គណបក្ស​ភ្លើងទៀន ដាក់​បេក្ខជន​បាន​ជាង ១.៦០០ ឃុំ​សង្កាត់​នៅ​២៥​ខេត្ត​ក្រុង

0:00 / 0:00

នៅ​​ថ្ងៃ​បិទ​បញ្ចប់​ការ​ចុះ​ឈ្មោះ​បញ្ជី​បេក្ខជន​​នៃ​​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់​ អាណត្តិទី៥ ឆ្នាំ​២០២២ ដែល​មាន​រយៈពេល៣​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃទី៤ ដល់ថ្ងៃទី​​៦ ខែ​មីនានេះ​ គណបក្ស​ភ្លើងទៀន ​បាន​ដាក់​បេក្ខជន​ជាង ១.៦០០ ឃុំ​សង្កាត់​នៅ​ ២៥ខេត្តក្រុង ក្នុង​ចំណោម​ឃុំសង្កាត់ ១.៦៥២ ដែល​ចំនួន​នេះ​គឺ​នៅ​ក្រោម​តែ​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​ប៉ុណ្ណោះ។

ប្រធាន​ស្តីទី​គណបក្ស​ភ្លើងទៀន​លោក ថាច់ សេដ្ឋា ប្រាប់​វិទ្យុ​អាស៊ីសេរីនៅ​ថ្ងៃ​អាទិត្រ ទី៦ ខែ​មីនានេះ​ថាការណ៍​ដែល​គណបក្ស​ភ្លើងទៀនអាច​ដាក់​បេក្ខជន​បាន​នៅ​គ្រប់​ខេត្ត​ក្រុង​នៅ​ទូទាំង​ប្រទេសក្នុង​រយៈពេល​ដ៏​ខ្លី​បែប​នេះគឺ​លោក​អះអាង​ថាដោយ​សារ​ប្រជា​ពលរដ្ឋ​គាំទ្រ​គណបក្ស​ភ្លើង​ទៀន​យ៉ាង​សស្រាក់​សស្រាំ និង​ពេញចិត្ត​ចូលរួម​បន្ត​សកម្មភាព​នយោបាយ​ជា​មួយ​គណបក្ស​នេះ ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន និង​ពិតប្រាកដ​មួយ​នៅ​កម្ពុជា។ លោក​បន្ថែម​ថាភាព​អំណោយ​ផល​មួយ​ទៀតគឺ​គណបក្ស​ភ្លើង​ទៀនមាន​រចនា​សម្ព័ន្ធ​មូលដ្ឋាន​ស្រាប់​ ព្រម​ទាំង​មាន​បេក្ខជន​ពី​គណបក្ស​នយោបាយ​ផ្សេងៗ រួមទាំង​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ផង​មក​ចូលរួម​ឈរ​ឈ្មោះ​ជា​បេក្ខជន​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឲ្យ​គណបក្ស​ភ្លើងទៀន។

យោងតាម​ សេចក្តី​ប្រកាសព័ត៌មាន​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត ហៅកាត់​ថា គ.ជ.ប​ គិត​មក​ត្រឹម​ម៉ោង​ ៥:៣០នាទី ​ល្ងាច​ថ្ងៃទី៦ ខែមីនា គណបក្ស​នយោបាយ ដែល​បាន​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់​នៅ​អាណត្តិ​នេះ​មាន​ចំនួន ១៧គណបក្ស ក្នុង​ចំណោម ៤៥គណបក្ស។

ក្នុងចំណោម​នោះ​មានតែ​ ៤​គណបក្ស​ប៉ុណ្ណោះដែល​មាន​បេក្ខជន​ឈរ​ឈ្មោះ​នៅ​គ្រប់ ២៥ខេត្ត​ក្រុង។ ក្នុង ៤គណបក្ស​នោះ​​ មាន​គណបក្ស​តែ​ ២​ប៉ុណ្ណោះគឺ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ដែល​ដាក់​បេក្ខជន​បាន គ្រប់​ ១០០% ​ និង​គណបក្ស​ភ្លើងទៀនបាន​ដាក់​បេក្ខជន​ជិត​គ្រប់​ ១០០% នៅ​ខ្វះ​ពីរ​បី​ឃុំ​នៅ​តំបន់​ដាច់​ស្រយាល​ខ្លាំង ដូចជា នៅ​ខេត្តរតនៈគិរី និង​មណ្ឌលគិរី​។ គណបក្ស​ដែល​ដាក់​បេក្ខជន​បាន​ច្រើន​បន្ទាប់​ពី​គណបក្ស​ភ្លើង​ទៀនគឺ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ។

ការបោះឆ្នោត​ឃុំសង្កាត់​អាណត្តិទី​៥ នេះ នឹង​ប្រព្រឹត្តទៅនៅ​ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។