ក្រុម​​គ្រួសារ​​អ្នក​ទោស​​នយោបាយ​​ព្រួយ​​បារម្ភ​ពី​​ប្តី​​និង​​កូន​​ធ្លាក់​​ខ្លួន​​ឈឺ​​នៅ​​ក្នុង​​ពន្ធនាគា

ដោយ មាន ឫទ្ធិ
2022.06.26
Share on WhatsApp
Share on WhatsApp
ក្រុម​​គ្រួសារ​​អ្នក​ទោស​​នយោបាយ​​ព្រួយ​​បារម្ភ​ពី​​ប្តី​​និង​​កូន​​ធ្លាក់​​ខ្លួន​​ឈឺ​​នៅ​​ក្នុង​​ពន្ធនាគា សកម្មជន​បក្ស​ប្រឆាំង​ពេល​នាំ​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។
រូប៖ ពលរដ្ឋ​ផ្ដល់​ឲ្យ

គ្រួសារ​របស់​អតីត​សកម្មជន​បក្សសង្គ្រោះជាតិ ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគា​ព្រៃស​ព្រួយ​បារម្ភ​ចំពោះ​សុខភាព​ឳពុក និង​ប្ដី​ដែល​មាន​សភាព​ទ្រុឌទ្រោម​ក្នុង​មន្ទីរ​ឃុំឃាំង។ ក្តី​ព្រួយបារម្ភ​នេះ គឺ​បន្ទាប់​ពី​ពួកគេ​បាន​ទៅ​ជួប​សួរ​សុខ​ទុក្ខ​ប្ដី​និង​ឳពុក មាន សភាព​ស្គម​ស្លេកស្លាំង​ខុស​ប្រក្រតី​ ដោយ​សារតែ​ពួក​គាត់​ដេក​មិន​សូវ​លក់​បណ្ដាល​មក​ពី​មាន​សារ៉ែន​រោទ៍​រំខាន​នៅក្នុង​ពន្ទនាគារ។ សង្គម​ស៊ីវិល យល់​ឃើញ​ថា មន្ត្រី​ពន្ធនាគារ​គួរតែ​ប្រញាប់​ដោះស្រាយ​បញ្ហា​នេះ​ជា​បន្ទាន់

គ្រួសារ​ជនជាប់ឃុំ​នយោបាយ​ទាំង​នោះ លើក​ឡើង​ថា សុខភាព​ប្ដី​និង​ឪពុក​របស់​ពួកគេ​អាច​នឹងមាន​​សភាព​ធ្ងន់ធ្ងរ​ប្រសិន​បើ​អាជ្ញាធរ​មិន​ឆាប់​ដោះស្រាយ​សំឡេង​សារ៉ែនរោទ៍រំខាន​នៅ​ក្នុង​ពន្ធនាគារ។

ប្រពន្ធ​លោក យឹម សារ៉េត គឺ​លោកស្រី អ៊ុក ចន្ធី និង​កូនស្រី​របស់​លោក ហេង ច័ន្ទសុទ្ធី កញ្ញា ហេង បូរី ព្រួយ​បារម្ភ​ពី​សុខភាព​គ្រួសារ ព្រោះ​ពួកគាត់​ មានវ័យ​កាន់​តែ​ចាស់ និង​មាន​ជំងឺ​ប្រចាំ​កាយ​ច្រើន។

ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​លោក​ស្រី អ៊ុក ចន្ធី ប្រាប់​វិទ្យុអាស៊ីសេរី​នៅ​ថ្ងៃទី២៦ ខែមិថុនា​ថា  លោកស្រី​បាន​ជួប​សួរ​សុខ​ទុក្ខ​ប្តី កាល​ពី​ដើម​សប្តាហ៍​នេះ។លោកស្រី​ថា ប្តី​លោកស្រី​ចាប់​ផ្តើម​ស្ពឹក​ដៃ​ជើង ឈឺ​ក្បាល ដោយ​សារ​មួយ​រយៈ​នេះ​ដេក​មិន​សូវ​លក់ ព្រោះខាង​អាជ្ញាធរ​ពន្ធនាគារ​បាន​ដំឡើង​ឧបករណ៍​ម្យ៉ាង​ដែល​មាន​សំឡេង​រោទ៍​រំខាន​នៅ​ក្នុង​ពន្ធនាគា។ លោកស្រី អ៊ុក ចន្ធី អះអាង​ថា ពួក​លោកស្រី​នៅតែ​បន្ត​តស៊ូ​មតិ ដើម្បី​ទាមទារ​ឱ្យ​តុលាការដោះលែង​ប្តី​លោកស្រី និង​អ្នក​ជាប់​ឃុំនយោបាយ​ផ្សេង​ទៀត ឱ្យ​មាន​សេរីភាព​វិញ​ដោយ​ឥត​លក្ខខណ្ឌ៖ «ពីមុន​គាត់​អត់​ដែល​ស្ពឹក​ដៃ​ស្ពឹក​ជើង​ទេ តែ​ក្រោយ​មក​ហ្នឹង​កាត់​ចាប់​ផ្តើម​ស្ពឹក​ដៃ​ស្ពឹក​ជើងមិនថា​ស្វាមី​ខ្ញុំទេ គឺ​ពួក​ទាំង​ ទាំង​អស់​គ្នា​អ្នក​ជាប់​ឃុំ​ហ្នឹង​ហ្មង ហើយ​ម្យ៉ាង​ដោយ​សារ​ពួក​គាត់​សុទ្ធ​តែ​ចាស់ៗ​ ហើយ​ពួក​គាត់​មាន​ជំងឺ​ជាប់​ខ្លួន​អញ្ចឹង។  ម្នាក់ៗ​សុទ្ធ​តែ​លើស​ឈាម​លើស​អី​សព្វ​គ្រប់ចឹង ​ដល់​លឺ​សម្លេង​ហ្នឹង​រំខាន​ទៅ​បណ្តាល​អោយ​សុខភាព​គាត់​កាន់​តែ​ទ្រុឌ​ទ្រោម​ខ្លាំង»

លោកស្រី បន្ថែម​ថា កត្តា​ជីវភាព​សព្វ​ថ្ងៃ​របស់​លោកស្រី ជួប​នឹង​បញ្ហា​លំបាក​លំបិន​ ក្រោយ​ពី​ប្តី​ត្រូវ​ជាប់​ឃុំ ហើយ​ពេល​នេះ​លោកស្រី​នៅ​ម្នាក់​ឯង និង​ទើប​បក​ភ្នែក​រួច​មិនអាច​ធ្វើការងារអ្វីកើតឡើយ ។ លោកស្រី រំពឹង​ថា​ប្តីលោក​ស្រី នឹង​ទទួល​បាន​យុត្តិធម៌​ឆាប់ៗ​ ដើម្បី​អោយ​គ្រួសារ​លោកស្រី​បាន​ជួប​ជុំ​គ្នា

