មន្ត្រីប៉ូលិសនៃស្នងការនគរបាលខេត្តបាត់ដំបង ចាប់ខ្លួនសមាជិកក្រុមប្រឹក្សាស្រុកមោងឫស្សី ជាប់ឆ្នោតខាងគណបក្សសង្គ្រោះជាតិម្នាក់ គឺលោក អ៊ុត ជឿន យកទៅឃុំខ្លួននៅរសៀលថ្ងៃទី១៩តុលា។
ភរិយាលោក អ៊ុត ជឿន គឺលោកស្រី សេង រ័ត្នមុនី ប្រាប់អាស៊ីសេរីក្រោយពេលចាប់ស្វាមីថា ប៉ូលិសចាប់លោក អ៊ុត ជឿន នៅពេលដែលគាត់កំពុងរត់តាក់ស៊ីនៅឃុំព្រៃតូច ស្រុកមោងឫស្សី ដោយពុំបានបង្ហាញដីកាចាប់ខ្លួនពីតុលាឡើយ។ លោកស្រីចាត់ទុកថា សកម្មភាពរបស់ប៉ូលិសនេះថា ជាការធ្វើទុក្ខបុកម្នេញមកលើស្វាមីដោយអយុត្តិធម៌ ព្រោះស្វាមីលោកស្រីមិនបានប្រព្រឹត្តិខុសច្បាប់អ្វីឡើយ៖ «នៅសុខៗ ស្រាប់តែប៉ូលិសមកចាប់ខ្លួនប្ដីខ្ញុំបណ្ដោយ វាហួសចិត្តនិយាយមិនរួច។ ចង់ឱ្យអាជ្ញាធរដោះលែងប្ដីខ្ញុំមកវិញ ព្រោះគ្រួសារខ្ញុំត្រូវការគាត់ខ្លាំងណាស់ ដើម្បីចិញ្ចឹមជីវភាពគ្រួសារ ក្នុងបន្ទុកមានសមាជិកគ្រួសារ៥នាក់ មានតែគាត់ទេដែលរកប្រាក់ចិញ្ចឹមប្រពន្ធកូន ហើយដល់ពេលគេចាប់អីចឹងឱ្យខ្ញុំរំពឹងអ្នកណា » ។
អាស៊ីសេរីមិនទាចទាក់ទងស្នងការនគរបាលខេត្តបាត់ដំបង លោក អ៊ុច សុខុន ដើម្បីសុំសេចក្ដីអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី១៩ តុលា ដោយសារទូរស័ព្ទពុំមានអ្នកទទួល។
គិតត្រឹមថ្ងៃទី១៩ តុលា មានសកម្មជនគណបក្សសង្គ្រោះជាតិចំនួន ៤៩នាក់ហើយ ដែលត្រូវរបបលោក ហ៊ុន សែន ចាប់ និងឃុំក្នុងខ្លួនពន្ធនាគារ ហើយមានសកម្មជនចំនួន ១៨៤នាក់ផ្សេងទៀត ត្រូវបានកោះហៅទៅបំភ្លឺ និងសមត្ថកិច្ចតាមចាប់ខ្លួន ដោយគ្មានមូលដ្ឋានច្បាប់ច្បាស់លាស់។ ក្រៅពីនេះ ក៏មានសកម្មជនបក្សប្រឆាំងជាច្រើននាក់ទៀត បានរត់ភៀសខ្លួនរកកន្លែងមានសុវត្ថិភាព ដើម្បីគេចចេញពីការតាមយាយី និងការធ្វើទុក្ខបុកម្នេញ ឬចាប់ខ្លួនពីអាជ្ញាធររបបក្រុងភ្នំពេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។