អាជ្ញាធរចាប់ខ្លួនសកម្មជនគណបក្សប្រឆាំងម្នាក់ទៀតនៅក្នុងខេត្តមណ្ឌលគិរី ខណៈតុលាការខេត្តព្រះសីហនុបានចេញដីកាចោទប្រកាន់សកម្មជនគណបក្សសង្គ្រោះជាតិ ៣នាក់ទៀតពីបទរួមគំនិតក្បត់ក្នុងការកៀរគរកម្លាំងមហាជនត្រៀមទទួលលោក សម រង្ស៊ី ដែលគ្រោងនឹងវិលមកកម្ពុជាវិញនៅថ្ងៃទី៩ វិច្ឆិកាខាងមុខនេះ។
តុលាការខេត្តមណ្ឌលគិរីកាលពីថ្ងៃទី២១ តុលា បានចេញដីកាចោទប្រកាន់សកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ទៀតឈ្មោះ ភួង កំសាន្ត ពីបទ«រួមគំនិតក្បត់» បន្ទាប់ពីអាជ្ញាធរបានចាប់ខ្លួនលោករួចហើយ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់តុលាការបានចោទប្រកាន់ថា លោក ភួង កំសាន្ត និងបក្សពួកបានកៀរគរបំផុសប្រជាជនតាមបណ្ដាញសង្គមហ្វេសប៊ុក ដើម្បីធ្វើសកម្មភាពផ្ដួលរំលំរដ្ឋាភិបាល។
នៅខេត្តព្រះសីហនុឯណោះវិញ តុលាការក៏បានចេញដីកាចោទប្រកាន់មន្ត្រីជាន់ខ្ពស់ និងសកម្មជនគណបក្សប្រឆាំងចំនួន ៣នាក់ផ្សេងទៀតពីបទ «រួមគំនិតក្បត់» ដូចគ្នានេះដែរ គឺកៀរគរកម្លាំងមហាជនត្រៀមទទួលលោក សម រង្ស៊ី ដែលគ្រោងនឹងវិលមកកម្ពុជាវិញនៅថ្ងៃទី៩ វិច្ឆិកាខាងមុខនេះ។
សកម្មជនគណបក្សប្រឆាំងទាំងបីនាក់នោះរួមមាន សមាជិកគណៈកម្មាធិការនាយកនិងជាអនុប្រធានក្រុមការងារខេត្តព្រះសីហនុ លោក ញឹម គឹមញ៉ុល កញ្ញា ងឹម គាថា និងកញ្ញា សៅ ឧសភា ឬហៅថា សភា មយូរ៉ា ។ បច្ចុប្បន្នអ្នកទាំងបីកំពុងរស់នៅភៀសខ្លួននៅទីកន្លែងមានសុវត្ថិភាព។
សមាជិកគណៈកម្មាធិការនាយក និងជាអនុប្រធានក្រុមការងារនៃគណបក្សសង្គ្រោះជាតិ ខេត្តព្រះសីហនុ លោក ញឹម គឹមញ៉ុល ប្រាប់អាស៊ីសេរីថា លោកមិនឈឺក្បាលនឹងតុលាការតេឡេនេះទេ ពីព្រោះលោកមិនដែលកាប់បំផ្លាញព្រៃឈើ លក់ធនធានធម្មជាតិ និងកាត់ទឹកដីទៅឲ្យប្រទេសជិតខាង ដូចរបបក្រុងភ្នំពេញទេ។
លោកបញ្ជាក់ថា បើទោះបីមានការចោទប្រកាន់លោកថា រួមគំនិតក្បត់ក៏ដោយ ក៏មិនអាចដូរឆន្ទៈរបស់លោកមិនឲ្យគាំទ្រលោក សម រង្ស៊ី ដែរ៖ « គំនិតមនសិការស្នេហាជាតិរបស់ខ្ញុំនៅតែមាន។ ខ្ញុំអត់មានខ្លាចរអានឹងរបបនេះ ចំពោះការចេញដីកាមករកចាប់ចងខ្ញុំទេ ពីព្រោះខ្ញុំអត់មានធ្វើអ្វីខុសទេ » ។
នៅសល់តែ ២០ថ្ងៃទៀតតែប៉ុណ្ណោះគិតត្រឹមថ្ងៃទី២២ តុលានេះដល់ពេលកំណត់នៃការវិលត្រឡប់របស់លោក សម រង្ស៊ីវិលចូលមាតុប្រទេសវិញដើម្បីស្ដារសិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាឡើងវិញ។ ក្នុងពេលជាមួយគ្នានេះដែរតុលាការរបបក្រុងភ្នំពេញបានបង្កើនការចោទប្រកាន់ និងចាប់ខ្លួនសកម្មជនគាំទ្រគណបក្សប្រឆាំងជាបន្តបន្ទាប់។
សម្រាប់ប្រធានចលនាយុវជន CNRPស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងជាសកម្មជនបរិស្ថានមាតាធម្មជាតិ កញ្ញា សៅ ឧសភា នេះជាដីកាតាមចាប់ខ្លួនលើកទី២ ហើយ។ របបក្រុងភ្នំពេញកាលពីថ្ងៃទី ២៨កញ្ញាកន្លងទៅ បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនកញ្ញា សៅ ឧសភា ម្ដងកាលរួចទៅហើយដោយ
