លោក កឹម សុខា អះអាងថា ប្រទេសប៊ែលហ្សិក (Belgium) ចង់ឃើញ លោកមានសិទ្ធិធ្វើនយោបាយ ដែលអាចចូលរួមក្នុងការបោះឆ្នោតខាងមុខឆាប់ៗ នេះ។ អ្នកវិភាគយល់ថា ដើម្បីលោក កឹម សុខា អាចមានសិទ្ធិធ្វើនយោបាយឡើងវិញ លុះត្រាមេដឹកនាំបក្សប្រឆាំងរូបនេះប្រឹងរើខ្លួន ដោយប្រើសិទ្ធិសេរីតាមច្បាប់ ឲ្យក្លាយជាអ្នកនយោបាយសកម្មជាងសព្វថ្ងៃនេះ។
ប្រទេសប្រទេសប៊ែលហ្ស៊ិកដែលជាប្រទេសលោកសេរីបង្ហាញជំហរខ្លួនថា ចង់ឃើញកម្ពុជាដើរលើផ្លូវប្រជាធិបតេយ្យសេរីពហុបក្ស ដូចដែលបានចែងក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់កម្ពុជា។
សំណើបែបនេះ ខណៈកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្រោយរដ្ឋាភិបាលបានរំលាយ គណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៧។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា លើកឡើងតាមរយៈទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៥ កុម្ភៈថា រាជរដ្ឋាភិបាលប៊ែលហ្ស៊ិក បានយកចិត្តទុកដាក់តាមដានស្ថានការណ៍នយោបាយកម្ពុជា។ លោកបន្តថា ប្រទេសសមាជិកដ៏សំខាន់នៃសហភាពអឺរ៉ុបមួយនេះចង់ឃើញ លោកមានសិទ្ធិពេញលេញ សេរីភាពនយោបាយ ដែលអាចចូលរួមក្នុងការបោះឆ្នោតបាននាពេលខាងមុខឆាប់ៗ នេះ។
លោក កឹម សុខា ថ្លែងឲ្យដឹងដូច្នេះ ក្នុងជំនួបរវាងលោក ជាមួយឯកអគ្គរាជទូតថ្មីនៃប្រទេសប៊ែលហ្ស៊ិក ប្រចាំបួនប្រទេសគឺ កម្ពុជា ថៃ ឡាវ និងភូមា អ្នកស្រី ស៊ីប៊ីល ដឺ កាតត្យេ (Sibille de Cartier) នៅថ្ងៃទី១៥ កុម្ភៈ។
ការលើករបស់ឯកអគ្គរាជទូតប្រទេសប៊ែលហ្ស៊ិកពេលនេះ ស្របពេលដែលសាលាដំបូងរាជធានី ភ្នំពេញ កំពុងបន្តជំនុំជម្រះក្ដី លោក កឹម សុខា មួយសប្ដាហ៍កន្លះព្រឹក ហើយតុលាការគ្រោងបន្តសវនាការនេះនៅថ្ងៃទី១៦ ខែកុម្ភៈខាងមុខ។
ទោះយ៉ាងណាក្ដី មេធាវីលោក កឹម សុខា ចង់ឃើញតុលាការកាត់ក្ដីឲ្យបានយ៉ាងតិច ៥ថ្ងៃក្នុងមួយសប្ដាហ៍ ដើម្បីពន្លឿនដំណើរក្ដីនេះ ខណៈលោក កឹម សុខា រងការចោទប្រកាន់អស់រយៈប្រមាណ ៤ឆ្នាំហើយ ប៉ុន្តែតុលាការមិនទាន់រកឃើញថា លោកមានទោស ឬគ្មានទោសនៅឡើយ។
លោក កឹម សុខា ក៏ឲ្យដឹងកាលពីថ្មីៗនេះថា ឯកអគ្គរដ្ឋទូតសហគមន៍អឺរ៉ុប និងអ្នកការទូតតំណាងប្រទេសនានាផ្សេងទៀត ក៏បានចាប់អារម្មណ៍ចំពោះភាពអយុត្តិធម៌ និងសេរីភាពរបស់លោក ចំពោះការពន្យារពេលការលើកពេល និងការយឺតយ៉ាវ នៃដំណើរការសវនាការរឿងក្ដីរបស់លោកផងដែរ។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដោយចោទប្រកាន់ពីបទក្បត់ជាតិ ឬបានឃុបឃិតជាមួយសហរដ្ឋអាមេរិក ដើម្បីផ្ដួលរំលំរដ្ឋាភិបាល កាលពីឆ្នាំ២០១៧។
