លោក កឹម សុខា អះអាង​ថា ប្រទេស​ប៊ែលហ្សិក​ចង់​ឃើញ លោក​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ

0:00 / 0:00

លោក កឹម សុខា អះអាង​ថា ប្រទេស​ប៊ែលហ្សិក (Belgium) ចង់​ឃើញ លោក​មាន​សិទ្ធិ​ធ្វើ​នយោបាយ ដែល​អាច​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ​ឆាប់ៗ នេះ។ អ្នក​វិភាគ​យល់​ថា ដើម្បី​លោក​ កឹម សុខា អាច​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ លុះ​ត្រា​មេ​ដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​​ប្រឹង​រើ​ខ្លួន ដោយ​ប្រើ​សិទ្ធិ​សេរី​តាម​ច្បាប់ ឲ្យ​ក្លាយ​ជា​អ្នក​នយោបាយ​សកម្ម​ជាង​សព្វ​ថ្ងៃ​នេះ។

ប្រទេស​ប្រទេស​ប៊ែលហ្ស៊ិក​ដែល​ជា​ប្រទេស​លោក​សេរី​បង្ហាញ​​ជំហរ​ខ្លួន​ថា ចង់​ឃើញ​កម្ពុជា​ដើរ​លើ​ផ្លូវ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដូច​ដែល​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​កម្ពុជា។

​សំណើ​បែប​នេះ​ ខណៈ​កម្ពុជា ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ក្រោយ​រដ្ឋាភិបាល​បាន​រំលាយ ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ឆ្នាំ២០១៧។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា លើក​ឡើង​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី១៥ កុម្ភៈ​ថា រាជ​រដ្ឋាភិបាល​ប៊ែលហ្ស៊ិក បាន​យក​ចិត្ត​ទុក​ដាក់​តាម​ដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា។ លោក​បន្ត​ថា ប្រទេស​សមាជិក​ដ៏​សំខាន់​នៃ​សហភាព​អឺរ៉ុប​មួយ​នេះ​ចង់​ឃើញ លោក​មាន​សិទ្ធិ​ពេញលេញ សេរីភាព​នយោបាយ​ ដែល​អាច​ចូលរួម​ក្នុង​ការ​បោះឆ្នោត​បាន​នា​ពេល​ខាង​មុខ​ឆាប់ៗ នេះ។

លោក​ កឹម​ សុខា​ ថ្លែង​ឲ្យ​ដឹង​ដូច្នេះ​ ក្នុង​ជំនួប​រវាង​លោក​ ជា​មួយ​ឯកអគ្គរាជទូត​ថ្មី​នៃ​ប្រទេស​ប៊ែលហ្ស៊ិក ប្រចាំ​បួន​ប្រទេស​គឺ កម្ពុជា ថៃ ឡាវ និងភូមា ​អ្នកស្រី ស៊ីប៊ីល ដឺ កាតត្យេ (Sibille de Cartier) នៅ​ថ្ងៃ​ទី១៥ កុម្ភៈ។

ការ​លើក​របស់​ឯកអគ្គរាជទូត​ប្រទេស​ប៊ែលហ្ស៊ិក​ពេល​នេះ ស្រប​ពេល​ដែល​សាលា​ដំបូង​រាជធានី​ ភ្នំពេញ​ កំពុង​បន្ត​ជំនុំ​ជម្រះ​ក្ដី លោក កឹម សុខា មួយ​សប្ដាហ៍​កន្លះ​ព្រឹក ហើយ​តុលាការ​គ្រោង​បន្ត​សវនាការ​នេះ​នៅ​ថ្ងៃ​ទី១៦ ខែ​កុម្ភៈ​ខាង​មុខ។

