មន្ត្រី​បក្ស​ប្រឆាំង​នៅ​មូលដ្ឋាន​រិះគន់​មន្ត្រី​ជាន់ខ្ពស់​មួយ​ចំនួន​ដែល​សុំ​សិទ្ធិ​ធ្វើ​នយោបាយ ខណៈ​វិបត្តិ​នយោបាយ​មិន​ទាន់​ដោះស្រាយ

0:00 / 0:00

មេឃុំ ចៅសង្កាត់​គណបក្ស​ប្រឆាំង​រិះគន់​មន្ត្រីជាន់ខ្ពស់​មួយចំនួន​ដែល​សុំ​សិទ្ធិ​ធ្វើ​នយោបាយ ខណៈ​វិបត្តិ​នយោបាយ​មិនទាន់​ដោះស្រាយ​រួច ដើម្បី​ស្តារ​លំហ​ប្រជាធិបតេយ្យ​ឡើងវិញ​។ ពួកគេ​ថា អ្វី​ដែល​គួរ​ឱ្យ​សោកស្តាយ​បំផុត​នោះ គឺ​អ្នក​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ដែល​មិន​ហ៊ាន​ចេញ​មុខ​ឈឺឆ្អាល និង​ការពារ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​។ មន្ត្រី​គណបក្ស​កាន់អំណាច​ថា ការ​លើកឡើង​របស់​មន្ត្រី​មូលដ្ឋាន​គណបក្ស​ប្រឆាំង រំលោភសិទ្ធិ​បុគ្គល ព្រោះ​ការ​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើយ​វិញ​ស្រប​តាម​ច្បាប់​។ អ្នកឃ្លាំមើល​ថា គណបក្ស​កាន់​អំណាច នៅតែ​មិន​ហ៊ាន​ប្រកួតប្រជែង​ការ​បោះឆ្នោត​ពិតប្រាកដ​មួយ​ដែល​មាន​បក្ស​ប្រឆាំង​ខ្លាំង​នោះ​ទេ។

មេឃុំ ចៅសង្កាត់​មួយចំនួន​សោកស្តាយ​ដែល​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ដែល​ខ្លួន​ពុំ​មាន​កំហុស​ដូច​ការចោទប្រកាន់​របស់​គណបក្សកាន់អំណាច រីឯ​វិបត្តិ​នយោបាយ​ក៏​មិនទាន់​ដោះស្រាយ​រួច ខណៈ​សកម្មជន​មួយចំនួន​ទទួលរង​ការ​ធ្វើទុក្ខបុកម្នេញ​ឥត​ស្រាកស្រាន្ត​ពី​រដ្ឋាភិបាល។

ចៅសង្កាត់​គោកចក ក្រុង​សៀមរាប កាលពី​ឆ្នាំ​២០១៧ គឺ​អ្នកស្រី យឹម ផល្លី លើក​ឡើង​ថា ការ​សុំ​សិទ្ធិ​នយោបាយ​ឡើងវិញ​របស់​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ គឺជា​សិទ្ធិ​របស់​បុគ្គល ប៉ុន្តែ​អ្នកស្រី​មិន​គាំទ្រ​ការសម្រេចចិត្ត​ជ្រើសរើស​ផ្លូវ​នេះ​ទេ ព្រោះ​ស្ថានភាព​បច្ចុប្បន្ន​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទឹកចិត្ត​សកម្មជន និង​អ្នកគាំទ្រ​នៅ​តាម​មូលដ្ឋាន​។ អ្នកស្រី​យល់​ថា គណបក្ស​សង្គ្រោះ​ជាតិ​មិន​មាន​កំហុស​ដូច​ការចោទប្រកាន់​របស់​គណបក្ស​កាន់អំណាច​ទេ ប្រសិនបើ​សុំ​សិទ្ធិ​ស្មើនឹង​ការ​ទទួល​យក​កំហុស​ដែល​ខ្លួនឯង​មិន​បាន​ប្រព្រឹត្ត ហើយ​ការបង្កើត​បក្ស​ថ្មី​នឹង​មិន​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ​មូលដ្ឋាន​ឡើយ៖ «បើ​ឆន្ទៈ​គាត់​អារម្មណ៍​គាត់​រវើរវាយ​បែប​អ៊ីចឹង មិន​និយាយ​ប៉ះពាល់​ដល់​សិទ្ធិ​គេ​ខ្លាំង​ទេ តែ​ការ​សម្រេចចិត្ត​សិទ្ធ​រៀងៗ​ខ្លួន​ទេ ប៉ុន្តែ​ពលរដ្ឋ​លោក​ចេះ​ពិចារណា​ហើយ ដោយសារ​គាត់​ថ្នាក់​តំណាងរាស្ត្រ​ការពារ​ផលប្រយោជន៍​ពលរដ្ឋ​មិនបាន តែ​ថ្នាក់​ខ្ញុំ​ថ្នាក់​ត្រឹម​មូលដ្ឋាន​មន្ត្រី​ជាន់​ក្រោម​ត្រឹម​មូលដ្ឋាន​សោះ ពួក​ខ្ញុំ​នៅ​ការពារ​ឆន្ទៈ​ពលរដ្ឋ»។

