តំណាងរាស្ត្រគណបក្សប្រឆាំងជំរុញឲ្យរដ្ឋាភិបាលបង្កើនការអភិវឌ្ឍតំបន់ព្រំដែនឲ្យមានការជឿនលឿន ដើម្បីការពារកុំឲ្យមានការឈ្លានពានពីប្រទេសជិតខាង។ ជាមួយគ្នានេះ មន្ត្រីរដ្ឋាភិបាលទទួលស្គាល់ថា កម្ពុជាពិតជាពុំមានហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ព្រំដែនខ្លះ។
អ្នកណាក៏ដឹងដែរថា ព្រំដែនខ្មែរទាំងខាងលិច និងខាងកើត មានភាពរខេករខាកទាំងបង្គោលព្រំប្រទល់ ទាំងជីវភាពរស់នៅរបស់ពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធ ទាំងវិស័យកសិកម្ម និងភាពខ្វះខាតក្នុងការបំពាក់ប្រព័ន្ធការពារព្រំដែន។
ក្រុមអ្នកឃ្លាំមើលបញ្ហាព្រំដែនបារម្ភថា ប្រសិនបើព្រំដែនរបស់កម្ពុជា នៅតែមានសភាពដូចសព្វថ្ងៃនេះទៀត នោះវាជាការបើកដៃ ឬជាហានិភ័យមួយដែលធ្វើឲ្យប្រទេសជិតខាងអាចលេបត្របាក់ដែនដីរបស់កម្ពុជា បានយ៉ាងងាយ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បានថ្លែងថា ក្រៅពីការទាមទារឲ្យមានការអភិវឌ្ឍតំបន់ព្រំដែន រដ្ឋាភិបាលកម្ពុជា ត្រូវលើកទឹកចិត្តដល់ទាហានប៉ូលិសការពារព្រំដែនខ្មែរថែមទៀត ទាំងសម្ភារៈ ថវិកា និងស្មារតី៖ «យើងត្រូវធ្វើឲ្យមានហេដ្ឋារចនាសម្ព័ន្ធនៅតាមជាយដែន ដូចជាសាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់អីហ្នឹងឲ្យបានស្អាត ដូចនៅខាងព្រំដែនថៃ អីហ្នឹង។ បើមានការអភិវឌ្ឍនៅតាមជាយដែន យួនក៏មិនហ៊ានយកដីយើងដែរ ជាពិសេសទៅទៀតនោះ គឺយើងត្រូវលើកទឹកចិត្តកងកម្លាំងការពារព្រំដែន»។
ការទាមទាររបស់តំណាងរាស្ត្របក្សប្រឆាំងរូបនេះ ធ្វើឡើងនៅគ្រាបញ្ហារំកិលព្រំដែនរបស់ប្រទេសវៀតណាម ចូលក្នុងទឹកដីកម្ពុជា តែងតែកើតឡើងឥតឈប់ឈរ។
ជុំវិញការទាមទារឲ្យមានការអភិវឌ្ឍតំបន់ព្រំដែនជាមួយប្រទេសជិតខាងនេះដែរ លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន ប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទថា កម្ពុជាបានអភិវឌ្ឍតាមបណ្ដោយព្រំដែនខ្លះដែរ ប៉ុន្តែលោកមិនបានបញ្ជាក់ឲ្យបានច្បាស់ថា នៅតំបន់ណាខ្លះនោះទេ។ ទោះជាយ៉ាងណាក៏ដោយ លោកទទួលស្គាល់ថា កម្ពុជាខ្សត់ផ្លូវក្នុងការធ្វើដំណើរទៅដល់តំបន់ព្រំដែន៖ «គេមានយន្តការគេ។ យន្តការខាងក្រសួងការបរទេសក៏មាន យន្តការរបស់គណៈកម្មការព្រំដែនក៏មានក្នុងការអភិវឌ្ឍនៅតាមបណ្ដោយព្រំដែន។ យន្តការទាំងនេះវាជាសេនាធិការខាងនីតិកម្ម និងបច្ចេកទេស»។