ទោះ​យ៉ាងណា​ក្ដី មេធាវី​លោក កឹម សុខា ចង់​ឃើញ​តុលាការ​កាត់​ក្ដី​​ឲ្យ​បាន​យ៉ាង​តិច ៥ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ ដើម្បី​ពន្លឿន​ដំណើរ​ក្ដី​នេះ​ ខណៈ​លោក​ កឹម​ សុខា​ រង​ការ​ចោទ​ប្រកាន់​អស់​រយៈ​ប្រមាណ ៤ឆ្នាំ​ហើយ ប៉ុន្តែ​តុលាការ​​មិន​ទាន់​រក​ឃើញ​ថា​ លោក​មាន​ទោស​ ឬ​គ្មាន​ទោស​នៅ​ឡើយ។

លោក កឹម សុខា ក៏​ឲ្យ​ដឹង​កាល​ពី​ថ្មីៗនេះ​ថា ឯកអគ្គរដ្ឋទូត​សហគមន៍​អឺរ៉ុប និង​អ្នកការទូត​តំណាង​ប្រទេស​នានា​ផ្សេង​ទៀត​ ក៏បាន​ចាប់​អារម្មណ៍​ចំពោះ​ភាព​អយុត្តិធម៌ និង​សេរីភាព​របស់​លោក ចំពោះ​ការ​ពន្យារ​ពេល​ការ​លើក​ពេល និង​ការ​យឺតយ៉ាវ នៃ​ដំណើរ​ការ​សវនាការ​រឿង​ក្ដី​របស់​លោក​ផង​ដែរ។

លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ដោយ​ចោទប្រកាន់​ពី​បទ​ក្បត់ជាតិ ឬ​បាន​ឃុបឃិត​ជាមួយ​សហរដ្ឋ​អាមេរិក ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល កាលពី​ឆ្នាំ២០១៧។

ជុំវិញ​ករណី​នេះ វិទ្យុ​អាស៊ី​សេរី​មិន​អាច​ សុំ​ការ​ឆ្លើយ​តប​ពី​ ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ លោក តាំង ស៊ុនឡាយ​ និង ប្រធាន​លេខាធិការដ្ឋាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក អ៊ី រិន្ទ​ បាន​ទេ​នៅ​ថ្ងៃ​ទី១៥ ខែ​កុម្ភៈ។

ទោះ​យ៉ាង​ណា​ក្ដី អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឆ្លើយ​តប​ចំពោះ​ការ​ចង់​បាន​របស់​ឯកអគ្គរាជទូត​ប្រទេស​ប៊ែលហ្ស៊ិក​ពេល​នេះ​ថា សំណុំរឿង​នេះ​ស្ថិត​ក្នុង​ការ​ដៃ​តុលាការ​ ហើយ​ការ​សម្រេច​បែប​នេះ​សិទ្ធិ​របស់​តុលាការ​គ្មាន​ជន​បរទេស​ណា​អាច​បង្ខំ​បាន​ទេ។ លោក​នៅ​តែ​ចោទ​ប្រកាន់​ថា​ លទ្ធផល​ដែល​លោក​ កឹម​ សុខា​ បាត់បង់​សិទ្ធិ​ធ្វើ​នយោបាយ​ពេល​នេះ ព្រោះ​ផ្អែក​លើ​ភស្តុតាង​វីដេអូ​ដែល​លោក កឹម សុខា បាន​ថ្លែង​នៅ​ប្រទេស​អូស្ត្រាលី​កាល​ពី​ឆ្នាំ២០១៣៖ «នេះ​ជា​ការ​សម្ដែង​ចិត្ត​គំនិត​របស់​គាត់ (ឯកអគ្គរាជទូត​ប្រទេស​ប៊ែលហ្ស៊ិក ) ទេ មិន​មែន​ត្រឹម​ទូត​ប៊ែលហ្សិក​ទេ ទូត​បារាំង ក៏​ដោយ​ទូត​អាល្លឺម៉ង់ ក៏​ដោយ​ដែល​តែង​តែ​ជួប​គាត់ (លោក កឹម សុខា ) គេ​ចង់​ឃើញ​គាត់​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ជាទូទៅ​ជា​រួម​ណា​ អញ្ចឹង​​តាំង​ពី​​​គាត់​ជួប​ប៉ុន្មាន​ខែ​ប៉ុន្មាន​ហើយ​អត់​ទាន់​ឃើញ​បាន​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ផង អាណឹង​បាន​ន័យ​ថា ករណី កឹម សុខា កំពុង​ស្ថិត​នៅ​ក្នុង​ដំណើរ​នីតិវិធី​របស់​តុលាការ »។

