត​រត់​ភៀសខ្លួន​មក​ប្រទេស​ថៃ ដើម្បី​គេច​ពី​ការ​បង្ខំ​ឱ្យ​ចូលរួម​ជាមួយ​គណបក្ស​កាន់អំណាច​។ បួន​ឆ្នាំ​ក្រោយមក សមត្ថកិច្ច​កម្ពុជា បាន​សហការ​ជាមួយ​អាជ្ញាធរ​ថៃ ចាប់​បញ្ជូន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ពី​ប្រទេស​ថៃ យក​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​នៅ​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃទី​៩ តុលា ឆ្នាំ​២០២១។ សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ខែធ្នូ ឆ្នាំ​២០២២ បាន​ផ្ដន្ទាទោស​លោក វឿង សំណាង ព្រមទាំង​សកម្មជន​និង​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​ចំនួន​៣៧​នាក់​ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​ចន្លោះ​ពី​៥​ឆ្នាំ ទៅ ៧​ឆ្នាំ ពី​បទ​រួមគំនិត​ក្បត់​ពាក់ព័ន្ធ​នឹង​រឿង​គម្រោង​ការ​វិល​ចូល​ស្រុក​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០២១។ សំណុំ​រឿង​នេះ​សហគមន៍​ជាតិ និង​អន្តរជាតិ​បាន​ចាត់​ទុក​ថា ជា​រឿង​នយោបាយ។

លោកស្រី ទៀង ចិន្តា ស្នើ​ដល់​អាជ្ញា​ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍​ឱ្យ​ប្តី​លោកស្រី​បាន​ចេញ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ជំនាញ​ខាងក្រៅ​ឱ្យ​ទាន់​ពេលវេលា ដើម្បី​កុំ​ស្ថានភាព​ជំងឺ​វិវឌ្ឍន៍​ធ្ងន់ធ្ងរ​។ លោកស្រី​ក៏​ស្នើ​ដល់​រដ្ឋាភិបាល​ដោះលែង​ប្តី​ឱ្យ​សេរីភាព​ឡើងវិញ ពីព្រោះ​ការ​ឃុំ​ប្តី​លោកស្រី​ដែល​គ្មាន​កំហុស​ឱ្យ​រង​ទុក្ខវេទនា​បែកបាក់​គ្រួសារ​អស់​រយៈពេល​ជាង​មួយឆ្នាំ​មកនេះ​គឺ​ការ​ដាក់​ទណ្ឌកម្ម​ផ្លូវចិត្ត​មួយ​ដ៏​ឈឺចាប់​សម្រាប់​អ្នក​ស្នេហាជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។