មន្ត្រីប៉ូលិសនៃស្នងការនគរបាលខេត្តកំពង់ចាម ចាប់ខ្លួនមេឃុំស្វាយទាបស្រុកចម្ការលើ ជាប់ឆ្នោតខាងគណបក្សសង្គ្រោះជាតិ គឺលោក ហេង ហ៊ន់ យកទៅឃុំខ្លួននៅស្នងការនគរបាលខេត្ត កាលពីម៉ោង ២រសៀលថ្ងៃទី២៣ តុលា។
ភរិយាលោក ហេង ហ៊ន់ គឺលោកស្រី នុត ប្រាក់ ប្រាប់អាស៊ីសេរីនៅថ្ងៃទី២៣ តុលាថា ប៉ូលិសប្រមាណ ១០នាក់ ចូលទៅឡោមព័ទ្ធចាប់ស្វាមីនៅក្នុងផ្ទះរបស់លោកស្រី ហើយរុញបញ្ចូលឡានយ៉ាងតក់ក្រហល់ដោយពុំបានបង្ហាញដីកាចាប់ខ្លួនពីតុលាឡើយ។ លោកស្រីចាត់ទុកសកម្មភាពរបស់ប៉ូលិសនេះថា ជាការធ្វើទុក្ខបុកម្នេញមកលើស្វាមីដោយអយុត្តិធម៌ ដែលធ្វើឱ្យសាច់ញាតិមានការឈឺចាប់មិនអាចបំភ្លេចបាន ពីព្រោះស្វាមីមិនបានប្រព្រឹត្តិខុសច្បាប់អ្វីឡើយ៖ «ប្ដីខ្ញុំថា ឈប់សិនឱ្យចៅខ្ញុំថតខ្ញុំមួយសិន គេថាមិនបាច់ថតមិនបាច់អីទេ ថតធ្វើអីថតទម្រាំរញ៉េរញ៉ៃ។ ខ្ញុំរកនិយាយអីក៏និយាយមិនកើតផង វាដូចស្លុត ហើយអ្នកស្រុកក៏គ្នាដូចអត់ហានចេញមកឈរជិតដែរ គ្នាបានត្រឹមឈរមើលពីក្នុងផ្ទះមក។ប៉ូលិសចាប់គ្រៀកប្ដីខ្ញុំមួយចំហៀងម្នាក់រួចច្រានចូលឡានទៅ រួចទៅប្ដីខ្ញុំថាមិនបាច់គ្រៀកខ្ញុំទេខ្ញុំដើរចូលឡានខ្លួនឯង។ខ្ញុំនឹកឡើងឆ្អែតចិត្តណាស់ សមត្ថកិច្ចចាប់ប្ដីខ្ញុំបែបនេះធ្វើដូចគាត់ខ្លាំងស្លាប់មនុស្សពីជំនាន់ណាមកអីចឹង » ។
លោកស្រីបញ្ជាក់ទៀតថា នៅពេលចាប់ខ្លួន ស្វាមីលោកស្រីមានស្មារតីរឹងមាំ ហើយនៅតែប្រកាន់ភាពស្មោះស្ម័គ្រជាមួយគណបក្សសង្គ្រោះជាតិដដែល ដោយបានប្រាប់លោកស្រីកុំឱ្យតក់ស្លុតនឹងការចាប់ចងនេះ ហើយថា ជារឿងនយោបាយទៀតផង។
អាស៊ីសេរីមិនទាចទាក់ទងស្នងការនគរបាលខេត្តកំពង់ចាមលោក ឯម កុសល ដើម្បីសុំសេចក្ដីអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២៣ តុលា ដោយសារទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
ប៉ុន្តែលោកស្រី នុត ប្រាក់ អះអាងថា ប៉ូលិសបានប្រាប់លោកស្រីក្រោយពេលចាប់ខ្លួនស្វាមីថា ការចាប់ខ្លួននេះ ដោយសារលោក ហេង ហ៊ន់ មានជាប់ពាក់ព័ន្ធនឹងគម្រោងទៅកៀរគរប្រជាពលរដ្ឋទៅអមដំណើរប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ចូលស្រុកនៅថ្ងៃទី៩ វិច្ឆិកាខាងមុខ។
គិតត្រឹមរសៀលថ្ងៃទី២៣ តុលា មានសកម្មជនគណបក្សសង្គ្រោះជាតិចំនួន ៥៤នាក់ហើយ ដែលត្រូវរបបលោក ហ៊ុន សែន ចាប់ និងឃុំក្នុងខ្លួនពន្ធនាគារ ហើយមានសកម្មជនចំនួន ១៨៦នាក់ផ្សេងទៀត ត្រូវបានកោះហៅទៅបំភ្លឺ និងសមត្ថកិច្ចតាមចាប់ខ្លួន ដោយគ្មានមូលដ្ឋានច្បាប់ច្បាស់លាស់។ ក្រៅពីនេះ ក៏មានសកម្មជនបក្សប្រឆាំងជាច្រើននាក់ទៀត បានរត់ភៀសខ្លួនរកកន្លែងមានសុវត្ថិភាព ដើម្បីគេចចេញពីការតាមយាយី និងការធ្វើទុក្ខបុកម្នេញ ឬចាប់ខ្លួនពីអាជ្ញាធររបបក្រុងភ្នំពេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។