កញ្ញា សៅ ឧសភា ប្រាប់អាស៊ីសេរីពីកន្លែងលាក់ខ្លួនមកថា នេះជារឿងអយុត្តិធម៌សម្រាប់កញ្ញាជាពលរដ្ឋធម្មតា ហើយបានឈឺឆ្អាលចំពោះសង្គមជាតិ។ កញ្ញាបញ្ជាក់ថា ដីការបស់តុលាការនេះគ្មានឥទ្ធិពលដល់ការគាំទ្ររបស់កញ្ញាចំពោះលោក សម រង្សី ទេ៖ « ទាំងខ្ញុំនឹងអ្នកដទៃផ្សេងទៀតគិតថា ហ៊ុន សែន ធ្វើបែបហ្នឹងគឺជាសកម្មភាពមួយ ដែលកំសាកញី។ សូម្បីតែខ្ញុំជាកម្មកររោងចក្រសោះបែរជាចោទខ្ញុំថា ធ្វើរដ្ឋប្រហារ។ តើខ្ញុំមានសមត្ថភាពបែបណាទៅធ្វើរដ្ឋប្រហារគាត់បាន ទាំងខ្ញុំមិនមានទាហាន កងទ័ព អាវុធអ្វីផ្សេងៗ ផងហ្នឹង។ អញ្ចឹងសម្រាប់ខ្ញុំសូមថ្កោលទោសនៅរាល់ទង្វើ និងសកម្មភាពរបស់មន្ត្រីរបបក្រុងភ្នំពេញ » ។
កញ្ញា សៅ ឧសភា ក៏ធ្លាប់ត្រូវសមត្ថកិច្ចប៉ូលិសខេត្តព្រះសីហនុ ឃាត់ខ្លួនម្ដងរួចហើយ កាលថ្ងៃទី២៣ សីហាកន្លងទៅ ទាក់ទងករណីចោទប្រកាន់ថា កញ្ញាប្រើហ្វេសប៊ុក (facebook) បង្ហោះសារជេរប្រមាថមេដឹកនាំរបបក្រុងភ្នំពេញ។ ប៉ុន្តែក្រោយការសាកសួរ និងស្រាវជ្រាវសមត្ថកិច្ច ក៏បានអនុញ្ញាតឲ្យកញ្ញាត្រឡប់មកផ្ទះវិញ។
អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន បញ្ជាក់ថា រាល់សកម្មភាពណាដែលរៀបចំជាក្រុម ឬបក្សពួក ដើម្បីចូលរួមក្នុងសកម្មភាពរដ្ឋប្រហារ ចំពោះរដ្ឋាភិបាលចាំបាច់ត្រូវមានវិធានការចាប់ខ្លួនដោយគ្មានការលើកលែង៖ « សកម្មភាពរបស់ រង្ស៊ី មិនមែនជាសកម្មភាពនយោបាយទេ ដែលជាអង្គភាពមួយច្បាស់ និងចង្អុលបង្ហាញពីអង្គហេតុច្បាស់ថាក្រុមនោះជាក្រុមរដ្ឋប្រហារ។អ្នកចូលរួមនៅក្នុងសកម្មភាពរដ្ឋប្រហារត្រូវតែទទួលបានការបង្ក្រាប ពីព្រោះភារកិច្ចរបស់រាជរដ្ឋាភិបាលនៅក្នុងការថែរក្សាសន្តិភាព ស្ថិរភាព ហើយនឹងសណ្ដាប់ធ្នាប់សាធារណៈ » ។
គិតត្រឹមរសៀលថ្ងៃទី២២ តុលា មានសកម្មជនគណបក្សសង្គ្រោះជាតិចំនួន ៥១នាក់ហើយ ដែលត្រូវរបបលោក ហ៊ុន សែន ចាប់ និងឃុំខ្លួនក្នុងពន្ធនាគារ ហើយមានសកម្មជនចំនួន ១៨៦នាក់ផ្សេងទៀត ត្រូវបានកោះហៅ និងតាមចាប់ខ្លួនរបស់សមត្ថកិច្ច ពីបទចូលរួមក្នុងសកម្មភាពកៀរគរកម្លាំងគាំទ្រដំណើរមាតុភូមិនិវត្តន៍របស់ប្រធានស្ដីទីគណបក្សសង្គ្រោះលោក សម រង្សី។
អ្នកវិភាគនយោបាយ អង្គការការពារសិទ្ធិមនុស្សជាតិ និងអន្តរជាតិ យល់ឃើញថា ការចាប់ខ្លួននិងការចោទប្រកាន់ទាំងនេះ គឺគ្មានមូលដ្ឋានច្បាប់ និងជាការគាបសង្កត់បិទសិទ្ធិចូលរួមធ្វើនយោបាយរបស់ប្រជាពលរដ្ឋដែលការពារដោយរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ ដែលកម្ពុជាទទួលស្គាល់ជាធរមាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