ជុំវិញករណីនេះ វិទ្យុអាស៊ីសេរីមិនអាច សុំការឆ្លើយតបពី ប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក តាំង ស៊ុនឡាយ និង ប្រធានលេខាធិការដ្ឋានសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បានទេនៅថ្ងៃទី១៥ ខែកុម្ភៈ។
ទោះយ៉ាងណាក្ដី អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ឆ្លើយតបចំពោះការចង់បានរបស់ឯកអគ្គរាជទូតប្រទេសប៊ែលហ្ស៊ិកពេលនេះថា សំណុំរឿងនេះស្ថិតក្នុងការដៃតុលាការ ហើយការសម្រេចបែបនេះសិទ្ធិរបស់តុលាការគ្មានជនបរទេសណាអាចបង្ខំបានទេ។ លោកនៅតែចោទប្រកាន់ថា លទ្ធផលដែលលោក កឹម សុខា បាត់បង់សិទ្ធិធ្វើនយោបាយពេលនេះ ព្រោះផ្អែកលើភស្តុតាងវីដេអូដែលលោក កឹម សុខា បានថ្លែងនៅប្រទេសអូស្ត្រាលីកាលពីឆ្នាំ២០១៣៖ «នេះជាការសម្ដែងចិត្តគំនិតរបស់គាត់ (ឯកអគ្គរាជទូតប្រទេសប៊ែលហ្ស៊ិក ) ទេ មិនមែនត្រឹមទូតប៊ែលហ្សិកទេ ទូតបារាំង ក៏ដោយទូតអាល្លឺម៉ង់ ក៏ដោយដែលតែងតែជួបគាត់ (លោក កឹម សុខា ) គេចង់ឃើញគាត់មានសិទ្ធិធ្វើនយោបាយឡើងវិញជាទូទៅជារួមណា អញ្ចឹងតាំងពីគាត់ជួបប៉ុន្មានខែប៉ុន្មានហើយអត់ទាន់ឃើញបានមានសិទ្ធិធ្វើនយោបាយឡើងវិញផង អាណឹងបានន័យថា ករណី កឹម សុខា កំពុងស្ថិតនៅក្នុងដំណើរនីតិវិធីរបស់តុលាការ »។
រីឯអ្នកវិភាគនយោបាយ ដែលកំពុងភៀសខ្លួននៅ ប្រទេសហ្វាំងឡង់ (Finland) លោក គឹម សុខយល់ថា ការលើកឡើងរបស់ឯកអគ្គរាជទូតប្រទេសប៊ែលហ្ស៊ិកបែបនេះ ជាការបញ្ជាក់ថា សហគមន៍អន្តរជាតិនៅតែចង់ឃើញប្រកួតប្រជែងក្នុងការបោះឆ្នោតឆ្នាំ២០២២ និងឆ្នាំ២០២៣ ខាងមុខ មានចូលរួមពីគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សដែលមានកម្លាំងប្រដំប្រសងគ្នាអាចប្រកួតប្រជែងជាមួយបក្សកាន់អំណាចបាន។ លោក គឹម សុខ បន្តថា លោក កឹម សុខា ដែលជាមេដឹកនាំគណបក្សប្រឆាំង និងកំពុងរងភាពអយុត្តិធម៌គួរតែប្រឹងរើខ្លួន ដោយប្រើសិទ្ធិសេរីតាមច្បាប់ ឲ្យក្លាយជាអ្នកនយោបាយសកម្មជាងសព្វថ្ងៃនេះ៖ «ហ៊ានបន្លឺសំឡេងស្រប់ច្បាប់ ចន្លោះដែលច្បាប់អនុញ្ញាតឲ្យធ្វើឧទាហរណ៍កូដកម្មអហិង្សា ដើម្បីបញ្ជាក់ពីថា មេដឹកនាំនយោបាយរូបនេះ ចង់បានសិទ្ធិបានចូលរួមប្រកួតខ្លាំងណាស់ទើបអាចមានការប្រែប្រួល ដែលអាចជាទីសង្ឃឹម »។
ចាប់តាំងពីលោក កឹម សុខា ត្រូវបានតុលាការលើកបម្រាមអាចឲ្យជួបអង្គទូត ប៉ុន្តែមិនអាចចេញក្រៅប្រទេស និងមានសិទ្ធិធ្វើនយោបាយឡើងវិញ កាលពីឆ្នាំ២០១៩ ប្រធានបក្សប្រឆាំងរូបនេះ តែងត្រូវបានអង្គទូតនានា ចូលជួបសួរសុខទុក្ខ និងចង់ឃើញលោក កឹម សុខា មានសិទ្ធិសេរីភាពអាចធ្វើនយោបាយឡើងវិញ។ លោក កឹម សុខា ក៏ធ្លាប់បង្ហាញក្ដីសង្ឃឹម ចង់ឃើញតុលាការទម្លាក់បទចោទពីលោក ដើម្បីបង្ហាញពីការផ្សះផ្សាជាតិឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