ស្រដៀង​គ្នា​នេះ​ដែរ មេឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្ត​កណ្តាល លោក លឿង សារុន ឱ្យ​ដឹង​ថា ការ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ជា​សិទ្ធិ​របស់​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​ប្រពល​រដ្ឋ​នៅ​មូលដ្ឋាន​ខកចិត្ត និង​ថ្នាំងថ្នាក់ ហើយ​រូបលោក​ក៏​មិន​ខុស​ពី​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​ដែរ​។ លោក​មិន​គាំទ្រ​អ្នក​សុំ​សិទ្ធិ​នយោបាយ​រួចហើយ​សម្ងំ​ស្ងៀម មិន​ចេញ​មុខ​ស្វែង​យល់​ពី​សុខទុក្ខ ឬ​ឈឺឆ្អាល និង​រក្សា​ជំហរ​ការពារ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​នោះ​ទេ​។ មេឃុំ​បក្ស​ប្រឆាំង​នៅ​មូលដ្ឋាន​រូប​នេះ អះអាង​ថា លោក​មិន​ចូលរួម​ជាមួយ​គណបក្ស​ថ្មីៗ​ណាមួយ​ឡើយ ព្រោះ​អ្នក​សុំ​សិទ្ធិ​នយោបាយ​កន្លងមក មិន​បាន​ការពារ​ម្ចាស់​ឆ្នោត ដែល​ធ្វើ​អ្នក​នយោបាយ​ទាំងនោះ​ដើរ​ចាក​ឆ្ងាយ​ពី​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​។ លោក​មើល​ឃើញ​ថា ប្រជាពលរដ្ឋ​មូលដ្ឋាន​មិន​ស្រឡាញ់​អំណាច និង​ប្រាក់​ទេ តែ​ពួកគាត់​ស្រឡាញ់​ប្រយោជន៍​រួម​ពិតប្រាកដ៖ «ដោយ​ស្ថានភាព​នេះ​ខ្ញុំ​ថា មិនមែន​ជា​ស្ថានភាព​ចុងក្រោយ​ទេ មាន​មន្ត្រីជាន់ខ្ពស់​ខ្លះ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ ហើយ​ទៅ​បង្កើត​បក្ស​នេះ​បក្ស​នោះ​មក ខ្ញុំ​ក៏​មិន​ប្រឆាំង​ហើយ​ក៏​គាំទ្រ​ដែរ អ៊ីចឹង​ខ្ញុំ​សំណូមពរ​មន្ត្រី​ដែល​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ហើយ​នេះ សូម​ឱ្យ​ជួយ​មើលឃើញ​ប្រជាពលរដ្ឋ​ត្រូវការ​អី​ចាំបាច់ ពាក់ព័ន្ធ​ជាមួយ​អី​ខ្លះ ផ្លូវ​ច្បាប់​ក៏ដោយ ផ្លូវ​សេដ្ឋកិច្ច​ក៏ដោយ ឈឺឆ្អាល​មក ក៏ប៉ុន្តែ​ពួកគាត់​បង្កើត​បក្ស​ហើយ​នៅ​សម្ងំ​ស្ងៀម​អង្គុយ​ចាំ​មើល​ទឹកភ្លៀង​មិន​ដឹង​ថា ភ្លៀង​ផង គឺ​មិនអាច​ទេ​សម្រាប់​ខ្ញុំ​ក៏ដោយ​ប្រជាពលរដ្ឋ​គាត់​ចេះ​ណាស់​សម័យនេះ»។