ដោយសារភាពធ្វេសប្រហែសក្នុងកិច្ចការពាររបងប្រទេសរបស់ខ្លួននេះហើយដែលក្រុមអ្នករិះគន់និយាយថា កម្ពុជានៅតែបន្តបាត់ទឹកដីរបស់ខ្លួនទៅប្រទេសវៀតណាម ស្ទើររៀងរាល់ថ្ងៃ ដូចជាករណីទាហានវៀតណាម បានជីកស្រះទឹកចំនួន ៨កន្លែងក្នុងខេត្តរតនគិរី។ ករណីចោទប្រកាន់ថា វៀតណាមបានរំកិលចូលព្រំដែនខ្មែរក្នុងឃុំជាំ ចំនួន ១១៦,៦ហិកតារ និងការបាត់ភូមិខ្មែរចំនួនពីរក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ករណីរំលោភយកចំការស្វាយចន្ទី របស់ពលរដ្ឋស្រុករំដួល ខេត្តស្វាយរៀង។ ករណីបាត់ដីខ្មែរចម្ងាយ ១,២៧០ម៉ែត្រ នៅច្រកព្រំដែនភ្នំដិន ខេត្តតាកែវ តាមរបាយការណ៍របស់លោក កែ គឹមយ៉ាន អតីតមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងការបាត់ព្រំដែនខ្មែរប្រហែលជាង ១គីឡូម៉ែត្រថែមទៀតនៅច្រកព្រំដែនតន់ហន់ ក្នុងខេត្តកំពត ជាដើម។
ទាក់ទិនបញ្ហានេះ លោក អ៊ុំ សំអាន ក៏បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា បំពាក់សព្វាវុធទំនើបៗ ដើម្បីបង្កើនការការពារបូរណភាពទឹកដីរបស់ខ្លួនជាជាងយកអាវុធយុទ្ធភណ្ឌទាំងនោះគ្រាន់ទុកពង្រឹងអំណាចនៅក្នុងទីក្រុង។
លោក អ៊ុំ សំអាន មានប្រសាសន៍ថា ការបាត់បង់ព្រំដែនរបស់ខ្មែរទាំងនេះ គឺដោយសារភាពទន់ខ្សោយ និងការធ្វេសប្រហែសរបស់កម្ពុជា ក្នុងកិច្ចការការពារព្រំប្រទល់របស់ខ្លួន និងដោយសារសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ដ៏គ្រោះថ្នាក់ ដែលប្រែក្លាយសន្ធិសញ្ញាឆ្នាំ១៩៨២ ១៩៨៣ និងឆ្នាំ១៩៨៥ រវាងកម្ពុជា-វៀតណាម ទៅជាសន្ធិសញ្ញាស្របច្បាប់។

ជាមួយគ្នានេះ អង្គការឃ្លាំមើលព្រំដែនកម្ពុជា នៅឯនាយសមុទ្ររកឃើញថា សន្ធិសញ្ញាបំពេញបន្ថែមនេះហើយដែលធ្វើឲ្យកម្ពុជា បាត់ព្រំដែនទឹករបស់ខ្លួនចម្ងាយជាង ៣ម៉ឺនគីឡូម៉ែត្រការ៉េ រួមបញ្ចូលទាំងកោះត្រល់ ទំហំជាង ៥០០គីឡូម៉ែត្រការ៉េ ប៉ិនប្រទេសសិង្ហបុរី កោះប៉ូឡូប៉ង់ហ្សង់ ឬកោះក្រចកសេះ ទំហំប្រហែល ៦គីឡូម៉ែត្រការ៉េ និងបាត់ព្រំដែនគោកប្រហែល ៤ពាន់ ទៅ ៦ពាន់គីឡូម៉ែត្រការ៉េថែមទៀត។
ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា ដែលមានមូលដ្ឋានក្នុងប្រទេសបារាំង លោក ស៊ាន ប៉េងសែ មានប្រសាសន៍កាលពីថ្ងៃពុធ ទី១៧ មិថុនា ថា ការបន្តឈ្លានពានរបស់វៀតណាម មកលើព្រំដែនរបស់កម្ពុជា គឺដោយសារវៀតណាម ប្រើប្រាស់ផែនទី UTM ខ្នាត ១ លើ ៥០ពាន់ ដែលគូរជាឯកតោភាគីដោយសហរដ្ឋអាមេរិក ក្នុងពេលសង្គ្រាមជាមួយវៀតណាម នោះ។ លោកបន្តថា ផែនទីដែលត្រឹមត្រូវ គឺផែនទីខ្នាត ១ លើ ១០០ពាន់ ដែលដាក់តម្កល់នៅអង្គការសហប្រជាជាតិ។
លោក ស៊ាន ប៉េងសែ បន្តថា មានតែកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ប៉ុណ្ណោះ ដែលអាចជួយកម្ពុជា ចាកផុតពីការត្រួតត្រា និងការឈ្លានពានរបស់ប្រទេសជិតខាងបាន៖ «ក្មួយឯងជ្រាបស្រាប់ហើយថា គ្មានអ្វីល្អជាងសន្ធិសញ្ញាទីក្រុងប៉ារីស នោះទេ។ គឺថា មិនងាយទេ ដែលខ្មែរបានសន្ធិសញ្ញាទីក្រុងប៉ារីសហ្នឹង ព្រោះគេដឹងថា យួនហ្នឹងវាចង់បានដីយើងតាំងពីដើមមក គឺវាត្រូវធ្វើម៉េចឲ្យវាបានដីរបស់យើងតទៅទៀតតាមច្បាប់អន្តរជាតិ។ ច្បាប់អន្តរជាតិហ្នឹងគេដឹងអ៊ីចឹងហើយ បានជាគេឲ្យវាលុបចោទទៅនូវស្អីៗអ៊ីចឹងទៅ។ ប៉ុន្តែតើហេតុអីបានជាវាអត់លុបចោល? គឺថា ទេវតាហ្នឹងធ្វើបាបយើងឲ្យមនុស្សដូច ហ៊ុន សែន ហ្នឹងយកត្រួតត្រាស្រុកខ្មែរ»។
មាត្រា២ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ចែងថា បូរណភាពទឹកដីរបស់កម្ពុជា មិនអាចរំលោភបានដាច់ខាតក្នុងព្រំដែនរបស់ខ្លួនដែលមានកំណត់ផែនទីខ្នាត ១/១០០.០០០ ធ្វើនៅចន្លោះឆ្នាំ១៩៣៣ ដល់ឆ្នាំ១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ នៅចន្លោះឆ្នាំ១៩៦៣ និងឆ្នាំ១៩៦៩។
ប៉ុន្តែលោក អ៊ុំ សំអាន បញ្ជាក់ថា កាលពីឆ្នាំ២០០០ លោក វ៉ា គឹមហុង បានយកផែនទីចំនួន ៦៦ផ្ទាំងដែលមានផែនទី SGI ខ្នាត ១/១០០.០០០ ចំនួន ២៦ផ្ទាំង និងផែនទី UTM ខ្នាត ១/៥០.០០០ ចំនួន៤០ផ្ទាំង ជាផែនទីគូរដោយកងទ័ពអាមេរិកាំង ហើយភ្ជាប់ជាមួយសន្ធិសញ្ញាព្រំដែនឆ្នាំ១៩៨៥ ទៅឲ្យអតីតព្រះមហាក្សត្រ នរោត្តម សីហនុ ពិនិត្យ។
ក្រុមអ្នកឃ្លាំមើលព្រំដែននិយាយថា ផែនទីទាំងនេះត្រូវបានគូរឡើងវិញជាឯកតោភាគីដោយរដ្ឋាភិបាលវៀតណាម នៅឆ្នាំ១៩៨៥។
ព្រឹត្តិបត្រឯកសារប្រចាំខែឈ្មោះ BMD របស់សម្ដេចព្រះបាទ នរោត្តម សីហនុ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០០៤ បានសរសេរថា លោក វ៉ា គឹមហុង ហ៊ានយកផែនទីក្លែងក្លាយនៃប្រទេសកម្ពុជា ដែលគូសវាសជាឯកតោភាគីដោយវៀតណាម មកទូលភូតកុហកព្រះអង្គថា ជាផែនទីភូមិសាស្ត្រនៃសង្គមរាស្ត្រនិយម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។