មេឃុំ ចៅសង្កាត់គណបក្សប្រឆាំងរិះគន់មន្ត្រីជាន់ខ្ពស់មួយចំនួនដែលសុំសិទ្ធិធ្វើនយោបាយ ខណៈវិបត្តិនយោបាយមិនទាន់ដោះស្រាយរួច ដើម្បីស្តារលំហប្រជាធិបតេយ្យឡើងវិញ។ ពួកគេថា អ្វីដែលគួរឱ្យសោកស្តាយបំផុតនោះ គឺអ្នកសុំសិទ្ធិធ្វើនយោបាយដែលមិនហ៊ានចេញមុខឈឺឆ្អាល និងការពារផលប្រយោជន៍ប្រជាពលរដ្ឋ។ មន្ត្រីគណបក្សកាន់អំណាចថា ការលើកឡើងរបស់មន្ត្រីមូលដ្ឋានគណបក្សប្រឆាំង រំលោភសិទ្ធិបុគ្គល ព្រោះការស្នើសុំសិទ្ធិធ្វើនយោបាយឡើយវិញស្របតាមច្បាប់។ អ្នកឃ្លាំមើលថា គណបក្សកាន់អំណាច នៅតែមិនហ៊ានប្រកួតប្រជែងការបោះឆ្នោតពិតប្រាកដមួយដែលមានបក្សប្រឆាំងខ្លាំងនោះទេ។
មេឃុំ ចៅសង្កាត់មួយចំនួនសោកស្តាយដែលមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ សុំសិទ្ធិធ្វើនយោបាយឡើងវិញ ដែលខ្លួនពុំមានកំហុសដូចការចោទប្រកាន់របស់គណបក្សកាន់អំណាច រីឯវិបត្តិនយោបាយក៏មិនទាន់ដោះស្រាយរួច ខណៈសកម្មជនមួយចំនួនទទួលរងការធ្វើទុក្ខបុកម្នេញឥតស្រាកស្រាន្តពីរដ្ឋាភិបាល។
ចៅសង្កាត់គោកចក ក្រុងសៀមរាប កាលពីឆ្នាំ២០១៧ គឺអ្នកស្រី យឹម ផល្លី លើកឡើងថា ការសុំសិទ្ធិនយោបាយឡើងវិញរបស់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិនេះ គឺជាសិទ្ធិរបស់បុគ្គល ប៉ុន្តែអ្នកស្រីមិនគាំទ្រការសម្រេចចិត្តជ្រើសរើសផ្លូវនេះទេ ព្រោះស្ថានភាពបច្ចុប្បន្នបានធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តសកម្មជន និងអ្នកគាំទ្រនៅតាមមូលដ្ឋាន។ អ្នកស្រីយល់ថា គណបក្សសង្គ្រោះជាតិមិនមានកំហុសដូចការចោទប្រកាន់របស់គណបក្សកាន់អំណាចទេ ប្រសិនបើសុំសិទ្ធិស្មើនឹងការទទួលយកកំហុសដែលខ្លួនឯងមិនបានប្រព្រឹត្ត ហើយការបង្កើតបក្សថ្មីនឹងមិនទទួលបានការគាំទ្រពីប្រជាពលរដ្ឋមូលដ្ឋានឡើយ៖ «បើឆន្ទៈគាត់អារម្មណ៍គាត់រវើរវាយបែបអ៊ីចឹង មិននិយាយប៉ះពាល់ដល់សិទ្ធិគេខ្លាំងទេ តែការសម្រេចចិត្តសិទ្ធរៀងៗខ្លួនទេ ប៉ុន្តែពលរដ្ឋលោកចេះពិចារណាហើយ ដោយសារគាត់ថ្នាក់តំណាងរាស្ត្រការពារផលប្រយោជន៍ពលរដ្ឋមិនបាន តែថ្នាក់ខ្ញុំថ្នាក់ត្រឹមមូលដ្ឋានមន្ត្រីជាន់ក្រោមត្រឹមមូលដ្ឋានសោះ ពួកខ្ញុំនៅការពារឆន្ទៈពលរដ្ឋ»។
ស្រដៀងគ្នានេះដែរ មេឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល លោក លឿង សារុន ឱ្យដឹងថា ការសុំសិទ្ធិធ្វើនយោបាយឡើងវិញ ជាសិទ្ធិរបស់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ប៉ុន្តែប្រពលរដ្ឋនៅមូលដ្ឋានខកចិត្ត និងថ្នាំងថ្នាក់ ហើយរូបលោកក៏មិនខុសពីប្រជាពលរដ្ឋម្ចាស់ឆ្នោតដែរ។ លោកមិនគាំទ្រអ្នកសុំសិទ្ធិនយោបាយរួចហើយសម្ងំស្ងៀម មិនចេញមុខស្វែងយល់ពីសុខទុក្ខ ឬឈឺឆ្អាល និងរក្សាជំហរការពារផលប្រយោជន៍ប្រជាពលរដ្ឋនោះទេ។ មេឃុំបក្សប្រឆាំងនៅមូលដ្ឋានរូបនេះ អះអាងថា លោកមិនចូលរួមជាមួយគណបក្សថ្មីៗណាមួយឡើយ ព្រោះអ្នកសុំសិទ្ធិនយោបាយកន្លងមក មិនបានការពារម្ចាស់ឆ្នោត ដែលធ្វើអ្នកនយោបាយទាំងនោះដើរចាកឆ្ងាយពីប្រជាពលរដ្ឋនៅមូលដ្ឋាន។ លោកមើលឃើញថា ប្រជាពលរដ្ឋមូលដ្ឋានមិនស្រឡាញ់អំណាច និងប្រាក់ទេ តែពួកគាត់ស្រឡាញ់ប្រយោជន៍រួមពិតប្រាកដ៖ «ដោយស្ថានភាពនេះខ្ញុំថា មិនមែនជាស្ថានភាពចុងក្រោយទេ មានមន្ត្រីជាន់ខ្ពស់ខ្លះសុំសិទ្ធិធ្វើនយោបាយ ហើយទៅបង្កើតបក្សនេះបក្សនោះមក ខ្ញុំក៏មិនប្រឆាំងហើយក៏គាំទ្រដែរ អ៊ីចឹងខ្ញុំសំណូមពរមន្ត្រីដែលមានសិទ្ធិធ្វើនយោបាយហើយនេះ សូមឱ្យជួយមើលឃើញប្រជាពលរដ្ឋត្រូវការអីចាំបាច់ ពាក់ព័ន្ធជាមួយអីខ្លះ ផ្លូវច្បាប់ក៏ដោយ ផ្លូវសេដ្ឋកិច្ចក៏ដោយ ឈឺឆ្អាលមក ក៏ប៉ុន្តែពួកគាត់បង្កើតបក្សហើយនៅសម្ងំស្ងៀមអង្គុយចាំមើលទឹកភ្លៀងមិនដឹងថា ភ្លៀងផង គឺមិនអាចទេសម្រាប់ខ្ញុំក៏ដោយប្រជាពលរដ្ឋគាត់ចេះណាស់សម័យនេះ»។
ការលើកឡើងនេះបន្ទាប់ពីមន្ត្រីជាន់ខ្ពស់ពីររូបនៃគណបក្សសង្គ្រោះជាតិដាក់លិខិតទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ស្នើសុំធ្វើនយោបាយឡើងវិញ ។ ការប្រកាសសុំសិទ្ធិធ្វើនយោបាយនេះ ដើម្បីចូលរួមប្រឡូកលើឆាកនយោបាយសាជាថ្មី បន្ទាប់ពីរង់ចាំរយៈពេលជាងបីឆ្នាំ។
ជុំវិញរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា អ្នកសុំសិទ្ធិធ្វើនយោបាយជាបន្តបន្ទាប់ ដោយសារតែពួកគេអស់ជំនឿ មិនសង្ឃឹមលើគណបក្សសង្គ្រោះជាតិរស់ឡើងវិញ ហើយអ្នកទាំងនោះបានប្រើប្រាស់សិទ្ធិស្នើសុំនីតិសម្បទាឡើងវិញស្របតាមគោលការណ៍ច្បាប់ ដើម្បីបន្តសកម្មភាពធ្វើនយោបាយ។ លោកយល់ថា ការរិះគន់របស់មន្ត្រីមូលដ្ឋានបក្សប្រឆាំងចំពោះអ្នកសុំសិទ្ធិធ្វើនយោបាយគឺរំលោភសិទ្ធិអ្នកដទៃ។
លោក សុខ ឥសាន លោកប្រាប់ទៅមន្ត្រីមូលដ្ឋានគណបក្សសង្គ្រោះជាតិមិនបាច់រង់ចាំទៀតនោះទេ ពីព្រោះសាលដីកាតុលាការកំពូលរំលាយគណបក្សប្រឆាំងបានចូលជាស្ថាពរជាយូរមកហើយ។ លោកអះអាងថា ការបោះឆ្នោតខាងមុខនេះ នឹងមិនមានវត្តមានគណបក្សសង្គ្រោះជាតិទេ ប៉ុន្តែលោកជំរុញឱ្យបើកបង្កើតគណបក្សថ្មីដើម្បីចូលរួមប្រកួតប្រជែង ដោយទទួលស្គាល់ដោយគណៈកម្មាធិការជាតិរៀបការបោះឆ្នោត៖ «ជម្រាបអស់លោកអ្នកដែលជាប្រធានក្រុមប្រឹក្សាឃុំសង្កាត់អតីតបក្សប្រឆាំងហ្នឹង វាអត់មានអីតទៀតទេ អតីតបក្សប្រឆាំងគឺអត់មានបេក្ខភាពចូលរួមនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខទេ ដាច់ខាតបើចង់ចូលក៏អត់បានចូលដែរ តែគណបក្សដទៃក្នុងចំណោម ៤៧គណបក្ស បើមានលទ្ធភាពដាក់បេក្ខភាពអាហ្នឹងគាត់មានសិទ្ធិ»។
ការជំរុញរបស់គណបក្សកាន់អំណាចនេះ មិនទទួលបានការចាប់អារម្មណ៍ពីសំណាក់មេឃុំ ចៅសង្កាត់ ដែលស្មោះស្ម័គ្រនឹងគណបក្សសង្គ្រោះជាតិនោះទេ។
អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម លោកបណ្ឌិត សេង សារី មានប្រសាសន៍ថា លោកមើលឃើញថាមហាជនមានទស្សនៈច្រើនតាមដានជុំវិញការសុំសិទ្ធិនយោបាយរបស់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ។ លោកបន្តថា ពេលវេលានេះ មិនមែនជាពេលត្រូវចោទប្រកាន់គ្នានោះទេ ប៉ុន្តែគណបក្សប្រឆាំងគួររកមូលហេតុអ្នកដែលដកសិទ្ធិនយោបាយ និងអ្នកបំពានរដ្ឋធម្មនុញ្ញ។ អ្នកឃ្លាំមើលរូបនេះ លើកឡើងទៀតថា ប្រសិនបើគណបក្សសង្គ្រោះជាតិមានវត្តមានលើឆាកនយោបាយឡើងវិញ គណបក្សកាន់អំណាច នឹងមិនឈ្នះគណបក្សប្រឆាំង ព្រោះបក្សប្រឆាំងទទួលបានការគាំទ្រគ្រប់ស្រទាប់មហាជន ដែលពួកគាត់ចង់ឱ្យមានការផ្លាស់ប្ដូរ តាមរយៈការបោះឆ្នោត។ លោកថា លទ្ធភាពដែលគណបក្សប្រឆាំងអាចទៅមុខបានគឺកម្លាំងអន្តរជាតិ នយោបាយនៅក្នុងគណបក្ស និងប្រជាពលរដ្ឋ ដែលនឹងធ្វើឱ្យកម្ពុជាដើរលើគន្លងប្រជាធិបតេយ្យវិញ៖ «និយមន័យជាអ្នកនយោបាយទោះបីបញ្ញវន្តក្លាយជាអ្នកនយោបាយ ពាណិជ្ជករក្លាយជាអ្នកនយោបាយ អ្នកសារព័ត៌មានក្លាយជាអ្នកនយោបាយក្តី វាត្រូវមានបុគ្គលិកលក្ខណៈ បីបួនគឺទីមួយភាពក្លាហាននៅក្នុងនិយាយការពិត ទីពីរធ្វើការដើម្បីផលប្រយោជន៍រួម ផលប្រយោជន៍សង្គម ទុកផលប្រយោជន៍ផ្ទាល់ខ្លួនលំដាប់ទីពីរទីបី មានចំណេះដឹងគ្រប់គ្រាន់នៅក្នុងការយល់ដឹងអំពីបញ្ហាសង្គម អាចមានសមត្ថភាពក្នុងការមើលបញ្ហាកុំពុងមានកើតឡើង ជាជាងចូលចិត្តដោះស្រាយបញ្ហាដែលចាំឱ្យវាកើតឡើងហើយ»។
របបលោក ហ៊ុន សែន បានរំលាយគណបក្សសង្គ្រោះជាតិដែលមានអ្នកគាំទ្រជិតពាក់កណ្តាលប្រទេស កាលពីចុងឆ្នាំ២០១៧ រួចរៀបចំការបោះឆ្នោតដោយប្រមូលយកអាសនៈសភាទាំងស្រុងមកកាន់កាប់តែម្នាក់ឯង។ របបនេះបានបំបិទសិទ្ធិថ្នាក់ដឹកនាំគណបក្សប្រឆាំងចំនួន១១៨ នាក់ មិនឱ្យធ្វើនយោបាយរយៈពេល៥ ឆ្នាំ និងដកហូតយកអាសនៈពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ជាតិរបស់បក្សសង្គ្រោះជាតិទៅចែកគ្នាកាន់កាប់។ មកដល់ពេលនេះ ថ្នាក់ដឹកនាំ និងសកម្មជនបក្សប្រឆាំងជាច្រើនរូប កំពុងជាប់បណ្តឹងនៅតុលាការ ក្រោមបទចោទ ញុះញង់ និងរួមគំនិតក្បត់ ក្នុងនោះមួយចំនួនកំពុងជាប់ឃុំក្នុងពន្ធនាគារ និងមួយចំនួនទៀតភៀសខ្លួន។
រហូតមកដល់ពេលនេះមានមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងសរុបចំនួន ២៤នាក់ ក្នុងចំណោម១១៨នាក់ បានស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ។ មន្ត្រីមួយចំនួនបានបង្កើតគណបក្សថ្មី ដើម្បីចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២៣ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ ២០២៣ និងការបោះឆ្នោតជ្រើសរើសព្រឹទ្ធសភាព ឆ្នាំ ២០២៤ ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