ការ​លើកឡើង​នេះ​បន្ទាប់​ពី​មន្ត្រីជាន់ខ្ពស់​ពីរ​រូប​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ដាក់​លិខិត​ទៅ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ស្នើសុំ​ធ្វើ​នយោបាយ​ឡើងវិញ ។ ការប្រកាស​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​នេះ ដើម្បី​ចូលរួម​ប្រឡូក​លើ​ឆាកនយោបាយ​សាជាថ្មី បន្ទាប់ពី​រង់ចាំ​រយៈពេល​ជាង​បី​ឆ្នាំ​។​

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍ថា អ្នក​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ជា​បន្តបន្ទាប់ ដោយសារតែ​ពួកគេ​អស់ជំនឿ មិន​សង្ឃឹមលើ​គណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើងវិញ ហើយ​អ្នក​ទាំង​នោះ​បាន​ប្រើប្រាស់​សិទ្ធិ​ស្នើសុំ​នីតិសម្បទា​ឡើងវិញ​ស្របតាម​គោលការណ៍​ច្បាប់ ដើម្បី​បន្តសកម្មភាព​ធ្វើ​នយោបាយ។ លោក​យល់​ថា ការ​រិះគន់​របស់​មន្ត្រី​មូលដ្ឋាន​បក្ស​ប្រឆាំង​ចំពោះ​អ្នក​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​គឺ​រំលោភសិទ្ធិ​អ្នក​ដទៃ។

លោក សុខ ឥសាន លោក​ប្រាប់​ទៅ​មន្ត្រី​មូលដ្ឋាន​គណបក្ស​សង្គ្រោះ​ជាតិ​មិន​បាច់​រង់ចាំ​ទៀត​នោះ​ទេ ពីព្រោះ​សាលដីកា​តុលាការ​កំពូល​រំលាយ​គណបក្សប្រឆាំង​បាន​ចូល​ជា​ស្ថាពរ​ជា​យូរ​មក​ហើយ​។ លោក​អះអាង​ថា ការ​បោះឆ្នោត​ខាងមុខនេះ នឹង​មិន​មាន​វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ប៉ុន្តែ​លោក​ជំរុញ​ឱ្យ​បើក​បង្កើត​គណបក្ស​ថ្មី​ដើម្បី​ចូលរួម​ប្រកួតប្រជែង ដោយ​ទទួលស្គាល់​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបការ​បោះឆ្នោត៖ «ជម្រាប​អស់លោកអ្នក​ដែល​ជា​ប្រធាន​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​អតីត​បក្ស​ប្រឆាំង​ហ្នឹង វា​អត់​មានអី​ត​ទៀត​ទេ អតីត​បក្ស​ប្រឆាំង​គឺ​អត់​មាន​បេក្ខភាព​ចូលរួម​នៅក្នុង​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នា​ពេល​ខាង​មុខ​ទេ ដាច់ខាត​បើ​ចង់​ចូល​ក៏​អត់​បាន​ចូល​ដែរ តែ​គណបក្ស​ដទៃ​ក្នុងចំណោម ៤៧​គណបក្ស បើ​មានលទ្ធភាព​ដាក់​បេក្ខភាព​អាហ្នឹង​គាត់​មាន​សិទ្ធិ»។

ការ​ជំរុញ​របស់​គណបក្ស​កាន់អំណាច​នេះ មិន​ទទួល​បាន​ការចាប់អារម្មណ៍​ពី​សំណាក់​មេឃុំ ចៅ​សង្កាត់ ដែល​ស្មោះស្ម័គ្រ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ។