រីឯ​អ្នកវិភាគ​នយោបាយ ដែល​កំពុង​ភៀស​ខ្លួន​នៅ ប្រទេស​ហ្វាំងឡង់ (Finland) លោក គឹម សុខ​យល់​ថា ការ​លើក​ឡើង​របស់​ឯក​អគ្គរាជ​ទូត​ប្រទេស​ប៊ែលហ្ស៊ិក​បែប​នេះ​ ជា​ការ​បញ្ជាក់​ថា សហគមន៍​អន្តរជាតិ​នៅ​តែ​ចង់​ឃើញ​ប្រកួតប្រជែង​​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ២០២២ និង​ឆ្នាំ២០២៣ ខាង​មុខ មាន​ចូលរួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ដែល​មាន​កម្លាំង​ប្រដំប្រសងគ្នា​អាច​ប្រកួតប្រជែង​ជាមួយ​បក្ស​កាន់​អំណាច​បាន។ លោក គឹម សុខ បន្ត​ថា លោក កឹម សុខា ដែល​ជា​មេដឹកនាំ​គណបក្ស​ប្រឆាំង និង​កំពុង​រង​ភាព​អយុត្តិធម៌​គួរ​តែ​ប្រឹង​រើ​ខ្លួន ដោយ​ប្រើ​សិទ្ធិ​សេរី​​តាម​ច្បាប់​ ឲ្យ​ក្លាយ​ជា​អ្នក​នយោបាយ​សកម្ម​ជាង​សព្វ​ថ្ងៃ​នេះ៖ «ហ៊ាន​បន្លឺ​សំឡេង​ស្រប់​ច្បាប់​ ចន្លោះ​ដែល​ច្បាប់​អនុញ្ញាត​ឲ្យ​ធ្វើ​ឧទាហរណ៍​កូដកម្ម​អហិង្សា​ ដើម្បី​បញ្ជាក់​ពី​ថា មេដឹកនាំ​នយោបាយ​រូប​នេះ ចង់​បាន​សិទ្ធិ​បាន​ចូលរួម​ប្រកួត​ខ្លាំង​ណាស់​ទើប​អាច​មាន​ការ​ប្រែប្រួល ដែល​អាច​ជា​ទី​សង្ឃឹម »។

ចាប់​តាំងពី​លោក កឹម សុខា ត្រូវ​បាន​តុលាការ​លើក​បម្រាម​អាច​ឲ្យ​ជួប​អង្គទូត​ ប៉ុន្តែ​មិន​អាច​ចេញ​ក្រៅ​​ប្រទេស និង​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ កាល​ពី​ឆ្នាំ២០១៩ ប្រធាន​បក្ស​ប្រឆាំង​រូប​នេះ តែង​ត្រូវ​បាន​អង្គទូត​នានា ចូល​ជួប​សួរ​សុខ​ទុក្ខ និង​ចង់​ឃើញ​លោក កឹម សុខា មាន​សិទ្ធិ​សេរីភាព​អាច​ធ្វើ​នយោបាយ​ឡើង​វិញ។ លោក កឹម សុខា ក៏​ធ្លាប់​បង្ហាញ​ក្ដី​សង្ឃឹម ចង់​ឃើញ​តុលាការ​ទម្លាក់​បទ​ចោទ​ពី​លោក ដើម្បី​បង្ហាញ​ពី​ការ​ផ្សះផ្សា​ជាតិ​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។