ចំណែក​កូនស្រី​របស់​សកម្មជន​បក្ស​ប្រឆាំង លោក ហេង ច័ន្ទសុទ្ធី វិញ គឺកញ្ញា ហេង បូរី ថ្លែងថា សុខភាព​ឳ​ពុក​របស់​កញ្ញា មាន​សភាព​ស្លេកស្លាំង មាន​កម្លាំង​កាន់​តែ​ចុះ​ខ្សោយ​ និង​បន្ត​ប្រើប្រាស់​ថ្នាំ​ដើម្បី​ព្យាបាល​ជំងឺជា​ប្រចាំកាយ។ កញ្ញា ហេង បូរី អះអាងថា ឪពុក​របស់​កញ្ញា ប្រាប់​កញ្ញាថា ដេក​មិន​សូវ​លក់​ដោយសារ​​សារ៉ែនរោទ៍​នៅ​ក្នុង​ពន្ធនាគារ ហើយ​មន្ត្រី​ពន្ធនាគារ​តែងតែឆែកឆេរំខានក្នុង​បន្ទប់​ស្នាក់​នៅ​ស្ទើរៀងរាល់​ថ្ងៃ៖ «ឃើញថា​សុខភាព​គាត់​មានការ​ចុះ​ខ្សោយ​អញ្ចឹង​ផងដែរ​ ហើយ​ក៏​បាន​លឺគាត់​និយាយ​ផងដែ​រ​ថា អើយ​អាសារ​មាន​ការ​បោស​បន្ទប់ ក៏​ដូចជា ​ភាសា​សាមញ្ញ​គេថា​ឆែក​ឆេរ​អញ្ចឹង​ហាស់​បងខាងលើគេ​មក​ឆែកឆេរ​បន្ទប់​របស់​គាត់  ក៏ដូចជា​ជជុះ ឬ​ក៏រើឥ​វែរ​ឥវ៉ាន់​ខោអាវគាត់អី ជជុះរលាស់ ពេញ​ណា​ពេញណី ចឹង​ហា​ស់បង។ ហើយរឿង​មួយ​ទៀត​បញ្ហា​គាត់​និយាយ​ថា មាន​ការ​ដាក់​ដូចជា​ជាតិ​វិទ្យុសកម្ម នៅក្នុង​បន្ទប់​របស់​គាត់ ដែល​វាជា​សម្លេង​រំខាន ដែល​ធ្វើ​អោយប៉ះ​ពាល់​សតិ​អារម្មណ៍​របស់​គាត់ ការ​គិត​របស់​គាត់ ក៏​ដូចជាជាពិសេស រំខាន​ទៅដល់ការ​សំរាន​របស់​គាត់ ផង​ដែរ​បង ដោយ​ថា​វា​ធ្វើ​អោយ​ប៉ះពាល់​ខ្លាំង​ទៅដល់​សុខភាព​គាត់​តែ​ម្តង​បង»

កញ្ញា ហេង បូរី អំពាវនាវ​ទៅ​ដល់​ស្ថាប័ន​តុលាការ និង​រដ្ឋាភិបាល​ ឱ្យដោះលែង​ជនជាប់​ឃុំ​មនសិកា​ទាំង​អស់​ដោយ​ឥត​លក្ខខណ្ឌ ព្រោះពួក​គាត់គ្មានទោសកំហុស ហើយសុទ្ធសឹងតែជាអ្នកស្អាតស្អំ។ កញ្ញា ហេង បូរី បន្ថែមថា កញ្ញាសូម​ឱ្យមន្ត្រី​តុលាការ​ធ្វើអោយ​បាន​ត្រឹមត្រូវ​ដូច​អ្វី​ដែល​ខ្លួន​បាន​ធ្វើ​សច្ចាប្រណិធាន​ មុន​ចូល​កាន់​ដំណែង ដែល​ឈរ​លើ​គោលការ​ត្រឹមត្រូ​វ និង​យុត្តិធម៌​ដើម្បី​ពលរដ្ឋ​គ្រប់​រូប

វិទ្យុអាស៊ី​សេរី មិន​អាច​ទាក់ទង​អ្នក​នាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគា​លោក នុត សវនា ដើម្បី​បញ្ជាក់​ជុំវិ​ញ​រឿង​នេះ​បាន​ទេ ដោយ​ទូរសព្ទ​ចូល តែ​មិន​មាន​អ្នក​ទទួល។

