សកម្មជនគណបក្សប្រឆាំងម្នាក់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១៧កញ្ញាបានដាក់សុំពន្យារចូលបំភ្លឺតុលាការទៅថ្ងៃក្រោយ។
សមាជិកក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែតជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ លោក ឆាំ សុភាន់ ប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី១៧កញ្ញាថា ប្អូនប្រុសរបស់លោកបានដាក់ពាក្យសុំពន្យារចូលបំភ្លឺនៅសាលាដំបូងខេត្តបន្ទាយមានជ័យរួចហើយ ក៏ប៉ុន្តែមន្ត្រីតុលាការមិនទាន់កំណត់ឱ្យលោកចូលបំភ្លឺជាថ្មីនៅថ្ងៃនៅឡើយទេ។ មន្ត្រីបក្សប្រឆាំងរូបនេះ បញ្ជាក់ថា មូលហេតុដែលសុំពន្យារពេលចូលបំភ្លឺ ដោយសារលោកព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ពីព្រោះលោកថាជារឿងនយោបាយ ដែលលោកពុំបានប្រព្រឹត្តខុសច្បាប់ដូចការចោទប្រកាន់ឡើយ។
ការសុំពន្យារពេលនេះបន្ទាប់ពីតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យលោក គង់ សំសារ៉េត បានកោះហៅលោក ឆាំ សុភាន់ ហៅបារាំង រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ឱ្យចូលបំភ្លឺសាលាដំបូងខេត្តនៅព្រឹកថ្ងៃទី១៨កញ្ញា ដើម្បីសាកសួរអំពីដំណើររឿងការញុះញង់បង្កឱ្យមានការវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ។
លោក ឆាំ សុភាន់ បានរត់ភៀសខ្លួនទៅរកកន្លែងសុវត្ថិភាពតាំងពីថ្ងៃទី៥កញ្ញាកន្លងទៅ បន្ទាប់មន្ត្រីប៉ូលិសក្រុងប៉ោយប៉ែតជាច្រើននាក់ បានទៅឃ្លាំងមើលនៅមុខផ្ទះរបស់លោកជាបន្តបន្ទាប់ ធ្វើឱ្យលោកមានការព្រួយបារម្ភពីសុវត្ថិភាព ដោយសារថ្មីនេះតុលាការបានចាប់សកម្មជនបក្សប្រឆាំងជាច្រើននាក់មកហើយ ដោយសារពួកគាត់តែងតែជួបប្រជុំគ្នាសម្ដែងមតិព្រួយបារម្ភពីវិបត្តិនយោបាយនៅកម្ពុជានោះ។
គិតត្រឹមរសៀលថ្ងៃទី១៧ កញ្ញា មានសកម្មជនគណបក្សសង្គ្រោះជាតិចំនួន ២៦នាក់ហើយ ត្រូវរបបលោក ហ៊ុន សែន ចាប់ខ្លួន និងកំពុងស្ថិតនៅក្នុងពន្ធនាគារ ដោយសារតែពួកគេធ្វើសកម្មភាពនយោបាយគាំទ្រនយោបាយរបស់គណបក្សប្រឆាំង ដែលច្បាប់កម្ពុជាអនុញ្ញាត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។