អ្នកឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត សេង សារី មាន​ប្រសាសន៍​ថា លោក​មើល​ឃើញ​ថា​មហាជន​មាន​ទស្សនៈ​ច្រើន​តាមដាន​ជុំវិញ​ការ​សុំ​សិទ្ធិ​នយោបាយ​របស់​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក​បន្ត​ថា ពេលវេលា​នេះ មិនមែន​ជា​ពេល​ត្រូវ​ចោទប្រកាន់​គ្នា​នោះ​ទេ ប៉ុន្តែ​គណបក្ស​ប្រឆាំង​គួរ​រក​មូលហេតុ​អ្នក​ដែល​ដកសិទ្ធិ​នយោបាយ និង​អ្នក​បំពាន​រដ្ឋធម្មនុញ្ញ​។ អ្នកឃ្លាំមើល​រូប​នេះ លើកឡើង​ទៀត​ថា ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​វត្តមាន​លើ​ឆាក​នយោបាយ​ឡើងវិញ គណបក្ស​កាន់អំណាច នឹង​មិន​ឈ្នះ​គណបក្ស​ប្រឆាំង ព្រោះ​បក្ស​ប្រឆាំង​ទទួល​បាន​ការ​គាំទ្រ​គ្រប់​ស្រទាប់​មហាជន ដែល​ពួកគាត់​ចង់​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ តាមរយៈ​ការបោះឆ្នោត​។ លោក​ថា លទ្ធភាព​ដែល​គណបក្សប្រឆាំង​អាច​ទៅមុខ​បាន​គឺ​កម្លាំង​អន្តរជាតិ នយោបាយ​នៅក្នុង​គណបក្ស និង​ប្រជា​ពលរដ្ឋ ដែល​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ដើរ​លើ​គន្លង​ប្រជាធិបតេយ្យ​វិញ៖ «និយមន័យ​ជា​អ្នកនយោបាយ​ទោះបី​បញ្ញវន្ត​ក្លាយជា​អ្នក​នយោបាយ ពាណិជ្ជករ​ក្លាយជា​អ្នកនយោបាយ អ្នកសារព័ត៌មាន​ក្លាយជា​អ្នកនយោបាយ​ក្តី វា​ត្រូវ​មាន​បុគ្គលិកលក្ខណៈ បី​បួន​គឺ​ទីមួយ​ភាព​ក្លាហាន​នៅ​ក្នុង​និយាយ​ការពិត ទី​ពីរ​ធ្វើ​ការ​ដើម្បី​ផល​ប្រយោជន៍​រួម ផល​ប្រយោជន៍​សង្គម ទុក​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន​លំដាប់​ទី​ពីរ​ទី​បី មាន​ចំណេះដឹង​គ្រប់​គ្រាន់​នៅក្នុង​ការ​យល់ដឹង​អំពី​បញ្ហា​សង្គម អាច​មាន​សមត្ថភាព​ក្នុង​ការ​មើល​បញ្ហា​កុំពុង​មាន​កើត​ឡើង ជាជាង​ចូលចិត្ត​ដោះស្រាយ​បញ្ហា​ដែល​ចាំ​ឱ្យ​វា​កើត​ឡើង​ហើយ»។

របប​លោក ហ៊ុន សែន បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​អ្នក​គាំទ្រ​ជិត​ពាក់​កណ្តាល​ប្រទេស កាល​ពី​ចុង​ឆ្នាំ​២០១៧ រួច​រៀបចំ​ការបោះឆ្នោត​ដោយ​ប្រមូល​យក​អាសនៈ​សភា​ទាំងស្រុង​មក​កាន់​កាប់​តែម្នាក់​ឯង​។ របប​នេះ​បាន​បំបិទ​សិទ្ធិ​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង​ចំនួន​១១៨ នាក់ មិន​ឱ្យ​ធ្វើ​នយោបាយ​រយៈពេល​៥ ឆ្នាំ និង​ដក​ហូត​យក​អាសនៈ​ពី​ថ្នាក់​មូលដ្ឋាន​រហូតដល់​ថ្នាក់​ជាតិ​របស់​បក្ស​សង្គ្រោះ​ជាតិ​ទៅ​ចែក​គ្នា​កាន់​កាប់​។ មក​ដល់​ពេល​នេះ ថ្នាក់​ដឹកនាំ និង​សកម្មជន​បក្ស​ប្រឆាំង​ជា​ច្រើន​រូប កំពុង​ជាប់​បណ្តឹង​នៅ​តុលាការ ក្រោម​បទ​ចោទ ញុះញង់ និង​រួមគំនិត​ក្បត់ ក្នុង​នោះ​មួយចំនួន​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ និង​មួយ​ចំនួន​ទៀត​ភៀសខ្លួន។

រហូត​មក​ដល់​ពេល​នេះ​មាន​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រឆាំង​សរុប​ចំនួន ២៤​នាក់ ក្នុង​ចំណោម​១១៨​នាក់ បាន​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ។ មន្ត្រី​មួយ​ចំនួន​បាន​បង្កើត​គណបក្ស​ថ្មី ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ​សង្កាត់ ឆ្នាំ​២០២៣ ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ឆ្នាំ ២០២៣ និង​ការ​បោះឆ្នោត​ជ្រើសរើស​ព្រឹទ្ធ​សភាព ឆ្នាំ ២០២៤ ខាងមុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។