ជុំវិញ​រឿង​នេះ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការលីកាដូលោក អំ សំអាត យល់ឃើញ​ថា ប្រសិន​បើ​មន្ត្រី​ពន្ធនាគារ​បំពាក់​ឧបករណ៍ ឬ​ប្រព័ន្ធបច្ចេក​វិទ្យា​នៅក្នុង​ពន្ធនាគា ពួកគេ​ត្រូ​វសិក្សា និង​ប​ញ្ជាក់​អោយ​បាន​ច្បាស់​លាស់ ដើម្បី​ចៀស​វាង​ការ​ប៉ះពាល់​ទៅ​ដល់​សុខភាព​អ្នក​ជាប់​ឃុំ។ លោក អំ សំអាត ថា អង្គការ​លោកនឹងបន្តតាម​ដាន​ពី​ផលប៉ះពាល់ទាក់ទងនិង​ការ​ដាក់​ឧបករណ៍​ដែល​មាន​សំឡេងរោទ៍រំខាន ថាតើអាច​ប៉ះពាល់​ដល់​សុខភាព និង​សិទ្ធិ​របស់​អ្ន​ក​ជាប់​ឃុំឬ​ទេ។ លោក បន្តថា ខាង​ពន្ធនាគា​គួររិះ​រកវិធីសាស្ត្រផ្សេងៗ​ ក្នុង​ការ​កាត់​បន្ថ​យ​ផលប៉ះពាល់​ដល់​សុខភាព​​ជន​ជាប់​ឃុំ៖ «យើង​​​ដឹងហើយថា  ពន្ធនាគាគឺ ឥឡូវនេះ​គឺ​មាន​ភាព​ចង្អៀត​ណែន​ខ្លាំង​  អញ្ចឹង​បើសិ​ន​ជា​មាន​ការ​បំពាក់​ប្រព័ន្ធ​បច្ចេក​វិទ្យា ដើម្បីធ្​វើការ​គ្រប់គ្រង​ ហើយមាន​សម្លេង​ធ្វើការ​រំខាន​ទៅ​ដល់​អ្នក​ជាប់​​ឃុំ ដែល​ធ្វើអោយ​គាត់គេង​មិន​លក់ ឬ​ក៏​អាច​រំខាន​នូវ​ការ​គេង ឬការ​សំរាក​របស់​ពូកគាត់​នៅ​ក្នុង​បន្ទប់​ហ្នឹងអាហ្នឹង​វាប៉ះពាល់​សម្រាប់សុខ​ភាពបន្ថែ​មទៅទៀត​ គឺទាមទារអោយ​មាន​ការ​សិក្សា​ និង​ការ​ស្រាវ​ជ្រាវ ​និងកា​របញ្ជាក់​អោយ​បានច្​បាស់​លាស់​ដែរ»

បច្ចុប្បន្ន​មាន​សកម្មជន​គណបក្ស​ប្រឆាំង និង​អ្នក​​បញ្ចេញមតិ​រិះគន់​រដ្ឋាភិបាល ប្រមាណ​៦០​នាក់​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ។ ក្រុម​អង្គការ​ជាតិ-​អន្តរជាតិ​ជា​ច្រើន​ស្ថាប័ន រួម​ទាំង​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​​ និង​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ធំៗមួយចំនួនផង ថ្កោលទោស​ជា​បន្ត​បន្ទាប់​ចំពោះ​រដ្ឋាភិបាល លោក ហ៊ុន សែន ដោយ​ចាត់​ទុក​ថា​ ការ​ចាប់​ខ្លួនសកម្មជនប្រឆាំង​ទាំង​នេះ គឺ​ជា​រឿង​នយោបាយ គ្មាន​មូលដ្ឋាន​ច្បាប់ និង​បន្ត​ទាមទារ​ឲ្យ​ដោះលែង​​​សមាជិក​បក្ស​ប្រឆាំង និង​អ្នក​ជាប់​ឃុំ​ដោយសារ​មូលហេតុ​នយោបាយ​ឱ្យ​មាន​សេរីភាព​ឡើងវិញ​​ ដោយ​ឥត​លក្ខខណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
នយោបាយ
លោក ហ៊ុន សែន ទទួល​ស្គាល់​ថា ការ​ដោះ​ស្រាយ​បញ្ហា​ភូមា ដែល​លោក​ធ្វើ​ជា​ប្រធាន​អាស៊ាន​គ្មាន​ភាព​ជឿនលឿន​ទេ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល